ដំណាំ​ដំឡូងជ្វា​

598

១-​សារៈសំខាន់​របស់​ដំឡូងជ្វា​
​ដំឡូង​ជា្វ​ជា​ដំណាំ​មើម​មួយ​ប្រភេទ ដែល​កសិករ​និយម​ដាំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ មើម​របស់​វា គេ​អាច​យក ទៅធ្វើ​អាហារ​សំរាប់​ជំនួស​បាយ​បាន ។ ម្យ៉ាងវិញទៀត គេ​អាច​ច្នៃ មើមដំឡូង​ជ្វា​ធ្វើជា​បង្អែម ធ្វើជា​តំណាប់ ។​ល​។ ដំឡូងជ្វា ជា​ដំណាំ​មួយ​ប្រភេទ ដែល​សម្បូរ​ទៅដោយ​កាបូន​អ៊ី​ដ្រា​ត ឬ​ជាតិ​ម្សៅ និង​វីតាមីន ”​អា​” ចំណែក​ទង និង​ស្លឹក របស់​វា គេ​អាច​យកទៅ​ធ្វើជា បន្លែ និង​ចំណី​សត្វ​បាន​យ៉ាង​ល្អ ។​

​ដំឡូងជ្វា គឺជា​អាហារ​ទ្រទ្រង់​រាងកាយ​មួយ​មុខ​ដ៍​សំខាន់​ផងដែរ ។ ព្រោះ​វា​សម្បូរ​ជាតិ​ម្សៅ​ដូច​អង្ក​រដែរ វា​អាចជួយ ជំនួស​ការខ្វះខាត​ស្បៀង​បាន​ម្ដងម្កាល​ដោយ​ការបរិភោគ​មើមដំឡូង​ជ្វា ។​

២-​ប្រភេទ​ពូជ​
​ដំឡូងជ្វា មានពូជ​ជាច្រើន​ប្រភេទ គេ​អាចបែងចែក​ពូជ​របស់​វា​ទៅតាម ទំរង់​ស្លឹក ប្រវែង ដើម​ពណ៌​របស់​សំបក និង​សាច់​មើមដំឡូង ។​

​ពូជ​របស់​ដំឡូងជ្វា​មាន​ដូចតទៅ​:

​ក​-​ពូជ​ល្ពៅ​
​ពូជ​នេះ ស្លឹក​របស់​វា មាន​លក្ខណៈ​ឆែក​ប្រហែល​ស្លឹក​ល្ហុងខ្ញែរ សំបក​មើម និង​សាច់​ពណ៌​លឿងខ្ចី ។​

​ខ​- ពូជ​ហា​វៃ​
​មាន​ស្លឹក​ពណ៌​បៃតង មិន​ឆែក​ខ្លាំង សំបក​ពណ៌​ក្រហម​ភ្លាវ និង​សាច់​មើម​ពណ៌​លឿងខ្ចី ។​

​គ​-​ពូជ​ត្រួយ​ស្វាយ​
​មាន​ស្លឹក​ឆែក សំបក​មើម ពណ៌​ក្រហម និង​សាច់​មើម​ពណ៌​ស ។​

​ឃ​-​ពូជ​តៃ​នាង ៦៦
​មាន​ស្លឹក​ពណ៌​បៃតង​ទ្រវែង សំបក​មើម​ក្រហម​ចាស់ សាច់​ពណ៌​ទឹកក្រូច ។​

