ដំណើរការ​អភិវឌ្ឍន៍​ក្រុង​លៀវ ចូ​វ​

347

(​លៀវ​ចូ​វ​)៖​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​លៀវ​ចូ​វ​គឺជា​ប្រយោជន៍​ថ្មី​មួយ​សំរាប់​កម្ពុជា​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​នៃ​ទីក្រុង​មួយ​ដែលមាន​អាត្រា​ប្រជាជន​តែ​៤​លាន​នាក់​។​ប៉ុន្តែ​ទីក្រុង​មួយ​នេះ​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​និង​បាន​ក្លាយជា​តំបន់​ស្វ័យ​ត​មួយ​របស់​ខេត្ត​គ័ង​ស៊ី​ដែល​ធ្វើអោយ​ប្រជាជនមាន​កម្រិតជីវភាព​សមរម្យ តាមរយៈ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អ ទាំង​វិស័យ​កសិកម្ម ឧស្សាហកម្ម​និង​វិស័យ​​ទេសចរណ៍​ក្រោម​កិច្ច​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស ចិន​។​

​នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត​មាន និង​ជា​ប្រធាន​គណៈប្រតិភូ​សារព័ត៌មាន​កម្ពុជា​ក្នុង​​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១៣​ថ្ងៃ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​ក្នុងឱកាស​ធ្វើ​ទស្សនកិច្ច​នា​មជ្ឈមណ្ឌល​នគររូបនីយកម្ម​ជាទី​កន្លែង​ដែល​រដ្ឋាភិបាល​បង្ហាញ​ពី​ការរៀបចំ​ផែនការ​កសាង​នូវ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​រូបវន្ត​នា​សម័យកាល​បច្ចុប្បន្ន​និង​ការបង្ហាញ​ពី​សម័យ​កាលដែល​មិនទាន់មាន​ការអភិវឌ្ឍ​ន៍​នៃ​ទីក្រុង​លៀវ​ចូ​វ ។​យុទ្ធសាស្ត្រ​ដ៍​មុត​ស្រួច​​និង​កត្តា​អំណោយផល​ធនធាន​រ៉ែ បូក​រួមទាំង​ការចូលរួម​ប្រកបដោយ​ឆ​ន្ទះ​មុះ​មុត​របស់​ប្រជាជន ធ្វើអោយ​ទីក្រុង​លៀវ​ចូ​វ​ត្រូវបាន​លោក​​ប្រធាន ម៉ៅ សេទុង ដាក់​តំបន់​នេះ​ជា​តំបន់ឧស្សាហកម្ម និង​កសិកម្ម​ចាប់តាំងពី​ឆ្នាំ​១៩៤៥​ដើម្បី​ប្រែក្លាយ​តំបន់​ជនបទ​ដាច់ស្រយាល​​មួយ​នេះ ឱ្យទៅជា​តំបន់​ដែលមាន​សក្តានុពល រីកចំរើន​ផ្នែក​ឧ​ស្សហកម្ម សិប្បកម្ម កសិកម្ម និង​ទេសចរណ៍ ។

​គួរ​បញ្ជាក់ថាៈ​បច្ចុប្បន្ន​នេះ ទីក្រុង​លៀវ​ចូ​វ មាន​រោងចក្រ​ឧស្សាហកម្ម​ធុន​ធ្ងន់​ជាច្រើនៈ រោងចក្រ​ផលិត​គ្រឿងចក្រ រថយន្ត រថភ្លើង​និង​គ្រឿង​ម៉ាស៊ីន ។ ចំណែក​វិស័យ​កសិកម្ម​វិញ វា​គឺជា​តំបន់ភ្នំ​ខ្ពង់រាប ដី​មាន​ជីវជាតិ​មាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​ស្រោចស្រប់​។ ជាពិសេស​នោះ​ក៏​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាមួយនឹង​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ផងដែរ ។ រីឯ​វិស័យ​ដឹកជញ្ជូន ទីក្រុង​នេះ​មាន​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ​គ្រប់គ្រាន់ ជាពិសេស​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ។

​អាស្រ័យ​ដោយ​កត្តា​ចូលរួមចំណែក​ទាំងអស់​របស់​ខេត្ត​និង​ទីក្រុង​នីមួយៗ​ទើប​ធ្វើអោយ​ប្រទេស​ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​លំដាប់​ទី​២ នៅលើ​ពី​ភព​លោក ។

​គណៈប្រតិភូ​បានធ្វើ​ទស្ស​និក​កិច្ច​នៅ​វិទ្យាស្ថាន​បច្ចេកទេស​តម្លើង ជួសជុល​រថភ្លើង និង​រថយន្ត​ដែលមាន​និស្សិត​សិក្សា​ក្នុង​មួយឆ្នាំ​៤.០០០​នាក់ ។ បច្ចុប្បន្ន​មាន​និស្សិត​ចំនួន​មួយ​ម៉ឺន​នាក់ បាននិងកំពុង​សិក្សា​ជំនាញ​បច្ចេកទេស​ក្នុង​រយៈពេល​៣​ឆ្នាំ ។

