ដោយសារ​ជំងឺ​កូ​វីដ​១៩​ធ្វើឱ្យ​ខេត្ត​កែប​ស្ងប់ស្ងាត់​ភ្ញៀវទេសចរ​

108
ចែករម្លែក

ដោយ​: បូកគោ / កែប​: អាជីវករ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​បាន​ត្អូញត្អែរ​ពី​ការបាត់​ភ្ញៀវ ស្របពេល​ខេត្ត​មួយ​នេះ មាន​អ្នក​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ចំនួន​បួន​នាក់​កំពុង​សម្រាក​ព្យាបាល​។​

​លោក វត សុ​វណ្ណា អ្នកលក់​សំបុត្រ​ទូក​ដឹក​ភ្ញៀវ​ទៅ​ផែ​កោះទន្សាយ​បាន​រៀបរាប់ថា ប៉ុន្មាន​ថ្ងៃនេះ ភ្ញៀវទេសចរ​ទៅ​កោះទន្សាយ​បាន​ធ្លាក់ចុះ​ច្រើន ខណៈដែល​ពីមុន​ក្នុង​ថ្ងៃ​ធម្មតា​ធ្លាប់មាន​ភ្ញៀវ​ពី​៥០​ទូក​ទៅ​៦០​ទូក​។ បច្ចុប្បន្ន​បានចេញ​ច្រើន​បំផុត​ត្រឹមតែ​១៥​ទូក​ប៉ុណ្ណោះ​។​

​ត្អូញត្អែរ​ស្រដៀង​គ្នា​នេះដែរ អ្នកលក់​ផ្លែឈើ និង​ម្ហូបអាហា​ផ្សេងៗ នៅ​ផ្សារ​ក្តាម​បាន​និយាយថា ពីរ​សប្តាហ៍​កន្លងមក​នេះ ការលក់ដូរ​ស្ទើរតែ​មិន​ដាច់​សោះ​។ ភ្ញៀវ​មាន​ភាពស្ងប់ស្ងាត់​មិនសូវ​ឃើញ ដើរ​ដូច​ពីមុន​ទេ​។ អ្នកលក់ដូរ​មួយចំនួន​បិទតូប​ទៅរក​មុខរបរ​ផ្សេង​វិញ​។

​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ អ្នកលក់​ផ្លែ​ទុរេន​ម្នាក់​បាន​បញ្ជាក់ថា ពីមុន​ក្នុង​មួយថ្ងៃ​លក់បាន​ពី ៥០​ទៅ​៦០​គីឡូក្រាម តែ​ឥឡូវ​លក់បាន​ច្រើន​បំផុត​ប្រាំពីរ​គីឡូក្រាម​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា គិត​មកដល់​ល្ងាច​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ខេត្ត​កែប​បាន​រកឃើញ និង​នាំយកទៅ​ព្យាបាល​នូវ​អ្នក​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ចំនួន​បួន​នាក់​។ ក្នុងនោះ​ជនជាតិ​ម៉ាឡេស៊ី​៣​នាក់ និង​ជនជាតិខ្មែរ​ម្នាក់​៕ ល​