ដំណាំ​ននោង​

368

I-​ស្ថានភាព​ទូទៅ​
​ននោង​ជា​ដំណាំ​ប្រពៃណី​មួយ​ដែល​ដុះ និង​លូតលាស់​ពេញ​មួយឆ្នាំ ហើយ​វា​មានលទ្ធភាព​វារ​តោង​ឡើង​តាម​ដើម​រុក្ខជាតិ​ដទៃ ដោយ​ភាព​វល្លិ​របស់​ដើម ។ ដំណាំ​នេះ ត្រូវបាន​គេ​ជឿជាក់ថា​វា​មាន​អាយុ​យ៉ាង​ចំណាស់​នៅលើ​ផែនដី​យើង​ជាង ៣០០០ ឆ្នាំ​មកហើយ បើតាម​ការស្រាវជ្រាវរ​បស់​អ្នក​វិទូ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រុក្ខជាតិ​នៅ​ទ្វីបអាហ្វ្រិក និង អាស៊ី ។ តាម​ប្រវត្តិ នៃ​ការដាំដុះ​ដ៏​យូរអង្វែង​របស់​វា គឺ​គេ​កំណត់ថា វា​មាន​ប្រភពដើម​នៅក្នុង​តំបន់​ក្ដៅ គឺ​អាស៊ី និង អាហ្វ្រិក ។ លក្ខណៈ​រុក្ខសាស្ត្រ​ដើម​ជាវ​ល្លិ ផ្កា​ច្រើន​ស្រទាប់​មាន​ពណ៌​លឿង ផ្លែ​ពី ១៥-២០ ផ្លែ​ក្នុង​មួយ​ដើម ផ្លែ​សំបូរ​ទៅដោយ​សារធាតុ ចិញ្ចឹម​ច្រើន​មុខ និង​ពេញនិយម​សម្រាប់​អ្នក​បរិភោគ​ថែម​ទៀតផង ។​

II-​អំពី​កត្តា​ដី និង​អាកាសធាតុ​
​អំពី​ដី និង​អាកាសធាតុ​ជា​កត្តាចាំបាច់ សម្រាប់​ការដាំដុះ​ព្រោះ​ដំណាំ​នីមួយៗ​ត្រូវការ​ប្រភេទ​ដី​ផ្សេងៗ​ពីគ្នា និង​លក្ខខណ្ឌ អាកាសធាតុ​ផ្សេង​ពីគ្នា​ដែរ ។​

១. ការជ្រើសរើស​ដី និង​ការរៀបចំ​ដី​
​ដំណាំ​សមស្រប​ទៅលើ​ដី ស្ទើរ​គ្រប់​ប្រភេទ​គេ​អាច​ដាំ​វា​លើ​ប្រភេទ​ដីជូរ និង​ដីប្រៃ ចំពោះ PH ចន្លោះ​ពី ៤,៥-៨,៥ ហើយ​វា អាច​ធានា​ការ​សើម​ខ្លាំង​របស់​ដី​រហូត​ដល់ ៩២%-៩៣% នៃ​សំណើម ។ កត្តា​សំខាន់​គឺមាន​ប្រភពទឹក​គ្រប់គ្រាន់ ព្រោះ​វា​មាន រយៈពេល​លូតលាស់​វែង​ស្ទើរ​ពេញ​មួយឆ្នាំ ។ គេ​អាច​ដាំ​លើដី​ទំនាប​ដូចជា​ដីស្រែ​បាន គ្រាន់តែ​លើក​ទួល​ផុតពី​ទឹក​កម្ពស់ ១០-១៥ ស​.​ម ។​

