ដំណាំ​ម្រះ​

265

I. ស្ថានភាព​ទូទៅ​
​ដំណាំ​ម្រះ​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការរស់នៅ​ព្រោះ​វា​មាន​អាយុ​ចំណាស់​នៅលើ​ភព ផែនដី​ជាងគេ​ក្នុង​គ្រួសារ​តែ មួយ​។ គ្រប់ផ្នែក​នៃ​ប្រព័ន្ធ​សរីរាង្គ​ត្រូវបាន​ការកែច្នៃ និង​ប្រើប្រាស់​ជុំវិញ​ជីវភាព​ប្រចាំថ្ងៃ​ជាពិសេស​ដោយ​ក្លិន រសជាតិ និង​ជីវជាតិ​ធ្វើ​ឲ្យ​ការនិយម​ចូលចិត្ត យក​ត្រួយ និង​ផ្លែ​មកប្រើប្រាស់​ជា​គ្រឿង ផ្សំ​សម្រាប់​ម្ហូបអាហារ ។ ស្លឹក​ត្រួយ​ទង​ខ្ចីៗ អាច​យកមក​ធ្វើជា​អន្លក់ ឬ​ម្ហូបអាហារ​ផ្សេងទៀត ក្នុង​ទម្ងន់​ស្លឹក ត្រួយ​ទង​ខ្ចីៗ​ទម្ងន់ ១០០​ក្រាម ដែល​បរិភោគបាន​មាន សារធាតុ​សំខាន់ៗ​ដូចតទៅ ថាមពល ៤៤​កាឡូរី​, ជាតិ​ទឹក ៨៤,៦%, ប្រូតេអ៊ីន ៥,៦​ក្រាម​, ប្រេង ០,៦ ក្រាម​, កាបូ​អ៊ី​ដ្រា​ត ៧ ក្រាម​, ជាតិ​សរសៃ ១,៦​ក្រាម​, ជាតិ​ផេះ ២,២ ក្រាម​, កាល់ស្យូម ២៨៨ មី​លី​ក្រាម​, ផូស្វ័រ ៥៤ មី​លី​ក្រាម​, ជាតិ​ដែក ៥,០ មី​លី​ក្រាម​, សូ​ដ្យូ​ម ១០ មី​លី​ក្រាម​, ប៉ូ​តា​ស្យូ​ម ៥១០ មី​លី​ក្រាម​, កា​រូ​កែន ៥០៨៥, ដ្យា​មីន ០,១៣ មី​លី​ក្រាម​, រី​បូ​ផ​លេ​រិ​ន ០,៤៦ មី​លី​ក្រាម​, ញា​ស៊ីន ០,៣ មី​លី​ក្រាម​, អា​ស្កូ​ប​ប៉ិច​អាស៊ីដ ៥៧ មី​លី​ក្រាម ។​

II. បច្ចេកទេស​ដាំ​ដុះ​
១. ការជ្រើសរើស និង​រៀបចំ​ដី​

​ម្រះ​ជា​ប្រភេទ​ដំណាំ​ដែល​ត្រូវការ​ដី​មាន​ជីជាតិ ជាង​ដំណាំ​ត្រសក់ និង​ឪឡឹក លក្ខខណ្ឌ​ដី​ដែល​អំណោយផល​ដល់​ការដាំដុះ​គឺ ដី​ជ្រាប​ទឹក​ល្អ​ស្រទាប់​ដាំ​ដុះ​ជ្រៅ​សំបូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជាពិសេស N, P, K, Ca និង Na ។ ប្រភេទ​ដីល្បាប់​ខ្សាច់ ធ្វើ​ឲ្យ​ដំណាំ​ម្រះ​លូតលាស់​បានល្អ ដែលមាន pH ចន្លោះ ៦-៦.៨ ជាពិសេស​ដី​នៅតាម​មាត់បឹង ស្ទឹង ទន្លេ សំបូរ​ទៅដោយ សារធាតុ មមោក ដែល​បានមកពី​កាកសំណល់​រុក្ខជាតិ

