ដំណុស​, ដំណុះ​, ដុះ​, ដុស​, ដំណែល​, ទម្រង់​, ទម្លាក់​, ទម្រឹង​, ទព្វសម្ភារៈ​, ទម្រាំ​, ដំណោះ​, សប្បុរស​, សង្កថា​, សម្ពោធ​, កង្វល់​, កំបោរ​, ក្រពឹត​, កាប៊ីណេត៍​, កំណៀរ​

620
ចែករម្លែក
  • 1
    Share

ដំណុស ព​. ថ​. ( ន​. ) ការ​ដុស​ឲ្យ​ជ្រះ​, ឲ្យ​រលីង​, ឲ្យ​ស្អាត​; កន្លែង​ដែល​គេ​ដុស​ជម្រះ : ត្រូវ​ប្រយ័ត្ន​កុំ​កាន់​ឲ្យ​ប្រឡាក់​ត្រង់​ដំណុស​ថ្មី ។

​ដំណុះ ព​. ថ​. ( ន​. ) ការ​ដុះ​, ដំណើរ​ដុះ : ដំណុះ​ស្មៅ​, ដំណុះ​សំណាប​, ដំណុះ​កូន​ស្ពៃ ។

​ដុះ ( កិ​. ) ចាប់​កើត​, កកើត​, មាន​ពន្លក​, មាន​ដើមដង​ឡើង : ស្រូវ​ដុះ​, ពោត​ដុះ ។ ចម្រើន​ឡើង : ដីដុះ​; ពុកចង្កា​ដុះ ។

​ដុស ( កិ​. ) ខាត់​, រំលីង​, ពួត​, ជម្រះ​ដោយ​សាប៊ូ : ដុសក្អែល​, ដុសខោអាវ ។ ដុសខាត់ ខាត់​ជម្រះ​ឲ្យ​ស្អាត​, ឲ្យ​រលីង​, ឲ្យ​ជ្រះ​អស់​មន្ទិល ។

​ដំណែល ( ន​. ) ទី​, កន្លែង ឬអ្វីៗ​ជា​ដែល​គេ : រក្សា​ដំណែល ។ ប្រើ​ជា គុ​. ក៏បាន : កេរដំណែល ។

​ទម្រង់ ( ន​. ) សណ្ឋាន​, ទ្រង់​, ទ្រង់ទ្រាយ​, លំនាំ : របស់​នេះ​មាន​ទម្រង់​សមរម្យ​; ទម្រង់​វែង​ពុំ​សូវ​សម ។ រ​. ស​. គ្រឿង​ទ្រង់​នៃ​ព្រះរាជា : ព្រះ​ទម្រង់​ខុ​រំ (–​ខុ​រ៉័​ង​) កាំបិត​កោរ​; ព្រះ​ទម្រង់គទាវុធ (–​គៈ​ទា វុ​ត​) ដំបង​; ព្រះ​ទម្រង់មណីរត្ន (–​មៈនី​រ័​ត​) ចិញ្ចៀន​; ព្រះ​ទម្រង់អគ្គី (–​ក​គី​) កាំភ្លើង​; ព្រះ​ទម្រង់អសិ (–​អៈ​សិ​) ដាវ ។​ល​។

​ទម្លាក់ ( កិ​. ) ធ្វើ​ឲ្យ​ធ្លាក់​; លែង​ចោល​ឲ្យ​របូត​ជ្រុះ​ធ្លាក់ : ទម្លាក់ផ្លែឈើ​។ ទម្លាក់ក្រាញ តាំង​ក្រាញ​ទម្រន់​នៅ ។ ទម្លាក់ចិត្ត ឬ ទម្លាក់គំនិត លាកចិត្ត​ឬ​លាក​គំនិត ។ ទម្លាក់បំពង់ (​ព​. ប្រ​.) ទម្លាក់​ប្រមោយ​គោះ​ដី​ឮសូរ​ដូច​គេ​បោះ​បំពង់​ទម្លាក់​ទៅលើ​ដី (​ដំរី​) : ដំរី​ទម្លាក់ បំពង់​សញ្ញា​ថា វាទ​ទួល​ស្ដាប់បង្គាប់​ហើយ (​គេ​អាច​ចូលទៅ​ចាប់​វា​បាន​) ។​ល​។

