ដេ​ន​នី​ស រ៉ូ​ដ​មែន មកដល់​សិង្ហ​បុរី នៅមុន​កិច្ចប្រជុំ​កំពូល​ត្រាំ​-​គីម

955
ចែករម្លែក

​អតីត​តារា​ឆ្នើម​របស់​ក្របខ័ណ្ឌ​បាល់បោះ NBA លោក ដេ​ន​នី​ស រ៉ូ​ដ​មែន បាន​មកដល់​សិង្ហ​បុរី​កាលពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ចន្ទ​ទី​១១​មិថុនា​មុនពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជួបប្រជុំ​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​លើកដំបូង​។​

​លោក​រ៉ូ​ដ​មែន​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​អាកាស​យានដ្ឋាន​ចាង​ជី​ថា លោក​បានមក​ប្រទេស​សិង្ហ​បុរី​ដើម្បី “​មើលថា​តើ​កំពុងមាន​អ្វី​កើតឡើង​” ហើយ​ថា​លោក​សង្ឃឹមថា “​អ្វីៗ​នឹង​ក្លាយទៅជា​រឿង​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅលើ​ពិភពលោក​”​។​

​លោក​ត្រាំ​និង​លោក​គីម​នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​អង្គារ​ទី​១២​មិថុនា​នេះ​នៅក្នុង​អ្វីដែល​សហរដ្ឋអាមេរិក​សង្ឃឹមថានឹង​ចាប់ផ្តើម​ការចរចា​ដើម្បី​លុបបំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​យ៉ាង​ឆាប់រហ័ស​។​

​លោក​រ៉ូ​ដ​មែន​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនជាតិ​លោកខាងលិច​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង នៅពេល​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​។​

​នៅពេល​សួរថា​តើ​គាត់​នឹង​ជួប​លោក​គីម​នៅ​ប្រទេស​សិង្ហ​បុរី​ដែរឬទេ អតីត​កីឡាករ​បាល់បោះ​រូបនេះ​បាន​និយាយថា គាត់​គិតថា​មេដឹកនាំ​កូរ៉េខាងជើង “​មានរឿង​ធំដុំ​ត្រូវ​ព្រួយបារម្ភ​ជាជាង​មកជួប​ខ្ញុំ​ឥឡូវនេះ​”​។ ទោះយ៉ាងណា លោក​បាន​បន្ថែមថា រាល់ពេល​ដែល​លោក​បាន​ជួប​ជាមួយ​លោក​គីម វា​តែង​ជា​រឿង​ភ្ញាក់ផ្អើល ដូច្នេះ​ប្រហែលជា​គាត់​នឹងមាន​ការភ្ញាក់ផ្អើល​ម្តងទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​មន្ត្រី​សេត​វិមាន​បាន​និយាយថា លោក​រ៉ូ​ដ​មែន​នឹង​មិនមាន​តួនាទី​ផ្លូវការ​នៅក្នុង​ការចរចា​ការទូត​នោះទេ​។ លោក​ត្រាំ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​រ៉ូ​ដ​មែន​មិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​រ៉ូ​ដ​មែន​មកដល់​សិង្ហ​បុរី​កាលពី​អធ្រាត្រ​ថ្ងៃ​ចន្ទ