ដើរ​ស្វែងរក​ពង្រីក​ទីលាន​អោយចំ​ណី​ដល់​សត្វ​ក្រៀល​

989
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/ភ្នំពេញ​- ​ស្រុក​បូរី​ជលសារ​និង​ស្រុក​កោះអណ្តែត​ខេត្តតាកែវ ក៏​ជា​វាល​បឹង​ទំនាប​ដ៏​ធំ​ល្វឹងល្វើយ​មួយ ដែល​តែងតែមាន​ហ្វូង​សត្វ​ក្រៀល​ចុះ​សំចត​មក​ស្នាក់ នៅ​រាប់​ខែ ដើម្បី​រក​ចំណី​ទ្រទ្រង់​ជីវិត​ប្រចាំថ្ងៃ​របស់​។ ​ឥឡូវ​វាលទំនាប​បឹង​នេះ​កាន់តែ​រួម​តូច ដោយសារ​មនុស្ស​តាម​ទន្ទ្រាន​យក​ជា​កម្ម​សិទ្ធ​ផង​ និង​ទឹកនឹង​កាន់តែ​តិច​ដោយសារ​ការប្រែប្រួល​អាកាសធាតុ នេះ​ជា​ប្រភព​នៃ​ការបាត់បង់​ត្រី​និង​ហ្វូង​សត្វ​ក្រៀល​កាន់តែ​ថយ​ការ​ស្នាក់នៅ​និង​បន្ថយ​ការរស់នៅ​របស់​ពួកវា​។​

លោក​ប៊ូ វរ​សក្ស​ នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​និយាយថា​ គាត់​កំពុង​ចុះទៅ​ខេត្តតាកែវ ដើម្បី​រិ​:​រក​វិធី​គ្រប់គ្រង​ទឹក​រក្សាទុក​ទឹក​ឲ្យ​បាន​យូរ ធានា​បង្កើន​ចំណី​ដល់​សត្វ​ក្រៀល​អោយបាន​ច្រើន និង​អោយ​វា​ស្នាក់​នៅបាន​យូរថ្ងៃ​នៅទីនេះ​។​ វា​មាន​ទម្លាប់​មក​នៅទីនេះ​សំរាប់​រក​ចំណី​នា​ដើមខែ​ធ្នូ​។​ ហើយ​បើ​អត់​ចំណី​វា​នឹង​វិល​ទៅរក​កន្លែង​ផ្សេង​នៅ​ពាក់កណ្តាល​ខែកុម្ភ​:​។ ​បើ​ទីនេះ​សំបូរ​ចំណី​ច្រើន​វា​អាច​រស់នៅ​ទីនេះ​រហូតដល់​ខែមេសា​។​ ទើប​វា​នាំគ្នា​ហើរ​ទៅ​ស្រុកកំណើត​នៅឯ​ខេត្តព្រះវិហារ​​និង​ខេត្តរតនគិរី​ដើម្បី​ពង កូន​បន្ត​ពូជ​សំរាប់​ពួកវា​។​

លោក​ប្រធាន​បាន​ប្រាប់ថា​ តំបន់​តាកែវ​នេះ​គេ​តែង​ឃើញ​មាន​សត្វ​ក្រៀល​ប្រមាណ​១០០ក្បាល​ប៉ុណ្ណោះ​នា​ឆ្នាំ២០១៧​និង​ឆ្នាំ២០១៨​នេះ​។ ​កាលពី៤ទៅ​៥​ឆ្នាំមុន​តំបន់​ផ្តល់​ចំណី​នៅទីនេះ​មាន​សត្វ​ក្រៀល​ជាង​២០០​ក្បាល​។ ​នេះ​ដោយសារ​ទឹក​បឹង​ទំនាប​នៅ​ទីនេះ​កាន់តែ​តិច​ទៅៗ ​តាមរយៈ​ការ​បូម​បាច​ដាក់​ស្រែប្រាំង​ផង​និង​បូម​ចាប់​ត្រី​ផង​។​ដូច្នេះ​ធ្វើអោយ​ដែន​ជំរក​ចំណី​សត្វ​ក្រៀល​ចេះតែ​ហិន​ហោចទៅៗ​។​

លោក​ប្រធាន​បាន​បញ្ជាក់ថា​ ក្រៀល​ទូទាំងប្រទេស​មាន​ប្រមាណ​ជា៩០០០​ក្បាល​ទេ​។​ជា​ប្រភេទ​បក្សី​ចល័ត​ស្វែងរក​ចំណី​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​នៅក្នុង​ប្រទេស​។ ​យើង​ការពារ​និង​អភិរក្ស​វា​ក្នុង​គោលដៅ​ធំ​ គឺ​បម្រើឲ្យទេសចរណ៍​និង​រក្សា​វាឲ្យ​កើន​ច្រើន​ថែមទៀត​ ព្រោះ​ជាស​ត្វ​ស្ថិតក្នុង​បញ្ជី​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ ​ថៃ​និង​ឡាវ​គ្មាន​សត្វ​នេះ​ទេ​ មាន​ច្រើន​នៅតែ​ឥណ្ឌា​និង​អូស្ត្រាលី​តែប៉ុណ្ណោះ​។ ​ដូច្នេះ​តំបន់ដីសើម​មាន​សារសំខាន់​ណាស់​សំរាប់​ការរស់នៅ​របស់​សត្វ​ក្រៀល៕B/