ដើម្បី​ដោះស្រាយ​វិបត្តិ​គ្រឿងញៀន​នៅ​មី​យ៉ាន់​ម៉ា គឺ​ត្រូវ​ពឹង​ផ្អែកលើ​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​ជនជាតិភាគតិច

820
ចែករម្លែក
  • 63
    Shares

​មី​យ៉ាន់​ម៉ា​បាន​សន្យា​បង្កើនល្បឿន​កិច្ចប្រឹងប្រែង​សន្តិភាព​ជាមួយ​ក្រុម​ជនជាតិភាគតិច​ដើម្បី​ដោះស្រាយ​ការជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​របស់ខ្លួន​ឱ្យបាន​ប្រសើរ​ជាង​មុន​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មី​យ៉ាន់​ម៉ា​លោក​ឧ​ត្ត​ម​សេនីយ៍ ក្យ៉ ស្វេ បានធ្វើ​ការសន្យា​បែបនេះ អំឡុង​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ថៃ​និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ប្រាចិន ជុន​តុង នៅក្នុង​រដ្ឋធានី​ណៃ​ពិដោ របស់​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ចន្ទ ទី​២១ ឧសភា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ក្យ៉ ស្វេ និយាយថា ជោគជ័យ​យូរអង្វែង​នៃ​ការបង្ក្រាប​គ្រឿងញៀន​គឺ​អាស្រ័យ​លើ​កិច្ចចរចា​សន្តិភាព​។​

​គេ​បានដឹង​យ៉ាង​ទូលំទូលាយ​ថា ក្រុម​ជនជាតិភាគតិច​ប្រដាប់អាវុធ​មួយចំនួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​គ្រប់គ្រង​តំបន់ ដែល​រោងចក្រ​ផលិត​ថ្នាំញៀន​ស្ថិតនៅ​។​

​មី​យ៉ាន់​ម៉ា​និង​ថៃ​បាន​ព្រមព្រៀងគ្នា​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​ដោះស្រាយ​ការជួញដូរ​គ្រឿងញៀន​ក្រោម​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​ដើម្បី​សុវត្ថិភាព​ទន្លេមេគង្គ ដែលជា​កម្លាំង​ជំរុញ​ពហុ​ជាតិ​មួយ​ចាប់ផ្តើម​កាលពី​ឆ្នាំ ២០១៣ ដើម្បី​បញ្ឈប់​ការជួញដូរ​គ្រឿងញៀន​នៅតាម​ដង​ទន្លេមេគង្គ​។​

​ចិន​និង​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចំនួន​៥ គឺ មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។​

​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​របស់​កិច្ចព្រមព្រៀង​នេះ គឺ “​បិទ​ចោល​” នូវ​តំបន់ត្រីកោណមាស ដែលជា​តំបន់​ផលិត​គ្រឿងញៀន​ដ៏​ល្បីល្បាញ មាន​ព្រំប្រទល់​ប្រសព្វ​គ្នា​រវាង ថៃ ឡាវ និង​ភូមា​។​

​តំបន់ត្រីកោណមាស​គ្របដណ្តប់​លើ​តំបន់ភ្នំ ទំហំ​ប្រហែល ៩៥០.០០០ គីឡូម៉ែត្រ​ការ៉េ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មី​យ៉ាន់​ម៉ា​លោក​ឧ​ត្ត​ម​សេនីយ៍ ក្យ៉ ស្វេ
#