ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃ​ដំបូង​

392
ចែករម្លែក
ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃ​ដំបូង​(រូបថតគន្ធា)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដំណើរការ​សំណេរ​ព្រឹក​ថ្ងៃទី​១ នៃ​ថ្ងៃទី​១៩​ខែសីហា​ព្រឹក​មិញ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មានដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី គណៈ មេ​ប្រយោគ ទូទាំង ប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស ជំនួយការ អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុ ប្រធាន​មណ្ឌល គណៈកម្មាការ កណ្ដាល គណៈកម្មាការ ត្រួត ពិនិត្យ អគារ គណៈកម្មការ​អនុរក្ស និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំលោកឌីខាំប៉ូលីបញ្ជាក់។


ដោយឡែក​បេក្ខជន បាន​គោរព​បទបញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង ក្នុង ការ ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន ដោយ គ្មាន យក សំណៅ​ឯកសារ ឬ ឧបករណ៍ អេ​ឡិ​ត្រូ​និក ចូល ក្នុង មណ្ឌល ប្រឡង ។ ក្នុង​ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​១​នេះ មាន​ពីរ​មុខវិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ (​ប្រវត្តិវិទ្យា និង​ជីវវិទ្យា​) និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​ផែនដី​និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា​) ។​

​បេក្ខជន​ប្រឡង​ឆ្នាំនេះ មាន​ចំនួន ១១៧ ០៤៣ នាក់ (​ស្រី ៦០៤២៧ នាក់​) មាន ២០២ មណ្ឌល ចែកជា​ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​ចំនួន ៤៤ ៦៨៣ នាក់ មាន ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន ៧២ ៣៤១ នាក់ មាន ១២៧ មណ្ឌល ។ ចំនួន​បេក្ខជន​អវត្តមាន​ពេលព្រឹក​ចំនួន ១៦១៩ នាក់​( ស្រី ៦២១ នាក់​) ជា​ភាគរយ ១.៣៨%​។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​១៩​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម ៕​សរន​

ទិដ្ឋភាពមួយនៅភ្នំពេញ(រូបថតគន្ធា)
ទិដ្ឋភាពរៀបចំសណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងនារាជធានីភ្នំពេញ(រូបថតគន្ធា)