ដើរ​ប្រមូល​ឆ្មា​អនាថា​រាប់រយ​ក្បាល​មក​ចិញ្ចឹម​ដោយ​សង្ឃឹម​មាន​អ្នក​សុំ​យកទៅ​ចិញ្ចឹម​បន្ត​

217
ចែករម្លែក

នៅ​ជាយក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ស្ត្រី​ម្នាក់​ម្នាក់​ឈ្មោះ ឌី​តា អា​ហ្គូ​ស្តា (Dita Agusta) រស់នៅ​ជាមួយ​ឆ្មា​រហូតដល់​ទៅជា​ង ២៥០ ក្បាល​ដែល​គាត់​ចាប់ពី​តាមផ្លូវ​នានា ដោយ​សង្ឃឹមថា នៅ​ថ្ងៃ​ណាមួយ​នឹងមាន​អ្នក​ចិត្តបុណ្យ​សុំ​យក​ពួកវា​ទៅ​ចិញ្ចឹម​បន្ត​។

​ស្ត្រី​ចិត្តធម៌​វ័យ ៤៥ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា “​ខ្ញុំ​ពិតជា​ពិបាក​ភ្នែក​ណាស់ ពេល​ឃើញ​ឆ្មា​អនាថា​រស់នៅ​តាម​ដងផ្លូវ​គ្មាន​ទីពឹង​”​។

​អ្នកស្រី​និយាយទៀតថា គាត់​មានចិត្ត​អាណិត​ស្រលាញ់ និង​ចង់​សង្គ្រោះ​ឆ្មា​គ្មាន​ទីពឹង​តាំងពី​គាត់ នៅ​ក្មេង​ម្ល៉េះ​។ ហើយ​នៅពេល​គាត់ និង​ប្ដី​របស់គាត់ មហាម៉ាត់ លុត​ស៊ី (Mohamad Lutfi) ដែលជា​កសិករ​ចិញ្ចឹម​ត្រី​ផ្លាស់​ទីលំនៅ​ចេញពី​ទីក្រុង​បេ​កាស៊ី (Bekasi) ក្នុង​ខេត្ត​ជ្វា​ខាងលិច (West Java) ទៅ​រស់នៅ​ក្នុងផ្ទះ​ធំ​ជាង​មុន​ក្នុង​ទីក្រុង​ប៉ា​រុង (Parung) ខេត្ត​ដដែល ជា​ពេល​ដ៏ ស័ក្តិសម​ដែល​គាត់​អាចជួយ​សង្គ្រោះ​ឆ្មា​អនាថា​។

​បច្ចុប្បន្ន ប្ដី​ប្រពន្ធ​ចិត្តធម៌​ទាំងពីរ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច ១ លាន​រូពី​ឥណ្ឌូនេស៊ី (​ប្រហែល ៧២ ដុល្លារ​អាម៉េរិក​) ក្នុង​មួយថ្ងៃ​ទៅលើ​ចំណី ថ្នាំពេទ្យ និង​ចំណាយ​ផ្សេងៗ​សម្រាប់​ឆ្មា​ទាំង​ជាង ២៥០ ក្បាល​នេះ​។​

​អ្នកស្រី​គូសបញ្ជាក់ថា គាត់​មិន​យក​ឆ្មា​ដែលមាន​សុខភាព​ល្អ​មក​ចិញ្ចឹម​ទេ ពោលគឺ​គាត់​យកតែ ឆ្មា​ណា​ដែលមាន​បញ្ហា​សុខភាព​ប៉ុណ្ណោះ ព្រោះ​លទ្ធភាព​ចំណាយ​របស់គាត់​មាន​កម្រិត​។​

​ស្ត្រី​រូបនេះ​បាន​បន្តថា ឆ្មា​ទាំងនេះ​សុទ្ធតែ​ទទួលបាន​ការបង្ហាត់បង្រៀន​ដើម្បីឱ្យ​ប្រាកដ ថាពួកវា​មិន​បង្ក​ហានិភ័យ​សុខភាព​ដល់​សហគមន៍​នៅ​ជុំវិញ​៕ ប្រែ​សម្រួលៈ​ខុម​