ដោយ​ចាត់ទុក​តៃវ៉ាន់​ជា​ប្រជាជាតិ​មាន​អធិបតេយ្យភាព​នោះ ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​ដ៏​ធំ​មិន​អើពើ​ការទាមទារ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​

960
ចែករម្លែក

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតជាច្រើននៅសហរដ្ឋអាមេរិកកំពុងមិនអើពើនឹងការទាមទាររបស់ចិនដែល បានធ្វើឡើងកាលពីខែឧសភាដែលទាក់ទងនឹងកោះតៃវ៉ាន់ ក្រុងហុងកុង និងក្រុងម៉ាកាវ ​ជាដែនដីចិន ជាជាងប្រជាជាតិមានអធិបតេយ្យភាពឬតំបន់ស្វយ័ត ។ ទោះបីយ៉ាងនេះក្តី ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាន
នៅបរទេសជាច្រើន គោរពតាមក្រឹត្យច្បាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង។

សារព័ត៌មានAP បានរាយការណ៍កាលពីដើមសប្តាហ៍នេះ ថា ក្រុមហ៊ុនអាកាសចរណ៍កាណាដាAir Canada ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways​និងក្រុមហ៊ុនអាកាសចរណ៍Lufthansa ស្ថិតនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ធំចំនួន២០ដែលឥឡូវនេះទាក់ទងទៅតៃវ៉ាន់ តាមវេបសាយរបស់ពួកគេ ក្នុងនាមជារដ្ឋ
រណបរបស់ចិន។

បច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងអះអាងកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ថ្វីបើទឹកដីទាំង២នេះដាច់ដោយឡែកពីគ្នា បានប្រកាសឯករាជ្យរបស់ខ្លួន បន្ទាប់ពីសង្គ្រាមស៊ីវិលចិនពាក់កណ្តាលសតវត្សទី២០។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះ ថា​សហគ្រាសបរទេសដែលកំពុងប្រតិបត្តិការនៅប្រទេសចិនគួរតែគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន គោរពតាមច្បាប់របស់ចិន និងគោរពមនោសញ្ចេតនាជាតិរបស់ប្រជាជនចិន” ។

ក្រុមមន្ត្រីនៅសេតវិមាននៃរដ្ឋបាលដូណាល់ ត្រាំ បានរិះគន់ចំពោះការទាមទាររបស់ចិននេះ ដោយចាត់ទុកការទាមទារនោះថាជា”គំនិតត្រួតត្រាគ្មានន័យ” ។ នៅលើវេបសាយរបស់ពួកគេ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយរួមទាំងក្រុមហ៊ុនអាកាសចរណ៍American,ក្រុមហ៊ុនអាកាសចរណ៍ Delta និងក្រុមហ៊ុនអាកាសចរណ៍United ប្រើឈ្មោះនៃប្រជាជាតិនេះគឺ ​”តៃវ៉ាន់”ដើម្បីសំដៅទៅទិសដៅដ៏ប្រជាប្រិយភាពនេះ(កោះតៃវ៉ាន់)។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងប៉េកាំងមិនបានបញ្ចេញអោយដឹងថាតើខ្លួននឹងដាក់ពិន័យលើក្រុមហ៊ុនអាកាសចរណ៍ដែលមិនគោរពតាមបទបញ្ជារបស់ខ្លួនដែរឬយ៉ាងណានោះទេ៕ដោយ៖សុខា/sn