ដើម្បី​ជំរុញ​ការអាន ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង​!

289
ចែករម្លែក


ពិព័រណ៍​សៀវភៅ រយៈពេល​បី​ថ្ងៃ បាន​ប្រារព្ធ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​សាលា​តិច​ណូ ក្នុង​រាជធានី​ភ្នំពេញ​។ ពិព័រណ៍​នេះ​ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អំ​ណាន លើក​ទី​៤ ថ្ងៃទី​១១ ខែមីនា​។​
​សៀវភៅ​ច្រើន​ប្រភេទ ត្រូវបាន​ដាក់តាំង​បង្ហាញ ក្នុង​ស្តង់​ជាច្រើន សម្រាប់​ជាវ និង​ចែកជូន​ដោយ​ឥតគិតថ្លៃ ព្រមទាំង​កម្មវិធី​កម្សាន្ត ដើម្បី​ទទួលបាន​ចំណេះដឹង​ផ្សេងៗ​ទៀត​។​


​ពិព័រណ៍​សៀវភៅ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែមីនា រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន សហការ​ជាមួយនឹង​អង្គការ​ដៃគូ​ជាច្រើន​ទៀត​។ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​សៀវភៅ ដែលជា​ផ្នែក​មួយ ជំរុញ​ការអាន​នៅ​កម្ពុជា​។​


​ទិវា​ជាតិ​អំ​ណាន ត្រូវបាន​បង្កើតឡើង កាលពី​ឆ្នាំ​២០១៥ ក្នុង​គោលបំណង​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ សំដៅ​រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌ អរិយធម៌​ខ្មែរ​។​


​ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​ឲ្យ​បានល្អ អធិកអធម មាន​ប្រសិទ្ធភាព និង​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារាចរ ស្តីពី ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ថ្ងៃទី​១១ ខែមីនា ដោយ​សម្តេច បាន​ណែនាំ ១១ ចំណុច ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន ក្រសួង​អប់រំ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។​


​សេចក្តីណែនាំ​ទាំង ១១ ចំណុច របស់​ប្រមុខ​រាជរដ្ឋាភិបាល រួមមាន​៖ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ឲ្យ​បានល្អ អធិកអធម និង​មាន​ប្រសិទ្ធភាព ការកំណត់​ប្រធានបទ ពាក្យស្លោក និង​ពាក្យ​អប់រំ សម្រាប់​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​ប្រចាំឆ្នាំ និង​ត្រូវ​កៀរគរ​ការចូល​រួមទាំង​ផ្នែក​ស្មារតី បច្ចេកទេស ហិរញ្ញវត្ថុ និង​សម្ភារៈ​ពី​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ អង្គការ​អន្តរជាតិ និង​សប្បុរសជន​នានា ការរៀបចំ​ការប្រកួត​ប្រជែង​អាន ស្មូត​កំណាព្យ តែង​និពន្ធ និង​សកម្មភាព​ផ្សេងៗ នៅតាម​គ្រះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន បំផុស និង​ជំរុញ​ឲ្យ​មន្ទីរ ការិយាល័យ អ្នកពាក់ព័ន្ធ និង​គ្រឹះស្ថានសិក្សា ឲ្យ​ចូលរួម​យ៉ាងសកម្ម ដើម្បី​ចលនា​មហាជន​ឲ្យ​មាន​សកម្មភាព​សស្រាកសស្រាំ ក្នុង​ទិវា​ជាតិ​អំ​ណាន ជាដើម​។


​ ​ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បាន​ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ វិស័យ​ឯកជន និង​គ្រឹះស្ថានសិក្សា​នានា ត្រូវ​ចូលរួម​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ សប្បុរសជន និង​អ្នកពាក់ព័ន្ធ​នានា ក្នុងការ​រៀបចំ បណ្ណ​ព័ត៌មាន បដា​ពាក្យស្លោក គំនូរ​ផ្សាយ ប្រជុំ​ហែ​ក្បួន​ផ្សព្វផ្សាយ តាម​ទីលាន​សាធារណៈ ដងផ្លូវ​សាធារណៈ អង្គភាព គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន រោងចក្រ សហគ្រាស និង​ធ្វើ​ជំនួប ដើម្បី​គាំទ្រ​ទិវា​នេះ ឲ្យ​បាន​ផុលផុស​ទូលំទូលាយ​ជាប្រចាំ និង​មាន​ប្រសិទ្ធភាព​។​