​ទម្រឹង ( កិ​. ) ធ្វើ​អាការ​ទ្រឹង គឺ​ដំអក់​ដោយ​រឹងត្អឹង​ក្រ​ឆ្លើយ​, ក្រ​ឲ្យ​, ក្រ​ថា​, ក្រ​សង : វា​ទម្រឹង​មិន​ឆ្លើយ​; គាត់​ទម្រឹង​មិន​ព្រម​សង​ប្រា​ក់សោះ ។

​ទព្វសម្ភារៈ ទ័​បពៈ​ស័​ម​ភារៈ បា​.; សំ​. ( ន​. ) (​ទ្រ​វ្យ​–) គ្រឿង​ប្រុង គឺ​គ្រឿង ប្រដាប់​សម្រាប់​ផ្គុំ​, សម្រាប់​ផ្សំ​, ដំឡើង ដូច​យ៉ាង​គ្រឿង​គេហដ្ឋាន និង​គ្រឿងរទេះ​ជាដើម : មុននឹង​សង់​គេហដ្ឋាន គប្បី​រក​ទព្វសម្ភារៈ​ឲ្យ​បាន​សព្វគ្រប់​សិន​។

​ទម្រាំ ( និ​. ) ទ្រាំ​តែ​, ដរាប​តែ​, ដរាប​ដល់​, ត្រាតែ : ទម្រាំ​គេ​មកដល់​; ទម្រាំ​បាយ​ឆ្អិន​; យើង​ធ្វើការ​បណ្ដើរ​ទៅ ទម្រាំ​លោក​អញ្ជើញ​មកដល់ ។ ទំនុក​បំពេកូន​សម័យ​បុរាណ​ថា : កូន​អើយ​ដេក​ទៅ កូនពៅ​នាង​កុំ​យំ ទម្រាំ​បាយ​ងំ ស៊ី​រួចហើយ​ដើរលេង ។ ក្នុងសម័យ យើង​ឥឡូវ​គួរ​ថា : …​ស៊ី​រួចហើយ​ខំរៀន ឬ​…​ទៅ​រៀន ដូច្នេះ​វិញ ។

​ដំណោះ ( ន​. ) ការ​ដោះ​, ពាក្យ​ដោះ​, ដំណើរ​ដោះស្រាយ : ចោទប្រកាន់​គេ​មិន​ជាប់​ទេ គេ​មាន​ដំណោះស្រាយ​ច្រើនយ៉ាង​ណាស់ ។ ដំណោះពិត ការដោះស្រាយ​តាម​ហេតុ​ពិត ។ ឥតមាន​ដំណោះ ឥតមាន​ផ្លូវ​ដោះ ។

​សប្បុរស ស័​ប ឬ សប់​-​បុ​-​រ៉ស់ បា​.; សំ​. ( ន​. ) (​សប្បុរិស​; ស​ត្បុ​រុ​ឞ​) បុរស​អ្នក​ស្ងប់ គឺ​មនុស្ស (​ប្រុស​ក្តី​ស្រី​ក្តី​) អ្នក​មិន​ធ្វើអំពើ​អាក្រក់​ដោយ​កាយវាចា​ចិត្ត​, អ្នកប្រព្រឹត្ត​ល្អ​, អ្នក​ត្រឹមត្រូវ : ពួក​សប្បុរស ។ ខ្មែរ​ប្រើ​ជា គុ​. សំដៅ​សេចក្ដី​ថា “​ល្អ​, ប្រសើរ​, ត្រឹមត្រូវ​” ក៏មាន : មានចិត្ត​សប្បុរស​, មានធម៌​សប្បុរស​, មនុស្ស​សប្បុរស​, ត្រូវ​ប្រើស​ម្ដី​សប្បុរស​រកគ្នា (​ឬ​ប្រើ​ជា ន​. ដែរ​. សំដៅ​សេចក្ដី​ថា​“​ចិត្តសប្បុរស​,…”​ក៏បាន​) ។