​ការរៀបចំ​ដី​: ដី​សម្រាប់​ដំណាំ​ម្រះ​គេ​ត្រូវ​ភ្ជួរ​នៅពេល​ដី​នោះ​ស្រស់ទឹក​ភ្ជួរ​ឪ្យ​ជ្រៅ​ហាល​ដី​ឲ្យ​ស្ងួត​បំបែក​ដី​ឲ្យ​បាន​ច្រើនសារ ហើយ​លើក​រង​បាន​ខ្ពស់ ដែលមាន​ទទឹង ១១០-១២០ ស​.​ម ប៉ុន្តែ មួយ​ជួរ​ទទឹង​រង ៨០-១០០ ស​.​ម ។​ក្រោ​ពីលើ​ករង​ហើយ ត្រូវ​កាប់​រណ្ដៅ​ជម្រៅ​ពី ៥-១០ ស​.​ម ជ្រុំដី​ឲ្យ​ផុស និង​ដាក់​ថ្នាំ​ការពារ សត្វល្អិត​បន្តិចៗ​បាត​រណ្ដៅ ដើម្បី​ការពារ​ដំណុះ​របស់ គ្រាប់ ។​

២. ការជ្រើសរើស​ពូជ​
– ការជ្រើសរើស​ពូជ​: ពូជ​ជា​កត្តា​សំខាន់​នៅក្នុង​ការដាំដុះ ពូជ​ម្រះ​បាន ៣​ប្រភេទ​ក្នុងនោះ​ពូជ​ដែល​គេ​និយម​ដាំ​ជាងគេ​គឺ ប្រភេទ​ផ្លែ​ធំ​វែង​ក្រឡា​ឆូត​ត្រង់ ផ្លែ​បៃតងខ្ចី រសជាតិ​មិន​ល្វីង​គេ​ហៅថា Bitter gourd Momordica charantia ដែល គេ​និយម​ដាំ​នៅ​ប្រទេស​ចិន​មុនគេ រហូតមកទល់​បច្ចុប្បន្ន ពូជ​នេះ​ត្រូវ​ពេញនិយម​ទូទាំង​ទ្វីបអាស៊ី ។ គេ​អាច​ស្គាល់​ប្រភេទ​ពូជ នេះ​តាមរយៈ​គ្រាប់ពូជ​ដែលមាន​ទម្រង់​ដូចតទៅ គ្រាប់​រលោង ហើយ​មាន​ពណ៌​ត្នោត​ភ្លឺ ។ ម្យ៉ាងទៀត​ដើម្បី​ឲ្យ​ការដាំដុះ​ទទួល ផល​ល្អ ពូជ​ម្រះ​ត្រូវបាន​រក្សាទុក​រយៈពេល​ពី ១-៤ ខែ​ប៉ុន្តែ​កាលណា ការរក្សា​ទុក​លើសពី ៨​ខែ​ឡើងទៅ​ក្នុង​លក្ខខណ្ឌ​ធម្មតា ពូជ​នោះ ត្រូវ​ថយចុះ​ភាគរយ​ដំណុះ​យ៉ាងច្រើន ។ ដើម្បី​ដាំ​លើ​ផ្ទៃដី ១​ហ​ត គេ​ត្រូវ​ប្រើ​ទម្ងន់​ពូជ ១,៥-១,៨ គ​ក្រ ។ ម្យ៉ាងទៀត ដោយ​យោល​ទៅលើ​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន​ធ្វើ​ឲ្យ​ពូជ​កំពង់​ធ្វើ​ការដាំដុះ​មាន ២​ប្រភេទ គឺ​ប្រភេទ​ពូជ​ប្រពៃណី ឬ​ពូជ OPV យើង​អាច​ទុក​ពូជ​បន្តបាន ប៉ុន្តែ​ពូជ​ផលិត​ដោយ​ក្រុមហ៊ុន​ធំៗ ជា​ពូជ​កូនកាត់ Hybrid F1 មិនអាច​ទុក​ពូជ​បន្តបាន ឡើយ ដូចនេះ​មុននឹង​ដាំ​ដុះ​ត្រូវ​សិក្សា​ពី​ប្រភព​ឲ្យ​បាន​ត្រឹមត្រូវ ។​


៣. ការដាំដុះ​

​នៅ​ប្រទេស​កម្ពុជា​យើង​គេ​ដាំ​បាន​ពេញ​មួយឆ្នាំ ប៉ុន្តែ​វា​ពុំ​ត្រូវការ​តំបន់​មាន​ខ្យល់​បក់​ខ្លាំង​ឡើយ​ធ្វើ​ឲ្យ​ការលូតលាស់​យឺត ។ វិធីសាស្ត្រ​នៃ​ការ ដាំ​ដុះ គេ​អាច​ធ្វើឡើង​តាម​ពីរ​របៀប​គឺ​:

