ដំណាំ​ចេក​

343

​ចេក​ជា​ដំណាំ​ងាយ​ដាំ ធ្វើអោយ​ដី​ធូរ​ដោយ​ប្រព័ន្ធ​ឫស​យ៉ាងច្រើន​របស់​វា​ចាក់រុក​ក្នុង​ដី ធ្វើអោយ​កើត​រន្ធ​តូចៗ​ជាច្រើន សម្រាប់​ផ្លូវ​ខ្យល់ ចេញចូល ។ ចេក​ត្រូវការ​ជី និង​ទឹក​ច្រើន ដី​ធូរ​សំបូរ​ជាតិ​មមោក ។ ចេក​ត្រូវការ​ទឹក អាច​ទ្រាំ​ទឹក​ហូរ​បានយូរ តែបើ​ទឹក​ដក់​ស្ងៀម វា​រហ័ស​ទំ​សន្លឹក​ដែរ ។ ប៉ុន្តែ​អោយតែ​គល់​នៅលើ​ដី ទោះ​ទឹក​ជ្រោក​ខាងក្រោម​ក៏​មិនជា​អ្វី​ដែរ ។​

​យើង​មិន​និយាយ​ពី​ការដាំ​ចេក ជា​ចំការ​ធំ​នៅ​តំបន់​ដី​មាន​ជី​ទេ តែ​ការដាំ​ចេក​នៅ​តំបន់​ក្រីក្រ​ដែល​ពុំ​សូវ​មាន​ជី ឬក៏​ជា​ដី​រិចរឹល ។​

​ការ​រើស​ប្រភេទ​មាន​តំលៃ​
​កាលបើ​ដាំ​ដំណាំ​អ្វី​១ ត្រូវ​ពិចារណា​លើ​ការចាំបាច់​របស់​វា​នៅក្នុង​សង្គម គឺ​លើ​ទ​ផ្សារ​វា​មាន​តំលៃ​ទេ ? ។ កាលបើ​ដាំ​អ្វី​ហើយ តែងតែ ចុះ​ទុន​ខ្លះ គឺ​ទុន​កំលាំង ទុន​ពូជ សំភារៈ ដីធ្លី និង​ពេលវេលា ។ ចុះបើ​ផល​វា​លក់​មិនបាន​ថ្លៃ ហូត​លុយ​វិញ​បាន​តិច ហើយ​ជួន​មិនបាន ផង តើ​យើង​ដាំ​ធ្វើ​អ្វី​? ។​

​យើង​សូម​លើកយក​ចេក​៣ ប្រភេទ​មក​និយាយៈ​
– ចេកណាំវ៉ា ឬ​ទី​ខ្លះ​ហៅ​ចេក​បាងកក​
– ចេកពងមាន់​
– ចេកអំបូង​យន់​

​ចេក​ទាំងបី​ប្រភេទ​នេះ​មាន​ការនិយម នៅលើ​ទីផ្សារ​មាន​តំលៃ​ខ្ពស់ ដូច្នោះ​គួរតែ​កំណត់​ពូជ​ទាំងបី​នេះ ។ ចេកអំបូង​មាន​ច្រើនយ៉ាង ចេកអំបូង​ខៀវ​មាន​ដើម​ខ្ពស់ ក​តូច ច្រើន​បាក់ក បើ​ទល់​មិនទាន់​នៅមុន​ចាស់ ។ ចេកអំបូង​តឿ​មាន​រសជាតិ​ជូរៗ មិនសូវ​ក្រអូប​ឈ្ងុយ ដូច​អំបូង​យន់​ទេ ដែល​ទីផ្សារ​មិន​និយម ចេកអំបូង​យន់​មាន​ដើម​ក្រហមជាំ​ឆ្នូតៗ ដើម​មាំ​ទាប​ជាង​អំបូង​ខៀវ ផ្លែ​វា​មាន​រសជាតិ​ល្អ យើង​គួរ​យក​វា​ធ្វើ​ពូជ ។ ចេកពងមាន់​ដើម​តូច គុម្ព​តូច ស្រាល​រហ័ស​ទទួលផល ។​

