ដោះលែង​ម្ចាស់​ឃ្លាំង​ស្តុក​ថ្នាំពេទ្យ​ដែល​នាំចូល​គ្មាន​ច្បាប់​អនុញ្ញាតិ​

1288
ចែករម្លែក

ភ្នំពេញ៖ ម្ចាស់​ឃ្លាំង​ស្តុក​ថ្នាំពេទ្យ​ដែល​នាំចូល​គ្មាន​ច្បាប់​អនុញ្ញាត​ជាង​បួន​តោន បាន​ត្រូវ​សមត្ថកិច្ច​ដោះលែង ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​បាន​ឃាត់ខ្លួន​មួយរយៈ​ពេល​ខ្លី​។ លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧​ថា មូលហេតុ​នៃ​ការដោះលែង​នេះ គឺ​សំអាង​លើ​ម្ចាស់​ឃ្លាំង​ស្តុក​ថ្នាំពេទ្យ​មាន​ជំងឺ​ប្រចាំកាយ ដែល​ទាមទារ​ការព្យាបាល​ជាប្រចាំ​។​

​លោក លី សុ​ផា​ណា បាន​បញ្ជាក់ថា បន្ទាប់ពី​ការដោះលែង​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ថ្នាំពេទ្យ​ដែល​នាំចូល​គ្មាន​ច្បាប់​អនុញ្ញាត​ជាង​បួន​តោន​នេះ ទៅ​មន្ទីរពិសោធន៍​ក្រសួងសុខាភិបាល​ពិនិត្យ​លើ​គុណភាព ដើម្បី​បញ្ជាក់ថា មានការ​ប៉ះពាល់ ឬ​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​រួច​សឹម​សម្រេច​ជា​ក្រោយ ពោលគឺ​បើ​ប៉ះពាល់​ដល់​សុខភាព​ត្រូវ​ចាត់ការ​តាមច្បាប់​សុខាភិបាល ហើយ​បើ​មិន​ប៉ះពាល់​ត្រូវ​ចាត់ការ​តាម​កំរិត​ថ្នាំពេទ្យ ដែល​នាំចូល​គ្មាន​ច្បាប់​អនុញ្ញាត​វិញ​។​

​លោក លី សុ​ផា​ណា បាន​អះអាងថា ទោះជា​ទទួលបាន​លទ្ធផល​យ៉ាងណាក្តី ក៏​សមត្ថកិច្ច​ត្រូវតែ​បញ្ជូន​សំណុំ​រឿងនេះ មក​តុលាការ ដើម្បី​ចាត់ការ​ដែរ​។ ទីតាំង​ដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប កាលពី​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧ នេះ​គឺ​នៅផ្ទះ​គ្មាន​លេខ​ក្នុង​បុរី​ហ្គ្រេ​ន​ភ្នំពេញ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​
​ ​
​កិច្ចប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង​អនុ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយមាន​ការចូលរួម​ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ក្នុងការ​ចុះបង្ក្រាប​នេះ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ថ្នាំពេទ្យ​ចំនួន​២៩​មុខ មាន​ទម្ងន់​ជាង​៤​តោន (៤.២០០​គីឡូក្រាម​) និង​នាំខ្លួន​បុរស​ម្នាក់​ឈ្មោះ​ខូវ​សាធ​អាយុ​៤៩​ឆ្នាំ យកទៅ​សួរនាំ​។

​ក្រោយពេល​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ហើយ សមត្ថកិច្ច​បាន​នាំខ្លួន​បុរស​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំពេទ្យ​ទាំងអស់ ទៅ​សួរនាំ និង​រក្សាទុក​នៅ​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ ដើម្បី​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ និង​ចាត់ការ​តាម​នីតិវិធី​៕