ដោយសារ​បណ្ដាញ​ផ្សព្វផ្សាយ​មួយចំនួន​ធ្វើ​សកម្មភាព​អាណាធិបតេយ្យ ទើប​រដ្ឋាភិបាល​ចាត់វិធានការ​ផ្លូវច្បាប់​ ​

1185
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រោយពី​មានការ​បញ្ចេញមតិ​ជាច្រើន ថា​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ចេតនា​អាក្រក់ ក្នុងការ​បំបិទ​សំឡេង​ប្រឆាំង​,​មន្ដ្រី​នាំពាក្យ​​គណបក្សកាន់អំណាច បានចេញ​សេចក្ដី​ពន្យល់ថា រដ្ឋាភិបាល​កម្ពុ​ជាមាន​វិធានការ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​មួយចំនួន​គឺ​ដោយសារតែ​ស្ថា​​ប័ន​ទាំងនោះ បានធ្វើ​សកម្មភាព​អាណាធិបតេយ្យ មិន​គោរព​ច្បាប់​រដ្ឋ​។​
​ ​
​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ជាមួយ​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៥ សីហា​នេះ លោក​សុខ ឥសាន បាន​លើកឡើងថា “​ផ្អែក​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​មតិ ក្នុងការ​សរសេរ ក្នុងការ​និពន្ធ ក្នុងការ​ផ្សាយ ក្នុងការ​ប្រជុំ​។ ប៉ុន្តែ ជន​ណាក៏ដោយ​មិនអាច​ប្រើ​សិទ្ធិ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូ​ររ​បស់​អ្នក​​ដទៃ ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ល្អ​របស់​ប្រទេស និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​។ ដូច្នេះ​រដ្ឋ​លើកទឹកចិត្ត​យ៉ាង​ទូលំទូលាយ​ខាង​ការ​​ផ្សាយ​ព័ត៌មាន និង​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទូលំទូលាយ​ក្នុង​ការទទួល​ព័ត៌មាន​។ ហេតុដូច្នេះ​ហើយ​បានជា ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ មានការ​រីកចម្រើន​ស​ម្បូ​រ​បែប​នៅ​កម្ពុជា​ហួស​ពី​ការ​ស្មាន​ទាំង​វិទ្យុ ទូរទស្សន៍ កាសែត ព្រឹ​ត្ត​ប័ត្រ​ទស្សនា​វ​ដ្តី … រាប់ពាន់​អង្គភាព​។​”

​លោក​បាន​បន្ដថា “​ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​នេះ​គេ​សង្កេតឃើញ​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន​ឆ្លៀត​ធ្វើ​សកម្មភាព​បែប​អ​នា​ធិ​ប​​តេ​យ្យ មិន​គោរព​ច្បាប់ មាន​លក្ខណៈ​មាន​សិទ្ធិសេរីភាព​ដាច់បង្ហៀរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការគ្រប់គ្រង​។​ដើម្បី​ដើរ​តាម​គន្លង​លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ និង​ពង្រឹង​នីតិរដ្ឋ បណ្តា​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ល្មើសច្បាប់ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ការ​មាន​វិធានការ​នេះ ទោះបី​ប៉ះពាល់​ដល់​ការផ្សព្វផ្សាយ​ព័ត៌មាន​និង​សិទ្ធិ​ទទួល​ព័ត៌មាន​ខ្លះៗ​ក៏ដោយ ក៏​មិនមែន​បណ្តាលមកពី​វិធានការណ៍​ច្បាប់​នោះទេ​តែ​វា​កើតឡើង​ពី​អំពើ​ល្មើសច្បាប់​របស់​អង្គភាព​ផ្សាយ​ព័ត៌មាន​ដែល​ខុសច្បាប់​នោះ​តែម្តង​”​។​

​លោក​បាន​សង្កត់ធ្ងន់ថា ដើម្បី​ធានា​សិទ្ធិ​ផ្សាយ​ព័ត៌មាន​និង​សិទ្ធិ​ទទួល​ព័ត៌មាន​ដោយ​ទូលំទូលាយ ទាមទារ​គ្រប់ភាគី​ត្រូវតែ​រួមចំណែក​គោ​ព​​និង​អនុវត្ត​ច្បាប់​រដ្ឋ មិនអាច​បន្ទោស​អ្នកដទៃ​ឡើយ​៕​ដោយ​៖​វិបុល​/sn