ដំណើររឿង​នានា​ពាក់ព័ន្ធ​នឹង​បុណ្យមាឃបូជា

565
ចែករម្លែក

​ភ្នំពេញៈ បុណ្យមាឃបូជា គឺជា​បុណ្យ​សំខាន់បំផុត​លំដាប់​ទី​ពីរ​របស់​ពុទ្ធសាសនិក បន្ទាប់ ពី​បុណ្យ ពិសាខបូជា ហើយ​បុណ្យមាឃបូជា គឺជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក ដែល បង្កើតឡើង ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ពីរ​យ៉ាង​គឺ​ដល់​កាលដែល​ព្រះពុទ្ធ ដាក់​អាយុសង្ខារ និង កាលដែល​ព្រះពុទ្ធ សម្តែង​ឱវាទបាតិមោក្ខ ។ ចំណែក​ព្រះ សារីបុត្រ និង ព្រះ​មោគ្គល្លាន ក៏ត្រូវ​បានតែងតាំង​ជា​ព្រះ អគ្គសាវ័ក​ឆ្វេង ស្តាំ នាឱកាស​នោះដែរ ។​

​ដើមរឿង​នាំអោយមាន​មាឃបូជា​
គម្ពីរ នៃពុទ្ធសាសនា បាន​ចែងថា បន្ទាប់ពី​ព្រះពុទ្ធ​បាន​ត្រាស់ដឹង​ភ្លាម ក៏មាន ស្តេច នៃ មារ (​ក្នុង​បរិបទ​វប្បធម៌​ខ្មែរ ដែល​ហៅថា មារ គឺជា​អ្វី​ដែលជា​ឧបសគ្គ​រារាំង ជ្រៀតជ្រែក ឬ​រំខាន​ដល់ ការសម្រេច​អ្វីមួយ ។ ចំណែក​ន័យ​ក្នុង​ពុទ្ធប្បវត្តិ ត្រូវបាន​អ្នកខ្លះ​បកស្រាយ​ថា មារ​នា​គ្រោះ នោះ គឺ ព្រះទ័យ ឬ ចិត្ត ដែល​ព្រះពុទ្ធ​គិតថា ចង់​ចូល​និព្វាន​តែម្តង បន្ទាប់ពី​ត្រាស់ដឹង​ភ្លាម ) បាន​ចូលទៅ​អារាធនា គឺ​និមន្ត ព្រះពុទ្ធ​អោយចូល​និព្វាន​ភ្លាម ។ ប៉ុន្តែ​ដោយសារ​មាន គ​ហម្ប​តី ព្រហ្ម បាន​ចុះមក​អារាធនា ព្រះអង្គ ហើយដោយ​ព្រះមហា​ករុណា​ទិ​គុណ​ចំពោះ សត្វលោក ទើប​ព្រះពុទ្ធ​បានទទួល​ការ​និមន្ត​របស់​គ​ហម្ប​តី​ព្រហ្ម គឺ​ព្រះអង្គ​មិនទាន់​ចូល បរិនិព្វាន​នាគ្រា នោះឡើយ ។ ព្រះពុទ្ធ​ក៏​គង់នៅ​ប្រោស​បង្រៀន​ប្រៀនប្រដៅ​ដល់​សត្វលោក​ក្នុង​ភព​ទាំងបី​ឲ្យ មាន​បញ្ញា បាន​ក្តី​សុខ​ច្រើន​កោដិ​នាក់​តាម​ឧបនិស្ស័យ​រៀងៗ​ខ្លួន ។​

