ដៃគូរ​ពាក់ព័ន្ធ​បើក​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ប្រកាស ស្តីពី​ក្រុមប្រឹក្សា​ចរចា​នៃ​សហជីព​និង​និយោជក​

269
ចែករម្លែក

ដោយ​:​ដេប៉ូ​/ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហជីព សមាគម​និយោជក និង​អង្គការ​ពាក់ព័ន្ធ​ជាច្រើន បាន​បើក​កិច្ច​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់ជាតិ លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី ក្រុមប្រឹក្សា​ចរចា​នៃ​សហជីព និង​និយោជក ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​គុណភាព​ខ្ពស់​នា​ថ្ងៃ​ខាងមុខ​។​

បញ្ជាក់​ក្នុង​អង្គពិធី​សិក្ខាសាលា​ដែល​បាន​រៀបចំឡើង​នា​សណ្ឋាគារ Mekong View Tower រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៥​ខែមីនា លោក អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា​ក្រសួង បាន​បន្ត​ដាក់ចេញ​កាន់តែ​មុត​ស្រួច និង​ប្រកបដោយ ការប្តេជ្ញាចិត្ត​ខ្ពស់ នូវ​ផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០១៩-២០២៣ ក្រោម​ពាក្យស្លោក “​សហគ្រាស គ្រឹះស្ថាន​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​របស់​កម្មករនិយោជិត ដែល​ពោរពេញ​ដោយ​សមត្ថភាព ផលិតភាព ឥរិយាបថ​ការងារ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​”​។

លោក​បាន​បន្ត​ឲ្យដឹងថា ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​រម​នីយកម្ម​ទំនាក់​ទំនង​វិជ្ជាជីវៈ គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​វិស័យ​ការងារ​ប្រកបដោយ​ចីរភាព​។​ព្រមជាមួយ​គ្នា​ដើម្បី​ធានា​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​អាចឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់កម្មករ​និយោជិត និង​និយោជក ក្នុងការ​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ ជាពិសេស​ការចរចា​ជា​សមូហភាព ដើម្បី​ចុះ​អនុសញ្ញា​រួម ក្រសួង​ការងារ​បានរៀបចំ​សេចក្តី​ព្រាង​ប្រកាស​ស្តីពី ក្រុមប្រឹក្សា​ចរចា​នៃ​សហជីព និង​និយោជក​ស្របតាម មាត្រា​៧២ នៃ​ច្បាប់​ស្តីពី​សហជីព ដែលជា​កម្មវត្ថុ​នៃ​សិក្ខាសាលា​ដែល​បានរៀបចំ​ឡើង​នា​ថ្ងៃនេះ​។​

ទាក់ទិន​ទៅនឹង​ច្បាប់​សហជីព​នេះដែរ លោក រដ្ឋមន្ត្រី​បាន​បន្ត​ឱ្យដឹង​បន្ថែមថា​ថា ច្បាប់​ស្តីពី​សហជីព គឺជា​ក្របខណ្ឌ​គតិយុត្ត​មួយ ដែលមាន​គោលដៅ​៖ ១) ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​និយោជិត​, ២) ធានា​នូវ​សិទ្ធ​សេរីភាព​ក្នុង​ការចរ​ចា​​ជា​សមូហភាព​រវាង​កម្ម​ករ​និយោជិត និង​និយោជក​, ៣) ជំរុញឲ្យមាន​សុខ​ដុមរមនា ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង ៤)រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការវិនិយោគ​៕B/

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុង​ពី​ធី​បើក​សិក្ខាសាលា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់ជាតិ លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី ក្រុមប្រឹក្សា​ចរចា​នៃ​សហជីព និង​និយោជក​នា​សណ្ឋាគារ Mekong View Tower រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​


#