​តំរូវការ​ទឹក ដី និង​ជី​
– ចេក​ត្រូវការ​ទឹក តែ​ក៏​ចាញ់​ទឹក​ជាំ​ដែរ ។ វា​ត្រូវការ​សើម ក្ដៅ​ដូចជា​ពោត ។​
– ចេក​ស៊ីជី​ច្រើន បើ​ដាំ​លើដី​រិចរឹល​គ្មាន​ផល ជួនកាល​មួយ​ស្ទង​បានតែ​១ ឬ​២​ស្និត ។​
– ចេក​ត្រូវការ​ដី​ធូរ មាន​មមោក​ច្រើន ។​


ការ​រើស​ទីតាំង​
– ចេក​ជា​ដំណាំ​គុម្ព​អោយ​ភាព​ស៊ុបទ្រុប ដូច្នោះ​កុំ​ដាំ​ជិត​ផ្ទះ​ពេក ។ នាំអោយ​ហប់ ស្អុះស្អាប់ និង​សំបូរ​មូស ។​
– ទី​៨​ម៉ែត្រ​ពី​ផ្ទះ គួរតែ​ដាំចេក​ពងមាន់ និង​ចេកអំបូង​យន់ ។​
– ទី​ឆ្ងាយ​ផ្ទះ ចន្លោះ​ស្រែ​ប្រពលវប្បកម្ម និង​ក្រោល​ក្របី ច្រើន​មានទឹក​ក្រោម​ជង្គង់ អាច​ដាំចេក​ណា​ម​វ៉ា​បាន ។ បានជា​យើង​រើស​ទី ទំនាប ព្រោះ​ចេក​ត្រូវការ​ទឹក និង​ជី​ច្រើន តែ​ក៏​ជាំ​ទឹក​យូរ​ពុំ​បានដែរ ។​

ការរៀប​ទី​ដាំចេក​នៅ​កន្លែង​ទឹក​ក្រោម​ជង្គង់​
– យើង​រៀប​ទី​ដាំចេក​ណាំវ៉ា​នៅ​ជិត​ស្រែ​ប្រពលវប្បកម្ម​ដោយ​ជីក​ប្រឡាយ​មួយ​នៅ​ទី​ទំនាប ខ្នាត​ទទឹង​មាត់ ១​ម៉ែត្រ ជំរៅ​ត្រឹម​ចង្កេះ ឯ​បណ្ដោយ​តាម​ស្រឡាញ់ ។ គួរ​ទំលាយ​ជំរៅ​លើ ១​ហត្ថ​អោយ​ជាប់​គ្នា​ទៅ​ប្រឡាយ​ជិត​ព្រំដី​ហើយ​ជាប់​គ្នា​ដល់​ស្រះ ដើម្បីអោយ​ត្រី អាច​ចូលដល់​ផង ។​
– ប្រឡាយ​គួរ​រើសយក​ទី​ខាងលិច​ស្រែ​ប្រពលវប្បកម្ម ព្រោះ​យើង​ត្រូវ​ដាំពោត ១​សារ នៅ​ដើមរដូវ​ភ្លៀង ដូច្នោះ​ចេក​២​ជួរ​ឋិត​នៅ​ទិស ខាងលិច អាចធ្វើ​របាំង​ខ្យល់​ការពារ​ពោត​បាន ។​