៤៥ ឆ្នាំក្រោយ​ម ក្នុងពេលដែល​ព្រះពុទ្ធ​មាន​ព្រះជន្ម​ជិត​គ្រប់ ៨០ ព្រះវស្សា មារ (​ក្នុង​បរិបទ​នេះ ត្រូវបាន​អ្នកខ្លះ​បកស្រាយ បន្ទាប់ពី​បាន​បំពេញ​ព្រះ​ពុទ្ធកិច្ច​ទាំង ៥ យ៉ាង​ទាំងយប់ ទាំង​ថ្ងៃ អស់​រយៈពេល ៤៥ ឆ្នាំ​មក ព្រះពុទ្ធ​មាន​ព្រះ​បរិវិតក្ក គឺ​គិតថា សម​លម្ម​ម​នឹង​យាង​ចូល​បរិនិព្វាន ហើយ ខណៈ​ព្រះអង្គ​មាន​វ័យ ៨០ ព្រះវស្សា ) ដដែល​នោះ ក៏ បានមក​អារាធនា​និមន្ត​ព្រះអង្គ ម្តងទៀត គឺ​នៅ​ថ្ងៃ ១៥ កើត ខែ មាឃ មុន​ព​ទ្ធ​សករាជ បី ខែ ។​

​តាម “ ពុទ្ធា​នុ​ភាព “ គឺ​អំណាច​បុណ្យ​បារមី​របស់​ព្រះពុទ្ធ​ទាំងឡាយ​អាច​បន្ត​អាយុសង្ខារ​បាន រាប់ពាន់​លាន​កោដិ​ឆ្នាំ​ដោយ​មិនបាច់​ស្លាប់​ក៏បាន ។ ប៉ុន្តែ​ព្រះពុទ្ធ​ទាំងឡាយ​តែងតែ​ទទួល យក​ការ​និមន្ត​របស់​បុគ្គល​ណាមួយ ប្រសិនបើ​ការ​និមន្ត​នោះ​ពុំមាន​អ្វី​រារាំង ដូចជា​ពុំមាន​អ្នកដទៃ និមន្ត​ផ្សេង​ជាដើម ។​

​ឥឡូវនេះ នៅពេល​ត្រូវបាន​មារ មក​និមន្ត​ឲ្យ​ព្រះអង្គ​ចូល​និព្វាន ខណៈដែល​ព្រះអង្គ នៅ​ទំនេរ ពុំមាន​អ្នកដទៃ​និមន្ត​ផ្សេង​ពី​មារ គឺ​ព្រះអង្គ​នឹង​ត្រូវតែ​ទទួលយក​ការ​និមន្ត​របស់​មារ​ពោលគឺ​ត្រូវ តែ​ចូល​និព្វាន គឺ​ស្លាប់ ។​

​ប៉ុន្តែ​ដោយ​ព្រះទ័យ​ព្រះមហា​ករុណា​ចំពោះ​សត្វលោក ដែល​កំពុងស្ថិត​ក្រោម​អំ​ណា​ច​អវិជ្ជា នៅឡើយ​នោះ ព្រះពុទ្ធ​ក៏មាន​បំណង​ចង់​បន្ត​ព្រះជន្ម​ក្នុង​លោក ដើម្បី​បង្រៀន​សត្វលោក តទៅទៀត​សិន ។ ប៉ុន្តែ​ពេលនោះ​ព្រះអង្គ​ពុំមាន​ការ​និមន្ត​ពី​បុគ្គល​ណា​ផ្សេង​ពី​ការ និមន្ត របស់ មារ នោះ ឡើយ ហើយ​ខណៈនោះ​ក៏​ពុំមាន​អ្នកណា​នៅ​ជិត​ព្រះអង្គ​ដែរ​គឺ​មានតែ​ព្រះ​អានន្ទ ។

​ដូច្នេះ​ព្រះអង្គ ក៏​សួរ​ទៅ​ព្រះ​អានន្ទ​ជា​ប្រស្នា​ថា “ អានន្ទ​ព្រះវិហារ​មួយ​នេះ​ចាស់​ទ្រុឌទ្រោម ហើយ (​ដូច​រាងកាយ​របស់​ព្រះអង្គ​ក្នុង​វ័យ​៨០​ព្រះវស្សា​ដែល​ដល់​នូវ​ជរាភាព ) តើ​យើង​គប្បី ជួសជុល (​បន្ត​អាយុសង្ខារ​របស់​ព្រះអង្គ ) ឬ ក៏​រុះរើ​ចោល (​ឬ ព្រះអង្គ​ត្រូវ​រំលាយ​សង្ខារ គឺ​ចូល​និ​ព​ន្វា​ន ) ?