​ចំពោះ​ការរៀបចំ​ដី​គឺ គួរតែ​ភ្ជូ​រ​ឲ្យ​បាន​ជ្រៅ​ជម្រៅ​ពី ២០-៣០ ស​.​ម ហើយ​រាស់​បំបែក​ដី​ឲ្យ​ម៉ត់​ទើប​លើក​រង​ឲ្យ​មាន​ទទឹង​រង ១០០-១២០ ស​.​ម កម្ពស់​ពី ២៥-៣០ ស​.​ម ។ ដើម្បី​ងាយស្រួល​ធ្វើ​ធ្នើរ​ឲ្យ​ដំណាំ​វារ​តោង​ឡើង គេ​ត្រូវធ្វើ​ឲ្យ​ឃ្លាត​ពី​រង​មួយ​ទៅ រង​មួយ ៣-៣,៥ ម ។ មុន​ល​លើ​ករង​គេ​យក​ជីធម្មជាតិ និង​ជីគីមី​ទៅ​ដាក់​ហើយ​ពូន​លុប​ឲ្យ​ជិត​ដើម្បី​ឲ្យ​អាច​រក្សា​សំណើម និង​ជីជាតិ​បានយូរ ។​

២. លក្ខខណ្ឌ​អាកាសធាតុ​
​វា​ត្រូវការ​សីតុណ្ហភាព​ក្ដៅ​ពី ២៥-៣៥ C ដើម្បី​ដុះ​លូតលាស់ និង​បង្កបង្កើត​ផ្លែ ។ វា​ពុំ​ត្រូវការ​សីតុណ្ហភាព​ដែល​ទាប​ជាង ១៨ C ឡើយ ព្រោះ​ធ្វើ​ឲ្យ​គ្រាប់​របស់​វា​មិនអាច​ដុះ​លូតលាស់​បាន ពេលចេញ​ផ្កា ធ្វើ​ឲ្យ​ផ្កា​ជ្រុះ និង​បាត់បង់​បរិមាណ​ផល​យ៉ាងច្រើន ។ ដំណាំ​ប្រភេទ​នេះ​មិន​ត្រូវការ​ខ្យល់​បក់​ខ្លាំង​នោះឡើយ​ព្រោះ​ធ្វើ​ឲ្យ​ការ​បោះទង​លូត​មិនបាន​ល្អ ។ ចំពោះ​សំណើម​បរិយាកាស សមស្រប​គឺ​ស្ថិតក្នុង​ចន្លោះ​ពី ៧០-៨៥% ។​

III-​វិធីសាស្ត្រ​ដាំ​ដុះ​
​មុន​នឹងធ្វើ​ការដាំដុះ​គេ​គួរតែ​ធ្វើការ​ជ្រើសរើស​ពូជ​ជាមុន ព្រោះ​ពូជ​ខ្លះ​ប្រកាន់​រដូវ ពូជ​ខ្លះ​មិន​ប្រកាន់​រដូវ​គេ​អាច​ដាំ​ននោង​បាន ២ របៀប​អាស្រ័យទៅលើ​ចំណង់​ចំណូលចិត្ត និង​លក្ខខណ្ឌ​បរិស្ថាន ចំពោះ​ការដាំ​ជា​លក្ខណៈ​គ្រួសារ​គេ​ច្រើន​ដាំ​ដោយ​គ្រាប់ ផ្ទាល់ ឬ​ដោយ​កូន​បណ្ដុះ តែ​ចំពោះ​ការដាំ​ជា​លក្ខណៈ​ផលិតកម្ម​ធំៗ គឺ​គេ​ដាំ​ដោយ​គ្រាប់​ផ្ទាល់ ជា​ការងារ​ងាយស្រួល​។​