– មុន​ជីក​ប្រឡាយ ត្រូវ​ដោត​កូនឈើ​ស្ទង់​មាត់​ប្រឡាយ​ជាមុនសិន ហើយ​តួ​ប្រឡាយ​ត្រូវមាន​ចម្ងាយ​ពី​ភ្លឺស្រែ ៣.៥​ម៉ែត្រ ។ រណ្ដៅ​ចេក​ក៏ត្រូវ​ដោត​កូនឈើ អោយនៅ​ចំពាក់​កណ្ដាល​ភ្លឺ និង​មាត់​ប្រឡាយ ។ ចំណុចកណ្ដាល​នៃ​គុម្ព​ចេក​ពីមួយ ទៅមួយ​ទៀត ចម្ងាយ​៣​ម៉ែត្រ ។​
– កាលណា​ដោត​ស្ទង់​មាត់​ប្រឡាយ និង​ដៅ​រណ្ដៅ​ចេក​រួចហើយ​ត្រូវ​ជីក​ប្រឡាយ ។ ជីក​មួយ​ជាន់​សើ​លើ​កំពស់ ០.៥០​ម៉ែត្រ យក​អាចម៍ដី​មកចាក់​ជា​រង្វង់​ព័ទ្ធជុំវិញ​រណ្ដៅ​ចេក ។ យើង​លើក​ភ្លឺ​ព័ទ្ធ​កំពស់​ជិត​ពាក់កណ្ដាល​ភ្លៅ ដើម្បីអោយ​កើត​ទីទួល​ខ្ពស់​មួយ​មាន​រណ្ដៅ​មាត់​១​ម៉ែត្រ​នៅ​ចំ​កណ្ដាល ដើម្បី​ដឹកយក​ដី​ល្អ​មក​ដាក់​សំរាប់​ដាំចេក ។​
– កាលណា​រៀប​ទំរង់​រណ្ដៅ​របៀបនេះ​រួច​អស់ហើយ ត្រូវ​ជីកដី​ប្រឡាយ​ស្រទាប់​ក្រោម​យក​អាចម៍ដី​មក​ព័ទ្ធ​ថែម​ពី​ក្រៅ​រណ្ដៅ​អោយ កាន់តែ​រីក​ធំ​កំពស់​ត្រឹម​ជង្គង់ ឬក៏​កំពស់​ស្មើ​ភ្លឺស្រែ​ដែល​ធ្លាប់តែ​ទឹក​មិន​លិច ។​
– ការរៀបចំ​ទី​ដាំចេក​នេះ ត្រូវ​គិត​ជាដំបូង​ពី​ការព័ទ្ធ​ជា​រណ្ដៅ កាលណា​បានជា​រណ្ដៅ​ហើយ ត្រូវ​ប្រមូលយក​សំរាម ជញ្ជ្រាំង ចំបើង​ញាត់​ចូល​មុនគេ​អោយ​ណែន ស្រោច​ទឹក​ពី​ល្ងាច​ទុកអោយ​ទន់ ។ លុះ​ព្រឹក​ឡើង​ត្រូវ​ជាន់​វា​អោយ​ហាប់​ណែន ហើយ​ថែម​ជញ្ជ្រាំង​លុះត្រា​ពេញ ទើប​ដឹក​ដី​បាត​បឹង ឬ​ដីដំបូក​មក​ចាប់​ពីលើ លុះត្រាតែ​បាន​កំរាស់​ដី​ជាង​១​ចំអាម ។ រណ្ដៅ​រៀបបាន​យ៉ាងនេះ​ចាត់​ថា​រួច​ផ្នែក​រណ្ដៅ ។ រីឯ​ផ្នែក​ប្រឡាយ ទោះបី​ពុំរួច​ក៏​ពុំជា​បញ្ហា​ទេ យើង​ទុក​ជីក​យក​អាចម៍ដី​ជា​បណ្ដើរៗ នៅពេល​មាន​ភ្លៀង មក​ដាក់​ព័ទ្ធ​ថែម​ពី​ក្រៅ​រហូត​ទល់នឹង​ភ្លឺស្រែ ។ ទឹក​ចេញពី​ក្រោ​ក្របី ត្រូវមាន​មួយចំណែក​ចូល​ប្រឡាយ​របស់​ចេក ។ តែ​ភាគច្រើន​ត្រូវអោយ​ចូល​ស្រែ​ប្រពលវប្បកម្ម ។ រីឯ​ដំណាំ​ដ៏​ទៃ​អាច​ប្រើ​បង្គន់​លើក​បាន ។​