៣-​បច្ចេកទេស​ដាំ​ដុះ​
៣.១ ការជ្រើសរើស​ដី និង​រដូវ​កាល​ដាំ​ដុះ​

​ដំឡូងជ្វា ជា​ដំណាំ​ប្រភេទ​យក​មើម ដូច្នេះ​ការជ្រើសរើស​ដី​សំរាប់​ដាំ​ដុះ វា​ជាការ​សំខាន់​ណាស់ ។ ដី​ដែល​សមស្រប សំរាប់​ដំឡូងជ្វា គឺ​តំបន់​ដីក្រហម ដីភ្នំ ដីល្បាប់​ទន្លេ ឬ​ស្ទឹង និង​ដីល្បាប់​ខ្សាច់ ។ ចំណែកឯ​ដីស្រែ​ក៏​អាច​ដាំ​ដុះ​បានដែរ គឺ​ដាំ​នៅ​បន្ទាប់ពី​ប្រមូល​ផល​ហើយ ។ ដំឡូងជ្វា​គេ​អាច​ដាំ​បាន​នៅ​គ្រប់​រដូវ​កាល ។ នៅ​រដូវភ្លៀង​គេ​ត្រូវ​ដាំ​នៅលើ​ដី​ទួល ឬ​ដី​មិន​លិច​ទឹក និង​ជាំ​ទឹក ។ ពេលវេលា​ដែល​ល្អ​សមស្រប​សម្រាប់​ដាំដំឡូង​ជ្វា គឺ​នៅ​ដើមរដូវ​ភ្លៀង ។​

៣.២ ការធ្វើ​ដី​
​បើសិន​អ្នក​ដាំដំឡូង​នៅលើ​ដីស្រែ ដែល​ទើប​ប្រមូល​ផល​រួច​អ្នក​ត្រូវ​ភ្ជួរ​ដី​ចោល​ឲ្យ​បាន ២​សា ។ ១០​ថ្ងៃ បន្ទាប់មក​អ្នក ត្រូវ​បាច​ជី​លាមក​គោមួយ​រទេះ​ក្នុង​ផ្ទៃដី ១០​ម៉ែត្រការ៉េ រួចហើយ​អ្នក​ត្រូវ​រាស់​ត្រឡប់​ដី​ភ្លាម រួច​ទុក​ដី​ចោល​រយៈពេល ៣​ថ្ងៃ ។ ក្រោយមកទៀត​អ្នក​ត្រូវយក​នង្គ័ល​ភ្ជួរ​ប្រណម​រង​ឲ្យ​បាន​ជើង​រង​១​ម៉ែត្រ ខ្នង​រង​៧០​ស​.​ម រួច​យក​ចប​ជួយ​ថែម ដី​ខ្លះទៀត ដើម្បី​បំពេញ​ដី​រង​ឲ្យ​ស្អាត​ល្អ ។ អ្នក​មិន​ត្រូវធ្វើ រង​តូច​ពេក​ទេ ពីព្រោះ​ដំឡូង​ចុះ​មើម​មិនបាន​ល្អ ។ ដំឡូងជ្វា ជា​ដំណាំ ដែលមាន​ឫស​វែង ដូច្នេះ អ្នក​គួរ​គប្បី​ភ្ជួរ​ដី​ឲ្យ​បាន​ជម្រៅ​ប្រហែល​ពី ២០ ទៅ ៣០​ស​.​ម រួចហើយ​ហាល​ដី ឲ្យ​បាន ពី ៧ ទៅ ១០​ថ្ងៃ រួច​ច្របល់ ជី​ឲ្យ​បាន​សព្វ​ល្អ ។​

៣.៣ ការជ្រើសរើស​ទង​សំរាប់​ដាំ​
​អ្នក​ត្រូវ​ជ្រើសរើស​ទង​ណា ដែល​ថ្លោស និង​ខ្ចី​ល្មម ហើយ​ដែលមាន​អាយុ​ពី ៤០ ទៅ ៥០ ថ្ងៃ និង​មាន​ថ្នាំង​ញឹក​ល្អ ។ ប្រវែង​ទង​ដែល​សមស្រប​ល្អ សំរាប់​ដាំ​នោះ គឺមាន​ប្រវែង​ពី ២០ ទៅ ៣០ ស​.​ម ហើយ​អ្នក​មិនត្រូវ​យក​ទង​ណា ដែល មាន​ឫស​ដុះ​ច្រើន នៅតាម​ថ្នាំង​នោះទេ ម្យ៉ាងវិញទៀត​អ្នកត្រូវកា​ត់​ស្លឹក​នៅជាប់​ទង​ចោល​មួយចំនួន ប៉ុន្តែ​អ្នក​ត្រូវ​ទុក​ខ្លះ ។​