​សង្កថា សង់​-​កៈ​– សំ​. បា​. ( ន​. ) ពាក្យ​សន្ទនា​, ការសន្ទនា​គ្នា​; ការ​ថ្លែង សេចក្ដី​មាត់ទទេ : ធ្វើ​សង្កថា​រកគ្នា ទៅវិញទៅមក ។

​សម្ពោធ សំ​-​ពោត សំ​. បា​. ( ន​. ) (​សម្ពោធ ឬ​–​ធន​) ការ​រំឭក​; ការ​ថ្លែង សេចក្ដី​ដោយ​ច្បាស់លាស់​; ការ​ពោល​ពាក្យ​ប្រាស្រ័យ​រកគ្នា​; ការហៅ​គ្នា​ចំពោះមុខ​;… ។ ខ្មែរ​ប្រើ សម្ពោធ ជា កិ​. សំដៅ​សេចក្ដី​ថា “​ថ្លែងសេចក្ដី​រៀបរាប់​ឬ​រាយការណ៍​ក្នុង​ទី ប្រជុំ​ឆ្លង​ឬ​ឡើង​មន្ទីរ​ថ្មី​ជាដើម​” : សម្ពោធ​សាលារៀន (​ម​. ព​. សម្ភោជ និង សម្ភោទ្យ ផង​) ។

កង្វល់ ( ន​. ) សេចក្ដី​ខ្វល់ចិត្ត ខ្វល់គំនិត : ខ្ញុំ​មាន​កង្វល់ (​កុំ​ប្រើ​ថា​ខ្ញុំ​មាន​សេចក្ដី​កង្វល់​) ។ ស្រុក​កើត​កង្វល់ គឺ​ស្រុក​ដែលមាន​កើត​សឹកសង្គ្រាម ឬ មាន​កើត​បះបោរ​ចលាចល​អ្វី​; មាន​កង្វល់ មាន​ក្ដី​ខ្វល់ ។

​កំបោរ ( ន​. ) វត្ថុ​មាន​សាច់​ផុស​ផង់ មាន​ពណ៌​ស​កើត​អំពី​ថ្ម ១ យ៉ាង​ដែល​ដុត​សុស ឬ អំពី​សំបក​លៀស​, គ្រំ​ជាដើម​, ដែល​គេ​ដុត​ឲ្យ​សុស : កំបោរថ្ម​, កំបោរលៀស ។

​ក្រពឹត ( គុ​. ) ក្រជឹប​រឹតរួត ដោយ​ស្នាមដំបៅ​ជាដើម : មាត់​ក្រពឹត​, ស្នាម​ក្រពឹត ។

កាប៊ីណេត៍ បារ​. ( ន​. ) ខុទ្ទកាល័យ​; ការិយាល័យ​; គណៈរដ្ឋមន្ត្រី​; ទី​ពិភាក្សា​ជំនុំជម្រះ​របស់​ស្មាក្ដី​, របស់​ចៅក្រម ។

​កំណៀរ ( ន​. ) ការ​កៀរ​, ការប្រមូល​ដោយ​ខ្នៀរ : កំណៀរអាចម៍ដី​, កំណៀរពពុះទឹក ។ អ្វីៗ ដែល​គេ​កៀរ​យកទៅ ឬ យកមក : របស់​កំណៀរ ។ (​ធ្លាប់ប្រើ​មកជា កំនៀរ​, តែ​តទៅ​គួរប្រើ​ជា កំណៀរ វិញ ដើម្បី​ឲ្យ​ស្របគ្នា​នឹង​ពាក្យ​ឯទៀត ដូច កំណត់​, កំណប់ ជាដើម​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត