ដំណើររឿង​នានា ពាក់ព័ន្ធ​នឹង​បុណ្យមាឃបូជា​

224

(​ភ្នំពេញ​)៖ បុណ្យមាឃបូជា គឺជា​បុណ្យ​ដ៏​សំខាន់បំផុត​លំដាប់​ទី​ពីរ របស់​ពុទ្ធសាសនិក បន្ទាប់ពី​បុណ្យ ពិសាខបូជា ហើយ​បុណ្យមាឃបូជា គឺជា​បុណ្យប្រពៃណី របស់​ពុទ្ធសាសនិក ដែល​បង្កើតឡើង ដើម្បី រំលឹក​ដល់​ព្រឹត្តិការណ៍ ពីរ​យ៉ាង ដល់​កាលដែល​ព្រះពុទ្ធ​ដាក់ អាយុសង្ខារ និង​កាលដែល​ព្រះពុទ្ធ សំដែង​ឱវាទបាតិមោក្ខ ។ ចំណែក​ព្រះ សារីបុត្រ និង ព្រះ​មោគ្គល្លាន ក៏ត្រូវ​បានតែងតាំង​ព្រះ​អគ្គសាវ័ក ឆ្វេង ស្តាំ នាឱកាស​នោះដែរ ។​

​ដើមរឿង​នាំឱ្យមាន​មាឃបូជា គម្ពីរ​នៃ​ពុទ្ធសាសនា បាន​ចែងថា បន្ទាប់ពី​ព្រះពុទ្ធ​បាន ត្រាស់ដឹង​ភ្លាម ក៏មាន​ស្តេច​នៃ មារ បាន​ចូលទៅ​អារាធនា គឺ​និមន្ត​ព្រះពុទ្ធ​ឱ្យចូល​និព្វាន​ភ្លាម​។ ប៉ុន្តែ​ដោយសារ​មាន គហបតី​ព្រហ្ម បាន​ចុះមក​អារាធនា​ព្រះអង្គ ហើយដោយ​ព្រះមហា​ករុណា​ទិ​គុណ ចំពោះ​សត្វលោក ទើប​ព្រះពុទ្ធ បានទទួល​ការ​និមន្ត​របស់​គហបតី​ព្រហ្ម គឺ​ព្រះអង្គ​មិនទាន់​ចូល បរិនិព្វាន​នាគ្រា​នោះឡើយ​។ ព្រះពុទ្ធ​ក៏​គង់នៅ​ប្រោស​បង្រៀន ប្រៀនប្រដៅ​ដល់​សត្វលោក ក្នុង​ភព​ទាំង​៣ ឱ្យមាន​បញ្ញា បាន​ក្តី​សុខ ច្រើន​កោដិ​នាក់ តាម​ឧបនិស្ស័យ​រៀងៗ​ខ្លួន ។​

៤៥ ឆ្នាំ​ក្រោយមក ក្នុងពេលដែល​ព្រះ​មាន​ព្រះជន្ម ជិត​គ្រប់ ៨០ ព្រះវស្សា មារ ដដែល​នោះ ក៏បាន​មក អារាធនា​និមន្ត​ព្រះអង្គ​ម្តងទៀត គឺ​នៅ​ថ្ងៃ ១៥ កើត ខែមាឃ មុន​ពុទ្ធសករាជ បី​ខែ​។ តាម “​ពុទ្ធា​នុ​ភាព “ គឺ​អំណាច​បុណ្យ​បារមី របស់​ព្រះពុទ្ធ​ទាំងឡាយ អាច​បន្ត​អាយុសង្ខារ​បាន​រាប់ពាន់ លាន​កោដិ​ឆ្នាំ ដោយ​មិនបាច់​ស្លាប់​ក៏បាន​។ ប៉ុន្តែ​ព្រះពុទ្ធ​ទាំងឡាយ តែងតែ​ទទួលយក​ការ​និមន្ត​របស់​បុគ្គល​ណាមួយ ប្រសិនបើ​ការ​និមន្ត​នោះ ពុំមាន​អ្វី​រារាំង ដូចជា​ពុំមាន​អ្នកដទៃ​និមន្ត​ផ្សេង​ជាដើម ។​

​ឥឡូវនេះ នៅពេល​ត្រូវបាន​មារ មក​និមន្ត​ឱ្យ​ព្រះអង្គ ចូល​និព្វាន ខណៈដែល​ព្រះអង្គ នៅ​ទំនេរ ពុំមាន​អ្នកដទៃ និមន្ត​ផ្សេង​ពី​មារ គឺ​ព្រះអង្គ នឹង​ត្រូវតែ​ទទួលយក​ការ​និមន្ត​របស់​មារ ពោលគឺ​ត្រូវ តែ​ចូល​និព្វាន គឺ​ស្លាប់ ។​