​តាម​ការលើកឡើង​រប​ស់លោក​ប្រធាន​វិទ្យាស្ថាន​បានបញ្ជាក់​ថា នៅក្នុង​ប្រទេស​ចិន គឺមាន​រថភ្លើង​ប្រើ​ល្បឿន​លឿន​រហូតដល់ ៣០០ ដល់ ៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

​បច្ចុប្បន្ន​រដ្ឋាភិបាល​ចិន បាន​កសាង​សមិទ្ធផល​ផ្លូវដែក​សំរាប់​រថភ្លើង​ល្បឿន​លឿន​ដល់​ទៅ​ជាង​២០.០០០​គីឡូម៉ែត្រ​ក្នុង​ទូទាំង​ប្រស​ចិន​និង​ក្រៅពីនេះ​ក៏មាន​រថភ្លើង​ល្បឿន​មធ្យម​ត្រឹម​១០០ ដល់ ២០០ ក្នុង​មួយ​ម៉ោង និង​រថភ្លើង​ក្រោម​ដី​ក្នុង​ល្បឿន ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ផងដែរ​។ ផ្លូវដែក​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​សម្រួលការ​កកស្ទះ​ចរាចរណ៍ ប្រើពេល​វេលា​លឿន​និង​ជាពិសេស​សន្សំសំចៃ​ការចំណាយ​​ក្នុងការ​ធ្វើដំណើរ​ដែល​ជាទី​គាប់ប្រសើរ​របស់​ប្រជាជន​។​

​ដោយឡែក​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ទីក្រុង​លៀវ​ចូ​វ​មាន​ការតាំង​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​នា​សម័យ​សង្គ្រាម​ចិន និង​ជប៉ុន ចិន និង​វៀតណាម និង​សង្គ្រាម​ផ្ទៃក្នុង ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ធ្លាប់​ឆ្លងកាត់ សង្គ្រាម​ជាច្រើន​សម័យកាល ។​ហើយ​សារមន្ទីរ​ក៏បាន​បង្ហាញ​ពីស​មិទ្ធ​ផល​ឧស្សាហកម្ម សិប្បកម្ម ទំនៀម​ទំលាប់​ប្រពៃណី​កសិកម្ម និង​ជីវភាព​នា​អតីតកាល ថែមទាំង​បាន​ចងក្រង រូបភាព​សមិទ្ធផល​ជា​ប្រវត្តិ​​សាស្ត្រ សំរាប់​យុវជន​ជំនាន់​ក្រោយ​ឱ្យបាន​យល់ដឹង​ច្បាស់​ពី​ប្រវត្តិ​របស់ខ្លួន ។​

​គណៈប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​បន្តដំណើរ​ទស្សនកិច្ច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ដក់​ជាប់​នូវ​អារម្មណ៍​កោតស្ញប់ស្ញែង​ទៅនឹង​ដំណើរ​ការវិវត្ត​នៃ​ប្រ​វត្ថិ​សាស្ត្រ​នៃ​ប្រជាជាតិ​ចិន​ដែល​រក្សាបាន​នូវ​កេរ្តិ៍ដំណែល​បន្សល់​ទុកឱ្យ​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​នា​សារមន្ទីរ​ប្រវត្តិសាស្ត្រ ថ្ម​ចំឡែក ដែលមាន​ប្រភពពី​ខេត្ត​នានា នៅក្នុង​ប្រទេស​ចិន ។ តាម​ការ​ទស្សនា​និង​ការបង្ហាញ​ពី​អ្នកជំនាញ​​អត្ថាធិប្បាយ​ណែនាំ​ភ្ញៀវ​បាន​លើ​ឡើង​ថាៈ ថ្ម​ទាំងនេះ​ទាំង​ពណ៌ និង​រូបរាង​ខុសៗ​គ្នា គឺ​សុទ្ធសឹងតែ​ជា​ធម្មជាតិ​សុទ្ធសាធ​ដោយ​មិនមាន​ការកែច្នៃ​ឫ​ប្រឌិត​បានឡើយ​។ ដោយ​គេ​រកឃើញ​មាន​ក្នុង​ផ្ទៃ​ទន្លេ បាតសមុទ្រ និង​តំបន់ភ្នំ​ហើយ​ប្រភេទ​ថ្ម​ទាំងនេះ​សុទ្ធ​តែមាន​​តំលៃ​ថ្លៃ​ព្រោះ​វា​ជា​ធនធាន​រ៉ែ​ធម្មជាតិ​ដ៏​កម្រ​ទៀតផង ៕​ដោយ​៖​យោធិន​/sn

សារមន្ទីរ​នគរូបនីយកម្ម​ក្រុង​លៀវ ចូ​វ បង្ហាញ​ពី​ប្រ​វត្ថិ​អភិវឌ្ឍ ដែល​ឧទ្ទេសនាម​ដោយ​កុមារា កុមារី អាយុ​ក្រោម​១០​ឆ្នាំ ធ្វើ​ជាម​គ្គុ​ទ្ទេសន៍​។​
​វិទ្យាស្ថាន​បច្ចេកទេស​វិជ្ជាជីវៈ​ផ្លូវដែក និង​សហគ្រាស​ផលិត​រថយន្តក្រុង​លៀវ ចូ​វ​