ដើម្បី​សេចក្តីសុខ​របស់​រាស្ត្រ ត្រូវតែ​កាយ​ហើយ ទោះបី​មានការ​តវ៉ា​ពី​អ្នករំលោភ​ដី​អូ យ៉ាងណាក្តី​!

2311
ចែករម្លែក

ដោយ​: វណ្ណៈ / ខេត្ត​ព្រះសីហនុ​: រដ្ឋបាលខេត្ត​ព្រះសីហនុ ធ្វើ​យុទ្ធនាការ​ជាពិសេស ស្តារ​កាយ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​ក្នុង​ក្រុងព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង ដែល​តែងតែ​ជន់​លិច​តំបន់​ទំនាប ក្នុង​ក្រុង​ពេល​មាន​ភ្លៀង​ខ្លាំង​ម្តងៗ​។

​បើតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា មាន​ផ្ទៃដី​អូរ ប្រឡាយ​ភាគច្រើន​ក្នុង​ក្រុង កំពុងមាន​ការរំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ពី​ពលរដ្ឋ ឬ​ផ្នែក​ឯកជន​មួយចំនួន តាមរយៈ​ការសង់​ផ្ទះ​ស្នាក់នៅ ឬ​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ជា​កម្មសិទ្ធិ ធ្វើ​ឲ្យ​ដី​អូរ ប្រឡាយ​រួម​តូច ស្ទះ​ចរន្តទឹក​ហូរ ដែលជា​មូលហេតុ​ធំ​នាំ​ឲ្យ​កើតមាន​ជំនន់​ទឹកភ្លៀង​។

​ជុំវិញ​បញ្ហា​នេះ ចាប់ពី​ថ្ង​ទី​១១​ខែសីហា​២០១៩​មក ក្នុងនាម​រដ្ឋបាលខេត្ត លោក គួច ចំរើន បានចេញ​បញ្ជា​អោយ​មន្ត្រី​ជំនាញ​នាំយក​គ្រឿងចក្រ ទៅ​ស្តារ កាយ​បើក​រំដោះ​ផ្លូវទឹក​តាម​តំបន់​ដែល​កំពុងមាន​បញ្ហា​ជំនន់​ទឹកភ្លៀង បើទោះជា​មានការ​តវ៉ា​ជំទាស់​ពី​ពលរដ្ឋ​ខ្លះ​ដែល​អជ្ញាធរ​តម្រូវ​រុះរើ​ផ្ទះ ឬ​សំណង់​សង់​ប៉ះពាល់​ដី​អូរ ប្រឡាយ​យ៉ាងណាក្តី ក្រោម​ហេតុផល​ថា​អះ​ថា​បានរស់នៅ​ច្រើន​ឆ្នាំ​យ៉ាងណាក៏ដោយ ក៏​យុទ្ធនាការ​នេះ​មិន​ដកថយ​ដែរ​។

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ពេលនេះ​គ្រឿងចក្រ​ជាង​១០​គ្រឿង បាននិងកំពុង​បញ្ជូនមក​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​ការកាយ​ជាបន្ទាន់​ក្នុង​ការបើក​មុខទឹក​ឲ្យ​ហូរ​បាន​លឿន ហើយ​ចំពោះមុខ​នេះ​ប្រឡាយ​(​អូរ​១) គឺជា​ចំណុច​បន្ទាន់​មុនគេ​។​

​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​ឲ្យ​ដឹង​ដែរ​ថា ជាមួយនឹង​ការងារ​នេះ លោក តឹក រ៉េត​សំរេច ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ មូលដ្ឋាន​ក្រុងព្រះសីហនុ ក៏បាន​អញ្ជើញ​ប្រកាស​បើក​អោយ​អនុវត្តន៍​គម្រោង​ស្ដារ និង​កែលម្អ​ប្រឡាយ​ជំហាន​១ ក្នុងភូមិ ៥​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជា​តំបន់​ដែល​រង​ការ​ជន់​លិច​ជា​បន្តបន្ទាប់ ក្រោយពេល​មាន​ភ្លៀង​ម្តងៗ ដែល​ប្រើប្រាស់​ថវិកា​ក្រសួងបរិស្ថាន​ផ្ទាល់​។​

​ដើម្បី​រួមគ្នា​ដោះស្រាយ​ការងារ​នេះ លោក គួច ចំរើន បានស្នើ​សុំ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងការ​រំលោភ​ដី​អូរ ប្រឡាយ​ទាំងអស់ រួមសហការ​ជាមួយ​អាជ្ញាធរ ដើម្បី​កែលម្អ​ប្រព័ន្ធ​ប្រឡាយ អូរ ឲ្យ​មាន​ភាពល្អប្រសើរ​ដើម្បី​កុំឱ្យ​មានការ​ជន់​លិច​ទៀត​៕ ល​