១. ការដាំ​ដោយ​គ្រាប់​ផ្ទាល់​
​ក្រោយពី​ការលើក​រង និង​ដាក់​ជី​រួចហើយ គេ​ត្រូវយក​គ្រាប់​ននោង​ទៅ​ដាក់​ហាលថ្ងៃ​ឲ្យ​ក្ដៅ​ពី ១-២ ម៉ោង​ហើយ​ត្រាំ​ទឹក​រយៈ ពេល ១​យប់ (១២ ម៉ោង​) ហើយ​យកទៅ​ផ្អាប់​រយៈ ២-៣ ថ្ងៃ ក្រោយពី​ការ​ដុះ​ពន្លក​ទើប​យកទៅ​ដាំ​លើ​រង​ដោយ​កប់​ជម្រៅ ៣-៤ ស​.​ម ហើយ​ដាក់​ជី​កំ​ប៉ុ​ស្ត ឬ​កំណាត់​ចំបើង​គ្របពីលើ​ទើប​ស្រោច​ទឹក​តាម​ក្រោយ ។ ចន្លោះ​គុម្ព​មួយ​ទៅ​គុម្ព​មួយ ប្រមាណ​ពី ២០-៣០ ស​.​ម និង​ក្នុង​មួយ​គុម្ព ២​ដើម ។​

២. ការដាំ​ដោយ​បណ្ដុះ​កូន​
​ក្រោយពី​ផ្អាប់​ដូច​ករណី​ទី​១ ហើយ​គេ​យកទៅ​បណ្ដុះ​ក្នុង​កន្ទោង ឬ​ចាន​រយៈពេល ៤-៥​ថ្ងៃ​កូន​ននោង​ចេញ​ស្លឹក​កំណើត​ទី ២ គេ​អាច​យកទៅ​ដាំ​បាន ។ គេ​មិនអាច​ទុក​ឲ្យ​ននោង​ចេញ​ស្លឹក​ពិត ឬ​ចេញ​ផ្កា​ទើប​យកទៅ​ដាំ​នោះទេ វា​ធ្វើការ​លូតលាស់​យឺត ។ ចំពោះ​ចន្លោះ​គុម្ព និង​ចំនួន​ដើម​ដូចគ្នា​ទៅនឹង​ករណី​ខាងលើ​ដែរ ។​

៣. ការស្រោចស្រព​
​ននោង​ត្រូវការ​ទឹក​ជាង​ដំណាំ​ឃ្លោក ត្រសក់ និង​ល្ពៅ គេ​អាច​បញ្ចូល​ទឹក​ឲ្យ​ជោគ​ខ្លាំង​ក្នុង ១ សប្ដាហ៍​អាច​ពី ២-៣ លើក​ជាពិសេស​នៅពេល​ចេញ​ផ្កា ។ ពូជ​ស្រាល​មិន​ប្រកាន់​រដូវ​ចេញ​ផ្កា​អាយុ ២៨-៣២ ថ្ងៃក្រោយ​ដាំ ចំពោះ​ពូជ​ធ្ងន់ ជា​ពូជ​ប្រកាន់​រដូវ វា​អាច​ចេញ​ផ្កា​នៅពេល​វេលា​ជាក់លាក់​ណាមួយ​របស់​វា​ដូចជា​ពូជ​ក្នុងស្រុក​ក្នុងកំឡុងពេល​ពី ៩០-១២០ ថ្ងៃក្រោយ​ដាំ​ទើប​ចេញ​ផ្កា​ពិសេស​នៅ​ចុងឆ្នាំ​បញ្ចប់​រដូវ ។​

