ដើម​ស្រឡៅ​

1130
ចែករម្លែក

ដោយ​: សោម ប៊ុនថន អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ
ដើម​ស្រឡៅ​បាន​ដុះ​លូតលាស់​ភាគច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​ប្រទេស​ដែលមាន​ទទួល​អាកាសធាតុ​ត្រូពិច​។​នៅ​ប្រទេស​កម្ពុជា ដើម​ស្រឡៅ​ដុះ​ភាគច្រើន​នៅ​តំបន់ភ្នំ​និង​ខ្ពង់រាប​ភាគ​ខាងជើង​នៃ​ប្រទេស​រួមមាន ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​។ ដើម​ស្រឡៅ មាន​មែក​តូចៗ​បែក​ចេញពី​ដើម​ដែល​ដុះ​ត្រង់​ទៅលើ និង​មាន​កម្ពស់​រហូតដល់​ទៅ​ជាង​២០​ម៉ែត្រ​។ ដើម​ស្រឡៅ​មាន​ស្លឹក​តូចៗ​ពណ៌​បៃតង​ស្រស់ សាច់​ឈើ​ពណ៌​ស​ថ្លា រឹង និង​សំបក​រលោង ប៉ុន្តែ​គ​ម្រើ​ម​ដូចជា​ស្រកាពស់​។ ដើម​ស្រឡៅ​ចេញ​ផ្កា​ពណ៌​ស្វាយ​ស្រស់​ក្នុង​មួយឆ្នាំ​ម្តង នៅ​រដូវក្តៅ​។

ទិដ្ឋភាព​ឈើ​ស្រឡៅ​(​រូបថត​សោម​ប៊ុនថន​)

​តាម​វចនា​នុ​ក្រុម សម្តេច​សង្ឃរាជ ជួន ណាត ស្រឡៅ គឺជា​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ​សណ្ឋាន​ស្រដៀង​នឹង​ត្របែកព្រៃ ប៉ុន្តែ​ដើម​ធំ​ជាង សាច់​ស្និទ្ធ​ស្អាត​ជាង ហើយ​ប្រើ​ធ្វើការ​បាន​ច្រើនយ៉ាង ៖ ក្ដារ​ស្រឡៅ​, ទូ​ស្រឡៅ និង តុ​ស្រឡៅ ។

​ប្រជាជន​ខ្មែរ​និយម​យក​ដើម​ស្រឡៅ​យកមក​កែច្នៃ​ធ្វើជា​គ្រឿង តុ ទូ កៅអី គ្រែ ច្រវា​ទូក និង​គ្រឿង​ឈើ​សម្រាប់ធ្វើ​ទូក​។ ប្រជាជន​ខ្មែរ​ខ្លះទៀត ក៏បាន​អារ និង​ច្រៀក​ដើម​ស្រឡៅ​ធ្វើជា​ក្តារ និង​គ្រឿង​ឈើ​សម្រាប់​សង់ផ្ទះ​។ បើតាម​ទំនៀមទម្លាប់ និង​ជំនឿ​ពី​បុរាណ​របស់​អ្នកស្រុក​ស្វាយ​លើ ក្នុង​ខេត្តសៀមរាប និង​ស្រុក​គូលែន ខេត្តព្រះវិហារ នៅពេល​អ្នកស្រុក​រៀបចំ​សាងសង់​ផ្ទះ​ថ្មី ម្ចាស់ផ្ទះ​ត្រូវមាន​ឈើ​ចំនួន​១២​មុខ រួមទាំង​ស្រឡៅ មក​ផ្សំ​ធ្វើជា​គ្រឿងផ្ទះ មានដូចជា សសរ ផ្ទោង ផ្លាន ក្តារ រនាប​ក្រាល បង្កង់ រនុក រនង ដើម្បី​ឲ្យ​ម្ចាស់ផ្ទះ​សម្បូរ​សប្បាយ និង​ចម្រុងចម្រើន​។
​ដោយសារ​ប្រជាជន​ខ្មែរ​មាន​ជំនឿ ប្រពៃណី វប្បធម៌ និង​រស់នៅ​ប្រចាំថ្ងៃ​ជាមួយ​ធម្មជាតិ​តាំងពី​យូរលង់​ណាស់​មកហើយ ទើប​ប្រជាជន​ខ្មែរ អ្នកនិពន្ធ និង​អ្នកប្រាជ្ញ​ពី​សម័យបុរាណ​ខ្លះ​បាន​យកឈ្មោះ​ដើមឈើ មក​ដាក់ឈ្មោះ​ភូមិ ឬ​សហគមន៍​ដែល​ខ្លួន​បានរស់នៅ ដាក់ឈ្មោះ​បទ​ចម្រៀង​ដែល​ខ្លួន​បាន​តែង​និពន្ធ និង​បាន​សរសេរ​ក្នុង​សុភាសិត​ដើម្បី​អប់រំ និង​ប្រៀនប្រដៅ​មនុស្ស ដោយបាន​ដើម​ស្រឡៅ​មក​ភ្ជាប់​ជាមួយ ដែលមាន​ឃ្លា​មួយ​ពោលថា «​កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​មនុស្ស​ខូច​»​។