៣.៤ ការរក្សា​ពូជ​ទុក​សំរាប់​ដាំ​
​ប្រសិនបើ​អ្នក​ដាំ​ដំឡូងជ្វា​នៅ​រដូវ​សម្រក អ្នក​ត្រូវ​ដាំ​ពូជ​ស្រាល​ហើយ​ត្រូវ ត្រៀម​ពូជ​ទុក​តាំងពី​ខែកក្កដា ដោយ​អ្នក​គ្រាន់តែ​ដាំដំឡូង​ទុក​នៅលើ​ដី​ទួល ឬ​នៅតាម​រាន​ខ្ពស់ៗ ដែល​ដី​មាន​ជីជាតិ​ល្អ ហើយ​មិនត្រូវ​ឲ្យ​ដំឡូង​ត្រូវ​កំដៅ ថ្ងៃ​ពេក​ទេ គឺ​ដើម្បី​រក្សា​ដើម​ដំឡូង​ឲ្យ​នៅ​ខ្ចី​ល្អ ដើម្បី​ទទួលបាន​ផល​ច្រើន ។​

៣.៥ វិធី​ដាំ​
​ការដាំ​ដំឡូងជ្វា វា​អាស្រ័យ​ទៅតាម​ប្រភេទ​ដី ប្រសិនបើ​ដី​ល្អជា​ដី​មាត់ទន្លេ​អ្នក​អាច​ដាំ​បាន​ពីរ​ជួរ នៅលើ​រង​មួយ ប៉ុន្តែ​បើ​នៅលើ​ប្រភេទ​ដីស្រែ​អ្នក​ដាំ​តែមួយ​ជួរ នៅលើ​រង​មួយ​ជាការ​ល្អ ។ ចន្លោះ​នៃ​ការដាំ​ពី​ដើម​មួយ​ទៅ​ដើម​មួយ ប្រវែង​ពី ៣០ ទៅ ៥០ ស​.​ម ហើយ​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ គឺ​ប្រវែង​១​ម៉ែត្រ ។ អ្នក​ត្រូវដាក់​ទងដំឡូង​កប់​ដី​ឲ្យ ផ្អៀង​ប្រហែល ៤៥ ដឺ​ក្រេ ដោយ​ឲ្យ​ចុង​ទងដំឡូង​ផុតពី​ដី​មួយ​ថ្នាំង ឬ​ពីរ​ថ្នាំង ។​


៣.៦ ការថែទាំ​
​ការថែទាំ​វា​ជា​ការងារ​សំខាន់​ណាស់ ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ ។ នៅពេល​អ្នក​ដាំដំឡូង​រួច​ភ្លាម​អ្នក​ត្រូវយក​ចំបើង ឬ ស្មៅ​ក្រៀម ឬ​កំប្លោក​គ្របពីលើ​រង​ឲ្យ​ជិត ដើម្បី​ការពារ​កុំ​ឲ្យ​ក្ដៅ​ពេក ឆាប់​ខ្សោះ​ទឹក​ពីក្រោម​ដី ហើយ​ម្យ៉ាងវិញទៀត ដើម្បី​ការពារ​ដៃ​ដំឡូង​កុំ​ឲ្យ​ប៉ះ​ទៅនឹង​ដី​នាំ​ឲ្យ​វាចា​ក់ឫស​ច្រើន ។ បើសិន​ដំឡូង​ល្អ​ខ្លាំងពេក​អ្នក​ត្រូវ​ឧស្សាហ៍​បេះ​ត្រួយ ឬក៏​ត្រូវ​កាត់​រំលែក​ដើម​ខ្លះ ដើម្បី​ឲ្យ​មើម​របស់​វា​ថ្លោស​ល្អ ហើយ​អ្នក​អាច​យក​ដើម​ដែល​កាត់​នោះ​ទៅធ្វើជា​ចំណី​របស់ សត្វ ។ ទង​ដៃ​ដំឡូង​មិនត្រូវ​ឲ្យ​វារ​លើ​ពី ២ ម៉ែត្រ​ឡើយ ។ អ្នក​មិនត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគជាំ​ពេក​ទេ ពីព្រោះ​វា​អាច នាំ​ឲ្យ​ដី​ក្ដាំង ។ បើ​រាំងភ្លៀង​យូរពេក​អ្នក​ត្រូវ​ជ្រោយ​ដី​ឲ្យ​ម៉ដ្ឋ ពូន​រង​ថែម​ឲ្យ​បាន​កំពស់ ៣.០ ស​.​ម ។ អ្នក​ត្រូវ​សំអាត ស្មៅ​ចោល​ពេល​ដំឡូង​នៅ​តូច ហើយ​គួរ​ជ្រួយ​ពូន​ជុំវិញ​គល់ ដើម្បី​ឲ្យ​ដំឡូង​ចុះ​មើម​ល្អ ។ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​នៅពេល ជ្រួយដី​មិនត្រូវ​អោយដាច់​ឫស​របស់​ដំឡូង​ឡើយ ពីព្រោះ​វា​ប៉ះពាល់​ដល់​ការចុះ​មើម​របស់​ដំឡូង ។​


