ដើមឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​សង់​ទ្វារ​ទឹក សង់ស្ពាន​បេតុង​៤​ទីតាំង និង​ស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

576
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ សំណង់​ទ្វារ​ទឹក ស្ពានបេតុង​ចំនួន​៤​ទីតាំង និង​ការស្ដារ​ស្ទឹង​ប្រវែង​ជិត​៥​ពាន់​ម៉ែត្រ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ស្ថាបនា​ឡើង ក្នុង​បំណង​ដើម្បី​បម្រើ​ផលប្រយោជន៍​នានា ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ក៏ដូចជា​បម្រើ​ប្រយោជន៍​ដល់​ដំណាំ​កសិកម្ម ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ​។ សំណង់​ទ្វារ​ទឹក ស្ពានបេតុង និង​ការស្ដារ​ស្ទឹង​ទាំងនោះ ភាគច្រើន​ស្ថិតនៅ​ស្រុក​ពួក និង​ស្រុក​អង្គរធំ​។​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​រសៀល​ថ្ងៃទី​១៧ ខែឧសភា​នេះ​។​

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សំណង់​ទ្វារ​ទឹក និង​ស្ពានបេតុង​ដែល​ត្រូវបាន​សាងសង់​នោះ រួមមាន សង់​ទ្វារ​ទឹក​នៅ​ស្ទឹ​ក​ពួក ស្ថិតនៅ​ភូមិ​តាទក ឃុំ​ពួក​, សង់​ទ្វារ​ទឹក​នៅ​ភូមិ​ល្បើក ឃុំ​ដូន​កែវ​, សង់ស្ពាន​បេតុង​ឆ្លងកាត់​ស្ទឹង​ពួក ស្ថិតនៅ​ភូមិ​តាទក ឃុំ​ពួក ស្រុក​ពួក​, សង់ស្ពាន​បេតុង​ឆ្លង​ប្រឡាយ​រំដោះ​ទឹកជំនន់ នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ​។ ក្នុងនោះ​ក៏មាន​ការស្ដារ​ស្ទឹង​ព្រះ​ស្រុក​ប្រវែង ១,៥០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្ទឹង​ព្រះ​ស្រុក ឃុំ​ល្វា ស្រុក​ពួក និង​ស្ដារ​ស្ទឹង​ពួក​ប្រវែង ៣,២៧២​ម៉ែត្រ កាត់​៤​ភូមិ ក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​បន្ថែម​ពីនេះ ក្នុង​របាយការណ៍​សង្ខេប​ការងារ​ប្រចាំត្រីមាស​ទី​១​ឆ្នាំ​២០១៩ របស់​អាជ្ញាធរ​ជាតិ​អប្សរា នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ក៏បាន​ជួសជុល​សំណង់​ទ្វារ​ទឹក​តា​កាវ​ថ្មី​មាន​ប្រវែង ៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ និង​កម្ពស់​២​ម៉ែត្រ និង​ធ្វើការ​ជញ្ជូន​ដី​បិទ​តាម​ជើងទេរ​មាន​ទំហំ​៧៨​ម៉ែត្រគូប​ផងដែរ​៕ ល​

#