– ដាំ​ដោយ​គ្រាប់​ផ្ទាល់​: មុននឹង​យក​គ្រាប់ពូជ​ទៅធ្វើ​ការដាំដុះ គេ​ត្រូវយក​គ្រាប់ពូជ​ទៅ ដាក់​ហាលថ្ងៃ​ឲ្យ​ក្ដៅ​រយៈពេល ១-២​ម៉ោង បន្ទាប់មក​យកទៅ​ត្រាំ​ទឹក​រយៈពេល ១០-១២ ម៉ោង ហើយ​ផ្អាប់​ក្នុង​លក្ខខណ្ឌ​ក្ដៅ​-​សើម រយៈពេល ៣៥-៤០​ម៉ោង នឹង​អាច​យកទៅ​ដាំ​បាន មុននឹង​ដាំ​ត្រូវ​ជ្រុំដី​ក្នុង​រណ្ដៅ​ឲ្យ​ផុស ហើយ​ដាក់​គ្រាប់ ពូជ​ចូលក្នុង​រណ្ដៅ​ជំរៅ ១-២ សម ចំនួន​គ្រាប់ ក្នុង​រណ្ដៅ បន្ទាប់មក​យក​ជី​កំ​ប៉ុស្តិ៍​មក​រោយ​ពីលើ​ឲ្យ​ជិត ឬ​យក​កំទិច​ចំបើង​ពុកៗ​មក​គ្របពីលើ​រណ្ដៅ​បន្តិចៗ ហើយ​ស្រោច ទឹក​ឲ្យ​ជោគ​ព្រឹកល្ងាច​ក្នុង​រយៈពេល ៥-៧​ថ្ងៃ វា​នឹង​ដុះ​ចេញពី​ដី ។ ដើម្បី​ឲ្យ​ការលូតលាស់​សមស្រប​ទ​ទួលបាន​ទិន្នផល​ល្អ គេ​ប្រើ​ចន្លោះ​ជួរ ៦០-៧០ សម ចន្លោះ​គុម្ព ៣០-៤០ សម ក្នុង​១​ហ​ត​មាន​ចំនួន ៤១​ជួរ ២៥០​គុម្ព ឬ​ច្រើនជាង​នេះ ។​

– ការដាំ​ដោ​កូន​បណ្ដុះ​: មុននឹង​យក​គ្រាប់​ទៅ​បណ្ដុះ​គេ​ត្រូវយក​គ្រាប់ពូជ​ទៅ​ហាលថ្ងៃ​ឲ្យ​ក្ដៅ​រយៈពេល ១​ទៅ ២​ម៉ោង និង​ផ្អាប់​ដូចគ្នា​ទៅនឹង​ការដាំ​ដោយ​គ្រាប់​ផ្ទាល់​ដែរ ប៉ុន្តែ​ក្រោយ​ផ្អាប់​បាន​រយៈពេល​១​យប់ ត្រូវយក​គ្រាប់​ទៅ​ដាក់​បណ្ដុះ​ក្នុង ថ្នាល ឬ​កន្ទោង​បណ្ដុះ រហូតដល់​គ្រាប់​ម្រះ​ដុះ​ចេញ​ស្លឹក​ដំបូង ២​មូលៗ ត្រូវ​គាស់​កូន​យកទៅ​ដាំ​ដោយ​មុន​គាស់​ស្រោច​ទឹក ឲ្យ​ជោគ​មុន រយៈពេល ២០-៣០​នាទី ។ គេ​ដាំ​មួយ​គុម្ព​មួយ​ដើម ចន្លោះ​គុម្ព និង​ជួរ​ដូចគ្នា និង​ដាំ​ដោយ​គ្រាប់​ផ្ទាល់​ដែរ ។ វិធីសាស្ត្រ នេះ​គេ​ច្រើន​ធ្វើ​នៅ​ដើមរដូវ​វស្សា ព្រោះ​ការដាំ​ដោយ​គ្រាប់​ផ្ទាល់​ពេល​ម្រះ​ដុះ​ត្រូវ​ដុតបំផ្លាញ​ដោយ​សត្វល្អិត​កាត់ ដើម ដូចនេះ​ការដាំ​ដោយ​កូន​បណ្ដុះ​ច្រើន​ជៀស​ផុតពី​ការបំផ្លាញ ។​