​ក្នុងន័យនេះ​គឺ​ប្រសិនបើ​អានន្ទ ឆ្លើយថា ត្រូវ​ជួសជុល​វិហារ​ចាស់​ឡើងវិញ​នោះ គឺ​មានន័យថា អានន្ទ បាន​និមន្ត​ឲ្យ​ព្រះអង្គ​បន្ត​អាយុសង្ខារ​តទៅទៀត ឬ កុំអាល​ចូល​បរិនិព្វាន ហើយ​បើ ដូច្នោះ​មែន​នោះ ព្រះអង្គ​អាច​រស់នៅ​រហូតមកដល់​សព្វថ្ងៃ​ក៏បាន ។​

​ប៉ុន្តែ អានន្ទ ខណៈនោះ​មិនទាន់បាន​សម្រេច​ធម៌​អរហត្តផល ពោលគឺ​នៅជាប​ថុ​ជ្ជ​ន​ពាក់ កណ្តាល ជា​ព្រះអរហន្ត​ពាក់កណ្តាល​នៅឡើយ ទើប មារ អាច​បិទបាំង​ចិត្ត​បញ្ញា​របស់​អានន្ទ មិន​ឲ្យ​យល់​ពី​សំណួរ​របស់​ព្រះពុទ្ធ​បាន ។

​ដោយហេតុ​នោះ អានន្ទ ក៏បាន​ឆ្លើយ​នឹង​ព្រះពុទ្ធ​ថា “ វិហារ​ចាស់​ដូច្នេះ​ទៅហើយ នឹង​ជួស ជុល​ធ្វើ​អ្វី គប្បី​រុះរើ​ចោល​ទៅ​ចុះ ! “ ។ ចម្លើយ​របស់ អានន្ទ ក្នុង​បរិបទ​នេះ បានសេចក្តីថា ព្រះពុទ្ធ​ចាស់​ណាស់​ទៅហើយ គប្បី​ចូល​និព្វាន​ទៅ​ចុះ ។​

​ដោយហេតុ​នោះ ព្រះសម្មាសម្ពុទ្ធ ក៏បាន​ព្រម​ទទួល​ការ​និមន្ត​របស់​មារ គឺ​នឹង​ចូល​និព្វាន​ក្នុង ពេល​ដ៏​សមគួរ ទើប​ព្រះអង្គ​បាន​ប្រាប់​ទៅ​ព្រះ​អានន្ទ វិញ​ថា “ ម្នាល​អានន្ទ អំណឹះតទៅ បី​ខែ​ទៀត តថាគត ( ត​ថា​គត់ = តៈ ថា គត់ គឺជា​ពាក្យ​ដែល​ព្រះពុទ្ធ​សំដៅលើ​ព្រះអង្គឯង ដូចដែល​មនុស្ស​ធម្មតា ប្រើពាក្យ​ថា ខ្ញុំ ឬ អញ្ញ ជាដើម ) នឹង​ចូល​បរិនិព្វាន​ហើយ “ ។​

​គ្រាន់តែ​បន្ទូល​មួយ​ប្រយោគ​នេះ​ចប់​ភ្លាម ផែនដី​ក៏​ក្រើ​ក​រំពើក​ញាប់​ញ័រ​ឡើង ហាក់​មានការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ពេល​បានទទួល​ការប្តេជ្ញា​ពី​ព្រះពុទ្ធ​ដូច្នេះហើយ មារ ក៏​លែង​បិទបាំង​ចិត្ត អានន្ទ ។ អានន្ទ ក៏​ភ្ងារ​ស្មារតី​ឡើង ទើប​យល់​ពី​អត្ថន័យ​របស់​ព្រះពុទ្ធ ។ អានន្ទ មាន​វិប្បដិសារី យ៉ា​ខ្លាំង ដោយ​គិតថា គឺ​លោក​ជា​អ្នកធ្វើ​ឲ្យ​ព្រះពុទ្ធ​ស្លាប់ ។ ប៉ុន្តែ​ទម្រាំ​បានដឹង​ដូច្នោះ គឺ​វា​បាន ហួសពេល​ទៅហើយ ។​