​ការរៀបចំ​កន្លែង​ដាំចេក​នៅ​ទី​ខ្ពស់​
– ជីករណ្ដៅ​និង​រៀប​រណ្ដៅ ដូច​ខ្នាត​រណ្ដៅ​ដាំ​ឫស្សី និង​ដំណាំ​ដ៏ទៃទៀត​ដែរ គឺ ០.៨០ ម x ០.៨០ ម x ០.៨០ ម ។ នេះ​ជា​ខ្នាត​មធ្យម តែបើ​យក​ខ្នាត ១​ម x ១​ម x ១​ម គឺ​ជីក ១​ម៉ែត្រ ៤​ជ្រុង ជំរៅ ១​ម៉ែត្រ នោះ​រិត​តែ​ប្រសើរ​ទៀត ។ ដាំ​អ្វី​ក៏ដោយ លុះត្រាតែ​រៀប​រណ្ដៅ ត្រឹមត្រូវ ព្រោះ​ទី​រណ្ដៅ​ជា​កន្លែងរ​ស់រប​ស់វា ដូច្នោះ​ត្រូវតែ​ធូរ​ចាក់ឫស​ស្រួល និង​សំបូរ​ដោយ​ជី និង​ទឹក​កុំអោយ​ខ្វះ ។ យក​ទី​ទំនាប​ជាងគេ ហើយ​ជីក​ប្រឡាយ​១ មាន​ជំរៅ​ពាក់កណ្ដាល​ភ្លៅ ឬ​ត្រឹម​ចង្កេះ​នៅ​ចន្លោះ​ជួរ​ចេក ដើម្បី​ធ្វើជា​ថ្នក់ទឹក និង​ជី សំរាប់​ផ្គត់ផ្គង់​ដល់​ចេក ។​


​ការ​រើស​កូន​
– កូន​ដែល​ល្អ​បំផុត គឺ​កូន​អាច​លូត​ធំ ហើយ​ទំលាក់​ត្រយូង​ធំ​បាន ។ ដូច្នោះ​គឺ​កូន​ខ្នាតតូច កំពស់​ពាក់កណ្ដាល​ភ្លៅ បែក​ស្លឹក​តូច គឺ​កូន ដែល​មើលទៅ​នៅ​៣​ជ្រុង​នៅឡើយ ថ្លោស គល់​ធំ ។ រីឯ​កូនតូច​ដែល​តែ​ស្គម​គល់​តូច​នោះ​កុំ​យក ព្រោះ​ដាំ​ទៅ​ក្រ​រីក​ធំ​ណាស់ ។​
– កូន​ថ្លោស​ល្អ​នេះ បើ​លើ​ជង្គង់​បន្តិច​ក៏បាន​ដែរ អោយតែ​មាន​ឫស​ច្រើន ។​
– ការដាំ​កូនក្រមុំ ឬ​គល់​ចាស់ សុទ្ធតែ​រង់ចាំ​កូនចៅ​សារ​ក្រោយៗ ទើបបាន​ផល​នេះ​ជាការ​យឺត​មួយ​ជំហាន ។​

​ការ​គាស់​កូន​
– ត្រូវ​ជីកដី​ចម្ងាយ​១​ចំអាម​ពី​កូន ដើម្បី​ទុក​ឫស​អោយនៅ​វែង​ខ្លះ​ទើប​ដាំ​រហ័ស​ស្ទុះ ។ ជីក​ចំហៀង​ក្រៅ​បាន​ជ្រៅ​ជាង​គល់​ហើយ ត្រូវយក​ចបជីក​មុត​ចាក់​សង្កត់​ផ្ដាច់​កូន​ពី​មេ ។ តែ​ត្រូវ​ចាក់​បញ្ឆិត​មុខ​ចប​ក្នុង​គល់​មក​បន្តិច ទើប​កូន​មាន​ជាប់​ឫស​ច្រើន ។ បើ​ដី​នៅជាប់​គល់​តិចៗ សូមកុំ​បំបែក​ត្រូវ​យកទៅ​ដាំ​ភ្លាម ។​


