ដំណាច់​ឆមាស​ទី​១ ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​ល្អប្រសើរ​

862
ចែករម្លែក

ដោយៈ​ច្រាយ ចំណាន​/​ភ្នំពេញៈ​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជានៅតែមាន​កំណើន​ល្អប្រសើរ​ក្នុង​ដំណាច់ត្រីមាស​ទី​២​ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ជាមួយ​ទំហំ​ប្រាក់​បញ្ញើ​មាន​សុខ​ភាពល្អ​ផងដែរ​។​

ការទូទាត់សាច់ប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា(រូបថតឯកសារ)

​ ​នាយក​ប្រតិបត្តិ​ផ្នែក​គ្រប់គ្រង​ទីផ្សារ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​លោក​សាយ សូ​នី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​៩ ខែកក្កដា​នេះ​ថា ឥណទាន​របស់​ប្រា​សាក់​បាន​កើនឡើង​៦​ភាគរយ នៅ​ដំណាច់​ឆមាស​ទី​១​ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ទំហំ​សាច់ប្រាក់​បាន​កើនឡើង​ពី​១៥៤៨​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដល់​១៦៤០​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។​លោក​បន្តថា ចំណែក​ទំហំ​ប្រាក់​បញ្ញើរ​មាន​កំនើន​ល្អ ប្រសើរ​ផងដែរ ដោយ​កើនឡើង​ជិត​១២​ភាគរយ និង​ទំហំ​សាច់ប្រាក់​បាន​កើនឡើង​ពី​៩១៥​លាន​ដុល្លារ ដល់​១០២១​លាន​ដុល្លារ​អាមេរិក​។​

​ ​លោក​បន្តថា “​កំណើន​ឥណទាន​ឆ្នាំនេះ​ភាគច្រើន នៅតែ​ស្ថិតក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលជា​ផ្នែក​សំខាន់ នៅ​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​”​។​លោក​បន្តថា “​ជាមួយនេះ​ខ្ញុំ​សង្កេតឃើញ​ឥណទាន​បែប​ឯកត្តជន មានការ​កើនឡើង​ផងដែរ ដោយ​ភាគច្រើន​ពួកគេ​ប្រើប្រាស់​សាច់ប្រាក់​ទិញ​ដី និង​សាងសង់​លំនៅដ្ឋាន​ជាដើម​”​។​

​ ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​ខ្លាំង ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​តាមរយៈ​ការ​ដាច់ចេញ​បទបញ្ញត្តិ​មួយចំនួន​ពី​រដ្ឋាភិបាល បានធ្វើ​ឲ្យ​កំនើន​ឥណទាន​ស្ថិតក្នុង​ការគ្រប់គ្រង​បាន និង​មិន​ផ្តល់​ហានិភ័យ​ដល់​សេដ្ឋកិច្ចជាតិ​។​

​ ​ឧកញ៉ា​ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានលើកឡើង​ថា ការផ្តល់​ឥណទាន​នៅក្នុង​វិស័យនេះ​ទាំងមូល នៅតែ​សម្រេចបាន​កំនើន​ល្អប្រសើរ ដែល​ឆ្លុះបញ្ចាំង​ថា​សុខភាព​ក្នុង​វិស័យនេះ នៅតែមាន​ភាពល្អប្រសើរ ប៉ុន្តែ​កម្រិត​ឥណទាន​ដែល​ផ្តល់ជូន​អតិថិជន​នៅ​ឆ្នាំនេះ មានការ​ប្រុងប្រយ័ត្ន និង​វាយតម្លៃ​ប្រកបដោយ​សុ​ក្រិត​ភាព​ជាង​មុន ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ឥណទាន​ដែល​ផ្តល់ជូន​អតិថិជន​មិនមាន​ហានិភ័យ និង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកទទួល និង​ប្រតិបត្តិ​ករ​ឥណទាន​នានា​។​

​ ​លោក​បន្តថា “​ទោះជា​មានការ​ប្រកួតប្រជែង​កើនឡើង ប៉ុន្តែ​កម្រិត​នៃ​ការរីកចម្រើន​របស់​យើង​នៅតែមាន​ភាពល្អប្រសើរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​”​។​លោក​បន្តថា “​វា​មិនមាន​បញ្ហា​នោះទេ ទោះបី​វា​ជា​ឆ្នាំ​នៃ​ការបោះឆ្នោត​ក្តី តែ​កំណើន​ឥណទាន​ហាក់​មានការ​ថមថយ​បន្តិច ក្នុងស្ថានភាព​បែបនេះ​”​។​

​ ​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ពិតជា​មានការ​រីកចម្រើន​លឿន ប៉ុន្តែ​ការដាក់ចេញ​បទបញ្ញត្តិ​របស់​ធនាគា​រ​ជាតិ​កាលពី​ឆ្នាំមុន ពិតជា​ធ្វើ​ឲ្យ​វិស័យនេះ​ដើរ​ទៅមុខ​ក្នុង​ផ្លូវត្រូវ ព្រោះ​បើ​យើង​បណ្តោយ​ឲ្យ​ឥណទាន​កើន​ខ្ពស់​ពេក វា​នឹងធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​សេដ្ឋកិច្ចសង្គម​មិន​ខាន​។​

​ ​លោក​បន្តថា “​ការ​កើន​ឥណទាន​ខ្ពស់​ពេក​ពិត​ជាមាន​ហានិភ័យ ប៉ុន្តែ​កម្រិត​ឥណទាន​ដែល​ស្ថិតក្នុង​សភាព​បែបនេះ វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច ព្រោះ​ការងារ​នេះ​ទាមទារ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​ណាស់​ទាក់ទង​នឹង​ការ​រឹតបន្តឹង និង​ចរន្ត​សាច់ប្រាក់​ដែល​ត្រូវ​ចាក់​ចូល​សេដ្ឋកិច្ច​”៕MN