​ប៉ុន្តែ​ដោយ​ព្រះទ័យ ព្រះមហា​ករុណា ចំពោះ​សត្វលោក ដែល​កំពុងស្ថិត​ក្រោម​អំ​ណា​ច អវិជ្ជា​នៅឡើយ នោះ ព្រះពុទ្ធ​ក៏មាន​បំណង​ចង់​បន្ត​ព្រះជន្ម ក្នុង​លោក ដើម្បី​បង្រៀន​សត្វលោក តទៅទៀត​សិន ។ ប៉ុន្តែ​ពេលនោះ ព្រះអង្គ​ពុំមាន​ការ​និមន្ត ពី​បុគ្គល​ណា​ផ្សេង ពី​ការ និមន្ត​របស់​មារ​នោះឡើយ ហើយ​ខណៈនោះ​ក៏​ពុំមាន​អ្នកណា​នៅ​ជិត​ព្រះអង្គ​ដែរ គឺ​មានតែ​ព្រះ​អានន្ទ ។

​ដូច្នេះ​ព្រះអង្គ ក៏​សួរ​ទៅ​ព្រះ​អានន្ទ ជា​ប្រស្នា​ថា “​អានន្ទ ព្រះវិហារ​មួយ​នេះ ចាស់​ទ្រុឌទ្រោម​ហើយ (​ដូច​រាងកាយ​របស់​ព្រះអង្គ ក្នុង​វ័យ ៨០ ព្រះវស្សា ដែល​ដល់​នូវ​ជរាភាព​) តើ​យើង​គប្បី​ជួសជុល (​បន្ត​អាយុសង្ខារ​របស់​ព្រះអង្គ​) ឬ ក៏​រុះរើ​ចោល (​ឬ​ព្រះអង្គ​ត្រូវ​រំលាយ​សង្ខារ គឺ​ចូល​និ​ព​ន្វា​ន ) ?​។​
​ក្នុងន័យនេះ គឺ​ប្រសិនបើ​អានន្ទ ឆ្លើយថា ត្រូវ​ជួសជុល​វិហារ​ចាស់​ឡើងវិញ​នោះ គឺ​មានន័យថា អានន្ទ បាន​និមន្ត​ឱ្យ​ព្រះអង្គ បន្ត​អាយុសង្ខារ​តទៅទៀត ឬ​កុំ​អាច​ចូល​បរិនិព្វាន ហើយ​បើដូច្នោះ​មែន​នោះ ព្រះអង្គ​អាច​រស់នៅ​រហូតមកដល់​សព្វថ្ងៃ​ក៏បាន​។ ប៉ុន្តែ អានន្ទ ខណៈនោះ មិនទាន់បាន​សម្រេច​ធ​ម៌ អរហត្តផល ពោលគឺ​នៅជាប​ថុ​ជ្ជ​ន ពាក់កណ្តាល ជា​ព្រះអរហន្ត​ពាក់កណ្តាល​នៅឡើយ ទើប​មារ អាច​បិទបាំង​ចិត្ត​បញ្ញា​របស់​អានន្ទ​មិនអោយ​យល់​ពី​សំណួរ​របស់​ព្រះពុទ្ធ​បាន ។

​ដោយហេតុ​នោះ អានន្ទ ក៏បាន​ឆ្លើយ​នឹង​ព្រះពុទ្ធ​ថា “​វិហារ​ចាស់​ដូច្នេះ​ទៅហើយ នឹង​ជួសជុល​ធ្វើ​អ្វី គប្បី​រុះរើ​ចោល​ទៅ​ចុះ ! “ ។ ចម្លើយ​របស់ អានន្ទ ក្នុង​បរិបទ​នេះ បានសេចក្តីថា ព្រះពុទ្ធ​ចាស់​ណាស់ ទៅហើយ គប្បី​ចូល​និព្វាន​ទៅ​ចុះ ។​

​ដោយហេតុ​នោះ ព្រះសម្មាសម្ពុទ្ធ ក៏បាន​ព្រម​ទទួល​ការ​និមន្ត​របស់​មារ គឺ​នឹង​ចូល​និព្វាន​ក្នុងពេល ដ៏​សមគួរ ទើប​ព្រះអង្គ បាន​ប្រាប់​ទៅ​ព្រះ​អានន្ទ​វិញ​ថា “​ម្នាល​អានន្ទ អំណឹះតទៅ បី​ខែ​ទៀត តថាគត នឹង​ចូល​បរិនិព្វាន​ហើយ “ ។​