​ការដាំ​
– យើង​ដាំ​នៅ​ចុងខែ​៤ គឺ​មុន​ដាំពោត ។​
– ដោយ​យើង​ដាំ​តិចតួច ត្រូវតែ​ធ្វើ​មួយៗ អោយ​ម៉ត់ចត់​គ្រប់​រណ្ដៅ​ទើប​រហ័ស​ដុះ ។​
– ព្រឹក​ថ្ងៃ​ដាំ​ត្រូវ​ជាន់​រលាក់ បង្ហាប់​រណ្ដៅ​សិន ទើប​យក​ជីកំប៉ុស​២​បង្គី មកចាក់​រាយ កាប់​ត្រលប់​លាយ​ដី​អោយ​ស្មើ រួច​កាយ​ក្រឡុក កណ្ដាល​ចាក់ទឹក​អោយ​ជោក​សព្វ​រណ្ដៅ​ដល់​ក្រោម ។
– ប្រើ​អាចម៍​ជន្លេន​លាយ​ជា​ភក់​រាវ​ដាក់​ក្នុង​ថាំង សំរាប់​ជ្រលក់​គល់ ទើប​ឫស​វា​អាច​បឺត​ជី​ទ្រទ្រង់​ដើម​បាន​ភ្លាម ហើយ​រហ័ស​ចេញ​ឫស​ថ្មី ។​

– ជ្រលក់​ភក់​អាចម៍​ជន្លេន​រួច ដាក់​គល់​ចូល​រណ្ដៅ​កាយ​ដី​លប់ ។ យើង​ដាំចេក​ខុសពី​ស្វាយ និង​ខ្នុរ​គឺ​ត្រូវអោយ​គល់​វា​នៅ​ទាប​ជាង​មាត់ រណ្ដៅ ដើម្បីអោយ​មានទឹក​ដក់​ពេល​ស្រោច​ផង នឹង​ត្រៀម​ថ្ងៃក្រោយ​ងាយស្រួល​ក្នុងការ​ពូន​ថែម ព្រោះ​ចេក​កាលណា​ពុំបាន​ពូន​គល់ កូន​វា​មិន​ថ្លោស ។ ប៉ុន្តែ​ធ្វើយ៉ាងណា​អោយ​ទឹក​រដូវវស្សា​នៅក្រោម​គល់ ។​
– ដាំ​រួច​ស្រោច​ទឹក​អោយ​ជោក​រាល់​៣​ថ្ងៃ​ម្ដង លុះត្រា​តែមាន​បែក​សន្លឹក​ថ្មី ។​
– យក​សំរាម​គ្រប​រណ្ដៅ ធាងដូង​សង្កត់​កុំអោយ​មាន់​កកាយ ហើយ​បោះ​ធាងដូង​បញ្ឆិត​ពី​ខាងជើង​បាំង​កំដៅ​អោយ​ចេក​ផង ។​
– ត្រូវ​ដាំពោត​តាម​ដី​លើក​ថ្មី ឬ​ដី​កាប់​នៅ​ជិតៗ ឬ​ចន្លោះ​ដើម​ចេក ។​

