ដំណាំ​ត្រសក់​ចំណារ​

502

I. ស្ថានភាព​ទូទៅ​
​ដំណាំ​ត្រសក់​ត្រូវបាន​គេ​ជឿជាក់ថា មាន​ប្រភព​នៅ​ប្រទេស​ឥណ្ឌា ក្រោយមក​ក៏​រីក​រាលដាល​ទៅ​ប្រទេស​អេ​ស៊ី​ប ប្រទេស​ក្រិច ចិន ឥណ្ឌូនេស៊ី ប្រទេស​ថៃ និង​នៅ​ទ្វីបអាមេរិក ។

​ដំណាំ​ប្រភេទ​នេះ គេ​ចាត់បញ្ចូល​ទៅក្នុង​ដំណាំ​ត្រូវការ​អាកាសធាតុ​ក្ដៅ​មធ្យម​ចន្លោះ ១៨-៣០ C ។​
– ត្រសក់​ចំណារ​ស្ថិតក្នុង​លំដាប់ Cucurbits គ្រួសារ Cucurbitaceae ឈ្មោះ​វិទ្យាសាស្ត្រ Cucumis sativus ឈ្មោះ​ធម្មតា​គឺ Cucurnber ។ គេ​ចែកចេញជា​ពីរ​ប្រភេទ​គឺ ប្រភេទ​សំបក​រលោង និង​សំបក​គ្រើម ។ វា​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេងៗ ជាច្រើន​ដូចជា​សាច់​បរិភោគ ៨៣% ទឹក ៩៦,៣​ក្រាម ប្រូតេអ៊ីន ០,៤៤​ក្រាម ប្រេង​ខ្លាញ់ ០,៥​ក្រាម ថាមពល ១៣ គីឡូ​កាឡូរី Cal10 mg.p 25 mg. ដែក 1,5 mg និង​វីតាមីន​សេ ៧ មី​លី​ក្រាម ក្នុង​ចំនួន​ទំងន់ ១០០​ក្រាម​ដែល​បរិភោគបាន​ផ្លែ​ខ្ចី ។​

II. បច្ចេកទេស​ដាំ​ដុះ​
– ដើម្បី​ទទួលបាន​ទិន្នផល​ពី​ការដាំដុះ ដាំំ​ណាំ​ត្រសក់​ក៏​ដូច​ដំណាំ​ឯទៀត​ដែរ​ត្រូវមាន​ការងារ​ច្រើន​ដែល​ត្រូវ​អនុវត្តន៍ ដូចតទៅ​:

