ដេវីត បេ​ក​ឃេ​ម ជាប់​បម្រាម​បើកបរ​៦​ខែ​ពីបទ​ប្រើប្រាស់​ទូរស័ព្ទ​

790
ចែករម្លែក

​ដេវីត បេ​ក​ឃេ​ម​ត្រូវបាន​ហាមឃាត់​មិនឱ្យ​បើកបរ​រយៈពេល ៦ ខែ​បន្ទាប់ពី​សមាជិក​សាធារណៈ​បាន​ថតរូប​គាត់​កំពុង​ប្រើ​ទូរស័ព្ទដៃ​ខណៈ​កំពុង​បើកបរ​រថយន្ត Bentley នៅ​តំបន់​វេស​អេ​ន​នៃ​ទីក្រុង​ឡុង​ដ៍​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដេលី​មែ​ល​ចុះផ្សាយ​កាលពី​ថ្ងៃទី​៩​ឧសភា​។​

​តារាបាល់ទាត់​អាយុ ៤៤ ឆ្នាំ​រូបនេះ​មុននេះ​បាន​សារភាព​កំហុស​ចំពោះ​ការប្រើ​ទូរស័ព្ទ ខណៈ​កំពុង​បើកបរ​នៅ​វិថី​ហ្គ្រេ​ត​ផត​លែ​ន បន្ទាប់ពី​ត្រូវបាន​ប្រទះឃើញ​ដោយ​សមាជិក​សាធារណៈ​កាលពី​ថ្ងៃទី ២១ វិច្ឆិកា​។​

​ពីដំបូង ករណី​របស់គាត់​ត្រូវបាន​ចាត់ការ​នៅ​តុលាការ​ប្រូ​ម​លី​ម៉ា​ជី​ស្ត្រេ​ត កាលពី​ខែ​មុន​តាមរយៈ​ដំណើរការ​រដ្ឋបាល​មួយ ដែល​គេ​ស្គាល់​ថា​នីតិវិធី​យុត្តិធម៌​តែមួយ ដែល​មិន​បើកចំហ​ចំពោះ​សារព័ត៌មាន​ឬ​សាធារណជន​ទេ​។​

​បេ​ក​ឃេ​ម ដែល​បាន​បង្ហាញមុខ​នៅក្នុង​តុលាការ​ដដែល​នេះ​ក្នុង​ឈុត​ពណ៌​ប្រផេះ​ចាស់​និង​ក្រវ៉ា​ត់ក ត្រូវបាន​ប្រាប់​ដោយ​ចៅក្រម​តុលាការ​ស្រុក លោកស្រី ខា​ធឺ​រី​ន មួ​រ៉េ ថា​គាត់​នឹងត្រូវ​ដកសិទ្ធិ​បើកបរ​៦​ខែ ខណៈ​លោកស្រី​បានផ្តល់​ពិន្ទុ​ពិន័យ​បន្ថែមទៀត​ចំនួន ៦ ដល់​បេ​ក​ឃេ​ម​ទៅលើ​បទល្មើស​បើក​ហួស​ល្បឿន​កាលពីមុន​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

បេ​ក​ឃេ​ម​ជាប់​បម្រាម​បើកបរ​៦​ខែ​ដោយសារ​ចុច​ទូរស័ព្ទ