​សុភាសិត​នេះ បានបង្ហាញ​ពី​តថភាព​សង្គម​ខ្មែរ ដោយបាន​បង្កប់​នូវ​គំនិត កា​រស​ញ្ចឹ​ង​គិត ការ​ត្រិះរិះ​ពិចារណា និង​ការអប់រំ​ដោយបាន​ប្រៀបធៀប​ដើមឈើ និង​ធម្មជាតិ​ទៅនឹង​អត្ត​ចា​រិត​របស់​មនុស្ស​។ ស្រឡៅ គឺជា​ឈើ​មួយ​ប្រភេទ​ដែលមាន​សាច់​រឹង ហេតុដូច្នេះ​ហើយ​យើង​មិន​ងាយ​ពត់​ស្រឡៅ​ទៅតាម​ចិត្ត​ដែល​យើង​ចង់បាន​នោះទេ​។ នៅពេលដែល​យើង​ខំប្រឹង​ពត់​ឈើ​ស្រឡៅ​កាន់តែខ្លាំង ក៏​អាច​បណ្តាល​ឲ្យ​ស្រឡៅ​បាក់​ដែរ​។ ម្យ៉ាងទៀត ស្រឡៅ​មាន​សាច់​ឈើ​រមូរ​ចូលគ្នា​ជា​ក្រុម ដែល​ជាងឈើ​តែង​ប្រើ​ឃ្នៀប​គៀប​តម្រង់ ប៉ុន្តែ​នៅពេល​ដក​ឃ្នៀប​ចេញ ឈើ​ស្រឡៅ​បាន​រមូរ​ត្រឡប់​ទៅរក​សភាព​ដើម​វិញ​ដដែល​។ រីឯ​មនុស្ស​ខូច គឺ​សំដៅ​ទៅលើ​មនុស្ស​ដែលមាន​គំនិត មាយា​ទ​អាក្រក់ វៀចវេរ និង​មនុស្ស​ដែល​បង់អស់​នូវ​កិត្តិយស សេចក្តីថ្លៃថ្នូ ដែល​ពិបាក​នឹង​ក្រែ​ប្រែ​ចា​រិត និង​ប្រែខ្លួន​ទៅជា​មនុស្ស​ល្អ​បាន​។ ទោះបីយ៉ាងណា​ក៏ដោយ ក៏​សុភាសិត​នេះ​បាន​បង្កប់​នូវ​ខ្លឹមសារ​អប់រំ​ជ្រាលជ្រៅ ភាព​វៃឆ្លាត និង​ប្រាជ្ញា​របស់​មនុស្ស​ក្នុង​ដោះស្រាយ​រាល់​បញ្ហា​ស្មុគស្មាញ​ដែល​បាន​កើតឡើង​នៅក្នុង​សង្គម​។ មនុស្ស​អាច​កែច្នៃ​ធម្មជាតិ ដោយ​យក​ឈើ​ស្រឡៅ​ដែលមាន​សាច់​រឹង ស្រួយ និង​រមូរ​ទៅជា​សម្ភារ​ប្រើប្រាស់​តាម​តម្រូវការ និង​គ្រឿង​សង្ហា​រឹម​សម្រាប់​តាំង​លម្អ​នៅតាម​ផ្ទះ ការិយាល័យ​ធ្វើការ និង​តាម​ទីសាធារណ​នានា​។ មនុស្ស​ក៏​អាច​ក្រែ​ប្រែ​ជនខិលខូច បោកប្រាស់ ចោរលួច ចោរប្លន់ រហូតដល់​ទៅ​ឧក្រិដ្ឋជន​ឲ្យ​ក្លាយទៅជា​ល្អ​មនុស្ស​បានដែរ តាមរយៈ​ការអប់រំ រៀនសូត្រ បណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវ សីលធម៌ និង​សង្គម​ជាដើម ។

