ដំណាំ​ស្ពៃខៀវ​

188

១ បច្ចេកទេស​ដាំ​ដុះ​
​ក​. ការរៀបចំ​ដី​
– ត្រូវ​ភ្ជួរ​រាស់​ដី​ហាល​ចោល​ពី ៧-១០ ថ្ងៃ ភ្ជួរ​ពី​ជម្រៅ ពី ១៥-៣០ ស​.​ម​
– ភ្ជួរ​ឲ្យ​បាន ២-៣ ដង ដើម្បី​ត្រឡប់​ស្មៅ​ចូលទៅក្នុង​ដី​ឲ្យ​រលួយ​ទៅជា​ជី​សម្លាប់​ដង្កូវ​ដឹក​ឌឿ និង​សត្វល្អិត​ដែលមាន​នៅក្នុង​ដី​ធ្វើ​ឲ្យ​ដី​ធូរ និង​មាន​ខ្យល់​ចេញចូល​បានល្អ ។​

​ខ​. ការលើក​រង
​ធ្វើ​រង​ទទឹង​រង ០.៨-១​ម៉ែត្រ បណ្ដោយ ១០​ម៉ែត្រ ឬ​តាម​លទ្ធភាព​ដី​ដែលមាន​:
– ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ ២៥-៣០​ស​.​ម​
– នៅ​រដូវវស្សា​លើក​រង​កម្ពស់​ពី ២០-២៥ ស​.​ម រាង​ខ្នង​អណ្ដើក ឬ​ខ្ពស់ជាង​នេះ​ទៅតាម​ស្ថានភាព​ដី
– នៅ​រដូវប្រាំង​លើក​រង​កម្ពស់​ពី ១០-១៥ ស​.​ម រាង​ផត​កណ្ដាល​
– ដាក់​ជីធម្មជាតិ ឬ​កំ​ប៉ុស្តិ៍​សម្រាប់​ទ្រាប់​បាត ពី ១០-១៥​គីឡូក្រាម និង​ជី (១៥.១៥.១៥) ១០០-១៥០ ក្រាម លើ​ផ្ទៃដី ១០ ម៉ែត្រការ៉េ ច្របល់​រួច​រាស់ ឬ​កៀរ​ឲ្យ​រាបស្មើ ។​

​គ​. របៀប​ដាំ​ដុះ​
+ ការ​សាប​គ្រាប់​

– យក​គ្រាប់​ហាលថ្ងៃ​រយៈពេល ពី ២០-៣០ នាទី ហើយ​ត្រាំ​ទឹក​រយៈពេល ២ ម៉ោង និង​ផ្អាប់ ១​យប់ ដើម្បី​ឲ្យ​រីក​គ្រាប់​
– គេ​ត្រូវ​រៀបចំ​ថ្នាល​ឲ្យ​បាន​ស្អាត​ដោយ​ធ្វើ​អី​ឲ្យ​ហ្មត់​ល្អ​រួច​យក​គ្រាប់​មក​លាយ​ដីខ្សាច់ ៤​ភាគ ច្របល់​ឲ្យ​ស្មើ​សាច់ រួច​រោយ​លើ​ថ្នាល​ឲ្យ​រង្វើល​
– យក​ផេះ​បាច​ជុំវិញ​ថ្នាល ដើម្បី​ការពារ​សត្វល្អិត និង​ស្រមោច​កុំ​ឲ្យ​ពាំគ្រាប់​ពូជ ។​


​ខ​. ការដក​ស្ទូង​
– ការ​ស្ទូង​ត្រូវធ្វើ​នៅពេល​កូន​ស្ពៃ​មាន​អាយុ​ពី​១៥-២០​ថ្ងៃ ឬ​នៅពេល​វា​មាន​សន្លឹក​ពី​៣-៤
– ផ្អាក​ការ​ស្រោច​ទឹក ២​ថ្ងៃមុន​ដក​ដើម្បី​ឲ្យ​កូន​ស្ពៃ​អាច​ធន់​ទ្រាំ​ទៅនឹង​កម្ដៅ​
– ត្រូវ​ស្រោច​ទឹក​លើ​ថ្នាល​កូន​ស្ពៃ​ឲ្យ​បាន​សើម​ល្អ​ងាយស្រួល​ក្នុង​ការដក​យកទៅ​ស្ទូង​
– ត្រូវ​ដក​កូន​បន្ទាប់ពី​ស្រោច​ទឹក​ភ្លាម​
– ដកយក​កូន​ណា​ដែលមាន​សុខភាព​ល្អ​លូតលាស់​ល្អ និង​កូន​ដែលមាន​ទំហំ​ប្រហាក់ប្រហែលគ្នា​
– ស្ទូង​ចន្លោះ​គុម្ព​ពី ១៥-២០ ស​.​ម និង​ចន្លោះ​រង ២០-៣០ ស​.​ម (​ជា​មធ្យម ១៦-២០ ដើម​ក្នុង​១ ម៉ែត្រ ការ៉េ​)
– ត្រូវ​គ្រប​កូន​សន្ទូង ២-៣ ថ្ងៃ ដើម្បី​ការពារ​កម្ដៅថ្ងៃ ។​