​ការធ្វើអោយ​ដីកា​ន់​តែមាន​ជី​
– ពុំមាន​ជី​ឯនា​ល្អ​ស្មើ​អាចម៍​ជន្លេន​ឡើយ ។ អាចម៍​ជន្លេន​គ្មាន​វិបត្តិ​ក្នុង​ការប្រើ គឺ​ល្អ​រហូត​គ្មាន​ចេះ​លើស​ងាប់​ដំណាំ ឬ​ខូច​ដី​ដូច​ជីគីមី ឡើយ ។ អោយ​តែមាន​អាចម៍​ជន្លេន​ច្រើន​ដំណាំ​អ្វី​ក៏​ល្អ​ទាំងអស់ ។​
– រក​ជន្លេន​ទ្រ​កមក​ដាក់ និង​ដាក់​កំទេច​ឈើ សំរាម​ពូន​គល់​ចេក និង​ទី​ក្បែរ​ត្រូវតែ​សំបូរ​ទៅដោយ​កំទេច​ពុក ។​
– ដើម្បីអោយ​សំបូរ​កំទេច​ពុកៗ ត្រូវតែ​ដាំពោត​តាម​ដី​ទួល​ដែល​យើង​លើក​អែបៗ គុម្ព​ចេក ។ ដើម​ពោត​នេះ​រួមទាំង​ដើម​ពោត​ពី​ស្រែ ប្រពលវប្បកម្ម ត្រូវដាក់​រាយ​គ​ចោល​លើដី​ជុំវិញ​គុម្ព​ចេក ។​

​ការរក្សា​ទឹក​ទុក​ក្នុង​ដី​នា​រដូវប្រាំង​
– ត្រូវអនុវត្ត​វិធី​ប្រើប្រាស់​ទឹក​នៅក្រោម​ដី ។​

​ការថែទាំ​យក​ដើម​ល្អ​
– កាត់​ធាង​ងាប់​គ្រប​ជុំវិញ​គុម្ព​អោយ​ខ្ពស់ បិតបាំង​កូនតូច​កុំអោយ​មាន់​ចឹក​ស៊ី​បណ្ដូល ។​
– ពូន​គល់​ដោយ​ស្មៅ​សំរាម ព្រមទាំង​ដី​អោយ​ខ្ពស់​កំពង់ និង​កាន់តែ​រីក​ធំ​ចេញ ព្រោះ​កូន​ចេក ដែល​ដុះ​ឡើង​ពី​ទី​ជ្រៅ​ច្រើន​ថ្លោស ។​
– កូន​ត្រូវ​ទុក គឺ​កូន​ដែល​ថ្លោស​លូត​លឿន លុះដល់​ត្រឹម​ចង្កេះ​ទើប​បែក​ស្លឹក​តូចៗ ។ បើសិន​ជាដើម​ស្គម​តូច​ត្រូវ​ប្រើ​កាំបិត​ស្រួច​មុត ចាក់​ជ្រៅ​ក្នុង​ដី​កាត់ចោល ។ ព្រោះ​បើ​ទុក​វា​មិន​ហុច​ផល តែ​នាំអោយ​ស្តុក​និង​បង្ហិន​ជី​ទៀត ។ កូន​ចេក​កាត់ចោល​នេះ​ជា​ចំណី​របស់ ចៀម ។​
– ក្នុង​គុម្ព​នីមួយៗ ត្រូវ​សំរាំង​ទុក​តែ​ដើម​ធំ ។​
– ដើម​ណា​ស្លឹក​លឿងទំ​ឆាប់ ហើយ​ដេញ​ពីក្រោម​ទៅ​បណ្ដូល នោះ​ជាដើម​ក្រា​ស៊ី ត្រូវ​កាប់​វា​ចោល ទុក​ក៏​ពុំ​អោយ​ផល ។​


​ការ​ទំលាក់​ត្រយូង​
– ដើម​ធំ​ចេញ​ត្រយូង​ធំ ។​
– ត្រយូង​ទំលាក់​នៅ​រដូវភ្លៀង​ទើប​ផ្លែ​ថ្លោស​ល្អ ។​
– ចេកទំ​លាក់​ត្រយូង​បន្ត​គ្មាន​កំណត់ ព្រោះ​វា​ចេញ​កូន​បន្ត​គ្នា ។​