​នៅក្នុង​បទ​ចម្រៀង​ខ្មែរ អ្នកនិពន្ធ​ទំនុក​ចម្រៀង គង់ ប៊ុនធឿន ក៏បាន​យក​ដើម​ស្រឡៅ​មក​តាក់តែង​ចេញ​ជា​បទ​ចម្រៀង​ដែល​ចំណងជើង «​ម្លប់​ស្នេហ៍​ដើម​ស្រឡៅ​»​។ គង់ ប៊ុនធឿន មុនពេល​ទទួលមរណភាព​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​តែង​និពន្ធ​បទ​ចម្រៀង​នេះ​ដូចតទៅ ៖

​នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​បាន​សរសេរ​សៀវភៅ​ប្រលោម​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «​ជំនោរ​ប៉ៃលិន​»​។ សៀវភៅ​ប្រលោម​នេះ​បាន​ក្លាយជា​សៀវភៅ​ដ៏​ពេញនិយម​ក្នុងចំណោម​អ្នកអាន ដូច្នេះហើយ​លោក សូ ម៉ាន់​ចាន់ ចាងហ្វាង​ផលិតកម្ម «​វណ្ឌ​ចន្ទ​» ភាពយន្ត​បាន​ទិញ​សិទ្ធិ​សៀវភៅ​នេះ​ដើម្បី​ថត​ជា​ខ្សែភាពយន្ត​។
​ទន្ទឹមនឹងនោះ ស្ទូ​ឌី​យោ​ចម្រៀង​បានស្នើ​សុំ​ខ្ញុំ​ឲ្យ​និពន្ធ​បទ​ចម្រៀង​ចំនួន​៤​បទ​ថែមទៀត ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ខ្សែភាពយន្ត​នោះ​។ បទ​ចម្រៀង​ទាំងនោះ​គឺ ៖ ១) ម្លប់​ស្នេហ៍​ដើម​ស្រឡៅ ២) ទំនួញ​ហ្គី​តា​មាស ៣) ជំនោរ​ប៉ៃលិន និង ៤) បេះដូង​កំព្រា​។

​បទ​ចម្រៀង​ទាំង​៤​នេះ​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង បន្ទាប់ពី​ខាង​ស្ទូ​ឌី​យោ​បាន​ស្នើសុំ​សិទ្ធិ​លើ​បទ​ចម្រៀង​ទាំងនេះហើយ​ថតចម្លង ចែកចាយ​នៅតាម​ថាស​ចម្រៀង​កាសែត និង​ចាក់ផ្សាយ​។​
​ជា​អកុសល ខ្សែភាពយន្ត​នេះ​មិនទាន់​បញ្ចប់​ទេ ហើយក៏​មិនបាន​ចាក់​បញ្ចាំង​ដែរ រហូតដល់​យោធា​ខ្មែរក្រហម​មកដល់​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។
​ស៊ិន ស៊ី​សាមុត និង រស់ សេរី​សុទ្ធា ធ្លាប់បាន​និយាយថា អ្នក​ទាំងពីរ​បាន​ច្រៀង​ចម្រៀង «​ម្លប់​ស្នេហ៍​ដើម​ស្រឡៅ​» ចេញពី​បេះដូង និង​ពី​សមត្ថភាព​ច្រៀង​របស់ខ្លួន​។
​ទោះបី​បទ​ចម្រៀង​នេះ​បាន​កើតឡើង និង​ពោល​រៀបរាប់​លម្អិត​តែ​នៅ​តំបន់​ប៉ៃលិន អម​ជាមួយ​ទំនុកភ្លេង​ស្រាល ស្រទន់ ផ្អែមល្ហែម ក៏​ធ្វើ​ឲ្យ​ចម្រៀង​នេះ​ក្លាយទៅជា​ក្តី​សុ​បិ​ន្ត​របស់​អ្នក​ស្តាប់ និង​ភាពស្រស់ស្អាត​កាន់តែខ្លាំង​ឡើង​ដែរ​។

