ដំណាំ​អំពៅ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ​កើន​ឡើងដល់​៦០០​ហិកតា​

550
ចែករម្លែក

ដោយ​: ចាន់ ថន​
​ព្រៃវែង​:
ប្រជាកសិករ​រស់នៅ​ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ឆ្នាំ​២០១៩​នេះ បាន​ប្រកបការងារ ដាំ​អំពៅ​លក់​កើនឡើង​កាន់តែ​ច្រើនឡើង លើស​ឆ្នាំមុនៗ ដោយ​កត្តា តម្លៃ​អំពៅ​ខ្ពស់​គួរសម ឯ​ការដាំដុះ ជា​លក្ខណៈ​គ្រួសារ​ក៏មាន​ភាពងាយស្រួល​ច្រើន​។

​ប្រជាកសិករ អ្នក​ដាំ​អំពៅ​នៅ​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ បាន​និយាយថា នៅ​ភូមិ​របស់គាត់ ការដាំដុះ អំពៅ​សម្រាប់​ឆ្នាំ​២០១៩​នេះ បាន​កើនឡើង​ច្រើនជាង​ឆ្នាំមុនៗ ដែល​ការកើនឡើង​នេះ ដោយសារតែ​ឆ្នាំមុន ពួកគាត់​លក់​អំពៅ​ម៉ៅ​ឲ្យ​ម៉ូយ បាន​ថ្លៃ​ខ្ពស់ ចាប់ពី​២០​លាន​រៀល ទៅ​ជាង​៣០​លាន​រៀល ក្នុង​១​ហិកតា​។ ពួកគាត់​សង្ឃឹមថា នៅ​ចុង​ឆ្នាំនេះ នឹង​បាន​ថ្លៃ​ខ្ពស់​ទៀត​។ ប្រជាកសិករ​ថា ការដាំដុះ អំពៅ មិនសូវ​ខាត​ទេ គ្រាន់​មាន​ចំណេញ​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​។ ចាប់តាំងពី​ដាំ​មក ទើបតែ​មាន​ខាត​ម្តង​ប៉ុណ្ណោះ ហើយក៏​មិន​ខាត​ច្រើន​ដែរ​។

​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ ខេត្តព្រៃវែង បានឱ្យដឹងថា ការដាំដុះ​ដំណាំ​អំពៅ​ជា​លក្ខណៈ​គ្រួសារ នៅក្នុង​តំបន់​ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ មាន​កំណើន​ជាង​ឆ្នាំមុន គឺ​ដោយសារតែ​កាលពី​ឆ្នាំទៅ ពួកគាត់​អាច​លក់បាន​ក្នុងតម្លៃ​ខ្ពស់​។ ឯ​ការចំណាយ​ថ្លៃដើម​វិញ គឺ​អស់​ត្រឹម តែ​ក្រោម ១០​លាន​រៀល​ប៉ុណ្ណោះ ក្នុង​១​ហិកតា​។ ការដាំដុះ​នេះ គ្មាន​ចម្ការ​ទេ គឺ​ដាំ​នៅលើ​ដី ស្រែ​ស្រូវ​សុទ្ធសាត មានន័យថា ច្រូតស្រូវ​រួច ដាំ​អំពៅ​។ ប្រមូល​ផល​អំពៅ​រួច ព្រោះស្រូវ​វិញ គឺ​វិលជុំ​។

​លោក អ៊ុក សំណាង បញ្ជាក់ថា ការដាំដុះ​ដំណាំ​អំពៅ​នៅទីនេះ ពុំ​មានប្រើ​សារធាតុ​គីមី​ច្រើន​ទេ ហើយ​ស្រុក​ផ្សេងៗ នៅក្នុង​ខេត្ត ក៏​មិនមាន​ដាំ​ច្រើន ដូច​ស្រុក​ស្វាយ​អ​ន្ទ​រ​នេះដែរ​។

​សូមបញ្ជាក់ថា ការដាំដុះ​ដំណាំ​អំពៅ​នៅ​ឃុំ​ជា​ខ្លាង​នេះ កសិករ​បាន​ដាំ​ត​គ្នា​តាំងពី​បុរាណ​មក​ម្លេះ​។ តែ​មិន​ទូលំទូលាយ​ដូច​សព្វថ្ងៃនេះ​ទេ ហើយក៏​មិនមាន​ផ្ទៃដី​ធំៗ ដល់​រាប់រយ​ហិកតា​ដែរ​។ ជាក់ស្ដែង​ដី​ដែល​ដាំ​អំពៅ នៅ​តំបន់​នោះ​សុទ្ធតែ​កសិករ​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ ពុំមែន​ជា​ទ្រង់ទ្រាយ​ក្រុមហ៊ុន​ទេ​។ ចំណែក​ប្រភពទឹក សម្រាប់​ស្រោច​ស្រ​ព្វ គឺ​ប្រើ​ទឹក​អណ្តូង​បុក គឺ​ពុំមាន​ប្រភពទឹក​ទន្លេ​ឡើយ​៕ ល​