​ការកំណត់​ស្និតចេក​តាម​ស្ទង​នីមួយៗ​
– រដូវប្រាំង​កុំ​ទុក​ច្រើន​ស្និត ព្រោះ​បើ​ផ្លែ​តូច​ពេក​ក៏​ពុំមាន​តំលៃ ។​
– កាលបើ​ដើម​ណា​ទំលាក់​ត្រយូង​ហើយ ត្រូវ​តាមដាន​វា​មើល​រាល់ថ្ងៃ ដើម្បី​ពិនិត្យមើល​ស្និត ដែល​បក​ឡើង​រាល់​ថ្ងៃនោះ​យ៉ាងណា ។ បើ​ចេញ​ប្រុង​បាន​១១​ស្និត ទាំង​ស្និត​ចុង នោះ​ត្រូវ​កាត់ចេញ​ត្រឹម​១០​ស្និត ។ ស្និត​ចុង​ទី​១១ នេះ​តូច​លក់​មិនបាន ។ បើ​ទុក​វា ស្និត​ទី​១០ ក៏​ពុំ​សូវ​ធំ​ដែរ ។​
– ស្ទង​ណា​ដែល​បណ្ដោយអោយ​វា បន្ត​បក​ចេញ​ស្និត​ច្រើន ហួស​បី​ស្និត​បានការ ផ្លែ​វា​ស្គម​ក្រ​ធំ ។​
– យើង​ប្រៀបធៀប​ចេក​២​ស្ទង ដែល​ដើម​ប៉ុនគ្នា ទំលាក់​តំណាលគ្នា ហើយ​ត្រូវបាន​ផ្លែ​ល្អ​តែ ១០​ស្និត​ដូចគ្នា ។ ស្ទង​ទី​១ កាត់​យក​ត្រយូង​ភ្លាម​ពេល​ដែ​វា​បើក​ដល់​ស្និត​ទី​១០ ។ ស្ទង​ទី​២ កាត់​យក​ត្រយូង​នៅ​៥​ថ្ងៃ បន្ទាប់ពី​ការ​កាត់​ត្រយូង​ដើមទី​១ ។ នៅ​ថ្ងៃ​កាត់​ត្រយូង​ស្ទង​ទី​២ យើង​ឃើញ​ផ្លែ​ទាំង​១០​ស្និត​បានការ​ក្នុង​ស្ទង​ទី​២ តូច​ជាង​ផ្លែ​១០​ស្និត​នៅ​ស្ទង​ទី​១ ដែល​កាត់​មុន ។ ចេក​ទ​ឈាំ​ង​២​ស្ទង​នេះ​នៅតែ​ខុសគ្នា​រហូត​ពុំ​អាច​លូត​តាម​គ្នា​ទាន់​ឡើយ ។​
– ការ​ក្រ​កាត់​ត្រយូង​នៅ​ខាតបង់​មួយទៀត គឺ​បាន​ត្រយូង​តូច​យកមក​ធ្វើជា​បន្លែ ។​

strong>​កិច្ចការពារ​
– ត្រៀម​ឈើ​ចំ​ពាម​១​ចំនួន​សំរាប់​ទល់​គល់​ស្ទង​កុំអោយ​បាក់ក ។ ពិសេស​គឺ​ពួក​ចេកអំបូង និង​ចេក​ដែល​ទំលាក់​ត្រយូង​ក្នុង​រដូវប្រាំង ។​
– នៅ​រដូវប្រាំង​ត្រូវ​កាត់​ធាង​ក្រោមៗ ១​កំណាត់​ចោល ដើម្បី​បន្ថយល្បឿន​ទឹក​ដែល​ត្រូវ​ចេញ​ក្រៅ ។ បើ​មាន​ចិញ្ចឹម​ចៀម ធាង​កាត់ចោល​នេះ ជា​ចំណី​ល្អ​របស់​ចៀម ។​

