ដើមបណ្ដឹង​ប្រឆាំង លោក ខឹម វាសនា ចូល​បំភ្លឺ​នៅតាម​ការកោះហៅ​នៅ​ព្រឹក​នេះ

828
ចែករម្លែក

(​ភ្នំពេញ​) ៖ បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ បានចេញ​ដីកា​កោះហៅ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ លោក សុច សឿង ដែលជា​ដើមបណ្តឹង​ប្រឆាំង លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។​

​លោក សុច សឿង អតីត​ចាងហ្វាង​កាសែត​ផ្កាយព្រឹក កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ បានដាក់​ពាក្យ​ប្តឹង លោក ខឹម វាសនា ទៅ​តុលាការ​ក្រុងភ្នំពេញ ដោយ​ចោទ​ប្រធាន​គណបក្ស​មួយ​នេះ​ថា បាន​ជេរប្រមាថ​ម្ដង​ហើយ​ម្ដងទៀត​មកលើ​ពូជសាសន៍​ជាតិខ្មែរ​។​

​នៅក្នុង​ពាក្យបណ្តឹង លោក សុច សឿង បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅក្នុង​វេទិកា​ជួបជុំ​មួយ លោក ខឹម វាសនា បាន​ជេរប្រមាថ មើលងាយ​ពូជសាសន៍​ខ្មែរ ដែល​លោក យល់ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ​របស់លោក​ក្នុងនាម​ពលរដ្ឋ​ខ្មែរ​មួយរូប ក៏ដូចជា​ប្រទេស​ជាតិខ្មែរ​ទាំងមូល​។​

​ត្រង់ចំណុច​នេះ លោក សុច សឿង បានស្នើ​ដល់​តុលាការក្រុង​ភ្នំពេញ ផ្ដន្ទាទោស លោក វាសនា តាមផ្លូវ​ច្បាប់​និង​ត្រូវឱ្យ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មួយ​នេះ សុំទោស​ជា​សាធារណៈ​៕

លោក សុច សឿង បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​