​ ​សកម្មភាព​ទាំងអស់​ខាងលើនេះ ពិសេស​ការរៀបចំ​ពិព័រណ៍​សៀវភៅ ដែលមាន​ទាំង​ការចែក​សៀវភៅ​រាប់ពាន់​ក្បាល ដោយ​មិន​គិតថ្លៃ​ផង​នោះ គឺ​ពិតជា​សកម្មភាព​មួយ ក្នុងការ​លើកទឹកចិត្ត​អ្នកអាន​។


​ក្នុង​រយៈកាល​ចុងក្រោយ​នេះ ចលនា​ប្រជាជន​កម្ពុជា ពិសេស​យុវជន​កាន់តែ​ច្រើនឡើងៗ បាន​ចូលរួម​ក្នុង​សកម្មភាព​តាំងពិព័រណ៍​សៀវភៅ ទៅ​ទិញ និង​ទៅ​ទទួល​សៀវភៅ ដែល​ចែក​ដោយ​ឥតគិតថ្លៃ មិន​ថា នៅក្នុង​ពិព័រណ៍​សៀវភៅ នៅ​បណ្ណាល័យ​ជាតិ និង​ពិព័រណ៍​សៀវភៅ ក្នុង​ទិវា​អំ​ណាន​ជាតិ​នេះ​ទេ​។​
​ក៏ប៉ុន្តែ​សំណួរ សួរថា មាន​ពិព័រណ៍​សៀវភៅ​ហើយ តើ​មាន​អ្នក​ទៅ​ស្វែងរក​សៀវភៅ មាន​អ្នក​ទៅ​ទិញ​សៀវភៅ មាន​អ្នក​ទៅ​ទទួលយក​សៀវភៅ ដែល​ចែក​ដោយ​ឥតគិតថ្លៃ ច្រើន​នាក់​ឬទេ​?


​ ​មួយវិញទៀត បើ​ថា មាន​អ្នក​ស្វះស្វែង​ទៅរក​ទិញ​សៀវភៅ ឬក៏​ទៅ​ទទួលយក​សៀវភៅ​ចែក​ដោយ​ឥតគិតថ្លៃ​ច្រើន​នាក់​ហើយ តើ​អ្នកទទួលបាន​សៀវភៅ​ទាំងនោះ ពិសេស​យុវជន និង​អ្នក​ដែលជា​ឪពុកម្តាយ​គេ មកដល់​ផ្ទះ​វិញ តើ​ពួកគាត់ យក​សៀវភៅ​ទាំងនោះ មក​អាន​ឲ្យ​បាន​ចប់​ចុង​ចប់​ដើរ ដែរឬទេ​?


​ក្នុងសង្គម​កម្ពុជា បច្ចុប្បន្ន ក្នុងពេល​មាន​ទូរស័ព្ទ​ទំនើបៗ ហើយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ក៏​កាន់តែ​ធូរ​ថ្លៃ​ថែមទៀត​។ គឺ​យុវវ័យ​យើង និង​ក្រុមគ្រួសារ​ខ្មែរ​យើង មិន​ថា នៅ​ភ្នំពេញ នៅ​ទីប្រជុំជន ឬក៏​នៅ​ទីជនបទ​នោះទេ គឺមាន​ទូរស័ព្ទ​ទំនើប និង​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត​ស្ទើរតែ​គ្រប់គ្នា​។ ក្នុងនោះ កុមារ ទើប​អាយុ ១០​ឆ្នាំ ក៏មាន​ទូរស័ព្ទ​ទំនើប ឬ​អាយ​ភេត ប្រើ​ទៅហើយ​។