៤. ការ​ដោត​ចំណារ ឬ​ធ្នើរ​
​ដំណាំ​ននោង​មិនត្រូវ​ដាំ​ដោយ​ឲ្យ​វារ​នៅលើ​ដី​ផ្ទាល់​ឡើយ ព្រោះ​ធ្វើ​ឲ្យ​ផ្លែ​មិនមាន​លក្ខណៈ​ត្រង់​ស្រ​ឡូ​ន​ត្រូវ​ដាំ​ដោយ​ដោត ចំណារ ឬ​ធ្នើរ​ធ្វើបែបនេះ​វា​អាច​ដុះ​លូតលាស់​តាម​លក្ខណៈ​រុក្ខសាស្ត្រ​របស់​ដំណាំ​។ ក្រោយពេល​ដាំ​រយៈពេល​១០-១២ ថ្ងៃ​វា​បោះទង​ចេញ​ដៃ​សម្រាប់​តោង​ឡើង ដូច្នេះ​គេ​គួរតែ​ធ្វើ​នៅពេលនោះ​ជាការ​ប្រសើរ ។ កម្ពស់​ធ្នើរ​ត្រូវធ្វើ​ឲ្យ​ផុតពី​ដី​កម្ពស់ ១.៨-២.០០ ម ដើម្បី​ឲ្យ​ស្រឡះ ខ្យល់​ចេញចូល​បានល្អ ការធ្វើ​បែបនេះ គឺអាច​ការពារ​ពី​ការបំផ្លាញ​ពី​ពពួកសត្វ​ល្អិត​ចង្រៃ និង​ជម្ងឺ​ផ្សេងៗ ។​

៥. ការប្រើប្រាស់​ជី​
​ដំណាំ​ននោង​ត្រូវការ​ជីជាតិ ដូច​ដំណាំ​ដទៃទៀត​ដែរ ដើម្បី​ការ​ដុះ​លូតលាស់ ។ ក្នុងដំណាក់កាល​ដំបូង​វា​ត្រូវការ​ជាតិ​អាសូត (N) បន្ទាប់មកទៀត​ទើប​វា​ត្រូវការ​ជាតិ​ផូស្វ័រ (P) និង​ត្រូវការ​ប៉ូ​តា​ស្យូ​ម (K) ដើម្បី​ការលូតលាស់​ប្រព័ន្ធ​ឫស លូតលាស់ ប្រវែង​ដើម ស្លឹក និង​ការចេញ​ផ្កា ផ្លែ ។ ដើម្បី​ឲ្យ​ការ​ដុះ​លូតលាស់​បាន​សមស្រប​គេ​ចែកចេញ​ការដាក់​ជី​ជា ៤ ដំណាក់កាល​ដូចជា​:
– ការដាក់​ជី​ទ្រាប់​បាត​ត្រូវ​ប្រើ​ជី​កំ​ប៉ុ​ស្ត​ចំនួន ៥-៦ តោន​ក្នុង ១​ហិច​តា និង​ជី ១៥.១៥.១៥ ចំនួន ១០០-១៥០ គីឡូក្រាម ឬ​ជី DAP ចំនួន ១០០-១២០ គ​.​ក្រ ក្នុង​១​ហិច​តា ។​
– ការដាក់​ជី​បំប៉ន​លើក​ទី ១ ក្រោយ​ដាំ​រយៈពេល ១០-១២ ថ្ងៃ​ដោយ​ប្រើ​ជីអ៊ុយរ៉េ ៥០-៦០ គីឡូក្រាម​ក្នុង​ផ្ទៃដី​មួយ​ហិច​តា ។​
– ការដាក់​បំប៉ន​លើក​ទី ២ ក្រោយ​ដាំ​រយៈពេល​ពី ២០-២៥ ថ្ងៃ​ដោយ​ប្រើ​ជី ១៥.១៥.១៥ ចំនួន ១០០-១២០ គីឡូក្រាម ដាក់ តាម​ចន្លោះ​គុម្ព​ហើយ​កប់​ឲ្យ​ជិត​ទៅក្នុង​ដី ។​
– ការដាក់​ជី​បំប៉ន​លើក​ទី ៣ ក្រោយ​ប្រមូល​ផល​បាន ២-៣ លើក​គឺ​ក្នុង​រយៈពេល​ពី ៦៥-៧០ ថ្ងៃក្រោយ​ដាំ​ដោយ​ប្រើ​ជី ១៥.១៥.១៥ ចំនួន ១០០ គីឡូក្រាម​លាយ​ជាមួយ​ជីអ៊ុយរ៉េ​ចំនួន ៥០ គីឡូក្រាម​ដាក់​តាម​ចន្លោះ​គុម្ព​ហើយ​បញ្ចូល​ទឹក​ភ្លាម ។​


