ដំណើរការ​ប្រឡង​បាក់​ឌុប​បញ្ចប់​ដោយ​ជោគជ័យ តែ​ពេល​កែ​សុំ​កុំ​ឲ្យ​ខុស​បច្ចេកទេស​!

425
ចែករម្លែក

ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់ ឌុប​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩​បាន​បិទ​បញ្ចប់​ដោយ​ជោគ ជ័យ ទោះ​ជាមាន​ភ្លៀង​ធ្លាក់​នៅ​មណ្ឌល​ខ្លះ​ក៏ដោយ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​តាម​សេចក្តីប្រកាស​ក្នុង​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃនេះ​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១.៨៣៨ នាក់ (​ស្រី ៦៩៦​នាក់​) ត្រូវជា ១,៥៧​ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ ប្រឡង​សរុប​។ ក្នុងនោះ​បេក្ខជន មាន​បញ្ហា​សុខភាព ចំនួន ១៥២​ករណី​បន្ទាប់ពី​ទទួល បានការ​សង្គ្រោះ​បឋម អាច​បន្ត​ការប្រឡង​ទៀត​បាន លើកលែងតែ ១១​ករណី​ត្រូវ បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ពុំ​អាច​ត្រឡប់មក​បន្ត​ការប្រឡង​បាន​។​

​ជារួម ក្រសួង​អប់រំ បានប្រកាសថា ដំណើរការ​ប្រឡង​បាក់​ឌុប​ពីរ​ថ្ងៃនេះ ដំណើរការ បានល្អ និង​ដោយ​រលូន ដោយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ កើតឡើង​គួរ​ឲ្យ​កត់ សម្គាល់​ឡើយ ដោយសារ​បេក្ខជន​គោរ​តាម​បទ​ប្ប​ញ្ញ​តិ្ត នៃ​ការប្រឡង​យ៉ាង​ល្អ​ស្ទើរតែ ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​។​

​តាម​ការគ្រោងទុក​លទ្ធ​ផល​ប្រឡង​នៃ​ការប្រឡង​បាក់​ឌុប នឹងត្រូវ​ប្រកាស​នៅតាម មណ្ឌល​ប្រឡង ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នា​រសៀល​ថ្ងៃទី​១០​ខែកញ្ញា និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១១ ខែកញ្ញា និង​ផ្សព្វផ្សាយ​តាម បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​តែមួយគត់​រប​សប់​ក្រសួង​អប់រំ​យុវជន​និង​កីឡា facebook.com/moeys.gov.kh​។

​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៩​នេះ​មាន​បេក្ខជន បាន​ចុះឈ្មោះ​ប្រឡង​សរុប ១១៧.០៤៣ នាក់ (​ស្រី ៦០៤២៧​នាក់​) និង​មាន​មណ្ឌល​ប្រឡង ២០២ មណ្ឌល ត្រូវជា ៤.៧២៥ បន្ទប់​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ មាន​បេក្ខជន​ពីរ​នាក់ ត្រូវបាន​ក្រសួង សម្រេច​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ព្រោះតែ​យក​សំណៅ​ឯកសារ​និង​ទូរស័ព្ទ​ចូល​បន្ទប់ ប្រឡង​។

​បន្ទាប់ពី​ការប្រឡង​ចប់ សន្លឹក​កិច្ចការ​របស់​បេក្ខជន នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ ត្រូវបាន​វេច​ខ្ចប់​និង​ចុះហត្ថលេខា​ចាក់សោ​ដោយ​គណៈមេប្រយោគ​ទូទាំងប្រទេស​គណៈកម្មកា​រ​អប្បមាទ ជំនួយការ​អប្បមាទ ប្រធាន​-​អនុប្រធាន​មណ្ឌល​ព្រមទាំង​បាន​ដឹក ជញ្ជូន យកទៅ​តម្កល់ទុក នៅ​កន្លែង ដែលមាន​សុវត្ថិភាព​បំផុត​។

