ដើររក​៧​វត្ត​មិនឃើញ​កូនចៅ​ឩ​ទ្ទិស​កុសល​ឱ្យ​ប្រេត​ដាក់​បណ្តាសា​មែនឬ​?

2014
ចែករម្លែក
  • 7
    Shares

ដោយៈ មេសា​/ភ្នំពេញៈ ជំនឿ​មួយ​លាយឡំ​ទៅដោយ​ទម្លាប់​ដ៏​ចាក់​ជ្រៅ​ទៅក្នុង​មនោគតិ​ខេ​មរ​ពុទ្ធសាសនិក ដែលថា នៅ​រដូវ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ (​តទៅ​សូម​ហៅ​ត្រឹម​ថា រដូវ​ដាក់​បិណ្ឌ ) ពួក​ប្រេត​ទាំងឡាយ​ត្រូវបាន​យមបាល​ដោះលែង​ពី​ឋាននរក​ឱ្យមករ​សាច់ញាតិ​នៅ​ឋានមនុស្ស ។ ពួក​ប្រេត​ទាំងនោះ ដែលមាន​សេចក្តីស្រេកឃ្លាន​ជា​អាល​ជ្ជី រង​ទុក្ខ​ជា​ពន់ពេក ក៏​រមែង​ដើរ​ស្វែងរក​កូនចៅ​នៅតាម​វត្ត​នានា​នៅក្បែរ​ស្រុកកំណើត​របស់ខ្លួន ។ បើ​ដើររក​គ្រប់​ប្រាំពីរ​វត្ត​ហើយ នៅតែ​មិនឃើញ​កូនចៅ ឬ សាច់ញាតិ​ធ្វើបុណ្យ​ឩ​ទ្ទិស​កុសល​ឱ្យ​ទេនោះ ពួក​ប្រេត​ទាំងនោះ​ក៏​ខឹង ដាក់​បណ្តាសា​ឱ្យ​កូនចៅ​វិនាស​ហិនហោចខ្លោចផ្សា ។ ល ។​

​ ​ជំនឿ​ខាងលើនេះ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​នាំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ទោះជា​អ្នកមាន អ្នកក្រ អ្នកមធ្យម អ្នក​មមាញឹក​ខ្លាំង​យ៉ាងណា ក៏​តែងតែ​ខំ​ឆ្លៀតពេល​យក​អាហារ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​វត្ត ។ អ្នកខ្លះ​បំភ្លេច​ស្ថានភាព​តោកយ៉ាក​ទុក្ខលំបាក​របស់ខ្លួន ឬ មើលរំលង​ក្រ​ទុរគតជន​ទាំងឡាយ ។​
​ ​ការយក​អាហារ​ទៅ​ប្រគេន​ព្រះសង្ឃ​មិនមែនជា​រឿង​អាក្រក់​ទេ ប៉ុន្តែ​ការដែល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដោយ​មិនបាន​យល់ដឹង​អំពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ គឺជា​រឿង​ដែល​ត្រូវតែ​គិតពិចារណា​ឡើងវិញ ។ ប្រការនេះ​ក៏​បានសេចក្តីថា ជំនឿ​ដូចដែល​ត្រូវបាន​គេ​និយាយ​តៗ​គ្នា​យ៉ាង​រាលដាល​ខាងលើនេះ ត្រូវតែ​ពិភាក្សា​ឱ្យបាន​ច្បាស់លាស់ ព្រោះ​មាន​ចំណុច​ជាច្រើន​ធ្វើឱ្យ​មនុស្ស​យល់ច្រឡំ​ហើយ​ជាហេតុ​ធ្វើឱ្យមាន​ការរិះគន់ និង មាក់ងាយ​ដល់​ព្រះពុទ្ធសាសនា និង អ្នក​កាន់សាសនា​មួយ​នេះ ។

​ ​កាលណា​និយាយ​ដល់​នរក​ប្រេត គឺ​គេ​កំពុងនិយាយ​នៅក្នុង​ក្របខណ្ឌ​ព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនា​បាន​ប្រដៅ​មនុស្ស​ថា​មាន​នរក មាន​ប្រេ​ពិតមែន ប៉ុន្តែ​បើ​នឹង​ថា​មាន​យមបាល​ដោះលែង​នៅ​រដូវ​បុណ្យ​ភ្ជុំ​នោះ គឺ​ពិតជា​មិន​ត្រឹមត្រូវ​សោះឡើយ ។


