ដេវីដ ល្វី​សៈ ក្រុម​ឆេ​ល​ស៊ី​នៅតែ​ជឿជាក់​លើ​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី​

358
ចែករម្លែក

​ខ្សែការពារ ដេវីដ ល្វី​ស (David Luiz) របស់​ក្លិប​ឆេ​ល​ស៊ី​បាន​បញ្ជាក់ថា​ខ្លួន និង​មិត្ត​រួម​ក្រុម ជឿជាក់​លើ​ទស្សនវិស័យ​របស់​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ហើយ​ថា គ្រប់គ្នា​នឹង​នៅ​ជាមួយ​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​។

​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ធ្វើ​មិនសូវ​បានល្អ​ប៉ុន្មាន​ទេ​ក្នុង​ការប្រកួត​ចុងក្រោយ ហើយ​ប្រកួត​ចាញ់​ក្រុម អា​សេណ​ល​(Arsenal) ២-០ កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
​បន្ទាប់ពី​ជ័យជម្នះ​នេះ ក្រុម Arsenal បាន​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី​៥​និង​កាត់បន្ថយ​គម្លាត ពី​ក្រុម​ឆេ​ល​ស៊ី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤​មក​ត្រឹម​៣​ពិន្ទុ​វិញ ចំណែក​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៦​ក៏មាន​គម្លាត​៣​ពិន្ទុ​ផងដែរ​។​
​ ​
អំឡុង​សន្និសីទកាសែត​ក្រោយ​ការប្រកួត លោក សារី បាន​រិះគន់​កីឡាករ​របស់លោក ទាំង​កំហឹង​ទាក់ទិន​ផ្នែក​ស្មារតី ដោយ​ចោទប្រកាន់​ពួកគេ​ថា ពិបាក​នឹង​ផ្តល់​កម្លាំងចិត្ត​ណាស់​។​
​ ​
ល្វី​ស បាន​និយាយថា អ្នក​ចាត់​ការមិនសប្បាយចិត្ត បន្ទាប់ពី​ការប្រកួត​នេះ ប៉ុន្តែ​គ្រប់គ្នា​ក៏​មិន សប្បាយចិត្ត​ដែរ​។ វា​គឺជា​រឿង​ធម្មតា​។​
​ ​
ល្វី​សបាន​បន្តថា “​វា​គឺជា​ទម្រង់​លេង​របស់​យើង​។ វា​គឺជា​ទស្សនវិស័យ​របស់​យើង​។ យើង​អាច​ធ្វើបាន ដូចជា​ក្រុម​ល្អៗ​ផ្សេងទៀត​ក្នុង​ពិភពលោក ប៉ុន្តែ​យើង​ត្រូវ​ពង្រឹងសមត្ថភាព នៅ​តំបន់​២៥​ម៉ែត្រ​”​។​
​ ​
ល្វី​ស បាន​បន្តថា “​អ្វីដែល​លោក សារី បានធ្វើ​មកដល់ពេលនេះ​គឺ​មិនគួរ​ឲ្យ​ជឿ និង​អស្ចារ្យ មែនទែន ពីព្រោះ​តាម​ធម្មតា ដើម្បី​ឲ្យ​ក្រុម​ទាំងមូល​យល់​ពី​ទស្សន​វិស័យនេះ ត្រូវការ​ពេលវេលា មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ​ទៀត​ដូចជា​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្រុម លី​វឺ​ភូ​ល​(Liverpool) ដែល​លេង​បាន ល្អ​នៅពេលនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដេវីដ ល្វី​ស (David Luiz)
#