ដោះលែង​បុរស​ម៉ាឡេស៊ី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រា​ក់ជាង​២​លាន​ដុល្លារ ពី​ជនជាតិ​ជប៉ុន​២៩​នាក់

1133
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​បាន​ចាប់ខ្លួន បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រា​ក់ជាង​២​លាន​ដុល្លារ​អាមេរិក ពី​ជនជាតិ​ជប៉ុន​ចំនួន​២៩​នាក់ ក្រោមរូបភាព​វិនិយោគ​ខ្យល់ នៅ​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ រួច​បញ្ជូនមក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​រហូតមកដល់​ល្ងាច​ថ្ងៃទី​១៦​ខែមីនា លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដោះលែង​បុរស​ជនជាតិ​ម៉ាឡេស៊ី​ឲ្យ​មាន​សេរីភាព​វិញ​។
​ចំពោះ​មូលហេតុ​នៃ​ការដោះលែង​នេះ មិនមាន​ប្រភព​ណា​បញ្ជាក់​ឲ្យ​ដឹង​នោះទេ ព្រោះ​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​។​

​បុរស​ជនជាតិ​ម៉ាឡេស៊ី រូបនេះ​ឈ្មោះ WOO KEE MUN ហៅ WOO CLEMENT អាយុ​៤៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២/១១ ផ្លូវ​៥៩៨ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យចូល របស់លោក​ស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅក្នុង​ភោជនីយដ្ឋាន​តា​យ​ម៉េង ក្នុង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០១៣-២០១៤ ជនសង្ស័យ បាន​ទាក់ទង​ជនជាតិ​ជប៉ុន​ចំនួន​២៩​នាក់ ដោយ​ភូត​ថា ខ្លួន​មាន​ដី​សម្រាប់​ដាំ​ម្រេច នៅ​ឃុំ​ត្រពាំង​ក្តារ ស្រុក​ដងទង់ ខេត្តកំពត​, មាន​ដី​សម្រាប់​ដាំដំឡូង និង​ដើម​អាកាស្សា នៅ​ឃុំ​ក្រាំង​ដ​ង្វា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​មាន​ដី​សម្រាប់​ដាំ​ស្វាយ នៅ​ខេត្តកំពង់ស្ពឺ តែ​តាម​ការពិត ពេល​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​រួចហើយ គឺ​គេចខ្លួន​រហូត ពោល​គ្មាន​ដី​សម្រាប់​ការវិនិយោគ​ទាំង​នេះឡើយ​។​

​ជនសង្ស័យ​បាន​ប្រើប្រាស់​លិខិតឆ្លងដែន​ចំនួន​៤ ដើម្បី​ងាយស្រួល​ដើរហើរ និង​ប្រើ​រួប​ភាព​ឆបោក​។ ក្រៅពី​ជនជាតិ​ជប៉ុន​ខាងលើនេះ ក៏មាន​ជនជាតិ​ម៉ាឡេស៊ី និង​ជនជាតិ​សឹង្ហ​បុរី​ប្រមាណ​១០​នាក់​ទៀត ដែល​បាន​ចាញ់បោក​ជនសង្ស័យ​រូបនេះ តែ​ពួកគេ​មិនទាន់​មក​ដាក់​ពាក្យបណ្តឹង​។​

​មន្ត្រីនគរបាល​បាន​ចាត់ទុកថា នេះ​ជា​រូបភាព​បោក​អន្តរជាតិ​មួយ និង​បានធ្វើ​ឲ្យ​ក្រុម​វិនិយោគិន​អន្តរជាតិ​ខ្លាច ចំពោះ​ការ​មករក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕L​