១- ការជ្រើសរើស​ពូជ
​ការជ្រើសរើស​ពូជ​ជា​កត្តា​សំខាន់បំផុត​នៅក្នុង​ការដាំដុះ​ព្រោះ​ពូជ​មាន​លក្ខណៈផ្សេងៗ​ពីគ្នា ហើយ​ត្រូវបាន​ចែកចេញ ជា ៣​ប្រភេទ ដូចតទៅ​:
– ពូជ​ស្រាល​: ពូជ​នេះ​មាន​អាយុកាល​លូតលាស់​ខ្លី​គៗ​ប្រមាណ​ពី ៣៥-៤០ ថ្ងៃក្រោយ​ដាំ ភាគច្រើន​គឺ​ផ្លែ​ល្អិត​តូចៗ ជា​ចង្កោមៗ​មាន​បន្លា​ច្រើន​ជួរ​តាម បណ្ដោយ​នៃ​ផ្លែ ទទឹង​ផ្លែ​មិន​លើស ១,៥​ស​.​ម ប្រវែង​ជា​មធ្យម ៨-១០​ស​.​ម ។ សន្លឹក​ល្អិត ដើម​តូច​ផ្កា​ឈ្មោល​ច្រើន​តាម​ថ្នាំង​នៃ​ដើម ហើយ​មាន​រោម​ក្រាស់​លើ​ផ្ទៃ​ស្លឹក និង​ដើម គ្រាប់​តូច​ល្អិត​ស្រួចៗ ហើយ​ខ្លី ទំងន់ ១០០​គ្រាប់​មាន​ចំនួន ២,៥-៤​ក្រាម ប្រភេទ​នេះ​គេ​ឲ្យ​ឈ្មោះថា​ត្រសក់​បន្លា ឬ​ត្រសក់​ជ្រក់ ។​
– ពូជ​កណ្ដាល​: ពូជ​នេះ​មាន​អាយុកាល​លូតលាស់​មធ្យម គឺ​ប្រមាណ​ពី ៤០-៥០ ថ្ងៃក្រោយ​ដាំ ។ ផ្លែ​ភាគច្រើន​មាន​ពណ៌​បៃតង​ស្រាល​ផ្នែ​ង​ខាង​គូទ​មាន​ពណ៌​លឿងខ្ចី ផ្លែ​ច្រើន​រាយៗ មិន​ចង្កោម ទទឹង​ផ្លែ​មាន​ប្រវែង ៣-៤​ស​.​ម បណ្ដោយ​ផ្លែ​ប្រវែង​ពី ១០-១៣​ស​.​ម រាង​របស់​ផ្លែ​វា​ធំ​កណ្ដាល តួច​ក្បាល និង​កន្ទុយ ពូជ​ប្រភេទ​នេះ​កសិករ ភាគច្រើន​ដាំ​នៅតាម​សួន​បន្លែ មិនមាន​លក្ខណៈ​ទ្រង់ទ្រាយ​ជា​ផលិតកម្ម​ធំៗ​ឡើយ ព្រោះ​ទិន្នផល​រាប់​ពី ៦-៨​តោន​ក្នុង ១​ហ​ត ។ លក្ខណៈ​សំគាល់​គឺ​: ស្លឹក​ធំ​ស្ដើង​រាង​មូល រោម​ខ្លីៗ​មាន​ពណ៌​បៃតង​ធម្មតា គ្រាប់​សំប៉ែត​ធំ​ខ្លី ។​
– ពូជ​ធ្ងន់​: ពូជ​នេះ​មាន​អាយុកាល​លូតលាស់​វែង​ប្រហែល​ពី ៥០-៧០​ថ្ងៃ ក្រោយ​ដាំ ។ ផ្លែ​របស់​វា​ទ្រវែង​មាន​ពណ៌ បៃតងចាស់​ប្រមាណ ២/៣ នៃ​ប្រវែង​ផ្លែ ។ មាន​ថ្នាំង​រង្វើល​បែកមែក​មធ្យម ស្លឹក​ធំ​ក្រាស់​ហើយ​ស្រួច មាន​រោម​រឹង ទទឹង​ផ្លែ​ជា​មធ្យម ៣,៥​ស​.​ម ប្រវែង​ជា​មធ្យម ១២-២០​ស​.​ម រូបសណ្ឋាន​នៃ​គ្រាប់ ទ្រវែង​ស្រួច កំប៉ោង​កណ្ដាល ទំងន់ ១០០​គ្រាប់​ពី ៣,៥-៥.៥ ក្រាម ច្រើន​ដាំ​នៅ​ខេត្តកណ្ដាល កំពង់ឆ្នាំង និង​កំពង់ចាម ។ ត្រសក់​មិនមែនជា​ដំណាំ ប្រកាន់​រដូវ​ឡើយ ប៉ុន្តែ​ពូជ​ត្រសក់​ក្រោយពី​សំរាំង​គ្រាប់​ហើយ​ត្រូវការ​សំរាក​រយៈពេល​ពី ៤-៦ ខែ​ទើប​អាច​ដាំ​ដុះ​បាន ។ លក្ខណៈពិសេស​មួយទៀត​គឺ បច្ចុប្បន្ន​មានពូជ ២ ប្រភេទ​គឺ ពូជ​គ្មាន​ជំនាន់ អាច​ដាំ​ហើយ​ទុក​ពូជ​បាន ប៉ុន្តែ​ពូជ​បង្កាត់ Hybrid F1 មិនអាច​ទុក​ពូជ​បានឡើយ ។ សេចក្ដីត្រូវការ​ពូជ​សំរាប់​ដាំ​លើ​ផ្ទៃដី ១​ហ​.​ត គឺ ៣,៥-៥ គ​.​ក្រ អាស្រ័យ​ទៅតាម​ភាគរយ​ដំណុះ និង​ចន្លោះ​គុម្ព​នៃ​ការដាំ ។​

២- ការជ្រើសរើស​រដូវ​
– សំរាប់​លក្ខខណ្ឌ​ប្រទេស​កម្ពុជា ដំណាំ​ត្រសក់​មិនមែនជា​ដំណាំ​ដែល​ប្រកាន់​រដូវ​ឡើយ វា​អាច​ដុះ​លូតលាស់​បាន​ចន្លោះ សីតុណ្ហភាព​ពី ២០-៣០ អង្សា​សេ ។ ប៉ុន្តែ​រដូវ​សមស្រប​បំផុត​គឺ​នៅ​ចុងរដូវ​វស្សា​ចាប់ពី​ខែតុលា​ដល់ ខែកុម្ភៈ ព្រោះ​ក្នុង អំឡុង​ពេលនោះ ត្រសក់​អាច​លូតលាស់​ល្អ ទិន្នផល​ខ្ពស់​បណ្ដាលមកពី​កត្តា​សីតុណ្ហភាព​ចុះ​ទាប​សំណើម​បរិយាកាស ខ្ពស់ ភ្លៀង​មិន​អូសបន្លាយ សីតុណ្ហភាព​ដី​ប្រែប្រួល​ទាប រយៈពេល​ពន្លឺ​ថ្ងៃ​មានកំ​រិត​សមស្រប ។ ប៉ុន្តែ​ត្រសក់​ជួប​កត្តា លំបាក​ជាច្រើន ចាប់ពី​ខែ មិនា ដល់​ខែ ឧសភា គឺ​សត្វល្អិត ជំងឺ​បំផ្លាញ​ច្រើន បណ្ដាលមកពី លក្ខខណ្ឌ​អាកាសធាតុ​មិន​សមស្រប​ធ្វើ​ឲ្យ​ត្រសក់​មាន​ទិន្នផល​ទាប ។ តែ​នៅ​រដូវវស្សា​វិញ​ចាប់ពី​ខែ មិថុនា ដល់​ខែ កញ្ញា ត្រសក់​ច្រើន​ជួប​ជំងឺ​បំផ្លាញ​ច្រើនជាង​សត្វល្អិត បណ្ដាលមកពី​សំណើម​ដី និង​សីតុណ្ហភាព​ដី​ប្រែប្រួល ។​

៣- ការជ្រើសរើស និង​រៀបចំ​ដី
– ការជ្រើសរើស​ដី​:
​ត្រសក់​ត្រូវការ​ដី​មាន​ជីជាតិ​គ្រប់គ្រាន់ សំបូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​បន្ទុក​ខ្យល់​គ្រប់គ្រាន់​សម្រាប់​ត្រសក់ គឺ​ដី​ប្រភេទ​ដី​ល្បប់​មាត់​ស្ទឹង បឹង ទន្លេ និង​ដីល្បាយខ្សាច់​មិន​ដក់​ទឹក​ក្រោយពេល​ភ្លៀង​ធ្លាក់ កាលណា​ទឹក​ដក់ លើសពី ២៤​ម៉ោង​ឡើងទៅ​ធ្វើ​ឲ្យ​ត្រសក់​ងាយ​កើត​ជំងឺ​ទុំ​ស្លឹក ។ ក្រៅពីនោះ វា​អាច​លូតលាស់​ល្អ​ដែរ​នៅលើ​ប្រភេទ​ដីក្រហម និង​ដីខ្មៅ​ក្នុង​តំបន់​ខ្ពង់រាប ប៉ុន្តែ​ដីឥដ្ឋ ឬ​ដីជូរ​ត្រសក់​លូតលាស់​មិនល្អ​ឡើយ ។ កាលណា​ដី​ដែល​ធ្លាប់​ដាំ​ដំណាំ​ប្រភេទ អំបូរ​ត្រសក់​ជាច្រើនលើក​រួចមក គេ​ត្រូវ​បន្ថែម​ជីលា​មក​សត្វ​ជាច្រើន​តោន​ក្នុង ១ ហ​.​ត ចន្លោះ​ពី ២០-៣០​តោន ។ ដី​ដែល​សមស្រប​ខ្លាំង​មាន pH ៦,៥-៧,៥ កាលណា pH ទាប​ជាង​៤ ត្រូវ​ផ្អាក​ការដាំ​ត្រសក់​រយៈពេល​១-២ ឆ្នាំ ត្រូវ​ដាំ​ដំណាំ​អំបូរ​សណ្ដែក ដើម្បី​កែលំអ​ដី ។​

– ការរៀបចំ​ដី​: ត្រូវ​រាស់​ប្រមូលយក​ស្មៅ និង​ដំណាំ​ផ្សេងៗ​ពី​រដូវ​មុន​ចេញ​ភ្ជួរ​ហាល​ដី​លើក​ទី​១ ឲ្យ​ជ្រៅ​ត្រឡប់​ស្រទាប់ដី ពីក្រោម​ឡើងលើ និង​ហាល​ដី​ឲ្យ​បាន​ច្រើន​សប្ដាហ៍ ក្នុង​គោលបំណង​បន្ថយ​នូវ​ភ្នាក់ងារ​ចម្លងជំងឺ និង​សត្វល្អិត​ព្រមទាំង ឲ្យ​ស្មៅ​ចង្រៃ​ងាប់ ជាពិសេស​គឺ​ប្ដូរ​ទំរង់ដី និង​ពង្រាយ​ជីជាតិ ។ ការ​ភ្ជួរ​ត្រូវធ្វើ​ឲ្យ​បាន ២-៣ លើក​មុននឹង​លើក​រង​ដាំ​ដុះ ។ ការលើក​រង​សំរាប់​ដាំ គឺ​អាស្រ័យ​ទៅតាម​វិធី​ដាំ និង​ជីជាតិ​របស់​ដី ។ កាលណា​ដាំ​ដោយ​ដោត​ចំណារ​បញ្ឈរ ទទឹង​រង ត្រូវមាន​ប្រវែង ១២០​ស​.​ម កំពស់​រង ២៥-៣០​ស​.​ម ។ ប៉ុន្តែ​បើ​ដាំ​ឲ្យ​វារ​នៅលើ​ដី ទទឹង​រង​មាន​ប្រវែង​ពី ៨០-១០០ ស​.​ម តែ​ការដាំ​តាម​វិធី​នេះ ត្រសក់​មាន​ផ្លែ​ចំនួន​តិច ទិន្នផល​ទាប ។ នៅក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ក្ដៅ ដី​រក្សា​សំណើម គ្រប​ដី មុនពេល​ដាំ ដើម្បី​បន្ថយកំដៅ​ដី ស្មៅ​រក្សា​សំណើម​បានយូរ និង​ធ្វើ​ឲ្យ​ដី​ធូរ មិន​ហាប់ កាលណា​ដី​ហាប់​បណ្ដាល​ឲ្យ​បន្ទុក ខ្យល់ O2 មិន​គ្រប់គ្រាន់ និង​ប្រវែង​ឫស​ចាក់​បាន​តិច ។​

៤-​វិធីសាស្ត្រ​ដាំ​ដុះ​
– មុននឹង​ដាំ ត្រូវយក​គ្រាប់ពូជ​មក​ដាក់​ហាលថ្ងៃ​ឲ្យ​ក្ដៅ រយៈពេល ១-២ ម៉ោង បន្ទាប់មក​យកទៅ​ត្រាំ​ទឹក​រយៈពេល​៤-៥ ម៉ោង​បន្ទាប់មក​ត្រូវ​លាង​សំអាត​គ្រាប់​អោយ​ស្អាត ចំនួន ៣-៤ លើក​មុនពេល​ផ្អាប់​ត្រាំ​គ្រាប់ពូជ ។ ការ​ផ្អាប់​ត្រូវយក​ក្រណាត់​ជ្រលក់​ទឹក​ឲ្យ​ជោគ​យកមក​ខ្ចប់​គ្រាប់​នោះ ហើយ​កប់​ទៅក្នុង​ដី​សើមៗ រយៈពេល​១​យប់ ។ មុន​ដាំ​ត្រូវយក​គ្រាប់ពូជ​មក​លាយ​ជាមួយ​នឹង​ថ្នាំ​សំលាប់​ផ្សិត​ប្រភេទ Captan Zinneb Mancozed ក្នុង​កំរិត ២% ឬ ១​គ​ក្រ គ្រាប់ពូជ បរិមាណ​ថ្នាំ​កន្លះ​ស្លាបព្រា​បាយ ច្របល់​ឲ្យ​សព្វ​យកទៅ​ដាំ ដោយ​ប្រើ​ចន្លោះ​គុម្ព ២៥​ស​.​ម ចន្លោះ​ជួរ ៦០​ស​.​ម ជំរៅ ២-៣ ស​.​ម ២-៣ គ្រាប់​ក្នុង​មួយ​គុម្ព ហើយ​គ្របពីលើ​ដោយ​កំណាត់​ចំបើង​ខ្លីៗ ឬ​ជីធម្មជាតិ​ពុករលួយ​ល្អ ពី​វិធី​នេះ​គឺ​ដាំ​ឲ្យ​ត្រសក់​ឡើង​តោង​ចំណារ​បញ្ឈរ ប៉ុន្តែ​ការដាំ​ឲ្យ​វារ​លើដី ត្រូវ​ប្រើ​ចន្លោះ​ជួរ ៨០ ស​.​ម ចន្លោះ​គុម្ព ៥០​ស​.​ម​, ៣-៤ គ្រាប់​ក្នុង​មួយ​គុម្ព តែ​គ្រប​គុម្ព​ដូចគ្នា ។ ក្រោយពី​ដាំ​ភ្លាម​ត្រូវ​ពិនិត្យមើល​សំណើម​ដី​កាលណា​ដី​ស្ងួត​ខ្លាំង​ត្រូវតែ ស្រោច​ទឹក​ក្រោយ​ដាំ ហើយ​ដើម្បី​ឲ្យ​ត្រសក់​ដុះ​ស្មើគ្នា​ងាយ​ថែទាំ ។ ក្រោយពី​ដាំ​រយៈពេល ៣-៤​ថ្ងៃ​ក្នុង​លក្ខខណ្ឌ​អាកាស ធាតុ​ពេល​ថ្ងៃ ៣០ អង្សា និង​ពេលយប់​១៨-២០ អង្សា ធ្វើ​ឲ្យ​ត្រសក់​លូតលាស់​លឿន ។​

៥- របៀប​ស្រោចស្រព​
– ដំណាំ​ត្រសក់ ជា​ប្រភេទ​ដំណាំ​ត្រូវការ​ទឹកជា​ប្រចាំ ប៉ុន្តែ​សំណើម​ដី​មិន​លើសពី ៥០-៧០ % ឡើង ។ សេចក្ដីត្រូវការ​ទឹក ចែកចេញជា​បី​វគ្គ​:
– វគ្គ​លូតលាស់​: ចាប់ពី​ត្រសក់​ដុះ​រហូតដល់​ត្រសក់​បោះ​ដាំ និង​មាន​ផ្កា​ក្រពុំ​វា​ត្រូវការ​សំណើម​ដី​ជា​មធ្យម​ប្រមាណ​ពី ៥០-៦០ % ។ របៀប​ស្រោច​ដោយ​បាញ់​ទឹក​ពីលើ​ល្អ​ជាង​ការ​ស្រោច​ដោយ​ប​ញ្ជូ​ល​តាម​ចន្លោះ​ជួរ​គឺ ១​ថ្ងៃ​ម្ដង ឬ​២​ដង​ទៅតាម ប្រភេទ​ដី និង​អាកាសធាតុ បរិមាណ​ទឹក​ក្នុង​វគ្គ​នេះ​មាន​ប្រមាណ​ពី ១៤០០​ទៅ ១៦០០ ម​៣/​ហ​ត ។​
– វគ្គ​បន្ត​ពូជ និង​ផ្លែ​: ចាប់ពី​ត្រសក់​មាន​អាយុ​ពី ១៥​ថ្ងៃ​ឡើងទៅ វា​នឹងមាន​ផ្កា​ឈ្មោល​ចេញ​តាម​ថ្នាំង ប៉ុន្តែ​មិនទាន់​រីក វគ្គ​នេះ​វា​ត្រូវការ​សំណើម​ដី​ពី ៦០-៧០% គឺជា​វគ្គ​ដែល​ត្រូវការ​ទឹក​ច្រើនជាងគេ រហូតដល់​ត្រសក់​មាន​អាយុ ៣០-៤០​ថ្ងៃក្រោយ​ដាំ ប៉ុន្តែ​ការ​ស្រោច​ដោយ​បញ្ចូល​តាម​ចន្លោះ​រង​មួយអាទិត្យ ២-៣ លើក​ជាការ​ល្អ ព្រោះ​ការ​ស្រោច​ដោយ បាញ់​ទឹក​ពីលើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបន្ត​ពូជ​បរិមាណ​ទឹក​សរុប​ក្នុង​វគ្គ​នេះ​មាន​ពី ១៨០០-២០០០​ម​៣/​ហ​ត ។​
– វគ្គ​ចេញ​ផ្លែ​: ១០០% ចាប់ពី​ការប្រមូល​ផល​បាន ១-២ លើក​ត្រសក់​ត្រូវការ​សំណើម​ដី​ទាប​មកវិញ គឺ​ពី ៥០-៦៥% កាលណា​ការបញ្ចូល​ទឹក​លើសពីនេះ​ធ្វើ​ឲ្យ​ត្រសក់​ចាប់​ប្រែ​ពណ៌​បៃតង​ទៅ​លឿង ។​

៦- ដកស្មៅ និង​ជ្រំ​ជ្រោយ​ដី​
– ការ​ជ្រំ​ជ្រោយ​ដី​ត្រូវធ្វើឡើង​នៅពេល​ត្រសក់​មាន​សន្លឹក​ពិត​ចំនួន ២ គឺ​នៅពេល​ទង​រប​ស់វា​លូត​វែង (១០-១៥​ថ្ងៃក្រោយ​ដាំ ) ត្រូវ​ជ្រំ​បំបែក​ដី​សើរៗ ហើយ​កៀរ​យក​ដី​ពី​បា​តរង​មក​លប់​គល់​ឲ្យ​ជិត​ក្នុងករណី​ដី​ដែល​ដុះ​ស្មៅ ត្រូវ​ដកយក​ស្មៅ​ចេញ​មុន ជ្រំ​ជ្រោ​ដី ។ ចំពោះ​ការដាំ​ដោយ​គ្រប​នឹង​កៅស៊ូ​ខ្មៅ មិនចាំបាច់​ជ្រំ​ជ្រោយ​ដី​ឡើយ ។ ការ​ជ្រំ​ជ្រោយ​ដី​គឺ ប្រយោជន៍​ធ្វើ​ឲ្យ ដី​ធូរ ជ្រាប​ទឹកបាន​ល្អ​រក្សា​សំណើម​បានយូរ ធ្វើ​ឲ្យ​ខ្យល់​ចេញចូល​បានល្អ បន្ថយ​ការលូតលាស់​របស់​ស្មៅ ។​


៧- ការ​ដោត​ចំណារ​
​ការ​ដោត​ចំណារ​មាន​សារៈសំខាន់​ដោយ​បង្កើន​ទិន្នផល និង​បន្ថយ​ការ​រាតត្បាត​អំពី​ជម្ងឺ និង​សត្វល្អិត ។ ការ​ដោត​ចំណារ ត្រូវយក​មែកឈើ​ក្រៀមៗ​គ្មាន​ស្លឹក មក​ដោយ​បញ្ឈរ​ក្បែរៗ​គុម្ព​ឲ្យ​ញឹក​ហើយ​ចង​ឲ្យ​ជាប់​ការពារ​ដួលរលំ គេ​ធ្វើឡើង​ក្រោយពី​ដាំ​រយៈពេល ១០-១៥​ថ្ងៃ គឺ​ក្រោយពី​ជ្រំ​ជ្រោយ​ដី ។

៨- ការប្រើប្រាស់​ដី​
– ដំណាំ​ត្រសក់​ក៏​ដូច​ដំណាំ​ឯទៀត​ដែរ វា​ត្រូវការ​សារធាតុចិញ្ចឹម ៣​យ៉ាងសំខាន់​គឺ អាសូត N ផូស្វ័រ P ប៉ូ​តា​ស្យូ​ម K និង​សារធាតុ​ផ្សេងៗ​ទៀត ។ ប៉ុន្តែ​សារធាតុ​ទាំងនោះ វា​ត្រូវការ​ទៅតាម​ដំណាក់កាល​របស់​វា​ដូចជា​: ដំណាក់កាល​លូត លាស់​ដើម ស្លឹក វា​ត្រូវការ​អាសូត​ច្រើនជាងគេ បន្ទាប់មក​គឺ​ធាតុ ប៉ូ​តា​ស្យូ​ម ប៉ុន្តែ​ផូស្វ័រ វា​ត្រូវការ​បន្តិច​ម្ដងៗ ចាប់ពី​វគ្គ កំណកំណើត​ផ្កា ដោយ​បរិមាណ​ក្នុង​មួយ​វដ្ដ​ជីវិត​ក៏​តិចជាងគេ ដូចនេះ​ការប្រើប្រាស់​ជី​ត្រូវដាក់​ទៅ តាម​ដំណាក់កាល របស់​វា​:
– មុនពេល​ដាំ​គេ​តែង​ដាក់​ជីធម្មជាតិ ឲ្យ​បាន​ច្រើន​ពី ១៥-២០ តោន​ក្នុង​១​ហ​ត និង​ជីគីមី​ប្រភេទ ១៥.១៥.១៥ ចំនួន ១៥០​គ​.​ក្រ ជី​ទាំងនោះ​ត្រូវដាក់​ទៅក្នុង​បាត​រណ្ដៅ​ហើយ​ជ្រុំដី​លប់​ឲ្យ​ជិត​ពីលើ ទើប​ធ្វើ​ការដាំដុះ​តាម​ក្រោយ ។​
– ក្រោយពេល​ដាំ​រយៈពេល ១០-១៥​ថ្ងៃ គេ​ត្រូវយក​ជី​អាសូត​សុទ្ធ (​អ៊ុយ​រ៉េ​) ចំនួន ២៥-៣០ គ​ក្រ មក​លាយ​ទឹក​ស្រោច ចំៗ​គុម្ព បន្ទាប់មក​ស្រោច​ទឹក​លាង​តាម​ក្រោយ ។​
– នៅក្នុង​វគ្គ​ត្រសក់​ចេញ​ផ្កា ១០០% គេ​យក​ជីគីមី​ប្រភេទ ១៥.១៥.១៥ ដដែល​ចំនួន ១០០​គ​ក្រ មក​ដាក់​តាម​ចន្លោះ​គុម្ព ហើយ​លប់​ដី​ឲ្យ​ជិត បន្ទាប់មក​ស្រោច​ទឹក​ឲ្យ​ជោគ ។​

III ជំងឺ និង​សត្វល្អិត​
១- អំពី​ជំងឺផ្សិត​

​ត្រសក់​រង​ការបំផ្លាញ​ដោយ​ជំងឺផ្សិត​ច្រើន​ប្រភេទ ហើយ​គ្រប់​វគ្គ​លូតលាស់ វគ្គ​បន្ត​ពូជ និង​វគ្គ​ទុំ​នៃ​ផ្លែ ។​

– ជំងឺ​រលាក​គល់​កូន​ដំណាំ​: វា​បង្កឡើង​ដោយ​ក្រុម​ផ្សិត​ច្រើន​ប្រភេទ​រោគសញ្ញា​គឺ ចាប់ផ្ដើម​រលាក​គល់​ដំណាំ ក្នុង​ដំណាក់ កាល ៥-៧ ថ្ងៃ ក្រោយ​ដុះ​ធ្វើ​ឲ្យ​រលាក​ជាំៗ​គល់ ក្រោយមក​ក៏​ចាប់ផ្ដើម​ដួលរលំ ហើយ​រីក​រាលដាល​កាន់តែ​ច្រើនឡើងៗ លើ​រង​កូន​ដាំំ​ណាំ ។ លក្ខខណ្ឌ​គឺ​កូន​ដំណាំ​ស្លោក ជាប់​មកជា​មួយ​គ្រាប់​ដី​ថ្នាលសំណាប​មាន​មេរោគ សំណើម​ដី​ខ្ពស់​លើស ពី​៧០% គ្មាន​ខ្យល់អាកាស និង​ពន្លឺ​គ្រប់គ្រាន់ ។​

– ជំងឺ​ស្ងួត​ស្លឹក​ពណ៌​ត្នោត​
រោគសញ្ញា​: ដំបូង​ស្លឹក​ត្រសក់​ឡើង​លឿង​ផ្ទាំងៗ​ក្រោយមក​ទៅជា​ស្ងួត ហើយ​ប្រែ​ពណ៌​ទៅ​ត្នោត​ប្រផេះ ពី​ស្លឹក​ក្រោម​ឡើង លើ ធ្វើ​ឲ្យ​ស្លឹក​ដំណាំ​ស្ងួត​ពី​ដើម​មួយ​ទៅ​ដើម​មួយ ហើយ​រីក​រាលដាល​យ៉ាង​រហ័ស ។

​លក្ខខណ្ឌ​បំផ្លាញ​: នៅ​រដូវវស្សា​ភាគ​ច្រើនជាង​រដូវប្រាំង បណ្ដាលមកពី​សំណើម​ដី​ខ្ពស់ អាកាសធាតុ​ក្ដៅ ចន្លោះ​គុម្ព​ញឹក ចំនួន​ដើម​ក្នុង​គុម្ព​លើស​កំណត់​ពន្លឺ​មិន​គ្រប់គ្រាន់ ខ្យល់អាកាស​មិនល្អ ។​

– ជំងឺ​រលួយ​ឫស និង​ស្ងួត​បណ្ដូល​នៃ​ដើម​:
​រោគសញ្ញា​: ក្នុងដំណាក់កាល​កូន​ដំណាំ​ខ្ចីៗ​ធ្វើអោយ​ស្វិត​រញម​តែ​មិន​ដួល​ឡើយ ។ ពេល​ដំណាំ​ចំណាស់​គឺ នៅពេល​ថ្ងៃ​ក្ដៅ ខ្លាំង​ធ្វើ​ឲ្យ​រញម​ស្រពោន ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ស្រពោន​ឡើងៗ ដើម​របស់​ដំណាំ​ស្ងួត​បណ្ដូល ឫស​របស់​វា​ប្រេះ ហើយ​ជាំៗ ។​

​លក្ខខណ្ឌ​បំផ្លាញ​: ជំងឺ​រស់នៅក្នុង​ដី និង​ទឹក ហើយ​វា​ចម្លង​ពី​ចំការ​មួយ​ទៅ​ចំការ​មួយ ពី​ដើម​មួយ​ទៅ​ដើម​មួយ​ដោយ​ទឹក និង​កាកសំណល់​ដំណាំ អាកាសធាតុ​ក្ដៅ និង​សំណើម​ដី​ខ្លាំង​លើសពី ៧៥% ងាយ​នឹង​កកើត ។​

– ជំងឺ​ក្រា​ម្សៅ​លើ​ស្លឹ​កោះ
​រោគសញ្ញា​: ដំបូង​សង្កេតឃើញ​លេចចេញ​ចំណុច​ពណ៌​លឿង​តូចៗ​លើ​ស្លឹក ក្រោយមក​មាន​ស្នាម​ម្សៅ​កញ្ចុំៗ​រាង​រង្វង់​រយៈ ពេល​តែ​២-៣​ថ្ងៃ​រង្វង់​ម្សៅ​នេះ​រីក​រាលដាល​ពេញ​ស្លឹក ទាំង​ស្លឹក​ខ្ចី​ក៏​ដូច ស្លឹក​ចាស់ ។​

​លក្ខខណ្ឌ​កំណើត​: ច្រើន​កើត​នៅ​រដូវប្រាំង ពេល​អាកាសធាតុ​ត្រជាក់​ស្ងួត មេរោគ​ចូលចិត្ត​រស់នៅ​តាម​ដើមឈើ ព្រៃ និង​ឈើ​ហូប​ផ្លែ រដូវភ្លៀង​មិន​ធ្វើអោយមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ ។​

២- ជំងឺ​បង្កឡើង​ដោយ​វី​រ៉ុ​ស​
– ជំងឺ​ដែល​បង្កដោយ​វី​រ៉ុ​ស មាន​ច្រើន​ប្រភេទ​លើ​ដំណាំ​ត្រសក់​ដូចជា​:

​ជំងឺ​រួញ​ស្លឹក​ខ្មូរ​ចុះក្រោម​:
​រោគសញ្ញា​ដំបូង វា​លេចចេញ​ចំណុច​ខ្លះ​នៅលើ​ស្លឹក គឺ​សភា​ពរួញ​ជាពិសេស​ស្លឹក​ខ្ចីៗ ក្នុងដំណាក់កាល​លូតលាស់​ធ្វើ​ឲ្យ មិនអាច​រីក​ធំធាត់​បាន ព្រមទាំង​ធ្វើអោយ​ផ្លែ​ពកៗ ក្រឡាៗ ហើយ​រឹង​សំបក សាច់​ត្រសក់​គ្មាន​រសជាតិ វា​រីក និង​រាល ដាល​ចម្លង​ដោយ​ក្រុម​ចៃ ។​

​វិធានការ​ការពារ និង​កំចាត់​: គឺ​ជ្រើសរើស​ពូជ​គ្មាន​ជំងឺ កំចាត់​ស្មៅ​ឲ្យ​ស្អាត និង​ការពារ​ចៃ​កុំ​ឲ្យ​បំផ្លាញ​ត្រសក់ ។​

៣- សត្វល្អិតៗ​: មាន​សត្វល្អិត​ចង្រៃ​ជាច្រើន​ប្រភេទ ដែល​បំផ្លាញ​ដំណាំ​ក្នុងនោះ​មាន​សត្វល្អិត​ជា​ភ្នាក់ងារ​បង្ក​រោគ និង​សត្វល្អិត​បំផ្លាញ​ផ្ទាល់ ។ សត្វល្អិត​ជា​ភ្នាក់ងារ​ចម្លង​មាន​:
– ចៃ​បៃតង​: រោម​ជញ្ជក់​ស្លឹក​ធ្វើ​ឲ្យ​ត្រ​សក់រួញ​ស្លឹក​ហើយ​ខ្មូរ​ចុះក្រោម​
– មមាច​ជញ្ជក់​ស្លឹក​: វា​មាន​ពីរ​ប្រភេទ មាឌតូច និង​មាឌធំ តែង​ជញ្ជក់​ស្លឹក​ធ្វើ​ឲ្យ​ស្លឹក​ត្រសក់​ស្ងួត​គែម​ហើយ​កោង​ស្លឹក ឡើង លើ ។​
– រុយ​ស​: រុយ​ប្រភេទ​នេះ​មាន​មាឌតូចៗ​ពណ៌​ស ហើយ​មើល​នឹង​ភ្នែក​ទទេ​ស្ទើរ​មិនឃើញ គេ​អាច​សង្កេត​វា​បាន ដោយ​ត្រូវ​ពិនិត្យមើល​ក្រោម​ស្លឹក​ពេល​ថ្ងៃ​ក្ដៅ ។​

​ដើម្បី​ការពារ​ទៅនឹង​កត្តា​ក​ចង្រៃ​ទាំងនេះ គេ​ត្រូវ​អនុវត្តន៍ វិធីសាស្ត្រ​ច្រើនយ៉ាង​ដូចជា ជ្រើសរើស​រដូវ ផ្លាស់ប្ដូរ​មុខ​ដំណាំ ជ្រើសរើស​ពូជ​ធន់​ទ្រាំ រៀបចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ សំអាត​ស្មៅ​ក្នុង​ចំការ ជាពិសេស​គ្រប់គ្រង​វត្តមាន​សត្វល្អិត មុនពេល​វា​ពេញវ័យ​បន្ទាប់មក​អនុវត្ត​វិធានការ​ដើម្បី​កំចាត់ ។​

IV. ការប្រមូល​ផល​
១- ការប្រមូល​ផល​

– ការប្រមូល​ផល​គឺធ្វើឡើង​ក្រោយពី​ដាំ​រយៈពេល​ខុសគ្នា ទៅតាម​ប្រភេទ​ពូជ និង​អាស្រ័យ​ទៅតាម​សេចក្ដីត្រូវការ​ដូចជា​:
– ពូជ​ស្រាល​: គឺ​គេ​អាច​ប្រមូល​ផល​ដំបូង​ក្រោយពី​ការដាំ​រយៈពេល ៣៥​ទៅ ៤០​ថ្ងៃ គឺ​បេះ​ផ្លែ​ដោយ​យក កន្ត្រៃ​កាត់​ត្រឹម ទង នៃ​ផ្លែ ហាម​ប្រឡេះ​យកតែ​ផ្លែ​បណ្ដាល​ឲ្យ​ផ្លែ​ត្រសក់​ឆាប់​ក្រហម​ប្រែ​ពណ៌ ប្រភេទ​ពូជ​នេះ​ទិន្នផល​មធ្យម​ចន្លោះ​ពី ៨-១០​តោន ១/​ហ​ត ។​
– ពូជ​កណ្ដាល​: គឺ​ការប្រមូល​ផល​ដំបូង​ក្រោយពី​ដាំ​បាន​រយៈពេល ៤៥-៥០ ថ្ងៃ ការ​បេះ​គឺ​កាត់​យក​ផ្លែ ដូចជា​ត្រសក់ ឯទៀត​ដែរ ការ​បេះយក​ផ្លែ​ស្រស់ មាន​ចំនួន​ពី ៥-៧​លើក ហើយ​ទិន្នផល​ជា​មធ្យម ១០-១២ តោន​១​ហ​ត ។​
– ពូជ​ធ្ងន់: គឺ​ធ្វើការ​ប្រមូល​ផល​បាន​ច្រើនលើក ពី ៥-១០ លើក​ហើយ​ទិន្នផល​ជា​មធ្យម​ពី ១០ ទៅ ១៥​តោន​/១​ហ​ត ។​


២- ការប្រមូល​ផល​ពូជ​:
ដើម្បី​ឲ្យ​ពូជ​នៅ​ជំនាន់​ក្រោយ​ទទួលបាន​នូវ​ភាព​សុទ្ធ​ល្អ ការជ្រើសរើស​ត្រូវអនុវត្ត​ន៍​ទៅតាម​វិធីសាស្ត្រ​ខាងក្រោម​:
– ដើម​គ្មាន​ជំងឺ និង​សត្វល្អិត​បំផ្លាញ​
– ដើម​លូតលាស់​ធម្មតា មាន​លក្ខណៈ​តែមួយ​ផ្នែក​សំខាន់​: គឺ​ថ្ងៃ ខែ ចេញ​ផ្កា​ស្លឹក​ពណ៌ និង​ទ្រង់ទ្រាយ ផ្លែ មាន​លក្ខណៈ ដូចគ្នា ទាំង​ពណ៌ និង​ទំហំ ។ ផ្លែ​ដែល​មុនគេ ( ផ្លែ​ដំបូង ) ត្រូវ​កាត់ចោល​ទុក​តែ​ផ្លែ​លើក​ទី​២​ទី​៣ ក្រៅពីនេះ​កាត់ចោល ហើយ​ផ្លែ​ទាំងនោះ​ត្រូវ​បេះ​មក​ទុក​ដោយឡែកៗ​ពីគ្នា គឺ​ទី​២​ទុក​ដោយ​ទី​២ ទី​៣​ទុក​ដោយ​ទី​៣ នៅពេល​ផ្លែ​ទុំ​ក្រហម​ប្រេះ បែក ក្រឡា ក្រោយពី​បេះ​ហើយ​ត្រូវ​រក្សាទុក​ពី​៤-៥​ថ្ងៃ ទើប​ពុះ​ផ្លែ​យក​គ្រាប់​ត្រាំ​ទឹក​មួយ​យប់ បន្ទាប់មក​លាង​ទឹក​សំអាត យក​គ្រាប់ ដែល​ល្អ​មក​ដាក់​ហាលថ្ងៃ​រយៈពេល ១-២​ថ្ងៃ (​ហាម​ហាលថ្ងៃ​ត្រង់ និង​លើ​ឧបករណ៍​ដែក​) ក្រោយមក​ទុក គ្រាប់​ឲ្យ​ត្រជាក់​ទើប​ប្រមូលយក​គ្រាប់​ដាក់​ដប ឬ​កញ្ចប់​ហើយ​បិទ​ជិត រក្សាទុក​នៅ​កន្លែង​ស្ងួត​ធម្មតា ហាម​ត្រូវ​កំដៅថ្ងៃ ៕