​ជាងនេះទៅទៀត ឪពុកម្តាយ​ខ្លះ ក៏បាន​ទម្លាប់​កូនតូចៗ ដែលមាន​អាយុ បី​ឆ្នាំ​ឡើងទៅ ឲ្យ​មើល​ទូរស័ព្ទ ដូចជា យូ​ធូប​(Youtube) និង​តុក្កតា នៅពេល​លួង​កូន​ញ៉ាំ​អាហារ ជាដើម​។ នេះ​ជា​ទម្លាប់​មិនល្អ ហើយ​ឪពុកម្តាយ​មួយចំនួន ធ្វើ​ដោយ​មិនដឹង​ខ្លួន ដែល​នាំ​ឲ្យ​កូនៗ​ទាំងនោះ មាន​ទម្លាប់​កាន់​ទូរស័ព្ទ ជំនួស​កាន់​សៀវភៅ​។​


​មួយវិញទៀត ឪពុកម្តាយ​ភាគច្រើន ឲ្យ​តែ​ពេលទំនេរ គឺ​ចាប់​កាន់​ទូរស័ព្ទ​ទំនើប ហើយ​ឆែក​លេង​ហ្វេ​ស​ប៊ុ​ក ជាជាង​កាន់​សៀវភៅអាន​។ បើ​មិន​អីចឹង​ទេ គឺ​មើល​រឿង​ភាគ​ក្នុង​ទូរទស្សន៍ ដែល​នាំ​ឲ្យ​កូនៗ មើលឃើញ​រាល់ថ្ងៃ រាល់ពេល ហើយ​កូនៗ​ទាំងនោះ ក៏បាន​ធ្វើតាម​ឪពុកម្តាយ​មួយចំនួន​នោះ រហូត​ក្លាយជា​ទម្លាប់​។​


​សរុបមក សូម​យុវជន និង​ឪពុកម្តាយ​មួយចំនួន ដែល​តែងតែ​យក​ពេលទំនេរ ចាប់​កាន់​ទូរស័ព្ទ ឆែក​ហ្វេ​ស​ប៊ុ​ក ឬក៏​បើក​យូ​ធូប តុក្កតា ឲ្យ​កូនតូចៗ​មើល​កន្លងមក ប្តូរ​ទម្លាប់ ប្តូរ​ពី​ទូរទស្សន៍ ប្តូរ​ពី​ទូរស័ព្ទ មកជា​កាន់​សៀវភៅ​វិញ​។ មិន​ខ្វះ​ទេ សៀវភៅ​អប់រំ​ល្អៗ ដែល​អ្នកនិពន្ធ​យើង ខិតខំ​ចងក្រង ជា​ភាសា​ខ្មែរ នៅតាម​ស្តង់​តាំងពិព័រណ៍ និង​នៅតាម​បណ្ណាគារ តូប​លក់​កាសែត ជាដើម​។


​សូម​ឧទ្ទិស​ទិវា​អំ​ណាន​ជាតិ​ថ្ងៃ​១១​មីនា សូម​ឲ្យ​លើសពី​ទិញ​សៀវភៅ និង​ទទួលយក​សៀវភៅ ដោយ​ឥតគិតថ្លៃ យកទៅ​ទុកចោល​នៅ​ធ្នើ នៅ​តុ នៅ​ទូ សូម​យក​សៀវភៅ​ទាំងនោះ មក​អាន​ជាប្រចាំ​ថ្ងៃ ឲ្យ​ក្លាយជា​ទម្លាប់​ល្អ សម្រាប់​កូនៗ ហើយ​ទុក​ទូរស័ព្ទ និង​ទូរទស្សន៍ ឲ្យ​ឆ្ងាយ​ពី​កូន​អ្នក​។ “​អាន​សៀវភៅ​ច្រើន កើន​ចំណេះ​” ពាក្យ​នេះ នៅតែមាន​ន័យ​ដ៏​ជ្រាលជ្រៅ សម្រាប់​យើង​ម្នាក់ៗ​៕ ដោយៈ ម៉េង​ឆៃ​ /សរន