២. ការថែទាំ​
​ក​. ការ​កម្ចាត់​ស្មៅ និង​ជ្រួយដី​

– ការសម្អាត​ស្មៅ​ធ្វើឡើង​ដោយ​ដៃ ចបជីក ចបកាប់ និង​បន្ទះ​ឫស្សី​សម្រាប់​ជ្រួយដី វិធី​នេះ​ងាយស្រួល ក្នុងការ​អនុវត្ត​នៅ​ជុំវិញ​រង និង​ចន្លោះ​រង​
– ការជម្រះ​ស្មៅ និង​ជ្រួយដី ត្រូវធ្វើឡើង​នៅពេល​កូន​ស្ពៃ​ស្ទូង​បាន ១០​ថ្ងៃ ហើយ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន លៃ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់ ឫស​ស្ពៃ​ជាហេតុ​នាំ​ឲ្យ​អន់ ឬ​ងាប់​កូន​ស្ពៃ ។​

ខ​. ការស្រោចស្រព​
– ស្រោច​ទឹក ១​ថ្ងៃ ២​ដង ព្រឹក និង​ល្ងាច​
– នៅ​រដូវវស្សា បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ​គេ​ត្រូវ​ស្រោច​ទឹក ដើម្បី​លាង​សំអាត​កម្ទេចកម្ទី​ដី​ដែល ជាប់ ឬ​នៅ​បណ្ដូល​ស្ពៃ​ជាហេតុ​ធ្វើ​ឲ្យ​រលួយ
– ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​បង្ហូរទឹក​ចេញ​
– ត្រូវ​បង្កើន​បរិមាណ​ទឹក​ស្រោច ចាប់ពី​ពេល​ស្ទូង រហូត​ដល់ពេល​ប្រមូល​ផល ។​

​គ​. ការដាក់​ជី​
​ការដាក់​ជី​ចែកចេញជា​បី​លើក​:
​លើក​ទី​១៖ ទ្រាប់​បាត​មុនពេល​ស្ទូង​ដោយ​ប្រើ​ជី (១៥.១៥.១៥ ចំនួន ១០-១៥​ក្រាម​) និង​ជី​កំ​ប៉ុស្តិ៍​ពី (០.៥-១​គ​ក្រ​) លើ​ផ្ទៃដី ១​ម៉ែត្រការ៉េ​ដោយ​ច្របល់​ឲ្យ​សព្វ ហើយ​ស្រោច​ទឹក​ឲ្យ​ជោគ ។​

​លើក​ទី​២៖ ៥-៧​ថ្ងៃ​ក្រោយពេល​ស្ទូង​ដាក់​ជី​បំប៉ន​ដោយ​ប្រើ​ជីអ៊ុយរ៉េ ៥-៧​ក្រាម លើ​ផ្ទៃដី ១ ម៉ែត្រការ៉េ ឬ​១​ស្លាបព្រា​បាយ​លាយ​ទឹក ២០​លីត្រ រួច​ស្រោច​ទឹក​លាង តាម​ក្រោយ​ការពារ​កុំ​ឲ្យ​ស្លឹក​ស្ពៃ​រលួយ ។​

​លើក​ទី​៣៖ ២០ ថ្ងៃ​ក្រោយពេល​ស្ទូង ដាក់​ជី​បំប៉ន​ដោយ​ប្រើ​ជីអ៊ុយរ៉េ ១៥-២០​ក្រាម លើ​ផ្ទៃដី​១ ម៉ែត្រការ៉េ ឬ​២​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​២០​លីត្រ រួច​ស្រោច​ទឹក​លាង​តាម​ក្រោយ​ឲ្យ​ជោគ ។​

​ឃ​. ការ​គ្រប​ប្លា​ស្ទិ​ក​
​ជាទូទៅ​កសិករ​មិនសូវ​ដាំ​ដុះ​ដំណាំ​ស្ពៃ​នៅ​រដូវវស្សា​ទេ ពីព្រោះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឲ្យ​ដំណាំ​ស្ពៃ រលួយ និង​មិន​ទទួលបាន​ផល ។ ការ​គ្រប​ប្លា​ស្ទិ​ក​ជា​វិធី​មួយ​ជួយ​ឲ្យ​ការដាំដុះ​ដំណាំ​ស្ពៃ​ទទួលបាន​ជោគ ជ័យ និង​ទទួលបាន​តម្លៃ​ខ្ពស់​នៅ​រដូវវស្សា ។​

៣. ការប្រមូល​ផល
– ការប្រមូល​ផល​ធ្វើឡើង​តាមរបៀប​ផ្សេងៗ​គ្នា​ដែល​គេ​អាច​ដក​ទាំង​ឫស ឬ​កាត់​យកតែ​ដើម គឺ​អាស្រ័យ​ទៅតាម​តម្រូវការ​ទីផ្សារ​
– មុននឹង​កាត់ ឬ​ដក​ស្ពៃ មិនត្រូវ​ស្រោច​ទឹក​ឡើយ​ដោយ​ទុក​ឲ្យ​ស្លឹក​ស្ពៃ​ស្ងួត​ការពារ​ភាព​ជាំ ឬ​កកិត​
– ស្ពៃ​នេះ​អាច​ប្រមូល​ផល​បាន​នៅ​អាយុ ៤៥-៥០​ថ្ងៃ ចំពោះ​ការ​សាប​ដោយផ្ទាល់ និង​អាយុ​ពី ៥០-៦០​ថ្ងៃ ចំពោះ​ការយក​កូន​ទៅ​ស្ទូង​
– ទិន្នផល​ជា​មធ្យម​ចន្លោះ​ពី ១៦-១៨ តោន ក្នុង ១​ហិកតា អាស្រ័យទៅលើ​ការដាំដុះ​ថែទាំ និង​ប្រភេទ ពូជ ៕​ ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