​ការ​ហូត​ផល​
– ចេក​ដែល​ថែទាំ​ល្អ ពូន​គល់​ល្អ ជី ទឹក​គ្រប់គ្រាន់ មាន​ផ្លែ​រហូតដល់​៤០ ក្នុង​១​ស្និត គឺ​ផ្លែ​វា​ឡើង​៤​ជួរ​ក្នុង​១​ស្និត ។ ផ្លែ​របៀបនេះ ច្រើន​ជា​ពួក​ចេក អំបូ​អ​និង​ពងមាន់ ។​
– ក្នុងពេល​ធម្មតា​ត្រូវ​កាត់​បន្ទំ តំរូវ​លក់​ថ្ងៃកោរ និង​ថ្ងៃសីល ថ្ងៃបុណ្យ ថ្ងៃ​ចិន​សែន ថ្ងៃ​ភ្ជុំបិណ្ឌ ។​
– កុំ​ទុកអោយ​ទំ​ដើម ព្រោះ​វា​នាំអោយ​សាប ម្យ៉ា​ទៀត​សត្វ​ស៊ី ទោះបី​១​ស្និត​អស់​តែ​១​ផ្លែ ក៏​វា​បាត់​តំលៃនៅលើទីផ្សារ ។​
– ចេកអំបូង​ត្រូវ​បន្ទំ​ដោយ​ថ្ម​ស្អុយ ។​
– ដើម​ចេក កាលបើ​ហាន់ រួច​លាយ​កន្ទក់​១​ក្ដាប់ និង​ប្រស់​ទឹកអំបិល​តិចៗ ជា​ចំណី​យ៉ាង​ល្អ​របស់​ចៀម​នៅ​រដូវក្ដៅ​ដែល​ក្រ​ស្មៅ ។​


​ពេល​ឡើង​គល់​
– កាលណា​ឡើង​គល់ កូនតូច​លែង​ថ្លោស នាំអោយ​ផ្លែ​តូច ។​
– ត្រូវ​រៀប​រណ្ដៅ​ថ្មៅ​នៅ​ចន្លោះ​គុម្ព​ចាស់ ដោយ​ដាំ​តាមរបៀប​ដូចដែល​ណែនាំ​ហើយ នៅ​ដើមរដូវ​ភ្លៀង ។ ធ្វើ​របៀបនេះ​ដើម្បី​ទុក​ដើម ចាស់​ហូត​ផល​ខ្លះ និង​ធ្វើជា​ម្លប់​អោយ​ដើម​ថ្មី ។ លុះដល់​ដើម​ថ្មៅ​ធំ យើង​កាប់​រះ​ធាង​គុម្ព​ចាស់​ចោល​ខ្លះ ដើម្បីអោយ​ស្រឡះ​ដើម​ថ្មី ។ ព្រោះ​បើ​កាប់​ចិញ្ច្រាំ​គ្រប​ដី ធ្វើអោយ​ជន្លេន​កាន់តែ​សំបូរ ដែល​ធ្វើអោយ​ដី​មាន​ជី​កាន់តែ​ល្អ ។​

​ដាំចេក​១​គុម្ព យើង​នឿយហត់​ដំបូង ២​ថ្ងៃ គិត​ទាំង​ជីក​ប្រឡាយ ជីករណ្ដៅ ដាក់​ដី​ថ្មី​ក្នុង​រណ្ដៅ​វិញ​នឹង​ដាំ ។ រីឯ​ការថែទាំ​តិចតួច​ដូច ជាការ​ហាត់ប្រាណ ។ ពេល​ទទួលផល​វិញ យើង​ផាត់​ឆ្នាំ​ទី​១​សំរាប់​រំ​លួស ទុន​កំលាំង រីឯ​ផល​បន្តទៀត​សុទ្ធតែ​ចំណេញ​ទាំងអស់ ។ ដូច្នោះ​មិនបាច់​ចងការ​ប្រាក់​គេ​មក​ធ្វើ​ទុន​បង្វិល​ទេ បើ​យើង​រកស៊ី​ហ៊ុន​គ្នា​ជាមួយ​ចេក​តែ​៣០​គុម្ព នៅក្នុង​ដី​យើង ចេក​នឹង​ចែក​លុយ ចំណេញ​អោយ​យើង​រាល់​ខែ ៕