ដោះស្រាយ​ការកកស្ទះ​ចរាចរ ទាមទារ​ការចូលរួម​ពី​អ្នក ប្រើប្រាស់​ទ្រូង​ថ្នល់​

277
ចែករម្លែក

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅពេលនេះ ចាប់ផ្តើម​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ថ្មីចំនួន​ពីរ​ខ្សែ​បន្ថែមទៀត​។ ការស្ថាបនា​ផ្លូវ​ក្រោម​ដី​ថ្មី​បន្ថែម​នេះ ដើម្បី​សម្រួល​ដល់​ការ ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹងបញ្ហា​កកស្ទះ​ចរាចរនៅ​ភ្នំពេញ​។

​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ថ្មី​ទាំងពី​ខ្សែ​នោះ គឺ​ស្ថិតនៅក្រោម​មហាវិថី​សហព័ន្ធរុស្ស៊ី ដែល​ផ្លូវ​ក្រោម​ដី​ទីមួយ​. ស្ថិតនៅ​ចំណុច​មុខ​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ផ្លូវ​ក្រោម​ដី​ទី​ពីរ​ស្ថិតនៅ ចំណុច​សួនច្បារ​ក្តាន់​ពីរ​។

​គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​នេះ ត្រូវបាន​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ប្រកាស​នៅក្នុង​កិច្ចប្រជុំ​ស្តីពី ការរៀបចំ​ធ្វើ​ផ្លូវ​ក្រោម​ដី ជាមួយ​ក្រុម​អ្នកជំនាញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ការស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ គឺជា​យន្តការ​ដោះស្រាយ​នូវ​បញ្ហាកកស្ទះ​ចរាចរជា​លក្ខណៈ​យូរ​អ​ង្វែ​ង ដែល​ជួយ​សម្រួល​ដល់​ការចេញចូល​របស់​សិស្ស និស្សិត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏ដូចជា​ប្រជាពលរដ្ឋ ជា​អ្នកធ្វើដំណើរ ខណៈដែល​មហាវិថី​សហព័ន្ធរុស្ស៊ី​នាពេល បច្ចុប្បន្ននេះ ចរាចរណ៍​មាន​ភាព​មមាញឹក​ខ្លាំង​ដែល​ប្រឈម​ការកកស្ទះចរាចរនិង​រំខាន​ដល់​ការធ្វើដំណើរ​។​

​មន្ត្រី​ជំនាញ​លើកឡើងថា គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅមុខ​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ គឺ​រត់​ពីក្រោម​មហាវិថី​សហព័ន្ធរុស្ស៊ី ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​២៦១​ឆ្ពោះ​ចូលទៅក្នុង​វិទ្យាស្ថាន​ភាសា បរទេស​។ ដោយឡែក នៅ​ចំណុច​សួនច្បារ​ក្តាន់​ពីរ​វិញ ផ្លូវ​ក្រោម​ដី​នេះ ត្រូវ​រត់​ពីក្រោម​ផ្លូវ​សហព័ន្ធរុស្ស៊ី​ដោយ​ភ្ជាប់ ពី​ផ្លូវ​១៦៩ ឆ្ពោះ​ផ្លូវ​បឹងកក់​។​

​បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​ផ្លូវ​ក្រោម​ដី​ចំនួន​ពីរ​ខ្សែ ដែល​បាន​សាងសង់​រួច និង​ដាក់​ឲ្យ​ដំណើរការ​។ ផ្លូវ​ក្រោម​ដីទាំងពីរ​ខ្សែ​នោះ​ទីមួយ​នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ និង​ទី​ពីរ​នៅ​ចំណុច​ស្ពាន​អាកាស​សាលា​តិច​ណូ​។​