​ ​ដ្បិត​ព្រះពុទ្ធសាសនា​បាន​បង្រៀន​ថា សត្វ​ទាំងឡាយ​ដែល​ត្រូវបាន​ឃា​ឃាំង​ឱ្យនៅ​ក្នុង​ភាពជា​នរក ឬ ប្រេត នោះ គឺជា​អំណាច នៃ អំពើ​បាប ឬ បាបកម្ម​របស់​ពួកគេ​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ ពោលគឺ​ពុំមាន​យមបាល​ឯណា​ជា​អ្ន​ឃុំឃាំង​ដូចជា​ដាក់គុក​មនុស្ស​នោះឡើយ ។ និយាយ​ម្យ៉ាង​ទៀតថា ដ៏​រាប​ណា​ពួកគេ​រង​ទុក្ខ​មិនទាន់​អស់អំណាច​អំពើ​បាប​របស់​ពួកគេ​ទេនោះ ពួកគេ​នឹង​នៅតែ​ក្នុង​ភាពជា​នរក ជា​ប្រេត​នោះ​តទៅទៀត ពុំមាន​បុគ្គល​ណា​ម្នាក់​មានលទ្ធភាព​ដោះលែង​ពួកគេ​ឡើយ ព្រោះ​អ្នក​ដែល​ឃា​ឃាំង​ពួកគេ គឺ​អំណាច នៃ អំពើ​បាប​របស់​ពួកគេ ។​ ​ផ្ទុយទៅវិញ​នៅពេលណា​ពួកគេ​សោយទុក្ខ​អស់អំណាច នៃ អំពើ​បាប​របស់​ពួកគេ​ហើយ​នោះ ពួកគេ​ក៏​នឹង​រួច​ចាក​ពី​ភាពជា​នរក ឬ ជា​ប្រេត​នោះ​ដោយ​ឯកឯង ពោលគឺ​ពុំមាន​យមបាល ឬ បុគ្គល​ណា​ម្នាក់​ដោះលែង​ពួកគេ​ឡើយ ។​

​ ​មកដល់​ចំណុច​នេះ​យើង​អាច​ប្រាកដ​បាន​ហើយ​ថា ចំពោះ​ជំនឿ​ដែលថា “​នៅ​រដូវ​បុណ្យ​ភ្ជុំ​ពួក​ប្រេត​ទាំងឡាយ​ត្រូវបាន​យមបាល​ដោះលែង​ពី​ឋាននរក​ឱ្យមករ​សាច់ញាតិ​នៅ​ឋានមនុស្ស “ នោះ គឺជា​រឿង​មិន​ពិត​ទាល់តែសោះ ។​

​ ​បើ​ដូច្នេះ​ចំពោះ​ជំនឿ​ដែលថា ពួក​ប្រេត​ទាំងនោះ ដើរ​ស្វែងរក​កូនចៅ​នៅតាម​វត្ត​នានា គ្រប់ ៧ វត្ត​ហើយ នៅតែ​មិនឃើញ​កូនចៅ ឬ សាច់ញាតិ​ណា​ធ្វើបុណ្យ​ឩ​ទ្ទិស​កុសល​ឱ្យ​ទេនោះ ពួក​ប្រេត​ទាំងនោះ​ក៏​ខឹង ដាក់​បណ្តាសា នោះ តើ​ជា​រឿង​ពិត​ទៀត​ទេ ?

​ចម្លើយ​ដោយ​គ្មាន​ស្ទាក់ស្ទើរ គឺ “ ទេ ! “ ព្រោះថា​គ្មាន​ប្រេត​ឯណា​ត្រូវបាន​ដោះលែង​នៅក្នុង​អំឡុង​ដាក់​បិណ្ឌ នេះ​ទេ ដូច្នេះ​ក៏​គ្មាន​ប្រេត​ឯណា​ដើររក​តាម​វត្ត​ឡើយ បើ​ដូច្នេះ​ក៏​គ្មាន​ប្រេត​ឯណា​ដាក់​បណ្តាសា​ដែរ ។​

​ចំណែក​ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង ជា​ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង បាន​បដិសេធថា ” មិនអាច​ទេ ដែលថា ប្រេត​ដាក់​បណ្តាសា​កូនចៅ​ឱ្យ​វិនាស​ហិនហោច និង ជួប​គ្រោះកាច​ជាដើម​នោះ ! ឧបមា​ឳ​ពុក​ម្តាយ​មាន​បាបកម្ម ទោះ​កើតជា​ប្រេត​ទៅ​ជុះ ប៉ុន្តែ​ទឹកចិត្ត​ជា​ឳ​ពុក​ម្តាយ​ក្នុង​លោក​នេះ ទោះ​ខ្លួនឯង​លំបាក​តោកយ៉ាក​វេទនា​យ៉ាងណា ក៏​មិន​អាចដាក់​បណ្តាសា​ដល់​កូនចៅ​ដែរ ព្រោះ​ចិត្ត​ស្រឡាញ់​របស់​ឳ​ពុក​ម្តាយ​ចំពោះ​កូន គ្មានអ្វី​មក​បរិយាយ​បានឡើយ ” ។

ព្រះភិក្ខុ សឿ ហេង ព្រឹទ្ធបុរសរងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ និង ជាព្រះចៅអធិការវត្តធុតង្គចំការដូង ( រូបៈ មេសា)

​ព្រះមហា​សមណៈ​អង្គ​នេះ ពន្យល់​បន្ថែមថា តាមពិតទៅ​បុគ្គល​ដែល មិនបាន​ធ្វើបុណ្យ ( យក​ចង្ហាន់​ទៅ​ប្រ​គេ​ព្រះសង្ឃ​អំឡុងពេល​កាន់​បិ​ណ្ឌិ និង ភ្ជុំបិណ្ឌ​ជាដើម ) ឧទ្ទិស​កុសល​ជូន​លោកអ្នក​មានគុណ​ទេនោះ បុគ្គល​នោះ ត្រូវបាន​មនុស្ស​ក្នុងសង្គម​ចាត់ទុកថា​ជា​មនុស្ស​មិនដឹង​គុណ មិន​តបស្នង​គុណ​លោកអ្នក​មានគុណ ជា​មនុស្ស​រមិលគុណ មនុស្ស​ក្នុង​ស​ង្គ​មិនសូវ​គោរព​ឱ្យ​តម្លៃ​បុគ្គល​ប្រភេទ​នេះឡើយ មិន​ចម្រុងចម្រើន​បុគ្គល​ប្រភេទ​នេះឡើយ ចៅហ្វាយនាយ ក៏​មិន​ប្រណី​សន្តោស​ប្រោសប្រាណ​ដល់​បុគ្គល​ប្រភេទ​នេះដែរ ព្រោះ​គេ​គិតថា បុគ្គល​នេះ​រមិលគុណ សូម្បីតែ​ឳ​ពុក​ម្តាយ​របស់ខ្លួន ក៏​មិន​ដឹងគុណ​ផង ។ ពេល​បុគ្គល​ជំពូក​នេះ ជួប​ក្តី​ទុក្ខលំបាក ក៏​រង​ទុក្ខទោស គ្មាន​អ្នកណា​ជួយ​យកអាសារ អ្នកខ្លះ​បង្កក្តី​វិនាស​អន្តរាយ​ដល់​បុគ្គល​ជំពូក​នេះ​ទៀតផង គឺ​ទាំង​នោះឯង​ហើយ​ដែល​គេ​ហៅថា ត្រូវ​បណ្តាសា​ប្រេត ។​

​អ្វីដែល​មិនគួរ​មើលរំលង​នោះ​គឺថា បុណ្យ​ដាក់​បិណ្ឌ នេះ គឺជា​បុណ្យប្រពៃណី​របស់​ខេ​មរ​ពុទ្ធសាសនិក​សុទ្ធសាធ ពោលគឺ​ពុំមែន​ជា​បុណ្យ​ពុទ្ធ​ប្បញ្ញត្តិ ឬ ថា ព្រះពុទ្ធ​មិនបាន​បញ្ញត្តិ ឬ កំណត់​ថាឱ្យ​ពុទ្ធ​បិ​រ​ស័​ទ​ត្រូវតែ​ប្រារព្ធ​បុណ្យ​ដាក់​បិណ្ឌ នេះ​ទេ ឬ ថា កាល​ព្រះពុទ្ធ​គង់​ព្រះជន្ម​នោះ មិនទាន់​មានបុណ្យ​នេះ​នៅឡើយ គឺ​ខ្មែរ​យើង​បង្កើត​ដោយ​ខ្លួនឯង ។ ដោយហេតុនេះ ទើប​បុណ្យ​នេះ មិនមាន​ប្រទេស​កាន់​ពុទ្ធសាសនា​ថេរវាទ​ណា​ធ្វើ​ឡើយ គឺមាន​តែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ។​

​នៅក្នុង​ចិត្ត​របស់​ពួក​សង្គម​វិទូ បានឱ្យ​តម្លៃ​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នេះ​យ៉ាង​ខ្លាំងណាស់​ថា​ជា “ សិល្បៈ​ដ៏​ល្អ​ឯក នៃ ខេ​មរ​ពុទ្ធសាសនិក “ ព្រោះ​បុណ្យ​នេះ​បង្កប់​ទៅដោយ​ទស្សនវិជ្ជា​យ៉ាង​ជ្រាលជ្រៅ ហើយ​គ្មាន​ប្រទេស​ណា​មាន ។ សូម​លើក​ការ​អត្ថន័យ នៃ ឃ្លា​ដែលថា “ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជា សិល្បៈ​ដ៏​ល្អ​ឯក នៃ ខេ​មរ​ពុទ្ធសាសនិក “ នេះ​ទៅ​អត្ថាធិប្បាយ​នៅក្នុង​ឱកាស​ផ្សេងទៀត ដោយពេល​នេះ​យើង​ត្រឡប់​ទៅ​បញ្ចប់​អំពី​បញ្ហា​នរក ឬ ប្រេត ដូចដែល​បានលើកឡើង​ខាងដើម​សិន ។​

​បើ​យោងតាម តិ​រោ​កុដិ​សូត្រ ជាដើម​នោះ មាន​ប្រេត​ជាច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​ក្នុងឋាន​មនុស្ស​លាយឡំ​ជាមួយ​មនុស្ស ហើយ​តែងតែ​ស្វែងរក​អាហារ​យ៉ាង​វេទនា​គ្រប់​ច្រកល្ហក ។ ប៉ុន្តែ​មនុស្ស​មើលមិនឃើញ ព្រោះ​អ្នក​ទាំ​នោះ​ជា​អមនុស្ស មិនអាច​យក​មំស​ចក្ខុ គឺ​ភ្នែក​ដោយសា​ច់នេះ​ទៅ​មើលឃើញ​ឡើយ មានតែ​ធម្មចក្ខុ​ទើប​អាច​មើលឃើញ ។​

​ជាថ្មី​ម្តង​ទៀតថា ពុំមាន​ប្រេត​ឯណា​ត្រូវបាន​ដោះលែង​នៅក្នុង​រដូវ​បុណ្យ​ដាក់​បិណ្ឌ​នេះ​ទេ ប៉ុន្តែ​បើតាម​ការបង្រៀន​របស់​ព្រះពុទ្ធសាសនា​ដដែល ក៏​ពិត​ជាមាន​ប្រេត​បាន​រួច​ចាក​ពី​ភាពជា​ប្រេត ឬ បេ​ត​វិស័យ នៅក្នុង​រដូវ​កាន់បិណ្ឌ​នេះដែរ ។​

​សូមជ្រាប​ដោយ​ប្រាកដថា ជា​ចំណែក​ដ៏​តូច​មួយ នៃ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នេះ គឺ​ដើម្បី​ផ្គត់ផ្គង់​បច្ច័យ ៤ ជាពិសេស​បិណ្ឌបាតបច្ច័យ គឺ​ចង្ហាន់​ដល់​ព្រះសង្ឃ ព្រោះថា (​ជាទូទៅ​) រយៈពេល ៣ ខែ នៃ ពេល​ចូល​វស្សា​នេះ គឺជា​អំឡុងពេល​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើនជាងគេ​រយៈពេល​ណាៗ​ទាំងអស់ នៃ ឆ្នាំ នីមួយៗ ( នេះ​ជា​មូលហេតុ​ដ៏​ចម្បង​ដែល​ព្រះពុទ្ធ​បញ្ញត្តិ​ឱ្យ​ភិក្ខុ​ចូល​វស្សា ) ។

​ហើយ​ក្នុង​រយៈពេល ៣ ខែ​នេះ​ទៀតសោត រយៈពេល​១៥​ថ្ងៃ ( ដែលជា​រដូវ​បុណ្យ​ភ្ជុំ ) ត្រូវបាន​បុព្វបុរស​ខ្មែរ​កត់សម្គាល់​ឃើញថា ជា​រយៈ​ពេលដែល​ភ្លៀង​ធ្លាក់​ជោគជាំ​ជាងគេ​បំផុត ដែលមាន​ថ្ងៃ​ខ្លះ​ភ្លៀង​ទាំងយប់​ទាំង​ថ្ងៃ រហូតដល់​ព្រះសង្ឃ​ដាច់​ចង្ហាន់​ដោយសារតែ​មិនអាច​និមន្ត​ទៅ​បិណ្ឌបាត​កើត ។

​មើលឃើញ​ពី​ក្តី​លំបាក​វេទនា​នេះហើយ ទើប​បុព្វបុរស​ខ្មែរ​ដាក់​វេន​គ្នា​ធ្វើ​ច​ង្ហា​ប្រគេន​ព្រះសង្ឃ ទម្រាំ​ដល់ពេល​លែង​សូវ​មាន​ភ្លៀង ដែល​ព្រះសង្ឃ​អាច​និមន្ត​បិណ្ឌបាត​កើត​វិញ ។ ពួក​អ្នកសិក្សា​បាន​យល់​ស្របគ្នា​ថា ប្រការ​នេះឯង​បាន​វិវិដ្ដ​ទៅជា​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ។ ទោះយ៉ាងណា​ចូរ​រំឭក​ឡើងវិញ​ថា នេះ​គ្រាន់តែ​ជា​មូលហេតុ​ដ៏​តូច​មួយ​ប៉ុណ្ណោះ ព្រោះ​នៅមាន​អត្ថន័យ​ដ៏​ទូលំទូលាយ​បង្កប់​នៅក្នុង​បុណ្យ​នេះ​ទៀត ។ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ មាន​រយៈពេល ១៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ១ រោច ដល់​ថ្ងៃ ១៥ រោច ខែ ភ​ត្រ​បទ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ កញ្ញា ដល់​ថ្ងៃទី ៩ ខែ តុលា ។​

​ព្រះពុទ្ធ​បាន​បង្រៀន​ថា មាន​ប្រេត​ជំពូក​ខ្លះ​អាច​រួច​ចាក​ពី​ភាពជា​ប្រេត ឬ បេ​ត​វិស័យ របស់​ពួកគេ ( ហើយ​ទៅ​កើត​នៅក្នុង​កំណើត​ប្រសើរ​ជាង​នេះ ) តាមរយៈ​បុណ្យ​កុសល ដែល​សាច់ញាតិ​ឧទ្ទិស​ឱ្យ​អំពី​លោក​នេះ ។​
​ការផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ ត្រូវបាន​ចាត់​ចូល​ជា​អំពើ​ល្អ ឬ ជា​កុសលកម្ម​មួយ ក្នុងចំណោម​កុសល​ដ៏​ច្រើន​អនេក ។ នៅក្នុង​រយៈពេល​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នេះ ប្រជា​ពុទ្ធសាសនិក​ភាគច្រើន​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ។ ប្រសិនបើ​ពួកគេ​ធ្វើ​ចំពោះ​ព្រះសង្ឃ​ដែលមាន​សីល​ល្អ​បរិសុទ្ធ (​ឬ ល្អ​ច្រើន ) ហើយ​បាន​ឧទ្ទិស​កុសល​ចំពោះ​បុគ្គល​ណា​ម្នាក់ (​ឬ ច្រើន​នាក់​) ហើយ​ប្រើ​សិន​បើ​បុគ្គល​នោះ កើតជា​ប្រេត (​ប៉ុន្តែ​ជា​ប្រភេទ​ស្រាល ) នោះ ប្រេត​ទាំងនោះ​ក៏​រមែង​រួច​ចាក​ពី​ភាពជា​ប្រេត របស់​ពួកគេ ( ហើយ​ទៅ​កើត​នៅក្នុង​កំណើត​ដែល​ប្រសើរ​ជាង​នេះ​តាម​ការគួរ​ដល់ក​ម្ម ) ។

​សរុបសេចក្តី

​ ​ការលើកឡើង​ទាំងឡាយ​មកនេះ​គឺ​ចង់​បំភ្លឺថា បើតាម​ទ្រិ​ស្តី​ព្រះពុទ្ធ​ស​សនា នៅ​រដូវ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ពុំមាន​ពួក​ប្រេត​ណាមួយ​ត្រូវបាន​យមបាល​ដោះលែង​ពី​ឋាននរក​ឱ្យ​មករក​សាច់ញាតិ​នៅ​ឋានមនុស្ស​ទេ ហើយក៏​គ្មាន​ពួក​ប្រេត​ទាំងនោះ ដើរ​ស្វែងរក​កូនចៅ​នៅតាម​វត្ត​នានា គ្រប់ ៧ វត្ត​ហើយ នៅតែ​មិនឃើញ​កូនចៅ ឬ សាច់ញាតិ​ណា​ធ្វើបុណ្យ​ឩ​ទ្ទិស​កុសល​ឱ្យ​ទេនោះ ពួក​ប្រេត​ទាំងនោះ​ក៏​ខឹង ដាក់​បណ្តាសា​ឱ្យ​កូនចៅ​វិនាស​ហិនហោចខ្លោចផ្សា​ជាដើម​នោះដែរ ។

​ ​ប៉ុន្តែ​ក៏​ទទួលស្គាល់ថា មាន​ប្រេត​ខ្លះ អាច​រួច​ចាក​ពី​ភាពជា​ប្រេត​របស់​ពួកគេ​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំ​ដែរ ដោយសារតែ​សាច់ញាតិ​របស់​ពួកគេ​ធ្វើ​កុសល​នាឱកាស​នេះ ហើយ​ឧទ្ទិស​កុសល​ទៅឱ្យ ។​
​ប៉ុន្តែ​អ្វីដែល​មិនត្រូវ​យល់ច្រឡំ​នោះ គឺថា មិនមែន​ទាល់តែ​យក​ចង្ហាន់ ឬ ទេយ្យទាន​នានា​ទៅ​ប្រ​គេ​ព្រះសង្ឃ ទើប​ជា​អំពើ​បុណ្យ ដែល​អាច​នាំឱ្យ​ប្រេត​ខ្លះ​បាន​រួច​ចាក​ភាពជា​ប្រេត​ឡើយ គឺថា​នៅមាន​ទង្វើ​ជាច្រើន​អនេក​ទៀត​ក៏​ទុក​ថា​ជា​អំពើ​បុណ្យ​ផងដែរ ។ ចំណុច​នេះ​ចង់​និយាយថា ក្នុងនាម​ជា​ពុទ្ធសាសនិក ត្រូវតែ​ស្គាល់​ថា មិន​ត្រូវយក​ចង្ហាន់​ទៅ​ប្រគេន​បំពោក​ដល់​ព្រះសង្ឃ​នៅឯ​វត្ត ដោយ​ការមើលរំលង​ជន​ផ្សេងទៀត​ដែល​កំពុង​រង​ក្តី​ស្រេកឃ្លាន​សោះឡើយ ៕Kh

អនាម័យ​សណ្តាប់ធ្នាប់ នៃ ការ​រាប់បាត្រ​ក្នុងពេល​កាន់បិណ្ឌ ភ្ជុំបិណ្ឌ គប្បី​គិតគូរ​ឱ្យ​សមជា​ពុទ្ធសាសនិក ( រូបឯកសារ)


​សុវត្ថិភាព នៃ ការធ្វើដំណើរ ក៏​ជា​កត្តា​ដែល​ត្រូវតែ​ប្រុង​ប្រយ័ត​គ្រប់​វិនាទី (​រូបៈ ឯកសារ​ )