​កិច្ច​បន្ត​ក្រសួង​អប់រំ នឹង​រៀបចំ​គណៈកម្មការ​កំណែ​លើ​វិញ្ញាសា​របស់​បេក្ខជន​លើ​មុខ វិជ្ជា​ប្រឡង ចំនួន​ប្រាំពីរ​ចែកចេញជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ថ្នាក់​វិទ្យាសាស្ត្រ រួមមាន​មុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរ សាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា​។ រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មានមុខ​វិជ្ជា ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។​
​ ​
​គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំមុន ដោយសារ​តែមាន​បញ្ហា​បច្ចេកទេស នាំ​ឲ្យ​ខុស​ពិន្ទុ​លើ មុខវិជ្ជា​គណិតវិទ្យា ដែល​នាំ​ឲ្យ​លទ្ធផល​ជាប់ និង​និទ្ទេស​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប មានការ​ប្រែប្រួល ហើយក៏​ផ្ទុះ​ការតវ៉ា​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ លទ្ធផល​នៃ ការប្រឡង​ឆ្នាំមុន ក៏ត្រូវ​បានប្រកាស​ពីរដង​។​
​ ​
​ជារួម នៅក្នុង​ដំណើរការ​ប្រឡង រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃទី​១៩-២០​សីហា ដំណើរការ បានល្អ និង​ដោយ​រលូន ដោយសារតែ​បេក្ខជន​គោរព​តាម​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន ល្អ មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់ ប្រមាណ​ពីរម៉ឺន​នាក់ និង​គរុ​សិស្ស​-​និស្សិត​ជា​ជំនួយការ អប្បមាទ ជិត ២៥០០​នាក់ អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​គោរព តាម​កម្រង​ភារកិច្ច និង​សេចក្តីណែនាំ​បច្ចេកទេស​របស់​ក្រសួង​អប់រំ​ខណៈដែល​ភាគី ពាក់ព័ន្ធ រួមមាន អាជ្ញាធរ​ដែនដី អង្គភាព​ប្រឆាំង​អំពើពុករលួយ​យុវជន​ស្ម័គ្រចិត្ត​នៃ​សហ ភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាជាង ២.០០០​នាក់ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងបី​ប្រភេទ និង​ប្រជា​ការពារ​ប្រមាណ​១០.០០០​នាក់ មន្ត្រី​សុខាភិបាល​ប្រចាំ​មណ្ឌល​ប្រឡង និង​មូលដ្ឋាន​សុខាភិបាល និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ក៏បាន​ចូលរួម​សហការ​យ៉ាង ជិតស្និទ្ធ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ដំណើរការ​ប្រឡង​រយៈពេល ២​ថ្ងៃនេះ​។​
​ ​
​លទ្ធផល​នៃ​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃនេះ បង្ហាញ​កាន់តែច្បាស់​ថា កំណែ ទម្រង់ការ​ប្រឡង​បាក់​ឌុប របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុ​ន នៅតែ ទទួលបាន​ការគាំទ្រ ដូច​ប្រាំ​ឆ្នាំកន្លងមក រាប់​ចាប់តាំងពី​ឆ្នាំ​២០១៤​។ នៅ​ឆ្នាំ​២០១៩​នេះ មិនមាន​ការចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ តែ​វិន័យ និង​ការ រឹតបន្តឹង​ពិសេស​បេក្ខជន​ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍ ហាមឃាត់​ឡើយ​។ នេះ​ជា​ជោគជ័យ ដែល​មហាជន​មិន​សរសើរ​មិន បាន​លើ​កំណែ ទម្រង់ការ​ប្រឡង​បាក់​ឌុប​។​
​ ​
​សរុបទៅ នៅ​ដំណាក់កាល​កំណែ​លើ​វិញ្ញាសា នៅ​ឆ្នាំនេះ គេ​រំពឹងថា ក្រសួង​អប់រំ នឹងមិន​បណ្តោយ​ឲ្យ​មានការ​ធ្វេសប្រហែស នាំ​ឲ្យ​ខុស​បច្ចេកទេស ដូច​ឆ្នាំមុន​ទៀត​ទេ ព្រោះថា ដំណើរការ​ប្រឡង​ពីរ​ថ្ងៃ បាន​ជោគជ័យ​រួចទៅហើយ​។ ម្យ៉ាងទៀត​នៅមុន​ការ ប្រឡង​បាក់​ឌុប​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ប្រកាស​រួចហើយ ពី​កំណែទម្រង់ និង​ជៀសវាង​នូវ​កំហុសឆ្គង​នៃ​ការកែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន ក៏ដូចជា ការ​បូកសរុប​ពិន្ទុ​របស់​បេក្ខជន​ជាដើម​៕ ដោយ​: ម៉េង​ឆៃ​

#