​មួយ​ប្រយោគ​ដ៏​ខ្លី​ដែល​ព្រះពុទ្ធ​បាន​ពោល​ខាងលើនេះ ពួក​អ្នក​កាន់​ពុទ្ធសាសនា​ទូទាំង ពិភពលោក ហៅថា “ ការដាក់​អាយុសង្ខារ “ គឺ​ការកំណត់​ថ្ងៃ​ចូល​បរិនិព្វាន ។ ការដាក់​អាយុ សង្ខារ​នេះ គឺ​នៅ​ថ្ងៃ ១៥ កើត ខែ មាឃ មុន​ពុទ្ធសករាជ បី ខែ ។​

​បី​ខែក្រោយ​ពីថ្ងៃ​នោះមក ត្រូវ​នឹង​ថ្ងៃ ១៥ កើត​ខែ ពិសាខ ក្នុង​វ័យ ៨០ ព្រះវស្សា​គត់​ព្រះពុទ្ធ ក៏បាន​បរិនិព្វាន​ដូចដែល​ព្រះអង្គ​បាន​សន្យា​នឹង​មារ មែន ។

​ដោយ​ក្តី​អាឡោះអាល័យ និង ដោយសារ​ចិត្ត​នៅតែ​គោរព​ចំពោះ​ព្រះពុទ្ធ ទើប​ពួក​ពុទ្ធសាសនិក បាន​បង្កើត​បុណ្យ​មួយ​ឡើង​ហើយ​អោយ​ឈ្មោះថា “ បុណ្យមាឃបូជា “​សម្រាប់​រំឭក​ដល់​ថ្ងៃ ដែល​ព្រះពុទ្ធ​ដាក់​អាយុសង្ខារ​ដូចដែល​បាន​រៀបរាប់​មកនេះ​ឯង ។​

​ន័យ​មួយទៀត​គឺ​នៅ​ប្រទេស​ឥណ្ឌា នា ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា ថៃ្ង​ទី ១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ប្រាំបួន ខែ គត់​។ ថ្ងៃនោះ មាន​សមាជិក​សង្ឃ ចំនួន ១.២៥០ អង្គ​គត់ ដែល​សុទ្ធតែជា​ព្រះអរហន្ត (​លោកអ្នក​ដែល​បានសម្រេច​ធម៌​ចុងក្រោយ ពោលគឺ​លោកអ្នក​ដែល​អស់​កិលេស ) ដោយ​ពុំ​មានការ​ណាត់គ្នា​ជាមុន​សោះ ក៏បាន​ហោះ​ពី ទី​រៀងៗ​ខ្លួន​ទៅ​គាល់​ព្រះ​សម្ម​សម្ពុទ្ធ​នៅក្នុង​ព្រៃ​ឬ​ស្សី បង្កើតបានជា​មហាសន្និបាត​មួយ ។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ បានប្រកាស​គោលការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វ ផ្សាយ​ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង​១១​ប្រការនេះ ត្រូវបាន​គេ​ហៅថា ” ឱវាទ​បាដិមោក្ខ ” ដែល​ពុទ្ធសាសនិកជន​ម្នាក់ៗ ត្រូវ​យកមក​សិក្សា​ឲ្យ យល់ដឹង និង​អនុវត្ត​ជាប្រចាំ​ក្នុង​ជីវិត ។​

​ម្យ៉ាងទៀត បន្ទាប់ពី​កិច្ច​មហា​ស​ន្និ​បាត្រ​នោះ ព្រះ​សារី បុត្រ ត្រូវបាន​ព្រះសម្មាសម្ពុទ្ធ​ប្រកាស តែងតាំង​ជា​អគ្គសាវ័ក​ស្តាំ និង ព្រះ​មោគល្លាន ត្រូវបានតែងតាំង​ជា​អគ្គសាវ័ក​ឆ្វេង របស់​ព្រះអង្គ ( ព្រះពុទ្ធ ) នៅក្នុង​គ្រានោះ​ដែរ ។​

