ដួង ជុន អតីត​ពេទ្យ​ខ្មែរក្រហម​

487

ផ្លូវ​ទៅកាន់​ស្រុក​ម៉ាឡៃ កាលពី​ឆ្នាំ​២០១០

ដួង ជុន កើត​នៅ​ភូមិ​ចេក ឃុំ​ភ្នំស្រួច ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ជុន មាន​ឪពុក​ឈ្មោះ ឃួន មុត (​ស្លាប់​) និង​ម្តាយ​ឈ្មោះ ជិន ភឺន (​ស្លាប់​)​។ ជុន មាន​បងប្អូន​បង្កើត​ប្រាំ​នាក់​។ ប៉ុន្តែ​សព្វថ្ងៃ​នៅរស់​តែ​បួន​នាក់​ប៉ុណ្ណោះ​។

​កាលពី​សង្គមចាស់ ជុន បាន​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី​៩ (​សង្គមចាស់​) ក៏​ឈប់រៀន ដោយ​គ្រួសារ​ទីទាល់​។ ជុន បាន​មកជួយ​ធ្វើស្រែ​ឪពុកម្តាយ​វិញ​។ រហូតដល់​ឆ្នាំ​១៩៧៣ ជុន បាន​ចាក​ចេញពី​គ្រួសារ ចូលទៅ​បម្រើកងទ័ព​រំដោះ​។ កាលនោះ ជុន ទទួលបាន​ការហ្វឹកហ្វឺន​ពី​សំណាក់​យោធា​ខ្មែរក្រហម ដើម្បី​ត្រៀម​វាយ​ជាមួយ​កងទ័ព លន់ នល់​។ ក្នុង​រយៈពេល​ចន្លោះ​ពី​ឆ្នាំ​១៩៧៣-៧៤ ជុន និង​កងកម្លាំង​ខ្មែរក្រហម បាន​បើក​ការវាយលុក​ចូល ទីក្រុង​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៥ រហូតដល់​ទទួលបាន​ជ័យជម្នះ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ក្រោយពី​របប លន់ នល់ ត្រូវបាន​ផ្តួលរំលំ កងកម្លាំង​ខ្មែរក្រហម​បានចាប់ផ្តើម ជម្លៀស​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​ទៅ​នៅតាម​ទីជនបទ ដោយ​ប្រើ​រយៈពេល​ជិត​មួយ​សប្តាហ៍​។ បន្ទាប់ពី​ជម្លៀស​ប្រជាជន​អស់ពី​ទីក្រុង​ហើយ ជុន ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ទៅ​កាំ​បូល​ដើម្បី​យាម​ការពារ​ឃ្លាំង​គ្រាប់​អស់​រយៈពេល​មួយឆ្នាំ​។ បន្ទាប់មក អង្គការ​បាន​បញ្ជូន ជុន ឲ្យ​ទៅ​នៅ​កោះកុង ហើយ​បាន​ចាត់តាំង​គាត់​ឲ្យ​បម្រើ​ការងារ​ពេទ្យ​ដែល​គាត់​មិន​ធ្លាប់​រៀន​មុខវិជ្ជា​នេះ​ទាល់តែសោះ​។ ជុន បាន​បញ្ជាក់ថា គាត់​ធ្វើ​ពេទ្យ​ចាប់តាំងពី​ឆ្នាំ​១៩៧៧ រហូតដល់​ខ្មែរក្រហម​ដួល​រំលំ នៅ​ឆ្នាំ​១៩៧៩​។ ក្រោយមក ជុន បាន​រត់គេចខ្លួន​ពី​ខេត្តកោះកុង កាត់​តាម​ព្រៃ និង​ព្រំដែន ជាមួយ​បក្ខពួក​ប្រមាណ​ជាង​ដប់​នាក់​។ ដោយ​គ្មាន​អាហារ​ហូប​នៅតាម​ផ្លូវ ជុន បេះ​ស្លឹកឈើ ឬ​ផ្លែឈើព្រៃ​ហូប​ជំនួស​បាយ​។ អស់​រយៈ ពេល​ជាង​មួយខែ ទើប ជុន បាន​ទៅដល់​ទឹកដី​ថៃ​។

