ដេញថ្លៃ​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អរ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤,​ដែលមាន​ទឹកប្រាក់​៣០​លាន​ដុល្លារ​

851
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បាន​ដេញថ្លៃ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជា​ជំហាន​ទី​៤ ដែលមាន​ទឹកប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក នៅ​ទីក្រុង​តូ​ក្យូ​ដោយមាន​តំណាង​ភាគី​កម្ពុជា​ចូលរួម ។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បានរៀបចំ​ពិធី​ដេញថ្លៃ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នៅ​ទីក្រុង​តូ​ក្យូ ។​
​មន្ត្រី​បន្តថា​៖​ពិធី​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ទៅ​ចូលរួម​ដល់ទី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។​
​មន្ត្រី​ដ​ដែរ​បាន​បញ្ជាក់ថា គម្រោង​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣០​លាន​ដុល្លា​អាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដោយ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ ។​គម្រោង​ដែល​ត្រូវអនុវត្ត រួមមាន ៖ ១-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ ។ ២-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង ៤.៤​គីឡូម៉ែត្រ​។​៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។ ៤-​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់​និង​ទី​៥-​ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​ផងដែរ​៕