៦. ការសំអាត​ស្មៅ និង​ជ្រំ​ជ្រួយដី​
​ការសំអាត​ស្មៅ និង​ជ្រំ​ជ្រួយដី​ត្រូវធ្វើ​ឲ្យ​បាន​ចំនួន ២-៣ លើក​ដើម្បី​បំផ្លាញចោល​នូវ​សំបុក​សត្វល្អិត និង​ធ្វើ​ឲ្យ​ដី​ធូរ​ដំណាំ​ងាយ នឹង​លូតលាស់ ។​

IV- អំពី​ជម្ងឺ​
​ដំណាំ​ននោង​ភាគច្រើន​មិន​ទទួលរង​ការបំផ្លាញ​ដោយ​ជម្ងឺ​ឡើយ​ជម្ងឺ​តិចតួច​ដែល​គេ​សង្កេតឃើញ​កើតមាន​លើ​ដំណាំ​ននោង ភាគច្រើន​ជា​ជម្ងឺផ្សិត និង​ជម្ងឺ​វី​រ៉ុ​ស ។​

​ក​. ជម្ងឺផ្សិត​: ជម្ងឺ​ប្រភេទ​នេះ​តែង​កើតឡើង​ក្រោម​អាកាសធាតុ​ក្ដៅ​សើម​គ្មាន​ពន្លឺ​គ្រប់គ្រាន់ ដូជជា​ជម្ងឺ​រលួយ​គល់ ឬ ឫស និង​ជម្ងឺ​រលួយ​ផ្លែ ចំពោះ​ជម្ងឺ​ប្រភេទ​នេះ​ភាគច្រើន​បំផ្លាញ​ក្នុងដំណាក់កាល​ដុះ​លូតលាស់​ដំបូង រីឯ​ជម្ងឺ​រលួយ​ផ្លែ​តែង​កើតឡើង ក្នុងអំឡុងពេល​ននោង​ធ្វើការ​បង្កាត់​ផ្កា​ញី និង​ផ្កា​ឈ្មោល ហើយ​មាន​រូបរាង​ជា​ផ្លែ​ពិតប្រាកដ ធ្វើ​ឲ្យ​ផ្លែ​ននោង​ស្អុយរលួយ ពេលខ្លះ​វា​បំផ្លាញ​កេសរផ្កា​កំពុង​បង្ក​កំណើត​ក៏មាន ពិសេស​លើ​ននោង​ដែល​បានធ្វើ​ការដាំដុះ​ញឹក​មាន​ស្លឹក​ទ្រុប​ទ្រុល​ខ្លាំង ។​

​ខ​. ជម្ងឺ​វី​រ៉ុ​ស​: ជម្ងឺ​ប្រភេទ​នេះ​គេ​តែង​សង្កេតឃើញ​ការបំផ្លាញ​របស់​វា​ពេល​ននោង​ជិត​ចេញ​ផ្កា ជម្ងឺ​នេះ​បណ្ដាលមកពី​ពពួក សត្វល្អិត​ដែលជា​ភ្នាក់ងារ​ចម្លង វា​ចាប់​បំផ្លាញ​តាំងពី​ដំណាក់​លូតលាស់​ដំបូង ដោយ​ធ្វើ​ឲ្យ​ននោង​រួញ​ស្លឹក​លែង​លូតលាស់ ។​

