ដំណើរការ​ជួសជុល​ចម្លាក់​បង្កាន់​ដៃ​អសុរា​និង​ទេវតា​ទ្រ​នាគ នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ជិត​រួចរាល់​ហើយ​

102
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ ចំពោះ​ដំណើរការ​គម្រោង​ជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា​ទ្រ​នាគ​(​លេខ​០១) និង​លើក​តម្រង់​រូបចម្លាក់​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​មក គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​។

រយៈពេល​ជិត​មួយឆ្នាំ​កន្លងមកនេះ ដំណើរ​ការជួសជុល​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​និង​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ដោយមាន​ការចូលរួម​ពី​ស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារ​អភិរក្ស​ថ្ម ពលករ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ដំណើរការ​ពិភាក្សា​ឱ្យ​ការជួសជុល​សមស្រប​ទៅតាម​តម្លៃ​បេតិកភណ្ឌ​ខ្មែរ​និង​ច្បាប់​អន្តរជាតិ​។

ទាក់ទង​នឹង​លទ្ធផល​ដែល​ទទួលបាន លោក ឃា​ម មុនី ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ឱ្យដឹងថា ក្រុមការងារ​សម្រេច​នូវ​ការលើក​រូប​បង្កាន់ដៃ​អសុរា​ដែល​ទ្រេត ដួល ខ្វះ​លំនឹង​បាន​ចំនួន​៥​រូប និង​បង្កាន់ដៃ​ទេវតា​ដែល​ដួលរលំ​រាយប៉ាយ ទ្រេត ស្រុត បម្រុង​ដួលរលំ បាន​១៦​រូប (​លើក​តម្រង់​រូបចម្លាក់​ឱ្យ​ត្រង់ ជាប់​មាំ​ឡើងវិញ​បាន​១០០%) និង​លើក​គម្រោង​លម្អិត​ជួសជុល​គ្រឹះ​ចម្លាក់​អសុរា​កាន់​ក្បាល​នាគ​បាន​៦៥% តួខ្លួន​អសុរា​បាន​៦៥% និង​ព្រះ​កេស​នាគ​ខាងលើ​បាន​៦៥% ។​

ក្នុងនោះដែរ ក្រុមការងារ​ក៏បាន​ស្វែង​រកឃើញ​ព្រះ​កេស​របស់​ទេវតា​ចំនួន​០១​ដែល​នឹង​ត​ភ្ជាប់​ឱ្យមាន​សុវត្ថិភាព​ឡើងវិញ​ផងដែរ​។

ចំពោះ​ការជួសជុល លោក ឃា​ម មុនី បញ្ជាក់ថា ក្រុមការងារ​បាន​លម្អិត​ខ្លាំង​ទៅលើ​រូប​នាគ​និង​មេទ័ព​អសុរា​(​លេខ​០១) ព្រោះ​រូបនេះ​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​ដួល​ទាំងស្រុង រូប​ប្រេះ​បែក​ពីគ្នា ព្រះ​កេស​បែក​របេះ​ធ្លាក់​ថ្ម ព្រមទាំង​គ្រឹះ​របស់​រូប​ផងដែរ ដោយសារ​កត្តា​ធម្មជាតិ មាន​បរិយាកាស ទឹកភ្លៀង លំហូរ​ច្រោះ​ដី កត្តា​មនុស្ស​ដោយ​ការបំផ្លាញ និង​ការ​លំ​ញ័រ​របស់​យានយន្ត​ដែល​ឆ្លងកាត់​។​

តាមរយៈ​តម្លៃ​នៃ​ការជួសជុល ប្រធាន​គម្រោង​រូបនេះ​បាន​សង្កត់ធ្ងន់ថា ចម្លាក់​អសុរា​និង​ទេវតា​ទ្រ​នាគ​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង គឺជា​ទីតាំង​សំខាន់​ដែល​ទេសចរ​ឆ្លងកាត់​ឥត​ដាច់ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​បេតិកភណ្ឌ​ដ៏​មហស្ចារ្យ​មួយ​នេះ​ឱ្យ​បានល្អ ដើម្បី​រួមចំណែក​ក្នុង​ការលើកតម្លៃ​ក្នុង​តំបន់​នេះ និង​អាច​បង្កើន​កន្លែង​ទស្សនា​ដល់​ទេសចរ​បាន​ច្រើន​។

ជាងនេះទៅទៀត វា​ជាការ​ផ្តល់​ឯកសារ​ប្រវត្តិសាស្ត្រ​ជាសំខាន់​បំផុត​នៃ​ការជួសជុល​ចម្លាក់​មួយ​នេះ ដើម្បីឱ្យ​ភ្ញៀវទេសចរ​និង​អ្នកសិក្សា​ស្រាវជ្រាវ​ទាំង​បច្ចុប្បន្ន​និង​អនាគត​បានឃើញ បាន​សិក្សា​ជា​ប្រយោជន៍ ពិសេស​គឺ​លើក​តម្លៃ​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ជំនាន់​មុន​ដែល​បាន​បន្សល់​ស្នាដៃ​ដ៏​ល្អ​ឯក​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​នេះ និង​លើក​តម្លៃ​អ្នកដឹកនាំ​ជំនាន់​ថ្មី​ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​សម្បត្តិ​ដូនតា​។

ជា​អ្នក​រួមចំណែក​មួយរូប​ក្នុងការ​ជួសជុល​ចម្លាក់​អសុរា​និង​ទេវតា​ទ្រ​នាគ លោក ដួង ដឿ​ម អាយុ​៥៩​ឆ្នាំ អ្នកភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប មាន​អាជីព​ជា​អ្នក​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ជាង​២០​ឆ្នាំ​ហើយ ផ្នែក​រៀប​ថ្ម​ប្រាសាទ​និង​ចម្លាក់ និង​ដាប់ថ្ម លោក​សប្បាយចិត្ត​ដែល​បានរួម​ចំណែក​ក្នុង​កិច្ចការ​បេតិកភណ្ឌ​ដូនតា និង​សុំឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ជួយ​ថែរក្សា​និង​បន្ត​ការរៀនសូត្រ ព្រោះ​បើ​អត់​ពី​ចាស់ៗ​ទៅ គឺ​វិជ្ជា​ទាំងឡាយ​នឹង​បាត់​បង់ហើយ​។ លោក ដឿ​ម មិនមាន​បំណង​នឹង​បញ្ចប់​ការងារ​នេះ​ទេ នឹង​បន្ត​កិច្ចការ​នេះ​រហូត​។​

មិន​ខុសគ្នា​ពី​លោក ដឿ​ម លោក ឡយ លឿម អាយុ​៥៣​ឆ្នាំ ធ្វើការ​នៅ​តំបន់​អង្គរ​ជាង​២០​ឆ្នាំ​ដូចគ្នា ជំនាញ​ដាប់ថ្ម ត​ថ្ម សប្បាយចិត្ត​ណាស់​ដែល​បាន​ជួសជុល​ចម្លាក់​ថ្ម​អសុរា ព្រោះ​ជា​របស់បុរាណ​ដែល​ត្រូវ​ថែរក្សា វា​មិនជា​ការលំបាក​នឿយហត់​ទេ​ក្នុងការ​បំពេញ​ការងារ​នេះ ហើយ​លោក​ចង់​បន្តការងារ​នេះ ដើម្បី​ទុកជា​ស្នា​ដៃដល់​កូនចៅ​ជំនាន់​ក្រោយ​​ឱ្យ​ពួកគេ​បានឃើញ បាន​ស្គាល់ និង​ជួយ​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ​ទាំងអស់គ្នា​៕B/