ដែនជម្រកសត្វព្រៃ​លំផាត់​និង​ភ្នំ​ព្រេច អនុញ្ញាតឱ្យ​រថយន្ត​កែច្នៃ​ដឹកឈើ​ចូល​ពេញ​ព្រៃ ដើម្បី​ដឹកឈើ​ទៅ​ចម្ការ​ដូងប្រេង ស្រុក​លំផាត់ ខេត្តរតនគិរី​

1924
ចែករម្លែក
  • 550
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ប្រភព​ផ្លូវការ​មួយ​ពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី បានបញ្ជាក់​នៅ​ថ្ងៃទី​៧ ខែមេសា​នេះ​ថា មាន​ករណី​អនុញ្ញាតឱ្យ​រថយន្ត​កែច្នៃ​(​រថយន្ត​ប៉ា​កុង​) ប្រមាណ​១៣​គ្រឿង ចូល​ដែនជម្រកសត្វព្រៃ​លំផាត់ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​គ្រប់គ្រង​ដោយ​នាយក​ដែន​ជម្រក​លោក​ហាន សា​ខន​។

​ការដែល​អនុញ្ញាតឱ្យរ​ថ​យន្ត​ទាំងនោះ​ចូលក្នុង​ភូមិសាស្ត្រ​ខាងលើ ត្រូវគេ​អះអាងថា ដើម្បី​ដឹកឈើ​ខុសច្បាប់​ឆ្ពោះទៅ​ចម្ការ​ដូងប្រេង ក្នុងស្រុក​លំផាត់​ខេត្តរ​តន​គិរី​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​៦ ខែមេសា រថយន្ត​២​គ្រឿងក្នុង​ចំណោម​១៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងមួយរូបរបស់ខេត្តមណ្ឌលគិរី ឃាត់​បាន​ដោយមាន​ផ្ទុក​ឈើ​សុ​ក្រំ​ពេញប្រៀប និង​កំពុង​អូស​យកមក​រក្សាទុក​នៅ​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​ដោយ​១​គ្រឿង​យកមក​ដល់ និង​១​គ្រឿង​ទៀត​បែក​កង់​តាមផ្លូវ​។

​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ថា ក្នុង​ប្រតិ​ប​ត្ត​ការបង្ក្រាប​រថយន្ត​ដឹកឈើ​២​គ្រឿង​ខាងលើ សង្ស័យថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​លុយ​ដុល្លារ ទើប​ចាប់​តែ​២​គ្រឿង ដោយឡែក​ជាង​១០​គ្រឿង​ទៀត សមត្ថកិច្ច​ចម្រុះ​នោះ​ប្រាប់​ឱ្យ​បង្ហួស​ទៅមុខ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ហាន សា​ខន នាយក​ដែន​ជម្រក បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៧​នេះ​ថា ករណីនេះ​លោក​មិន​បានដឹង​នោះទេ ដោយបាន​ផ្ទេរសិទ្ធិ​គ្រប់គ្រង ព្រោះ​លោក​នៅ​ភ្នំពេញ តែ​លោ​កថា ឱ្យ​សួរ​ទៅ​លោក រត្ន សុវណ្ណ អនុប្រធាន​មន្ទីរ​បរិស្ថាន​ជំនួស​។

​លោក រត្ន សុវណ្ណ មិនអាច​សុំ​ការអត្ថាធិប្បាយ​នោះទេ ដោយ​លោក​ប្រាប់ថា មិនមាន​សេវា​ទូរស័ព្ទ​។ ក្នុងនោះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក កែវ សុភ​គ៌ មានប្រសាសន៍ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​ច្បាស់លាស់​នៅឡើយ តែ​លោក​បង្ហើប​ថា បាន​ចាប់​រថយន្ត​នោះ​ចំនួន​២​គ្រឿង ១​គ្រឿង​ចំណុច​ភូមិរ​វ៉ា​ក់ ១​គ្រឿង​ទៀត​ក្នុង​ព្រំប្រទល់​ដែន​ជម្រក​ទាំងពីរ​។ លោក​ថា ចាំ​ទទួល​ព័ត៌មាន​លម្អិត នឹង​បញ្ជាក់ប្រាប់​តាម​ក្រោយ​៕