​គ​. អំពី​សត្វល្អិត​
​មាន​សត្វល្អិត​ជាច្រើន​ប្រភេទ​ដែល​ធ្វើការ​បំផ្លាញ​លើ​ដំណាំ​ននោង​មានដូចជា​: ដង្កូវ​មូរ​ស្លឹក ដង្កូវ​ស៊ី​កាត់​ស្លឹក មមាច​ខៀវ និង​មមាច​ខ្នង​ស វា​ធ្វើការ​បំផ្លាញ​ទៅលើ​ស្លឹក និង​ផ្លែ រីឯ​ដង្កូវ​ចោះ​ផ្លែ វា​ស៊ី​ចោះ​ចូលទៅក្នុង​ផ្លែ ហើយ​ធ្វើ​ឲ្យ​ផ្លែ​មិនអាច​រីក​ធំ បាន ។​
– រុយ​អុច​ផ្លែ វា​ចូលចិត្ត​បំផ្លាញ​ផ្លែ ដោយ​ទិច​បញ្ចូល​ពង​ទៅក្នុង​ផ្លែ​ដូចជា​ននោង ត្រសក់ ល្ពៅ ត្រឡាច ម្រះ និង​ផ្លែឈើ​មួយ ចំនួន​ទៀត ។​
– ស្រឹង​ជញ្ជក់​ផ្លែ មានដូចជា​ស្រឹង​ខៀវ ស្រឹង​ខ្មៅ វា​អុច​ជញ្ជក់​ផ្លែ​ធ្វើ​ឲ្យ​ផ្លែ​ក្រិន​លែង​លូតលាស់ ។ ចំពោះ​ការផលិត​ពូជ​វិញ​ធ្វើ ឲ្យ​ដំណុះ​គ្រាប់​ចុះខ្សោយ ឬ​គ្មាន​ដំណុះ​គ្រាប់​ដែល​បណ្ដាលមកពី​សារធាតុ​បម្រុង​នៃ​ការបន្ត​ពូជ​មិន​គ្រប់គ្រាន់ ។​
– ដង្កូវ​កាត់​ដើម វា​តែងតែ​កាត់​ដើម​ននោង​នៅ​តូច ដែល​ទើបនឹង​លូតលាស់​ដំបូង និង​កាត់​ស្លឹក​ពេល​លូតលាស់​ពេញលក្ខណៈ ។​
– ពូជ​ដង្កូវ​ស៊ី​ជាលិកា​ក្នុង​ស្លឹក ដង្កូវ​ប្រភេទ​នេះ​វា​កើត​មកពី​ពពួក​រុយ​តូចៗ​ដែល​រុយ​នេះ​បាន​ពង​ដាក់​លើ​ស្លឹក ក្រោយ​វា​ពង​បាន ៦-៨​ម៉ោង​ក្រោយ​មកវា​ញាស់ ហើយ​ស៊ី​នៅក្នុង​ផ្ទៃ​ស្លឹក ស្នាម​បំផ្លាញ​មាន​លក្ខណៈ​ជា​ផែនទី ។ វា​ចូលចិត្ត​បំផ្លាញ សណ្ដែកកួរ ននោង ត្រឡាច ល្ពៅ ត្រសក់ និង​ប៉េងប៉ោះ ។​

​វិធានការ​ការពារ និង​កំចាត់​
​វិធានការ​ការពារ និង​កំចាត់​មាន​ច្រើន​វិធី​ដូចជា​:
– វិធីសាស្ត្រ​ដាំ​ដុះ បំ​ពួក​ផ្សែង​ឲ្យ​ហុយ​ក្រោម​ទ្រើង​ឲ្យ​បាន​១-២ ដង​ក្នុង ១​សប្ដាហ៍ ។​
– ដាំ​ដុះ​ឲ្យ​មាន​ចន្លោះ​គុម្ព​សមស្រប​ការពារ​កុំ​ឲ្យ​ដើម​គរ​លើ​គ្នាច្រើន ព្រមទាំង​ជ្រើសរើស​ពូជ​ដែល​មិន​ប្រកាន់​រដូវ អាយុកាល លូតលាស់​ខ្លី ។​
– ដក​ចោល​ចំពោះ​ដើម​ណា​ដែល​កើត​ជម្ងឺ ពិសេស​ជម្ងឺផ្សិត និង​ជម្ងឺ​វី​រ៉ុ​ស ។​
– បាញ់ថ្នាំ​ពូ​ល​ដូចជា Minitor sumicidin diazinon Mevinphos មួយអាទិត្យ​ម្ដង​ទៅតាម​កម្រិត​បំផ្លាញ ។​