រង្វង់​មូល​ទីរួមស្រុក​ម៉ាឡៃ កាលពី​ឆ្នាំ​២០១០

​ជុន បាន​ស្នាក់​នៅក្នុង​ទឹកដី​ថៃ អស់​រយៈពេល​ជាច្រើន​ខែ ទើប (​នៅ​អំឡុង ឆ្នាំ​១៩៨១) កងទ័ព​រាជរដ្ឋាភិបាល​ថៃ បាន​បញ្ជូន​គាត់ និង​បក្ខពួក​ឲ្យ​មក​រស់នៅ​ឡែ​ម ព្រំប្រទល់​កម្ពុជា​-​ថៃ​វិញ​។ ក្រោយមក ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និង​ខ្មែរក្រហម​បានកើត​ឡើង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​បក្ខពួករ​បស់ ជុន មួយចំនួន​។

​នៅ​ឆ្នាំ​១៩៨៥ ជុន បានមក​រស់នៅ​ក្នុងស្រុក​ម៉ាឡៃ​វិញ​។ ជុន បាន​រៀបរាប់ថា ស្រុក​ម៉ាឡៃ​កាលនោះ គឺ​សម្បូរ​ទៅដោយ​ព្រៃ​ក្រាស់ និង​ដើមឈើ​ធំៗ ប៉ុន្តែ​សព្វថ្ងៃ​មិនមាន​ព្រៃ ឬ​ដើមឈើ​ដូច​ពីមុន​ទេ​។ សម័យ​នោះ យោធា​ខ្មែរក្រហម បាន​កាប់​ឈើ​លក់ ឬ​យកទៅ​ដូរ​យក​សម្ភារ​ពី​ភាគី​ថៃ​។ ម្យ៉ាងទៀត មាន​ប្រជាជន​ខ្លះ បាន​កាប់​ឈើ​ដើម្បី​សាងសង់​ផ្ទះ ឬ​ទន្ទ្រាន​កាប់​ព្រៃ​ដើម្បី​យក​ដី​ធ្វើស្រែ​ចម្ការ​។ នៅ​ឆ្នាំ​១៩៩៣ ជា​ដំណាក់កាល​ដំបូង​នៃ​ការបោះឆ្នោត ដែល​រៀបចំឡើង​ដោយ អ៊ុន តាក់ ប៉ុន្តែ​ប្រជាជន​ដែល​រស់នៅក្នុង​ស្រុក​ម៉ាឡៃ ភាគច្រើន​មិនបាន​ទៅ​ចូលរួម​បោះឆ្នោត​ទេ​។ រហូតដល់​ឆ្នាំ​១៩៩៨ ទើប​ខ្មែរក្រហម​នៅក្នុង​ស្រុក​ម៉ាឡៃ បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​។ ជុន បាន​បញ្ជាក់ថា ក្រោយ​សមាហរណកម្ម ប្រជាជន​ដែល​រស់នៅក្នុង​ស្រុក​ម៉ាឡៃ មាន​សិទ្ធិសេរីភាព​ពេញលេញ មាន​សន្តិសុខ​ល្អ ហើយ​អាច​ប្រកប​របរ​រកស៊ី និង​ធ្វើដំណើរ​ទៅ​កន្លែង​ផ្សេងៗ​ដោយ​គ្មាន​ការព្រួយបារម្ភ​។ រីឯ ជុន ក៏​មិនបាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដែរ ដោយ​គាត់​គិតថា គាត់​គ្មាន​សេសសល់​ដីធ្លី ឬ​ទ្រព្យសម្បត្តិ​អ្វី​នៅ​ទីនោះ​។ ដូច្នេះ ជុន បានសម្រេច​ចិត្ត​យកប្រពន្ធ ហើយ​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ និង​រស់នៅក្នុង​ស្រុក​ម៉ាឡៃ រហូតមកដល់​សព្វថ្ងៃ​៕L ដោយៈ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​