​គង់ ប៊ុន​ឈឿន បាន​រៀបរាប់ថា «​មានការ​ចងចាំ​មួយ​ដែល​មិនអាច​បំភ្លេច ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយចិត្ត​។ ខ្ញុំ​បាន​ជួប ស៊ិន ស៊ី​សាមុត នៅ​វត្ត​ចម្ប៉ា ស្ថិតនៅក្នុង​ឃុំ​ព្រែក​ឯង នៅពេលដែល ប៉ុល ពត បាន​ជម្លៀស​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ នៅ​ឆ្នាំ​១៩៧៥​។ ស៊ិន ស៊ី​សាមុត បាន​អង្គុយ​ដោយ​យក​កែងដៃ​របស់គាត់​ច្រ​ត​លើ​ជង្គង់ ហើយ​ដៃ​ទាំងពីរ​របស់គាត់​អង្អែល​ក្បាល​ឆក​របស់គាត់​នៅក្នុង​ផ្ទះ​ឈើ​មួយ ដោយមាន​យោធា​ខ្មែរក្រហម​វ័យក្មេង​ព័ទ្ធជុំវិញ​។

​យោធា​ខ្មែរក្រហម​វ័យក្មេង​ទាំងនោះ​បាន​ឲ្យ​អង្ករ និង​អាហារ​ទៅ ស៊ិន​ស៊ី​សាមុត ដោយ​ស្នើសុំ​ឲ្យ ស៊ិន ស៊ី​សាមុត ច្រៀង​ចម្រៀង​មួយ​បទ​។ បទ​ចម្រៀង​ដែល​ត្រូវបាន​ស្នើសុំ​នោះ​គឺ «​ម្លប់​ស្នេហ៍​ដើម​ស្រឡៅ​»​។​
​ខ្ញុំ​បានឮ ស៊ិន ស៊ី​សាមុត ឆ្លើយតប​ទៅនឹង​យោធា​ខ្មែរក្រហម​វ័យក្មេង​ទាំងនោះ​ដោយ​ការ​ញញឹម​ស្ងួត​ថា «​ការ​ច្រៀង​របស់ខ្ញុំ​មិនល្អ​ទៀត​ទេ​…»​។ នៅ​ពេលឮ​ពាក្យ​ទាំងនោះ ខ្ញុំ​មាន​អារម្មណ៍​សោកសង្រេង​យ៉ាងខ្លាំង​ចំពោះ ស៊ិន ស៊ី​សាមុត ហើយ​ទឹកភ្នែក​របស់ខ្ញុំ​ក៏បាន​ហូរ​ចេញមក​។ នៅពេល​ខ្ញុំ​រៀប​ចាកចេញ​បន្តដំណើរ​ទៅមុខទៀត​នោះ ស៊ិន សាមុត បាន​លួចខ្សឹប​ប្រាប់​ខ្ញុំ​ស្ងាត់ៗ​ថា «​ឈឿ​ន‌​! ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ចុះ ចំណែក​ខ្ញុំ​មិនទាន់​អាច​ត្រឡប់​ទៅវិញ​ភ្លាម​ទេ ព្រោះ​ប្រពន្ធ​របស់ខ្ញុំ​ទើប​សម្រាលកូន​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​»​។ ខ្ញុំ​បាន​និយាយ​ទៅកាន់ ស៊ិន ស៊ី​សាមុត វិញ​ថា «​សូម​ស៊ូទ្រាំ ហើយ​កុំ​អស់សង្ឃឹម​ឲ្យ​សោះ​។ ថ្ងៃ​ណាមួយ​យើង​នឹង​បាន​ទៅ​ច្រៀង​នៅ​ភ្នំពេញ​វិញ​មិនខានឡើយ​!»​។ ស៊ិន ស៊ី​សាមុត បាន​ឆ្លើយ​ទាំង​ឈឺចាប់​នៅ​ឃ្លា​ចុងក្រោយ​ថា «​មិនអាច​ទេ ឈឿន​! ខ្ញុំ​បាត់បង់​ក្តីសង្ឃឹម​របស់ខ្ញុំ​អស់ហើយ​។ យើង​ប្រហែលជា​មិនបាន​ជួប​មុខ​គ្នា​ម្តងទៀត​ទេ ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដថា​បាន​ច្រៀង​ចម្រៀង​របស់ ឈឿន ដែរ​!»​។​
​ដោយ​ចៃដន្យ មាន​យោធា​ខ្មែរក្រហម​វ័យក្មេង​ពីរ​បីនាក់​ទៀត​កំពុង​យួរ​វិទ្យុ​ដែល​កំពុង​ចាក់ផ្សាយ​បទ​ចម្រៀង «​ម្លប់​ស្នេហ៍​ដើម​ស្រឡៅ​» មក​ឲ្យ ស៊ិន ស៊ី​សាមុត ស្តាប់ រួច​សួរថា «​តើ​អ្នក​ច្រៀង​បទ​ចម្រៀង​នេះ​មែន​ទេ​?»​។ ស៊ិន ស៊ី​សាមុត បាន​ងក់ក្បាល​។ បទ​ចម្រៀង​នេះ​មាន​អត្ថន័យ​ដូចខាងក្រោម ៖
I. (​ស​) – ក្អែកខ្មៅ​បូល​យំ លើ​ភ្នំ​ផ្កាយព្រឹក
​សំឡូត​អូន​នឹក រលឹក​អូរ​ដា​
​ស្នឹង​ស្ដៅ​ត្រែង​ត្រាក ជី​សាក​ទ្រូង​ខ្លា​
​ប​ល្ល័​ង​ជលសា បុស្បា​ផ្កា​ព្រៃ ។​
II. (​ប​) – យើង​នាំគ្នា​រត់ កាត់​ភ្នំ​ដំបង​
​កំពង់ចម្លង​ក្រង​ម្កុដ​ស្នេហ៍​­​ថ្មី​
​ស្រឡៅ​ស្រ​ឡូ​ន ភ្នំ​កូនដំរី​
​សន្សើម​ជោគ​ដី ដៃ​អូន​ជា​ខ្នើយ ។
R. (​ស​) – ត្រកួន​ព្រលិត ចិត្ត​ដូច​តែ​គ្នា​
​ស្មោះ​នឹង​ស្នេហា ពុំដែល​កន្ដើយ​
(​ប​) – បង​នឹង​ពុះពារ លុះត្រា​ដល់ត្រើយ​
​អូន​កុំ​ព្រួយ​ឡើយ ណា៎​ស្រស់​ពិសី ។​
III. (​ប​) – ចង្រិត​ស្រែកច្រៀង ចម្រៀង​អភ័ព្វ​
​មន្ត​ស្នេហ៍​ព្រៃ​គុប ម្លប់​ដើម​ស្រឡៅ​
(​ស​) – អូន​លក់​បេះដូង ជូន​ទ្រូង​ប្រុស​ពៅ
​ពីថ្ងៃ​នេះ​ទៅ យើង​បាន​សុខ​អើយ ។

