ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត នៅ​កោះកុង ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ​

822
ចែករម្លែក

ដោយៈ​សុ​ផានី​តា​/​កោះកុងៈ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកោះកុង​បាន​វាយតម្លៃ​ខ្ពស់​អំពី​ដំណើរការ​នៃ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត អា​ណិ​ត្ត​ទី​៥ ជាង​២០​ថ្ងៃ​មកនេះ​ថា ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​អ្វី​ឡើយ ខណៈ​គណបក្សនយោបាយ​នីមួយៗ​មាន​ភាពចាស់ទុំ​ច្រើន គ្មាន​អំពើហិង្សា និង​ពាក្យ​បណ្តឹងតវ៉ា​។​

ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត នៅ​កោះកុង ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ​

​ជាង​២០​ថ្ងៃ​មកនេះ ពុំមាន​បញ្ហា​ខុស​ប្រក្រតី​ណាមួយ​កើតមានឡើង​ទេ នៅក្នុង​មូលដ្ឋាន​ខេត្តកោះកុង​ចំពោះ​សកម្មភាព ធ្វើ​យុទ្ធនា​ការរក​សំឡេង​បោះឆ្នោត​របស់​គណបក្សនយោបាយ​ប្រកួតប្រជែង​។​អ្វីដែល​ពិសេស​នោះ​គឺ​គ្រប់​គណបក្សនយោបាយ​ដែល​បាន​ឈរ​នៅក្នុង​ខេត្ត បាន​គោរព​ទៅ​លក្ខខណ្ឌ​ច្បាប់​របស់​គ​.​ជ​.​ប​.​យ៉ាង​ល្អ​ប្រសើរ​។​

​លោក សេង ណេង ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកោះកុង ប្រាប់​រស្មី​កម្ពុជា​រសៀល​ថ្ងៃទី​២៧ កក្កដា នេះ​ថា ចាប់តាំងពី​ថ្ងៃ​ផ្តើម​យុទ្ធនាការ​បោះឆ្នោត​ដល់​ថ្ងៃ​បិទ​បញ្ចប់​នេះ​លោក​ពុំទាន់​ទទួល​ពាក្យបណ្តឹង​តវ៉ា​និង​កើតមាន​អំពើហិង្សា​ណាមួយ​ទេ​។​ការ​គ្មាន​បណ្តឹងទាស់​ក៏​ព្រោះតែ​បណ្តា​គណបក្សនយោបាយ​នីមួយៗ​យល់​អំពី​ច្បាប់បោះឆ្នោត​និង​មាន​ភាពចាស់ទុំ​ច្រើនជាង​មុន​។​

​លោក សេង ណេង បានកត់សម្គាល់​ទៀតថា អំឡុងពេល​ឃោសនា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​​​ហ្វ៊ុន ស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិ​ប្រជា​ធិ​ប​ត្យេ ដែល​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​ជាច្រើន​ជាងគេ​។ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​៧​ផ្សេងទៀត​មិន​ធ្វើ​សកម្មភាព ស្របពេល​បាន​ឈរឈ្មោះ​ប្រកួតប្រជែង​។

​ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកោះកុង​ក៏​ឱ្យដឹង​ដែរ​ថា​ខេត្តកោះកុង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៦​ម៉ឺន​១​ពាន់​នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​។ រីឯ​សន្លឹកឆ្នោត និង​ហិប​ឆ្នោត​មួយចំនួន ក៏បាន​ដឹក​ជ​ញ្ចូ​ន​ទៅកាន់​កា​រិ​យោ​ល័យ​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យោល​ជា​បណ្តើរៗ​ហើយ​ដែរ​។ ត្បិត​កន្លងទៅ មាន​ការិយាល័យ​ចំនួន​៤​ក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ប្រឈម​នឹង​គ្រោះទឹកជំនន់​។​

​ ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​២៧ កក្កដា នេះ គេ​ឃើញ​មានតែ​សមាជិក សមា​ជិកា​ គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​ចេញ​ធ្វើ​សកម្មភាព​ឃោសនា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ព្រមទាំង ថ្លែង​សារ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខេត្ត ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កុំបី​អាក់ខាន​ផងដែរ​។​

​លោក ទៀ វិញ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កោះ កុង លើកឡើង​នៅ​ស្រុក​មណ្ឌលសីមា​ថា រយៈកាល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នឹង​កំពុង​ឈានទៅ​មុខ តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ ស្របទៅតាម​បំណង​ប្រាថ្នា​ដ៏​ពិសេស​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​បាន​នាំមក​ជូន​ប្រជាជន​នូវ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង មាន​សន្តិភាព​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ដ៏​រឹងមាំ​។​

​សមាជិក​ក្រុមការងារ​បូកសរុប​ការងារ​គណបក្ស​ប្រជាជន​ខេត្តកោះកុង លោក រិ​ទ្ធិ សា​រិ ទទួលស្គាល់ថា ដំណើរ​ការ​ឃោសនាបោះឆ្នោត អា​ណិ​ត្ត​ទី​៦​នេះ ពិត​ជាមាន​ភាពល្អប្រសើ​រ​មែន​។ សម្រាប់ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត​ជាង​១​ម៉ឺន​៥​ពាន់​នាក់ ចូលរួម​ឃោសនា​ថ្ងៃ​បិទ​យុទ្ធនាការ​បោះឆ្នោត​។​

​គួរ​បញ្ជាក់ដែរថា ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៨​លាន​នាក់ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នឹង​ចេញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃអាទិត្យ ទី ២៩ កក្កដា ចុង​សប្តាហ៍​នេះ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​។ ការបោះឆ្នោត នឹងធ្វើ​ឡើង​នៅតាម​ការិយាល័យ​បោះឆ្នោត​២២៩៦៧ ការិយាល័យ​នៅ​ទូទាំង​ប្រទេស ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល​៕​សរន​

ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត នៅ​កោះកុង ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ​