ដំណាំ​ស្ពៃចង្កឹះ​

353

១. ការរៀបចំ​ដី​
​ក​-​ការរៀបចំ​ថ្នាល​សាប​កូន​
– រដូវប្រាំង​: ត្រូវ​ភ្ជួរ ឬ​កាប់​ដី​ឲ្យ​ជ្រៅ ហាល​ដី​ឲ្យ​ស្ងួត រយៈពេល ៣-៧ ថ្ងៃ ក្រោយពី​ដី​ស្ងួត​ហើយ​ត្រូវ​វាយ ឬ​រាស់​បំបែក​ដី​ឲ្យ​ម៉ត់ លើក​ជា​ថ្នាល​ដែលមាន​ទទឹង​ពី ៦០-៨០ ស​.​ម កំពស់ ១០-១៥ ស​.​ម បណ្ដោយ ទៅតាម​ជាក់ស្ដែង​របស់​ដី​ចន្លោះ​ថ្នាល​ពី ៣០-៤០ ស​.​ម កៀរ​ពង្រាបដី​ឲ្យ​ស្មើ​ល្អ ធានា​រក្សា​សំណើម​បាន យូរ ធ្វើ​ឲ្យ​កូន​ស្ពៃ​លូតលាស់​ស្មើគ្នា​ល្អ
– រដូវវស្សា​: មិន​ខុសពី​រដូវប្រាំង​ឡើយ​តែ​យើង​ត្រូវ​រក​ទីកន្លែង​ទួល​ខ្ពស់​មិន​ជាំ​ទឹក និង​ត្រូវមាន​គំរប​ការពារ ភ្លៀង​សំរាប់​គ្រប​ដី​ឲ្យ​ស្ងួត​ចន្លោះ​ពី ៧ ថ្ងៃ បន្ទាប់មក​លើក​ជា​រង​ឲ្យ​បាន​កំពស់​ពី ១៥-២០ ស​.​ម ទទឹង​ពី ៨០-១០០ ស​.​ម ។ ថ្នាល​សាប​កូន​ត្រូវ​កៀរ​ដី​ឲ្យ​បាន​ស្មើ​មាន​ប្រឡាយបញ្ចេញទឹក ។​

​ខ​-​ការរៀបចំ​ដី​សំរាប់​ស្ទូង​
– នៅ​រដូវវស្សា ការរៀបចំ​ថ្នាល​សំរាប់​ស្ទូង គឺ​ត្រូវ​ភ្ជួរ​ដី​ឲ្យ​បាន​ជំរៅ​ពី ១៥-២០ ស​.​ម ហើយ​ហាល​ដី​ឲ្យ ស្ងួត​រយៈពេល​ពី ៥-៧ ថ្ងៃ​ទើប​រាស់​បំបែក​ដី ប្រមូលយក​ស្មៅ​ចេញ បន្ទាប់មក​ហាល​ដី​ឲ្យ​បាន ២-៣​ថ្ងៃ ។ ក្រោយមកទៀត​ភ្ជួរ​ប្រែ​ដី​ហាល​ឲ្យ​បាន​រយៈពេល ៣-៥​ថ្ងៃ ទើប​រាស់ និង​កៀរ​ដី​ឲ្យ​ស្មើ​ល្អ ។
– របៀប​លើក​រង ក្បាល​រង​ត្រូវធ្វើ​ឲ្យ​ត្រឹម​គ្នា​ដែលមាន​ទទឹង​ពី ៨០-១០០ ស​.​ម បណ្ដោយ​ជាការ​ល្អ​ត្រូវ មាន​ប្រវែង ១០-២០ ម៉ែត្រ កំពស់​រង​ពី ១៥-២០ ស​.​ម ។​

​ចំពោះ​នៅ​រដូវប្រាំង​ការរៀបចំ​ដី​ដូចគ្នា គេ​និ​យ​ដាំ​នៅលើ​ដីស្រែ​ហើយ​លើក​រង​ទាប​ជាង ដើម្បី​កាត់បន្ថយ ការប្រើប្រាស់​ទឹក ។​

២. បច្ចេកទេស​ដាំ​ដុះ​
​ដំណាំ​ស្ពៃចង្កឹះ​គេ​អាច​ដាំ​បាន ២ វិធី គឺ ការ​សាប​កូន​ហើយ​ដក​ទៅ​ស្ទូង និង​ការ​ព្រោះ​ដោយ​គ្រាប់​ផ្ទាល់ ក៏បាន ។​