V- ការប្រមូល​ផល​
​ការប្រមូល​ផល​ធ្វើឡើង​ក្រោយពេល​ដាំ​ដុះ​រយៈពេល ៥០-៦០ ថ្ងៃ​ចំពោះ​ពូជ​ស្រាល ចំពោះ​ពូជ​ក្នុងស្រុក​មាន​រយៈពេល ១០០-១៥០ ថ្ងៃ ម្យ៉ាងទៀត​គេ​អាច​បេះ​ផ្លែ​ននោង​នៅ​ខ្ចី​ក្រោយពី​ចេញ​ផ្កា​បាន​ចំនួន​១០-១២ ថ្ងៃ ។ ក្នុង​រយៈពេល​នោះ ផ្លែ​ននោង​នៅ មាន​សារធាតុចិញ្ចឹម​ខ្ពស់ ហើយ​មាន​រសជាតិ​ឆ្ងាញ់ ។ គេ​បេះ​ដោយ​ប្រើ​កូនកាំបិត ឬ​កន្ត្រៃ​កាត់ផ្ដាច់ ហាម​បេះ​ដោយ​ទាញ ផ្ដាច់​ពី​ដើម ។ ម្យ៉ាងទៀត​បើ​យើង​ទុក​ឲ្យ​ផ្លែ​ននោង​ធំ​យូរថ្ងៃ​នោះ យើង​មិនអាច​បរិភោគបាន ដោយ​មកពី​ជាតិ​សរសៃ​នៅក្នុង ផ្លែ និង​គ្រាប់​រឹង ស្វិត អស់​គុណភាព ។ ចំពោះ​ការប្រមូល​ផល​សម្រាប់​ទុក​ពូជ គេ​អាចធ្វើ​ការប្រមូល​ផល​ក្រោយពី​ដាំ​បាន រយៈពេល​ពី ៩០-១២០ ថ្ងៃ និង​នៅពេលដែល​ផ្លែ​មាន​សភាព​ទុំ ស្ងួត​សំបក ១០០% ។ ការដាំ​ផលិត​ពូជ និង​ការដាំ​ជា​ផលិត ផល​បន្លែស្រស់​ឲ្យ​មានគុណ​ភាពល្អ គឺមាន​លក្ខណៈ​ខុសប្លែក​ពីគ្នា ។​

​ចំពោះ​ការប្រមូល​ផល​សម្រាប់​ទុក​ពូជ​គេ​អាចធ្វើ​ការប្រមូល​ផល​បានតែ​ចំនួន ៥-៦ លើក​ប៉ុណ្ណោះ​ដោយ​អំឡុង​ពេលនោះ​ដើម វា​មាន​សភាព​ចុះខ្សោយ​ដោយ​មិនអាច​បង្កបង្កើត​ផ្លែ​បាន ។ ប៉ុន្តែ​ចំពោះ​ការប្រមូល​ផល​ជា​ផលិតផល​បន្លែស្រស់​វិញ​គេ​អាច ធ្វើ​ឡើងជា​មធ្យម​ពី ១៥-២០​លើក ។​


​ការ​ទុកដាក់​គ្រាប់ពូជ​:
​ត្រូវ​បំបែក​ចុង​ផ្លែ​ខាងក្រោម​ដើម្បី​រលាក់​គ្រាប់​យកមក​ដាក់​ហាលថ្ងៃ​ពី ២-៣ ថ្ងៃ​មុនពេល​យកទៅ​រក្សា​ទុក ។ លក្ខណៈពិសេស​របស់​គ្រាប់​ននោង​ក្នុង ១ ផ្លែ​មាន​ចំនួន​គ្រាប់​ពី ២៤២-៤៩៤ ជា​មធ្យម ៕