ដេ​ន​នី​ស រ៉ូ​ដ​មែន ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​សម្រាប់​កិច្ចប្រជុំ​កំពូល​ត្រាំ​-​គីម​

1022
ចែករម្លែក

​អតីត​កីឡាករ​បាល់បោះ​អាមេរិក ដេ​ន​នី​ស រ៉ូ​ដ​មែន បាន​និយាយថា គាត់​នឹង​ហោះ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ដើម្បី​ជួយ​គាំទ្រ​មិត្តភក្តិ​របស់គាត់ ដូ​ណា​ល់ ត្រាំ និង គីម ជុង​អ៊ុន នៅក្នុង​ជំនួប​កំពូល​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ ទី​១២ មិថុនា​។​

​ធ្វី​ត​របស់គាត់​បានធ្វើ​ឡើង​បន្ទាប់ពី​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​នូវ​តួនាទី​ណាមួយ​សម្រាប់​កីឡាករ​ចូលនិវត្តន៍​រូបនេះ​នៅក្នុង​កិច្ចពិភាក្សា​ដែល​គេ​ទន្ទឹងរង់ចាំ​បំផុត​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ដែល​លោក​រ៉ូ​ដ​មែន​បាន​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជាមួយ​។​

​លោក​រ៉ូ​ដ​មែន​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​៥​ដង​ចាប់តាំងពី​លោក​គីម​បាន​ឡើងកាន់​អំណាច ហើយ​ធ្លាប់បាន​ហៅ​គាត់​ថា​ជា “​មិត្ត​អស់​មួយជីវិត​”​។​

​អតីត​ខ្សែប្រយុទ្ធ​ក្រុម Chicago Bulls បាន​សរសេរ​លើ​ធ្វី​ត​ធឺ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា “​សូម​អរគុណ​ដល់​អ្នក​ឧបត្ថម្ភ​ដ៏​ស្មោះត្រង់​របស់ខ្ញុំ​ពី @pcoincoin និង​ក្រុម​របស់ខ្ញុំ @ Prince_Mrketing ខ្ញុំ​នឹង​ហោះ​ទៅ​ប្រទេស​សិង្ហ​បុរី​ដើម្បី​ចូលរួម​ក្នុងការ​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​។ ខ្ញុំ​នឹង​ផ្តល់នូវ​រាល់​ការគាំទ្រ​ចាំបាច់​ដល់​មិត្តភក្តិ​របស់ខ្ញុំ ដូ​ណា​ល់ ត្រាំ និង សម​មិត្ត គីម ជុង​អ៊ុន​”​។​

​ក្រុមហ៊ុន​រូបិយវត្ថុ​អេ​ឡិច​ត្រូ​និ​ច PotCoin ក៏បាន​ឧបត្ថម្ភ​ដល់​រ៉ូ​ដ​មែន ទៅ​ប្រទេស​កូរ៉េខាងជើង កាលពី​ឆ្នាំ ២០១៧ ផងដែរ​។​

​សារ​នោះ​រួមបញ្ចូល​រូបថត​នៃ​លោក​រ៉ូ​ដ​មែន​ឈរ​នៅ​ចន្លោះ គីម និង ត្រាំ លើក​បង្ហាញ​មេដៃ​ពួកគេ​។ ទង់ជាតិ​អាមេរិក​និង​កូរ៉េខាងជើង​លេចឡើង​នៅ​ផ្ទៃ​ខាងក្រោយ​ហើយ​អ្នក​ទាំង​៣​ឈរ​នៅ​ពីលើ​ពាក្យ “UNITE” (​រួបរួមគ្នា​) ជា​អក្សរ​ធំ​៕ ដោយ៖ កញ្ញាដាលីស

 

រ៉ូ​ដ​មែន​នឹង​ទៅ​សិង្ហ​បុរី​គាំទ្រ​មិត្តភក្តិ​ទាំង​២ ត្រាំ និង គីម