“​ដើមឆ្នាំ​២០២០​មន្ទីរ​ធ្វើ​​ផ្លូវភ្លោះ​មាន​សួនច្បារ​កណ្តាល​កែលម្អសោភ័ណភាព​ក្រុង​ឈាន​ដណ្តើមបាន​ផ្ការំដួល​”

242
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​ខិតខំ​ប្រឹងប្រែង​កែលម្អ​សោភ័ណភាព​សណ្ដាប់ធ្នាប់​និង​អនាម័យ​បរិស្ថាន​នៅ​ជុំវិញ​ក្រុង​ដើម្បី​បង្កើន​ការលើកកម្ពស់​សោភ័ណភាព​ទីក្រុង​នេះ​ឱ្យ​កាន់តែ​ស្រស់ស្អាត​ឈានទៅ​ដណ្តើមបាន​ផ្ការំដួល​៣​ទង​ដែលជា​ទីក្រុង​ស្អាត​ជាងគេ​នៅ​កម្ពុជា​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ​មន្ទីរ​បាន​លើក​ផែនការ​ពង្រីក​ផ្លូវ​ម្លូព្រៃ​នៅក្នុង​ទី​រួម​ខេត្ត​ឱ្យ​ក្លាយជា​ផ្លូវភ្លោះ​មាន​សួនច្បារ​នៅ​កណ្តាល​ពង្រីក​គម្រោង​ផ្លូវ​អ៊ុត​កៅស៊ូ​និង​ផ្លូវ​បេតុង​ឆ្អឹង​ដែក​នៅ​ជុំវិញ​ទី​រួម​ខេត្ត​ដើម្បី​ធានា​គុណភាព​ផ្លូវថ្នល់​អាច​ប្រើប្រាស់​យូវ​អង្វែង និង​ធានា​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​មន្ទីរ​ក៏បាន​សម្រេច​កែលម្អ​សួនច្បារ​ចាស់ៗ​និង​បង្កើត​សួនច្បារ​ថ្មីៗ​បន្ថែម​នៅក្នុង​ក្រុង​ព្រះវិហារ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​នេះ​ឱ្យ​កាន់តែ​ស្រស់ស្អាត​សម្រាប់​បង្អួត​ភ្ញៀវទេសចរ​ផង​និង​ដណ្តើមពាន​រង្វាន់​ជាទី​ក្រុង​ស្អាត​។​«​យើង​មាន​ផែនការ​ប្រែក្លាយ​ទី​រួម​ខេត្តព្រះវិហារ​ឱ្យមាន​សោភ័ណភាព​ស្រស់ស្អាត​បរិ​ស្ថាន​ល្អ​។​ពិសេស​ទិសដៅ​របស់​អា​ជ្ញា​ធរ​ខេត្ត​ចង់​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដណ្តើមបាន​ផ្ការំដួល​១​ទង​២​ទង​ឬ​៣​ទង​។​ទន្ទឹមនឹងនោះ​យើង​កែលម្អរ​សួនច្បារ​និង​បង្កើត​សួនច្បារ​ថ្មី​នៅក្នុង​ទី​រួម​ខេត្ត​ជាច្រើន​ទៀត​នៅ​ចុងឆ្នាំ​នេះ​ដែល​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ទីក្រុង​របស់​យើង​បានល្អ ស្រស់បំព្រង​»​។​

​លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​បន្តថា​មន្ទីរ​នឹង​អនុវត្ត​យុទ្ធនាការ​ដូច​ភ្លៀងរលឹម​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រួមគ្នា​ថែរក្សា​ផ្លូវថ្នល់​សណ្ដាប់ធ្នាប់​និង​អនាម័យ​នៅតាម​ដងផ្លូវ​ដោយ​មិន​ត្រឹមតែ​ធានាបាន​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ​និង​អ្នកដំណើរ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ធ្វើឱ្យ​ទីក្រុង​មាន​សោភ័ណភាព​ស្រស់បំព្រង​ថែម​ទៀតផង​។​

​សូមបញ្ជាក់ថា​ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧​ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ​ទីក្រុង​ស្អាត​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​កាលពី​ថ្ងៃទី​២៥​កុម្ភៈ​ឆ្នាំ​២០១៩​ខេត្តព្រះវិហារ​ទទួលបាន​៥​ជ័យលាភី​ដែល​ប្រគល់ជូន​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​។​ដូចជា​ពានរង្វាន់​ធុរកិច្ច​បៃតង​ក្នង​វិស័យ​ទេសចរណ៍​ជ័យលាភី​បង្គន់​សាធារណៈ​កម្ពុជា​នូវ​ស្នាមញញឹម​និង​ទីក្រុង​ស្អាត​ជាដើម​៕S/​