ដំណាច់ត្រីមាស​ទី​៣ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ មាន​ទឹកប្រាក់​៥,៦៣៦​លាន​ដុល្លារ​ ​

252

(​ភ្នំពេញ​) ៖ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​បានសម្រេច​កំណើន​២២​ភាគរយ ធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ដោយមាន​ទំហំ​ទឹកប្រាក់​កើនឡើង​ដល់​៥,៦៣៦​លាន ដុល្លារ​អាមេរិក​។​
​ ​
​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិព្វ​សីហា​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​​ក្នុងស្រុក​មួយ នា​ល្ងាច​ថ្ងៃទី​១១ ខែតុលា​ថា សមត្ថកិច្ច​នៅតាម​រាជធានី​ខេត្ត​ក្រុង​ទូទាំងប្រទេស​បានអនុម័ត​គំរោង​ចំនួន​២.៥២២​គម្រោង ដែលមាន​ទុន​ទឹកប្រាក់​៥,៦៣៦​លាន​ដុល្លារ​អាមេរិក កើនឡើង​២២​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​ ​
​លោក បន្តថា គម្រោង​អនុម័ត​ឆ្នាំនេះ​ភាគច្រើន​ជា គំរោង​សាងសង់​ខុន​ដូ លំនៅឋាន​ជា​លក្ខណៈ​បុរី រោងចក្រ សហគ្រាស សណ្ឋាគារ និង​អាគារ​ការិយាល័យ​ជាដើម​និង​ថា “​ការកើនឡើង​នូវ​ការវិនិយោគ​ក្នុង​វិស័យនេះ ដោយសារ​កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាព​អំណោយផល​លើ​ច្បាប់​វិនិយោគ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាច្រើន​បាន​សម្លឹង​មក​កម្ពុជា ហើយ​កម្ពុជា​បាន​នឹង​កំពុង​ក្លាយ​​ជាទី​ផ្សារ​ដ៏​ទាក់ទាញ​មួយ​”​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​សេដ្ឋកិច្ច​បានអនុម័ត គម្រោង​សរុប​២១៣​គម្រោង និង​មាន​ទឹកប្រាក់​៣,៣៧៥​លាន​ដុល្លារ​អាមេរិក​៕ ដោយ​៖​វិបុល​/sn