ទិដ្ឋភាព​ព្រ​ឈើ​និង​សត្វព្រៃ​(​រូបថត​សោម​ប៊ុនថន​)

​នៅក្នុង​របប​ខ្មែរក្រហម​សិល្បៈករ អ្នកចម្រៀង គឺជា​គោលដៅ​នៃ​ការ​តាម ដាន ចាប់ខ្លួន និង​ឃុំឃាំង​។ ខ្មែរក្រហម​បានចាត់ទុក​ថា សិល្បករ​បាន​បង្ក​ឲ្យ​សង្គម​ចលាចល ពាលា​អាវាសែ ទៅតាម​វប្បធម៌​បរទេស​ដែល​ប្រឆាំងនឹង​មាគ៌ា​បដិវត្តន៍​។ សិល្បករ​ជាច្រើន បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​របប​ខ្មែរក្រហម​។ មាន​សិល្បៈករ​តិចតួច​ប៉ុណ្ណោះ​ដែល​នៅរស់​ជីវិត​បន្ទាប់ពីរ​បប​ខ្មែរក្រហម​ដួលរលំ ហើយ​ក្នុងចំណោម​អ្នក​ទាំងនោះ​មួយចំនួន​បាន​ភៀសខ្លួន និង​បន្ត​រស់នៅ​បរទេស​រហូតមកដល់​សព្វ​។​

​ដើម​ស្រឡៅ​មិន​ត្រឹម​តែមាន​បង្ហាញ​ពី​សម្រស់​នៃ​ធម្មជាតិ សេចក្តី​សេ្ន​ហា ភាពសប្បាយ​រីករាយរ​បស់​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បាន​ផ្សាភ្ជាប់​ទៅនឹង​ប្រវត្តិសាស្ត្រ​នៃ​ភាព​ភ័យរន្ធត់​ខ្លោចផ្សារ និង​ការកាប់សម្លាប់​នៅក្នុង​របប​ខ្មែរក្រហម​៕ ល​