​កាលបរិច្ឆេទ​បង្កើត​
ពុំមាន​ឯកសារ​ណា​បញ្ជាក់​ពី​កាលបរិច្ឆេទ នៃ ការបង្កើត​ពិធីបុណ្យ​មាឃបូជា​ឡើយ ។ ទោះ យ៉ាងណា​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស ភាគ ២ បាន​កត់ត្រា​ថា ប្រទេស​កម្ពុជា​បាន​ចាប់ ផ្តើម​ប្រារព្ធ​ពិធីបុណ្យ ពិសាខបូជា នៅ​ពុទ្ធ​សក​រា ២.៣៩៧ ត្រូវ​នឹង​គ្រិស្តសករាជ ១៨៨៥ ។​

​សេចក្តី​នេះ​ត្រូវបាន​ពួក​អ្នកសិក្សា​ស្រាវជ្រាវ​សន្និដ្ឋានបានថា បុណ្យមាឃបូជា​ក៏​ប្រហែលជា ត្រូវបាន​បង្កើតឡើង​នា​អំឡុងពេល​នោះដែរ ដ្បិត​គេ​ដឹងថា បុណ្យពិសាខ បូជា និង​មាឃបូជា នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ។​

​របៀប​ប្រារព្ធ​បុណ្យមាឃបូជា​
បុណ្យមាឃបូជា គឺជា​បុណ្យប្រពៃណី​របស់​អ្នក​កាន់​ពុទ្ធសាសនា​ហើយ​ត្រូវបាន​បង្កើតឡើង ដោយ​អ្នក​ជ្រះថ្លា​ចំពោះ​ពុទ្ធសាសនា គឺ​មិនមែនជា​បុណ្យ​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ​ពោលគឺ​ព្រះពុទ្ធ​មិនបាន បញ្ញត្តិ ថាអោយ​ពុទ្ធបរិស័ទ​ត្រូវតែ​ប្រារព្ធ​បុណ្យ​នេះឡើយ ។ ដូច្នេះ​បុណ្យ​នេះ​ត្រូវបាន​គេ​ធ្វើ តាម​ទម្លាប់​ពី​បុរាណ ។​

​តាម​ទំនៀម នៅ​ថ្ងៃពេញបូណ៌មី ខែ មាឃ ដែល​ឆ្នាំ ២០២០ នេះ ត្រូវ​នឹង​ថ្ងៃទី ៨ ខែ កុម្ភៈ ព្រះសង្ឃ និង ពុទ្ធបរិស័ទ​សម្អាត​ទី​វត្ត​អារាម​នីមួយៗ​ដ៏​គួរ​ជាទី​ជ្រះថ្លា ។ លុះ​ពេល​រសៀល ព្រះសង្ឃ និង ពុទ្ធបរិស័ទ​ជួបជុំគ្នា​នៅក្នុង​វត្ត​អារាម​នីមួយៗ ដើរ​ប្រទក្សិណ​ព្រះវិហារ បី ជុំ ។ វត្ត​ខ្លះ​រៀបចំ​ពិធី​ដង្ហែ​ជុំវិញ​វត្ត ខណៈ​វត្ត​ខ្លះ​រៀបចំ​ក្បួន​ដង្ហែ​ចេញពី​ទី​សក្ការបូជា​សាធារណៈ ឆ្ពោះទៅកាន់​វត្ត​អារាម ហើយ​ការ​ហែ​នេះ​ក៏​គេ​ឃើញ​មាន​បុគ្គល​សំខាន់ៗ​នៅក្នុង​រចនាសម្ព័ន្ធ ដឹកនាំ​ជាតិ​ចូលរួម​ផងដែរ រួច​ចូលទៅក្នុង​ព្រះវិហារ​យក​ទេយ្យវត្ថុ​រៀប​ដាក់​នៅមុខ​ពុទ្ធរូប រួច​អុជ​ទៀនធូប ។