ក​-​របៀប​សាប​គ្រាប់ពូជ​
​មុនពេល​សាប​គ្រាប់ពូជ​ត្រូវយក​ជី​កំ​ប៉ុ​ស្ត ឬ​ជី​លាមក​សត្វ​ចំនួន ២ បង្គី ឬ ៣០ គ​.​ក្រ ទៅ​បាច​លើ​ថ្នាល ដែលមាន​ផ្ទៃដី ១០-១៥ ម​២ រួចហើយ​យក​ជី ១៥.១៥.១៥ ចំនួន ២០០ ក្រាម ឬ ប្រាំ​ស្លាបព្រា​បាយ និង ថ្នាំ Furadan 3H ចំនួន ៥០ ក្រាម ទៅ​បាច​លើ​ថ្នាល ហើយ​រាស់​លប់​ទៅក្នុង​ដី ក្រោយមក​ស្រោច​ទឹក ឲ្យ​ជោគ ។ គ្រាប់ពូជ​ត្រូវ​យកមក​ត្រាំ​ជាមួយ​ទឹក​ដែល​បាន​លាយ​ជាមួយ​ថ្នាំ Captan ៥ ក្រាម លាយ​ជាមួយ​ទឹក ១ លីត្រ ត្រាំ​រយៈពេល ១០ នាទី​បន្ទាប់មក​ស្រង់​ហាល​គ្រាប់ ឲ្យ​ស្រស់ទឹក​ទើប​យក ទៅ​សាប ។ ត្រូវ​ប្រើ​គ្រាប់ពូជ ចំនួន ១៥-១៦ ក្រាម ឬ ១ ស្លាបព្រា​បាយ ក្នុង​ផ្ទៃដី ១០ ម​២ ។​

​ក្រោយ​សាប​រួចហើយ ព្រាច​កំណាត់​ចំបើង​ស្ងួត​ខ្លីៗ ឲ្យ​ពេញ​លើ​ថ្នាល​ហើយ​ស្រោច​ទឹក​ឲ្យ​ជោគ​ទើប​គ្រប ស្លឹកចេក​ពីលើ បន្ទាប់មក​ស្រោច​ទឹក​រាល់ថ្ងៃ គឺ​មួយថ្ងៃ ២ លើក ព្រឹក និង​ល្ងាច ។ រយៈពេល​ក្រោយ​សាប ចំនួន ២ យប់​ត្រូវ​បក​ស្លឹកចេក​នោះ​ចេញ​ពេលនោះ​កូន​ស្ពៃ​ចាប់ផ្ដើម​ដុះ ។​

ខ​-​របៀប​ស្ទូង​
​ក្រោយ​សាប​រយៈពេល ១៤-១៦​ថ្ងៃ កូន​ស្ពៃ​មាន​សន្លឹក ៣ កំពស់​ពី ៨-១០ ស​.​ម គេ​អាច​ដក​កូន​ស្ពៃ​ទៅ ស្ទូង​បាន ។ មុនពេល​ដក​កូន​ស្ពៃ​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​រយៈពេល ២០-៣០ នាទី ។ ចំពោះ​ថ្នាល​សំរាប់ ស្ទូង ដំបូង​ត្រូវយក​ជីធម្មជាតិ​ពុកផុយ​ល្អ​ចំនួន ២ បង្គី ស្មើនឹង ៣០ គ​.​ក្រ ជី ១៥.១៥.១៥ ចំនួន ២០០ ក្រាម​ស្មើ នឹង ២​ខាំ ទៅ​បាច​លើ​រង​ប្រវែង ១០-១៥ ម ហើយ​រាស់​លប់​ទៅក្នុង​ដី បន្ទាប់មក​ស្រោច​ទឹក​ឲ្យ ជោគ​ទើប​ស្ទូង​តាម​ក្រោយ ។ ត្រូវ​ស្ទូង​ពេល​ថ្ងៃរសៀល​ត្រជាក់ ចន្លោះ​គុម្ព និង​ចន្លោះ​ជួរ​ដែល​ត្រូវ​ស្ទូង​គឺ ២៥ x ២០ ស​.​ម ក្រោយ​ស្ទូង​ហើយ​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ ។ ដើម្បី​បន្ថយកំដៅ​ដី និង​ការពារ កា​ហាប​ដី ព្រមទាំង​អាច​រក្សា​សំណើម​ដី​បានយូរ​ចាំបាច់​ត្រូវ​ព្រាច​កំណាត់​ចំបើង​ស្ងួត​ឲ្យ​សព្វ​ល្អ​ពេញ​លើ​ផ្ទៃ​រង ហើយ​ស្រោច​ទឹក ៣ ដង ក្នុង​១​ថ្ងៃ ស្រោច​ក្នុង​រយៈពេល ៣ ថ្ងៃ ក្រោយ​ស្ទូង ។​

​គ​-​របៀប​ដាំ​ដោយ​សាប​គ្រាប់​ផ្ទាល់​
​ក្រោយពី​ការរៀបចំ​រង​ហើយ ត្រូវយក​ជី​កំ​ប៉ុ​ស្ត និង​ជី ១៥.១៥.១៥ ចំនួន​ដូចខាងលើ​មក​ព្រាច​លើ​ថ្នាល ហើយ​រោយ​ថ្នាំ Furadan 3H ចំនួន ៣ ស្លាបព្រា​បាយ ហើយ​រាស់​លប់​ទៅក្នុង​ដី បន្ទាប់មក​ស្រោច​ទឹក ឲ្យ​ជោគ ។ ចំពោះ​គ្រាប់ពូជ​ដែល​ត្រូវ​យកមក​ព្រោះ​ត្រូវ​ព្រោះ​ឲ្យ​រង្វើលៗ ក្នុង​កំរិត​កន្លះ​ស្លាបព្រា​បាយ​ស្មើ នឹង ៨ ក្រាម លើ​ផ្ទៃ​ថ្នាល ១០ ម​២ ។​

​ក្រោយពី​ព្រោះ​ហើយ​ត្រូវ​ព្រាច​កំណាត់​ចំបើង​ស្ងួត​ពី​ទើប​ស្រោច​ទឹក​តាម​ក្រោយ ។ ដើម្បី​ឲ្យ​កូន​ស្ពៃ​ដុះ​ស្មើ គ្នា​ល្អ​រយៈពេល ២-៣​ថ្ងៃ ដំបូង​ត្រូវ​ស្រោច​ទឹក ៣ ដង ក្នុង​១​ថ្ងៃ​។ ក្រោយពេល​កូន​ស្ពៃ​ដុះ​បាន​រយៈពេល ៧-១០ ថ្ងៃ គេ​ត្រូវ​ដក​រំ​លោះ​កូន​ស្ពៃ​ចេញ​ខ្លះ​នៅត្រង់​កន្លែង​ដែល​ញឹក​ពេក គឺ​ត្រូវ​រក្សាទុក​ចំនួន​ដើម​ស្ពៃ​ត្រឹម តែ ២០-២២ ដើម​/​ម​២ ។​

៣. ការថែទាំ​
ក​-​ការ​ស្រោច​ទឹក
​ការ​ស្រោច​ទឹក​អាច​ធ្វើបាន​ច្រើន​របៀប​គឺ ស្រោច​ដោយ​ប៉ោត​មួយថ្ងៃ ២​លើក ព្រឹក និង​ល្ងាច ។ ដំណាំ​ស្ពៃ ចង្កឹះ​មិនត្រូវ​ការ​ទឹក​ច្រើនពេក​ទេ តែ​វា​ត្រូវការ​ជាប្រចាំ​រៀងរាល់​ថ្ង​ស ។ កសិករ​ខ្លះ​អាច​ស្រោចស្រព​ដោយ ម៉ាស៊ីន គឺ​ដាក់​ជំ​ពួយ​ផ្កាឈូក​បាញ់​ឲ្យ​ជោគ ១ ថ្ងៃ​ម្ដង តែ​វិធី​នេះ​ធ្វើ​ឲ្យ​ដី​ឆាប់​ហាប់​ចាំបាច់​ត្រូវ​គ្រប​ចំបើង ឲ្យ​ក្រាស់ ។​

​ខ​-​ការដាក់​ជី​
​ស្ពៃចង្កឹះ​ជា​បន្លែ​ដែល​ត្រូវការ​ចាំបាច់​នូវ​ជីជាតិ អាសូត ផូស្វាត និង​ប៉ូ​តា​ស្យូ​ម ប៉ុន្តែ​សេចក្ដីត្រូវការ​នេះ​ត្រូវ បែងចែក​ទៅតាម​ដំណាក់កាល​លូតលាស់​របស់​វា ។ ប្រភេទ​បន្លែ​ស្លឹក​ត្រូវការ​ជាតិ​អាសូត​ច្រើនជាងគេ ដូច្នេះ​ការដាក់​ជី​ត្រូវ​អនុវត្តតាម​ប្រភេទ​ដី អាយុកាល និង​ប្រភេទ​ជី ។ ក្រោយ​សាប​បាន ពី ១០-១២ ថ្ងៃ ត្រូវយក​ជីអ៊ុយរ៉េ ១ ស្លាបព្រា​បាយ​លាយ​ទឹក ២០ លីត្រ ស្រោច​លើ​ផ្ទៃ​រង ១០-១៥ ម​២ ហើយ​ត្រូវ​ស្រោច​ទឹក​លាង​តាម​ក្រោយ​ឲ្យ​ជោគ​នៅពេល​កូន​ស្ពៃ​មាន​អាយុ​ពី ១០-២០ ថ្ងៃ ត្រូវយក​ជី ១៥.១៥.១៥ ចំនួន ២​ខាំ​កន្លះ​បាច​លើ​ផ្ទៃ​ថ្នាល ១០-១៥ ម​២ បើ​ប្រើ​លើ​ផ្ទៃដី ១ ហិកតា ត្រូវ​ប្រើ​ក្នុង​កំរិត ១៥០-២០០ គ​.​ក្រ ដោយ​រោយ​តាម​ចន្លោះ​គុម្ព​ហើយ​ស្រោច​ទឹក​ឲ្យ​ជោគ​ភ្លាម ។ បន្ទាប់មកទៀត រយៈពេល​មួយអាទិត្យ​ម្ដង​ប្រើ​ជីអ៊ុយរ៉េ​តាម​កំរិត​ដូច​ពីមុន ។ ចំពោះ​ការដាំ​ដោយ​ស្ទូង​ក្រោយពី​ស្ទូង​កូន រយៈពេល​ពី ៧-១០ ថ្ងៃ យើង​យក​ជីអ៊ុយរ៉េ​ចំនួន ១ ស្លាបព្រា​បាយ​លាយ​ទឹក ២០ លីត្រ ស្រោច​លើ​ផ្ទៃដី ១០-១៥ ម​២ រយៈពេល ១ អាទិត្យ​ម្ដង ។​

