ដំណាំ​ត្រកួន​

424

ប្រភព
​ត្រកួន​ជា​ដំណាំ​មួយ​ប្រភេទ​ដែលមាន​ប្រភព​នៅ​តំបន់​អាស៊ី​ត្រូពិច (​ឥណ្ឌា​) ហើយ​វា​ដុះ​លូតលាស់​ពាសពេញ​នៅ​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ តំបន់​ត្រូពិច ទ្វីបអាមេរិក​ខាងត្បូង អាមេរិក​កណ្ដាល និង​តំបន់​សមុទ្រ​អូ​សេ​អា​នី ។ នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ត្រកួន គឺជា​បន្លែ​ស្លឹក​ដ៍​មាន​សារៈសំខាន់ ដែល​ត្រូវបាន​គេ​ដាំ​យ៉ាង​ទូលំទូលាយ​ជា​លក្ខណៈ​គ្រួសារ ឬ​ប្រពលវប្បកម្ម ។​

លក្ខណៈ​រូប​
​ត្រកួន គឺជា​ប្រភេទ​ដំណាំ​ប្រចាំឆ្នាំ ឬ​ជា​ដំណាំ​អចិន្ត្រយ៍ ។ វា​ជា​ប្រភេទ​ដំណាំ​ស្មៅ​ដែលមាន​លក្ខណៈ​រលោង ហើយ​ដុះ​លូតលាស់​លឿន ស្លឹក​ក្រាស់ សំបូរ​ជាតិ​ទឹក ដើម និង​មែក​ប្រហោង​ខាងក្នុង ហើយ​នៅលើ​ដី​សើម​នៅតាម​ថ្នាំង​នីមួយៗ មាន​ដុះ​ឫស ក្រោយពេល​សាប​គ្រាប់ ពូជ ។ ដើម្បី​ឲ្យ​ត្រកួន​នេះ​ដុះ​លូតលាស់​ល្អ ប្រមូល​ផល​បាន​ច្រើនសារ និង​រយៈពេល​យូរ​នោះ នៅពេល​ប្រមូល​ផល គេ​ច្រូត​វា​ឲ្យ​ដល់​គល់ ត្រឹម​ដី រួចហើយ​គេ​ជ្រុំ​ជ្រោយ​ដី​ក្នុង​រង​ឲ្យ​សព្វ ហើយ​ហាល​ដី ១ ថ្ងៃ ។ លុះ​ថ្ងៃ​បន្ទាប់មក​គេ​យក​ជី​កំ​ប៉ុ​ស្ត​មក​រោយ​ពីលើ រួច​គ្រប​ចំបើង​គល់ ហើយ​ស្រោច​ទឹក រហូតដល់​រយៈពេល ១០ ទៅ ១៥ ថ្ងៃ ត្រកួន​ចាប់ផ្ដើម​លាស់​ឡើងវិញ​អាច​កាត់​បរិភោគបាន ។​



ត្រកួន​ត្រែង​: ត្រកួន​នេះ​គេ​ច្រើន​ដាំ​ដើម្បី​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ ។ គេ​ច្រើន​ដាំ​ត្រកួន​នេះ​ដោយ​ដើម​នៅលើ​ដីស្រែ​ក្បែរ​ផ្ទះ និង​ក្បែរ ប្រភពទឹក ។ ដំបូង​គេ​ភ្ជួរស្រែ​អោយ​រាបស្មើ រួច​បញ្ចូល​ជីលា​មក​គោ​ទ្រាប់​បាត និង​បញ្ចូល​ទឹក​អោយ​ភក់ៗ ។ បន្ទាប់មក​គេ​ច្រូត​ដើម​ត្រកួន ដែល​គេ​បាន​ទុក​ពូជ​នោះ ប្រ​វែ​ល​ប្រហែល ២០ ស​.​ម មក​ទុក ១​ថ្ងៃ ឲ្យ​វា​ស្រពោន ទើប​គេ​យក​វា​ទៅ​ស្ទូង​លើដី​ស្រែ​ដែល​បានរៀបចំ​រួច ២ ទៅ ៣ ដើម​ក្នុង​មួយ​គុម្ព ចន្លោះ​ប្រហែល ០,៥​ម៉ែត្រ ក្នុង​មួយ​គុម្ពៗ ។ រយៈពេល​ប្រហែល​៣០​ថ្ងៃ គេ​អាច​ប្រមូល​ផល​វា​បាន ។ បើសិនជា គេ​ចង់​ប្រមូល​ផល​វា​ឲ្យ​បានយូរ​អង្វែង​ពេលដែល​វា​មិនសូវ​ដុះ​លូតលាស់ និង​បែក​ល្អ គេ​បង្អត់ទឹក​វា​រយៈពេល ៣​ថ្ងៃ រួច​បញ្ចូល​ទឹក និង​បំប៉ន​ជី​ឡើងវិញ នោះ​វា​នឹង​ចាប់ផ្ដើម​បែក​ឡើងវិញ​មិន​ខាត​ពេល​ដាំ​សារ​ឡើងវិញ ។​

​ត្រកួន​ទឹក ឬ​ត្រកួន​បឹង​: ត្រកួន​នេះ​គេ​ច្រើន​ដាំ​សំរាប់ធ្វើ​អាជីវកម្ម​ខ្នាត​ធំ ដែលមាន​ទំហំ​ពីរ ។ ត្រកួន​នេះ​គេ​ច្រើន​ដាំ​ដោយ​ដើម ដូចជា​ត្រកួន ត្រែង​ដែរ គេ​បោច​ត្រកួន​ពូជ ដែល​គេ​បាន​ដាំ​ទុក​នៅលើ​ដី​សើម​ក្បែរ​មាត់បឹង រួច​យ​កវាម​កមូរ​ជា​ដុំ​ប្រវែង​ប្រហែល ៣​តឹក ទំហំ​ប៉ុន​កំភួន ដៃ​មក​ទុក​រយៈពេល ៣​ថ្ងៃ ដើម្បី​ឲ្យ​វា​ស្រពោន​បន្តិច និង​ជ្រុះ​ស្លឹក ។ គេ​អាច​បោច​ត្រកួន​ស្រស់​ភ្លាម​ក៏បាន ប៉ុន្តែ​ការលូតលាស់​របស់​វា​មាន ការ​យឺត​ជាង​ការទុកអោយ​ជ្រុះ​ស្លឹក ។ គេ​យក​ដុំ​ត្រកួន​ដែល​គេ​មូរ​ចង​រួច​នោះ មក​ចង​នឹង​ខ្សែរ ចន្លោះ ២​តឹក ប្រវែង​ទៅតាម​ប្រវែង​ដី​បឹង របស់គេ រួចហើយ​គេ​ថ្ពក់​ខ្សែ​ទៅនឹង​បង្គោល ដែល​គេ​បាន​បោះ​រួចស្រេច​នៅក្នុង​បឹង ខ្សែ​ដែល​គេ​ថ្ពក់​នោះ អាច​ឡើង​ចុះ​បាន ទៅតាម​កំពស់​ទឹក ។ ចំងាយ​រវាង​ខ្សែរ​មួយ ទៅ​ខ្សែរ​មួយទៀត​មាន ចំងាយ​ពី ៣ ទៅ ៥ ម៉ែត្រ ដើម្បី​ទុកចន្លោះ​ឲ្យ​ត្រកួន​វា និង​ចេញចូល​ទូក​ថែទាំ ។​

​ការ​ទុក​ពូជ
​ត្រកួន​ជា​រុក្ខជាតិ​បន្ត​ពូជ​ដោយ​គ្រាប់ និង​ដោយ​ដើម ។ ចំពោះ​ត្រកួន​ទឹក និង​ត្រកួន​ត្រែង​គេ​ច្រើន​ដាំ​ដោយ​ដើម ។ នៅក្នុង​ខែមករា ទឹក​បឹង ចាប់ផ្ដើម​ស្រក​ចុះ​ដល់​ដី ដូច្នេះ​គេ​ទុក​វា​ឲ្យ​ចាស់​សំរាប់​ធ្វើជា​ពូជ​ដាំ​តទៅទៀត ។ ចំណែកឯ​ត្រកួន​ត្រែង​វ​ញ គេ​ទុក​ពូជ​នៅលើ​ដីគោក ដែល​សើម​សំរាប់​កាត់​យកទៅ​ដាំ​បន្តទៀត ។ ឯ​ចំណែកឯ​ត្រកួន​ត្រែង​វិញ គេ​ទុក​ពូជ​នៅលើ​ដីគោក​ដែល​សើម​សំរាប់​កាត់​យកទៅ​ដាំ​បន្ត ទៀត ។ ចំណែកឯ​ត្រកួន​ចិន​វិញ​គេ​រៀបចំ​រង​ដូច​រង​ដាំ​ត្រកួន​ធម្មតា​ដែរ តែ​គេ​ថែរ​វា​ទុក​ដោយ​មិន​កាត់​យកមកប្រើ​ប្រាស់​ទេ ។ ត្រកួន​ជា​រុក្ខជាតិ ដែលមាន​ផ្លែ​ប្រកាន់​រដូវ នៅក្នុង​កំឡុង​ខែ វិច្ឆិកា និង​ធ្នូ វា​ចាប់ផ្ដើម ផ្កា គេ​ទុក​វា​រហូតដល់ ខែមករា​ទើប​វា​ទុំ​ល្អ អាច​ប្រមូល​គ្រាប់​យកមក​ទុក​ធ្វើ​ពូជ​បាន ។ គេ​ច្រើន​ចាប់ផ្ដើម​ដាំ​ត្រកួន​សំរាប់​ទុក​ធ្វើ​ពូជ​នៅក្នុង កំឡុង​ខែ មិថុនា និង កក្កដា ៕​