​លុះ​ជួបជុំគ្នា​នៅក្នុង​ព្រះវិហារ​ហើយ ព្រះសង្ឃ​មួយអង្គ​ដែល​ចាស់វស្សា​ជាងគេ​សូត្រ​សិក្ខាបទ​។ បន្ទាប់មក​ព្រះសង្ឃ ពីរ​អង្គ ដែល​គង់​នៅមុខ​ទេយ្យវត្ថុ សូត្រ​សរសើរ​ព្រះ​ពុទ្ធគុណ លុះ​ចប់ ព្រះសង្ឃ​ត្រូវ​សម្តែង​ទេសនា អំពី​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​។ ការសូត្រ​ពុទ្ធគុណ​និង​សម្តែង​ទេសនា ប្រព្រឹត្តទៅ​ឆ្លាស់គ្នា​រហូតដល់​អា​ធ្រា​ត្រ ។ លុះ​ព្រឹក​ឡើង​គេ​ប្រគេន​ចង្ហាន់​ពេលព្រឹក​ដល់​ព្រះ សង្ឃ​ដើម្បី​បញ្ចប់​ពិធីបុណ្យ ។ ចំណែក​នៅ​ទី​សក្ការបូជា​ខ្លះ​បាន​ប្រារព្ធ​ពិធីរាប់បាត្រ​ព្រះសង្ឃ យ៉ាង​ឱឡារិក ។​

បុណ្យមាឃបូជា លែង​ជា​ថ្ងៃ​ម្រាក​សាធារណៈ
​ចាប់តាំងពី​បោះឆ្នោត​សកល​នា​ឆ្នាំ ១៩៩៣ មក កម្ពុជា ក៏មាន​រដ្ឋធម្មនុញ្ញរ​បស់​ខ្លួន​ដែល ជា​ច្បាប់កំពូល​របស់​ជាតិ​រហូតមកដល់​សព្វ​ថ្ងៃ ។ រដ្ឋធម្មនុញ្ញ បាន​ចែងថា ព្រះពុទ្ធ សាសនា គឺជា​សាសនា​របស់​រដ្ឋ ហើយ​ថ្ងៃបុណ្យ​មាឃបូជា ( និង ពិសាខបូជា ) ក៏ត្រូវ​បានដាក់​ជា​ថ្ងៃ សម្រាក​សាធារណៈ ។​

​ប៉ុន្តែ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ ២០១៩ បាន​លុបចោល​ថ្ងៃ​សម្រាក​សាធារណៈ​មួយចំនួន ហើយ​ក្នុងនោះ ក៏មាន​ថ្ងៃ បុណ្យ​មាឃបូជា​ដែរ ដែល​បានសេចក្តីថា ចាប់ពី​ឆ្នាំ ២០២០ នេះ​តទៅ ថ្ងៃបុណ្យ​មាឃបូជា មិនមែនជា​ថ្ងៃ​សម្រាក ជាតិ​ទៀត​ទេ​។ ប៉ុន្តែ​ពិធីបុណ្យ​មាឃបូជា នៅតែ​ធ្វើ​នៅតាម​វត្ត​អារាម និង ទី​សក្ការបូជា ជា​ប្រក្រតី គឺ​គ្រាន់តែ​មិនមែនជា​ថ្ងៃ​សម្រាក​សាធារណៈ​ទៀត​តែប៉ុណ្ណោះ​ហើយក៏​មិន​ខុសពី ឆ្នាំមុនៗ​ដែរ នៅ​ឆ្នាំនេះ នឹងមាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​រាប់រយ​រាប់ពាន់​នៅ​ព្រះ​សក្យមុនី​ចេ​តី​យ៍ (​ឧដុង្គ​) ៕ ដោយៈ មេសា​

គំនូរ​បរិ​យា​កាល​ព្រះពុទ្ធ​សម្តែង​បាតិមោក្ខ​លើកដំបូង​នៅ​ថ្ងៃ ១៥ កើត ខែ មាឃ ប្រាំបួន​ខែ​បន្ទាប់ពី​ព្រះអង្គ​បាន​ត្រាស់ដឹង
​ក្បួន​ដង្ហែ​នៅ​ថ្ងៃបុណ្យ​មាឃបូជា
ពិធីរាប់បាត្រ​ព្រះសង្ឃ​ដ៏​ណែនណាន់តាន់តាប់​មួយ​នៅ​ថ្ងៃបុណ្យ​មាឃបូជា