​គ​-​ការសំអាត​ស្មៅ​ជ្រំដី​ពូន​គល់​
​ត្រូវ​ដកស្មៅ​ចេញ និង​ជ្រំ​ជ្រួយដី​ឲ្យ​ធូរ​ដោយ​ប្រើ​កូន​ចប​តូចៗ រយៈពេល​ពី ៧-១០ ថ្ងៃ ក្រោយ​សាប ឬ ស្ទូង​ដើម្បី​រក្សា​សំណើម​បានល្អ ។ មួយ​អាយុកាល​របស់​ស្ពៃ​អ្នក​អាច​ដកស្មៅ​ចំនួណ ២-៣ លើក ។ ចំពោះ​ការ​ជ្រំ​ជ្រួយដី​ធ្វើឡើង​តែមួយ​លើក​តែប៉ុណ្ណោះ ។​

៤. ការគ្រប់គ្រង​សត្វល្អិត និង​ជំងឺ​
​សត្វល្អិត​បំផ្លាញ​ដែល​ធ្លាប់​ជួបប្រទះ​មាន​: ដ​ង្កូ​ប​ស៊ី​ញ៉េ ដង្កូវ​ខៀវ ដង្កូវ​ស៊ី​ស្លឹក និង​កាត់​ស្លឹក ដើម ទា​គូ ដង្កូវ​ហ្វូង ដង្កូវ​យោលទោង និង​ចៃ ។ ជំងឺ​ដែល​ធ្លាប់​ជួបប្រទះ​មាន​: ជំងឺផ្សិត​រលួយ​គល់ ជំងឺ​ស្រពោន ដើម​ស្រស់​ពុក​ឫស ជំងឺ​បាក់តេរី​រលួយ​ទន់ ជំងឺ​បាក់តេរី​អុច​លើ​ស្លឹក ។ (​ការគ្រប់គ្រង និង​កំចាត់​ដូច​ក្នុង ឯកសារ​ដំណាំ​ខាត់ណា​) ។​

៥. ការប្រមូល​ផល​
​គេ​អាច​ប្រមូល​ផលដំណាំ​ស្ពៃ​បន្ទាប់ពី​ដាំ​បាន​រយៈពេល​ពី ២០-២៥​ថ្ងៃ ។ មុនពេល​ប្រមូល​ផល​រយៈពេល ១៤​ថ្ងៃ ត្រូវ​បញ្ឈប់​ការប្រើ​ថ្នាំពុល​ផ្សេងៗ និង​រយៈពេល​ពី ២-៣​ថ្ងៃ ផ្អាក​ការ​ស្រោច​ទឹក ។ ការប្រមូល ផល​នៅពេល​ព្រឹក​ត្រជាក់​ចាប់ពី​ម៉ោង ៨ ទៅ​ម៉ោង ១០​។ របៀប​ប្រមូល​ផល​គេ​ប្រើ​កូនកាំបិត​មក កាត់​ក្បែរ គល់​ផុតពី​ដី រួច​កាត់​ស្លឹក​ចាស់ៗ​ចោល ២-៣ ធាង រួច​យកទៅដាក់​តំរៀប​ក្នុង​ឡាំង ឬ កញ្ឆេរ​ធំ មាន​ខ្យល់​ចេញចូល​ដាក់​ក្រោម​ម្លប់​ត្រជាក់​ក្រោម​ដើមឈើ បន្ទាប់មក​ត្រូវ​ដឹកជញ្ជូន​ចេញ​ភ្លាម​កុំអោយ​ត្រូវ ថ្ងៃ​ក្ដៅ ។ ជាទូទៅ​ទិន្នផល​ជា​មធ្យម​របស់​វា​ផ្ដល់​ពី​១៨-២២ តោន​/​ហ​ត ៕ ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