​ក្រៅពី​ផ្លូវ​ក្រោម​ដី នៅក្រោម​ស្ពាន​អាកាស​ទាំងពីរ​នេះ នៅ​ភ្នំពេញ ក៏មាន​ស្ពាន​អាកាស​ប្រាំ​កន្លែង​ហើយ ដើម្បីដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរនៅ​ផ្លូវបំបែក​។ ក្នុងនោះ រួមមាន ស្ពាន​អាកាស​ក្បាលថ្នល់ ( ច្បារអំពៅ ) ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៥​មករា ( ពេទ្យ​លោកសង្ឃ ) ស្ពាន​អាកាស​តិច​ណូ និង​ស្ពាន អាកាស​ផ្សារ​ដី​ហុយ​។ នៅពេលនេះ សាលា​រាជធានី​ភ្នំពេញ ក៏​កំពុង​សាងសង់​ស្ពាន​អាកាស​រង្វង់​មូល​ចោមចៅ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ផងដែរ​។​

​ជាមួយនឹង​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ទាំងនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​សាងសង់​ផ្លូវអាកាស​ថ្មើរជើង ៣​កន្លែង​រួចហើយ គឺ​នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​ជម្ពូវ័​ន្ត មាន​ផ្លូវ​ថ្មើរជើង ២ និង​នៅ​រង្វង់​មូល​នា​ងគ​ង្ហី​ង ចំនួន ១​។​

​យ៉ាងណាក៏ដោយ នៅក្នុង​ក្រុង នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ ពិសេស​នៅ​ផ្លូវចេញចូល​ក្នុង ដូចជានៅ​ផ្លូវជាតិ លេខ​១ និង​ផ្លូវ​វេ​ង​ស្រេង ជាដើម គឺ​ការកកស្ទះ​ចរាចរបាន​កើតឡើង​រៀងរាល់ថ្ងៃ ពិសេស​នៅពេល​ព្រឹក និង​នៅពេល​ល្ងាច​។​

​មាន​កក្តា​ច្រើនយ៉ាង​បង្ក​ឲ្យ​កកស្ទះ​ចរាចរគឺ​កំណើន​នៃ​យានយន្ត ការបើកបរ​មិន​គោរព​ច្បាប់ មិន​គោរព​ភ្លើងសញ្ញា​ចរាចរណ៍ ការលក់ដូរ​លើ​ចិញ្ចើមផ្លូវ និង​លើ​ទ្រូងផ្លូវ និង​ការឈប់​ចត​លើ​ទ្រូងផ្លូវ ជាដើម​។​

​ដូច្នេះ​ការសាងសង់​ស្ពាន​អាកាស ផ្លូវអាកាស​ថ្មើរជើង ក៏ដូចជា​ផ្លូវ​ក្រោម​ដី គឺ​បាន​ចូលរួម​ក្នុងការ​ដោះស្រាយ បញ្ហា​កកស្ទះ​ចរាចរ​បាន​មួយផ្នែក​ហើយ តែ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ប​ន្ថែ​ម​ទៀត ទាល់តែ​ទាមទារ​ការចូលរួម​ពី​អ្នកបើកបរ អ្នកប្រើប្រាស់​ផ្លូវ ដោយ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​កុំ​ឈប់​ចត​លើផ្លូវ ជាដើម​។ រីឯ​អ្នកលក់ដូរ ក៏​គួរតែ​កុំ​យក​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ ជា​កន្លែង​លក់ដូរ គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្នុងករណីនេះ អាជ្ញាធរ​សមត្ថកិច្ច ក៏​គួរតែ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ ដោយ​គ្មាន​ការលើកលែង អត់ឱន យោគយល់​ទៀតឡើយ​។​

​បើ​អ្នកបើកបរ​យានយន្ត នៅតែ​មិន​គោរព​ច្បាប់ មិន​យោគយល់​គ្នា ហើយ​អ្នកលក់ដូរ បន្ត​យក​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​ធ្វើ​កន្លែង​លក់ដូរ នោះ​ទោះបីជា​ពង្រីក​ផ្លូវធំ​ប៉ុនណា ហើយ​មាន​ស្ពាន​អាកាស ផ្លូវ​ថ្មើរជើង​លើ​អាកាស​រួមទាំង ផ្លូវ​ក្រោម​ដី​ច្រើនយ៉ាង​ណាក៏ដោយ ក៏​នៅតែ​ជាប់​ស្ទះផ្លូវ​ដ​ដែលជាដ​ដែល តា​មើល​នោះ​៕ ដោយៈ ម៉េង​ឆៃ​/Ha