៤.​តម្រូវការ​ទឹក និង​ការស្រោចស្រព​
– តំរូវការ​ទឹក​: ដំណាំ​ម្រះ​វា​ត្រូវការ​ទឹក​ទៅតាម​ដំណាក់កាល​របស់​វា ចាប់ពី​ដាំ​រហូតដល់​ដុះ​ពន្លក​វា​ត្រូវការ​សំណើម​មធ្យម សម្រាប់​ការ​ដុះ​លូតលាស់ ។ ចាប់ពី​ដុះ​ចេញ​ស្លឹក​កំណើត​រហូតដល់​ម្រះ​ចេញ​ស្លឹក ៣-៤ វា​ត្រូវការ​សំណើម​ខ្លាំង​ជាង​វគ្គ ដុះ​ពន្លក ប៉ុន្តែ​ក្រោយពី​ម្រះ​ដុះ​ចេញ​ដៃ​សម្រាប់​តោង ឡើង​រហូតដល់​ផ្លែ វា​ត្រូវការ​សំណើម​ខ្លាំង​ជាង​វគ្គ​នានា ។​
– ការស្រោចស្រព​: គេ​អាច​ស្រោចស្រព​បាន​ច្រើន​វិធី ដូចជា​តាមរយៈ​ផ្សើម ឬ​តាមរយៈ​បញ្ចូល​ទឹក​ផ្ទាល់ ដែល​អាច​ធ្វើទៅ បាន ។ នៅ​រដូវប្រាំង​គេ​បញ្ចូល ទឹក​ទៅតាម​ចន្លោះ​រង​ឲ្យ​ជោគ​ចាប់ពី​វគ្គ​ចេញ​ផ្កា ព្រមទាំង​រក្សា​សំណើម​ជាប្រចាំ​ធ្វើ​ឲ្យ​ម្រះ ចេញ​ផ្កា​បាន​ច្រើន ទិន្នផល​ខ្ពស់​ក្នុង​រយៈពេល ២-៣​ថ្ងៃ​ម្ដង ។ ចំពោះ​ការ​ស្រោច ដោយ​ប៉ោត ប្រើ​កំលាំង​មនុស្ស ១​ថ្ងៃ ២​លើក ព្រឹក ល្ងាច ។​

៥. ការ​ជ្រុំ​ជ្រោយ​ដី និង​កំចាត់​ស្មៅ​
– ការ​ជ្រុំ​ជ្រោយ​ដី​: ជ្រុំ​ជ្រោយ​ដី​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន ធ្វើ​ឲ្យ​ដី​ធូរ​ដី​មាន​បន្ទុក​ខ្យល់​គ្រប់គ្រាន់ ជ្រាប​ទឹកបាន​ល្អ​រក្សា សំណើម​បានយូរ បង្ក​ឲ្យ​បាក់តេរី​មាន​ប្រយោជន៍​នៅក្នុង​ដី បង្កើន​សកម្មភាព​បាន​កាន់តែខ្លាំង ការ​ស្រូបយក​នូវ​ទឹក និង​សារធាតុចិញ្ចឹម ជាពិសេស​បន្ថយ​ការ​ដុះ​ស្មៅ ។ ការ​ជ្រុំ​ជ្រោយ​ដី​ធ្វើឡើង​ក្រោយពី​បាន​រយៈពេល​ពី​៨-១០ ថ្ងៃក្រោយ​ដាំ ជ្រុំ​ឲ្យ​សព្វ​ដី​ជុំវិញ​គល់ និង​ពេញ​ផ្ទៃ​រង​វាយ​បំបែក​ដី​ឲ្យ​ល្អិត កៀវ​ឲ្យ​ស្មើ ។​
– ការ​កំចាត់​ស្មៅ​: ក្រោយពី​ជ្រុំ​ជ្រោយ​ដី​រយៈពេល ២០-៣០​ថ្ងៃ ករណី​ស្មៅ​លុត​លាស់​លឿន​ជាងគេ​ត្រូវ​ដកស្មៅ​ចេញពី​ចំការ មិន​ជ្រុំ ឬ​ជ្រោយ​ដី​ឡើយ​បណ្ដាល​ឲ្យ​ដាច់​ឫស​រំខាន​ដល់​ការលូតលាស់​របស់​ដំណាំ ។ ព្រោះ​ស្មៅ​អាច​បង្ក​ការរំខាន​យ៉ាងច្រើន ដូចជា​ផ្ដល់​ជម្រក​ដល់​សត្វល្អិត និង​ជំងឺ​ផ្សេងៗ​មាន​ភាព​ប្រកួត ប្រជែង​ជាមួយ​ដំណាំ ដូចជា​ស្រូប​យកជាតិ​ទឹក ជីជាតិ និង​ពន្លឺ ។​