៣.៧ ការប្រមូល​ផល
​អ្នក​អាច​ប្រមូល​ផល​ដំឡូងជ្វា​បាន នៅពេល​ដំ​ឡូ​ជ្វា​បាន​អាយុ​ពី​៩០ ទៅ​១៥០​ថ្ងៃ​បន្ទាប់ពី​ដាំ​រួច ។ ម្យ៉ាងទៀត​នៅពេល ដំឡូងជ្វា​ជិត​គ្រប់​ខែ​ប្រមូល​ផល អ្នក​គួរ​គប្បី​ឧស្សាហ៍​ឆ្កឹះ​គល់​ឲ្យ​ចំ​មើម ដើម្បី​ពិនិត្យមើល​មើមដំឡូង ដើម្បី​ឲ្យ​ដឹងថា តើ​មើមដំឡូង​មាន​គឹ​ង​ស៊ី ឬទេ បើ​គឹ​ង​មិនទាន់​ស៊ី​មើមដំឡូង​ទេ​អ្នក​អាច​ពន្យារពេល​ប្រមូល​ផល​មួយរយៈ​ទៀត ដើម្បី​ឲ្យ មើម​កាន់តែ​ធំ​ល្អ ។ ប្រសិនបើ​អ្នក​ដាំដំឡូង​នៅ​រដូវប្រាំង អ្នក​មិនត្រូវ​ទុក​ឲ្យ​យូរពេក​ទេ ពីព្រោះ​វា​អាច​នាំ​ឲ្យ​គឹ​ង​ស៊ី​មើម របស់​ដំឡូង​អ្នក​អាច​ប្រមូល​ផល​ដំឡូង​ដោយ​គាស់​នឹង​ចប​ចំពោះ​ផ្ទៃដី​តូចៗ បើ​អ្នក​ដាំ​ជា​លក្ខណៈ​ចំការ​ធំៗ អ្នក​អាច ប្រមូល​ផល​ដំឡូង​ដោយ​ភ្ជួរ ហើយ​ដើរ​រើស​មើម​តែម្ដង ។​

៤-​ជម្ងឺ និង​សត្វល្អិត​
​ជម្ងឺ​ដែល​សំខាន់​ចំពោះ​ដំឡូងជ្វា ហើយ​តែង​កើតជា​ញឹកញាប់​នោះ គឺ​ជម្ងឺ​ក្រា​ស៊ី​ស្លឹក និង​ជម្ងឺ​មើម​រលួយ ។ ចំណែកឯ សត្វល្អិត​វិញ គឺ​ពពួក​ដង្កូវ​ដំឡូង​ឫស គឹ​ង​ដំឡូង និង​ចៃ ៕​