៦. ការ​គ្រប​គល់ និង​ដោយ​ចំណារ​
– ការ​គ្រប​គល់​មាន​អត្ថប្រយោជន៍​ច្រើន​ដូចជា បន្ថយ​ការ​ដុះ​ស្មៅ​រក្សា​សំណើម​បានល្អ​មិន​ធ្វើ​ឲ្យ ដី​ហាប់ បន្ថយ​ការហូរ​ច្រោះ ឬ​ហួតហែង​នូវ​សារធាតុចិញ្ចឹម រក្សា​កំដៅ​ដី​ឲ្យ​នឹង​ល្អ​កត្តា​ទាំងនេះ​ចូលរួម​ឲ្យ ឫស​លូតលាស់​បានល្អ​សម្រួល​ដល់​ការ​ស្រូប យក​សារធាតុចិញ្ចឹម ។ នៅ​ស្ថានីយ៍​ពូជ​បន្លែ​ក្បាលកោះ ការ​គ្រប​កៅស៊ូ គ្រប​ស្មៅ​ក្រៀម គ្រប​កំប្លោក​ស្ងួត​គ្រប​ចំបើង​ស្ងួត និង​មិន​គ្រប លទ្ធផល​បង្ហាញថា​ចំបើង​ស្ងួត​ផ្ដល់​ឲ្យ ការលូតលាស់​ល្អ​ចេញ​ផ្កា​បាន​ច្រើន​ផ្លែ​ធំ​វែង​ទទួល​ទិន្នផល​ខ្ពស់
– ការ​ដោត​ចំណារ​: ម្រះ​ជា​ប្រភេទ​ដំណាំ​តោង​ឡើង គេ​អាច​ដោយ​ចំណារ ឬ​ផ្ដល់​សំណាញ់​ឲ្យ វា​តោង​ឡើង ។ ចំណារ​ដែល​បានមកពី​មែកឈើ​ផ្សេងៗ គឺ​គេ​កាត់​មែកឈើ​ដែលមាន​មែក​ល្អិតៗ​ជាច្រើន​ហើយ​មាន​កំពស់​ពី ២​ម​-២.៨​ម ហាលថ្ងៃ​ឲ្យ​ក្រៀម​យក​ស្លឹក​ចេញ ហើយ​ដោត​ឲ្យ​ញឹក​ក្បែរ​គុម្ព​ព្រមទាំង​ចង​ចំណារ​ឲ្យ​ជាប់ ការពារ​កុំ​ឲ្យ​ដួលរលំ​ងាយ​នឹង​វា តោង​ឡើង ជាពិសេស​ក្នុង​វគ្គ​ចេញ​ដៃ​តោង​ដំបូង ។​

៧. តម្រូវការ​ជី និង​ការប្រើប្រាស់​
​ដំណាំ​នេះ​ត្រូវការ​សារធាតុសរីរាង្គ​យ៉ាងច្រើន ជាពិសេស​ជី​លាម​សត្វ និង​ជី​កំ​ប៉ុស្តិ៍ ។ គេ​ត្រូវ​បន្ថែម​សារធាតុសរីរាង្គ​ចំនួន ១០-១៥​ត​,​ហ​ត មុនពេល​ដាំ​ដុះ​រួមជាមួយ​ជី​អាសូត​ចំនួន ៥០% នៃ​បរិមាណ​ប្រើ​សរុប​ក្នុង​មួយ​វត្ត​ជី​រិត​របស់​ដំណាំ​ព្រមទាំង សារធាតុ​ផូស្វ័រ និង​ប៉ូ​តា​ស្យូ​ម ១០០% ហើយ​រាស់​លប់​ទៅក្នុង​ដី​…​។​

​ការប្រើ​ជី​ត្រូវ​បែង​ចែកចេញជា ៣​លើក​ដូចខាងក្រោមៈ​
– មុន​ដាំ​
– ក្រោយពេល​ដាំ គឺ​នៅក្នុង​វគ្គ​ចេញ​ផ្កា​ដំបូង​
– និង​លើកចុងក្រោយ ដាក់​នៅពេល​ក្រោយ​ប្រមូល​ផល​លើក​ទី​១

៨. អំពី​ផ្លែ និង​ការការពារ​
– ការជ្រើសរើស​ផ្លែ​: ក្រោយពី​ការបន្ត​ពូជ​ផ្កា​របស់​វា​ស្រពោន​ហើយ​ជ្រុះ​ពេលនោះ​វា​ឲ្យ​កំណើត​ទៅ​ផ្លែ ។ គេ​អាច​ជ្រើសរើស ផ្លែ​បាន​សម្រាប់​រក្សាទុក​ឲ្យ​ផ្លែ​ធំ ដោយ​សង្កេតឃើញ​លក្ខណៈ ដូចតទៅ ទង​ធំ​វែង ផ្លែ​មាន​ក្រឡា​ត្រង់ គូទ​ត្រង់ ថ្លោស​ទ្រវែង មាន​ពណ៌​បៃតង​រលោង ក្ដិ​ប​នោះ​អាចបង្កើត​ទៅជា ផ្លែ​ធំ​បាន ។ ប្រភេទ​ក្ដិ​ប​ដែល​មិនអាច​រីក​ធំ​បាន​គឺ ទង​តូច ហើយ​ខ្ចី​ក្ដិ​ប ពណ៌​បៃតង​ក្រមៅ ក្រឡា​ញឹក ក្ដិ​ប​តូច ហើយ​ទម្រង់​ស្ងួត ។​

​ក្រោយពី​ការជ្រើសរើស​បាន​ក្ដិ​ប​បែបនេះ គេ​ត្រូវយក​ក្រដាស់​មក​រុំ​ក្ដោប​ការពារ​ក្ដិ​ប ដើម្បី​កុំ​ឲ្យ​រុយ​ទិច​ផ្លែ បណ្ដាល​ឲ្យ​ក្ដិ​ប​មិន អាច​ពង្រីក ទៅជា​ផ្លែ​បានធ្វើ​ឲ្យ​ផ្លែ​នោះ​ស្អុយ ។ ប៉ុន្តែ​ការ​ច្រក ឬ​រុំ​ផ្លែ​ដែល​មិនទាន់​បន្ត​ពូជ មិនអាច​ឲ្យ​ផ្លែ​នោះ​មានលទ្ធភាព ពង្រីក​បានឡើយ ។​

​ម្យ៉ាងទៀត ដើម្បី​ការពារ​ផ្លែ​កុំ​ឲ្យ​រុយ​ទិច គេ​អនុវត្តន៍​វិធានការ​ចាប់​មេរុ​យ​ដោយ​ប្រើ អន្ទាក់​ភ្លើង ដោយ​ប្រើ​នុយ​ជាតិពុល សម្លាប់​មេរុ​យ ។​

III. អំពី​ជំងឺ និង​វិធាន​ការការពារ​
១. ជំងឺ​បង្កឡើង​ដោយ​ក្រុម​ផ្សិត​

– ជំងឺ​អុច​ស្លឹក ឬ​ជំងឺ​ភ្នែកព្រាប​: វា​ច្រើន​កើត​លើ​ត្រសក់ ឪឡឹក ម្រះ រោគសញ្ញា​ដំបូង​លេចចេញ​សញ្ញា​លឿងៗ ផ្ទៃ​ស្លឹក​ចាស់ៗ ក្បែរ​ដី បន្ទាប់មក​ក្លាយទៅជា​ចំណុច​ស្ងួត ពណ៌​ស​ប្រផេះ​ជាច្រើន​នៅលើ​ផ្ទៃ​ស្លឹក បណ្ដាល​ឲ្យ​ស្លឹក​នោះ​ស្ងួត ហើយ​រីក​រាល ដាល​យ៉ាង​លឿន​ពេញ​ផ្ទៃ​ចំការ​ទាំងមូល ។ វា​ធ្វើ​ឲ្យ​ទង​ស្លឹក​ដើម​ក៏​ស្ងួត​ជាពិសេស​រទង​ផ្លែ​ធ្វើ​ឲ្យ​របួស​ហើយ​ផ្លែ​មិនអាច​រីក ធំធាត់​បាន​លឿន​ឡើយ ។ លក្ខខណ្ឌ​កើត​គឺ ស្ព័​រ​រប​ស់វា​អាច​រសាត់​តាម​ខ្យល់​ទឹក​ឆ្លង​លឿន​តាមរយៈ​សំណើម បរិយាកាស ព្រមទាំង​អាកាសធាតុ​ក្ដៅ​ចន្លោះ​ពី ២៦-៣២ អង្សា​សេ​
– ជំងឺ​រលួយ​ឫស និង​គល់​: រោគសញ្ញា​ដំបូង​សង្កេតឃើញ​គល់​ម្រះ​មាន​សភាព​ជាំ​ហើយ​រលាក ស្លឹក​ប្រែ​ពណ៌​បៃតង​ទៅ​លឿង បន្ទាប់មក​គល់​នោះ​ស្វិត ហើយ​ឫស​ពុល​បណ្ដាល​ឲ្យ​ដំណាំ​ស្រូបយក​ជាតិ​ទឹក និង​ជីជាតិ​មិនបាន​ក្រោយមក​ដើម ទៅជា​ស្រពោន ហើយ​លែង​លូតលាស់​ដើម​នោះ​ងាប់ ។ វា​កើតឡើង​ច្រើនតែ​នៅ​រដូវវស្សា ដែល​បណ្ដាលមកពី សំណើម​កើន ឡើង​ខ្ពស់ ។ មេរោគ​រស់នៅក្នុង​ដី និង​ទឹក​ស្រោចស្រព ហើយ​កើតឡើង​រហ័ស​ក្នុង​វគ្គ​ដូច​ពន្លក​

២. ជំងឺ​បង្កឡើង​ដោយ​វីរុស​
-​វីរុស​: ជាទូទៅ​ម្រះ​ច្រើន​ធន់​ទ្រាំ​ទៅនឹង​ក្រុម​វីរុស​ជាង​ដំណាំ​ឯទៀត ក្នុង​គ្រួសារ​តែមួយ​។ ជំងឺ​នេះ​ដែល​បណ្ដាលមកពី​ការ បំផ្លាញ​ដោយសារ​ក្រុម​ចៃ​ជាពិសេស​ចៃ​បៃតង ។ ឥទ្ធិពល​របស់​ចៃ​ក្រោយពី​ការបំផ្លាញ​តែង​បង្ក​ឲ្យ​ម្រះ​រួញ ហើយ​ឆ្លង​ពី​ដើម មួយ​ទៅ​ដើម​មួយ​យ៉ាង​លឿន​។ កាលណា​កើត​ជំងឺ​នេះ ធ្វើ​ឲ្យ​ម្រះ​ជំ​រុះ​ផ្កា​ច្រើន​ព្រមទាំង​ធ្វើ​ឲ្យ​ផ្លែ​ក្រិន ហើយ​ព្រមទាំង​ប្រែប្រួល ទំរង់​ផ្លែ ។​

៣. វិធានការ​ការពារ​
– ជំងឺ​វីរុស​: គេ​ត្រូវ​ជ្រើសរើស​មេបា​សម្រាប់​ទុក​ពូជ​គឺ ជាដើម​ដែល​គ្នា​បំផ្លាញ​ដោយ​ជំងឺ ព្រោះ​វីរុស​អាចមាន​លទ្ធភាព​ចម្លង ពី​មេបា​មក​ជំនាន់​ក្រោយ​ទៀត​តាមរយៈ​ការ​រស់នៅក្នុង​អំប្រ៊ីយ៉ុង នៃ​គ្រាប់ពូជ ។ វិធីសាស្ត្រ​ទប់ស្កាត់​ក្រុម​ភ្នាក់ងារ​បង្ក​រោគ និង​ចំលងរោគ ជាពិសេស​ដូចជា មមាច ជញ្ជក់​ស្លឹក ចៃ​ជញ្ជក់​ស្លឹក ដើម ផ្លែ ។ កត្តា​ចំបង​ត្រូវ​ដក​ដើម​ដែល​កើត​ជំងឺ​វីរុស​ចេញ ពី​ចំការ ។​
– ជំងឺផ្សិត​: ឆ្លាស់​មុខ​ដំណាំ សំអាត​ចំការ​ឲ្យ​ស្អាត គ្រប់គ្រង​សំណើម​ដី​ឲ្យ​បានល្អ បន្ថយ​ការប្រើប្រាស់​ជី​អាសូត ពេល​សង្កេត ឃើញ​លេចចេញ​នូវ​រោគសញ្ញា ជាពិសេស​ជំងឺ​ទុំ​ស្លឹក វា​តែង​ទុំ ស្លឹក​ពីក្រោម​ក្បែរ​ដី​ឡើង​មកលើ ដក​ដើម​ដែល​កើត​ជំងឺ​ចេញពី ចំការ ។ គេ​អាច​យក​ថ្នាំ​ការពារ​ផ្សិត​ជាច្រើន​ប្រភេទ មក​លាយ​ជាមួយ​គ្រាប់ពូជ​មុនពេល​ដាំ និង​យកមក​លាយ​ទឹក​បាញ់​ឲ្យ ជោគ​ពី ៥-៧​ថ្ងៃ ម្ដង​ពេល លេចចេញ​នូវ​រោគសញ្ញា​ដំបូង ។​

IV. ការប្រមូល​ផល​
​ការប្រមូល​ផល​ផ្លែ​ម្រះ​សម្រាប់​ធ្វើជា​បន្លែ​បាន គេ​សង្កេតឃើញ​ក្រឡា​បៃតង​រលោង​ម្យ៉ាងទៀត​គេ​អាច​ដឹង នូវ​រយៈពេល​ប្រមូល​ផល​បាន ចាប់ពី​ផ្កា​រីក​ហើយ​ស្រពោន​រយៈពេល ១៥-២០​ថ្ងៃ ឬ​ក្រោយពី​ដាំ​បាន​រយៈពេល ៤៥-៥០​ថ្ងៃ ។ ដើម្បី​ឲ្យ​ផលិតផល​ល្អ​សម្រាប់​បម្រើ​ឲ្យ​ទីផ្សារ គេ​បេះ​ផ្លែ​ម្រះ​ដោយ​ប្រើ​កន្ត្រៃ​កាត់ផ្ដាច់​ទង​ផ្លែ ហើយ​ហូត​យក​ចេញពី​ស្រោម​ក្រដាស់​នៅក្នុង​ម្លប់​ឲ្យ​ស្ងួត​ផ្លែ ហើយ​តំរៀប​ចូលក្នុង​កេះ​ក្រដាស់​ស្ងួត ឬ​កេះ​ស្នោរ ដើម្បី​ការពារ ភាព​រង្គោះរង្គើ បណ្ដាល​ឲ្យ​សំបក​រលួត​នាំ​ឲ្យ​ជាំ​ផ្លែ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ទីផ្សារ ។ ម្រះ​ប្រមូល​ផល​ច្រើនដង គេ​ប្រមូល​ផល ២​ថ្ងៃ​ម្ដង ឬ​៣​ថ្ងៃ​ម្ដង ហើយ​ការប្រមូល​ផល​ធ្វើឡើង​ចំនួន ពី ៨-១០​លើក អាស្រ័យទៅលើ​ការដាំដុះ និង​ថែទាំ ។ ទិន្នផល មធ្យម​ចំនួន ១១.៦​តោន ១​ហ​ត អាស្រ័យ​ទៅតាម​ការដាំដុះ ថែទាំ និង​ជីជាតិ​ដី​តាម​តំបន់ ។​

– ការប្រមូល​ផល​ពូជ​: គេ​ត្រូវ​ជ្រើសរើស​ដើម​ដែល​គ្មាន​រង​ការបំផ្លាញ ដោយ​ជំងឺ​វីរុស ផ្លែ​មាន​លក្ខណៈ សមស្រប​ហើយ​ទុក ផ្លែ​ឲ្យ​ទុំ​នៅ​ដើម បន្ទាប់មក​បេះ​ផ្លែ​ទាំងនោះ​យកមក​សំរាំង​យក​គ្រាប់​ដោយ​លាង​ទឹក​សំអាត ជាតិ​ស្ករ ក្រោយមក​ដាក់​ហាល ថ្ងៃ​រយៈពេល ៤-៥​ម៉ោង ឲ្យ​ស្ងួត​សំបក​គ្រាប់ និង​បន្ថយ​ការ​ហាល​ក្រោម លក្ខខណ្ឌ​ខ្យល់​ស្ងួត ២-៣ ថ្ងៃ​ទើប​អាច​ទុកដាក់​បាន ៕​