​គ្រាន់តែ​បន្ទូល​មួយ​ប្រយោគ​នេះ​ចប់​ភ្លាម ផែនដី កក្រើករំពើក​ញាប់​ញ័រ​ឡើង ហាក់​មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​។ ពេល​បានទទួល​ការប្តេជ្ញា​ពី​ព្រះពុទ្ធ​ដូច្នេះហើយ មារ​ក៏​លែង​បិទបាំង​ចិត្ត​អានន្ទ​។ អានន្ទ ក៏​ភ្ញាក់ស្មារតី​ឡើង ទើប​យល់​ពី​អត្ថន័យ​របស់​ព្រះពុទ្ធ​។ អានន្ទ មាន​វិប្បដិសារី​យ៉ាងខ្លាំង ដោយ​គិតថា គឺ​លោក​ជា​អ្នក​ធ្វើឱ្យ​ព្រះអង្គ​ស្លាប់​។ ប៉ុន្តែ​ទម្រាំ​បានដឹង​ដូច្នោះ គឺ​វា​បាន​ហួសពេល​ទៅហើយ ។​ ​មួយ​ប្រយោគ​ដ៏​ខ្លី ដែល​ព្រះពុទ្ធ បាន​ពោល​ខាងលើនេះ ពួក​អ្នក​កាន់​ពុទ្ធសាសនា ហៅថា “ ការដាក់​អាយុសង្ខារ “ គឺ​ការកំណត់​ថ្ងៃ​ចូល​បរិនិព្វាន​។ ការដាក់​អាយុសង្ខារ​នេះ គឺ​នៅ​ថ្ងៃ ១៥ កើត ខែមាឃ មុន​ពុទ្ធសករាជ បី​ខែ ។​

​បី​ខែក្រោយ​ពីថ្ងៃ​នោះមក ត្រូវ​នឹង​ថ្ងៃ ១៥ កើត ខែ​ពិសាខ ក្នុង​វ័យ ៨០ ព្រះវស្សា​គត់ ព្រះពុទ្ធ ក៏បាន​បរិនិព្វាន ដូចដែល​ព្រះអង្គ បាន​សន្យា​នឹង​មារ មែន ។ ដោយ​ក្តី​អាឡោះអាល័យ និង​ដោយសារ​ចិត្ត នៅតែ​គោរព​ចំពោះ​ព្រះពុទ្ធ​នោះ ពួក​ពុទ្ធសាសនិក ក៏បាន​បង្កើត​បុណ្យ​មួយ​ឡើង ហើយ​ឱ្យ​ឈ្មោះថា “​បុណ្យមាឃបូជា​“ សម្រាប់​រំលឹក​ដល់​ថ្ងៃ​ដែល ព្រះពុទ្ធ​ដាក់​អាយុសង្ខារ ដូចដែល​បាន​រៀបរាប់ មកនេះ​ឯង ។​

​ន័យ​មួយទៀត គឺ​នៅ​ប្រទេស​ឥណ្ឌា នា ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥ កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ ចំនួន​ប្រាំបួន​ខែ​គត់​។ ថ្ងៃនោះ មាន​សមាជិក​សង្ឃ ចំនួន ១.២៥០ អង្គ​គត់ ដែល​សុទ្ធតែជា​ព្រះអរហន្ត ដោយ​ពុំ​មានការ​ណាត់គ្នា​ជាមុន​សោះ ក៏បាន​ហោះ​ពី​ទី​រៀងៗ​ខ្លួន ទៅ​គាល់​ព្រះសម្មាសម្ពុទ្ធ នៅក្នុង​ព្រៃ​ឫស្សី បង្កើតបានជា​មហាសន្និបាត​មួយ ។

នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ បានប្រកាស​គោលការណ៍​ចំនួន ១១ ប្រការ សម្រាប់​ឱ្យ សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វផ្សាយ​ដល់​ជន ដទៃទៀត ឱ្យបាន​យល់​ពី​ពុទ្ធសាសនា ។ គោលការណ៍ ទាំង​១១ ប្រការនេះ ត្រូវបាន​គេ​ហៅថា “​ឱវាទ​បាដិមោក្ខ​” ដែល​ពុទ្ធសាសនិកជន​ម្នាក់ៗ​ត្រូវ​យកមក​សិក្សា​ឱ្យ​យល់ដឹង និង​អនុវត្ត​។​ ​ព្រះ​សារីបុត្រ ត្រូវបាន​ប្រកាស​តែងតាំង​ជា​អគ្គសាវ័ក​ស្តាំ និង​ព្រះ​មោគល្លាន ត្រូវបានតែងតាំង​ជា អគ្គសាវ័ក ឆ្វេង នៅក្នុង​មហាសន្និបាត​នោះដែរ ។​

កាលបរិច្ឆេទ​បង្កើត​
​ពុំមាន​ឯកសារ​ណា បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការបង្កើត​ពិធីបុណ្យ​មាឃបូជា​ឡើយ ប៉ុន្តែ​សៀវភៅ​ព្រះរាជ ពិធី​ទ្វារ​ទស​មាស ភាគ​២ បាន​កត់ត្រា​ថា ប្រទេស​កម្ពុជា បានចាប់ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា នៅ​ពុទ្ធសករាជ ២៣៩៧ ត្រូវ​នឹង​គ្រិស្តសករាជ ១៩៨៥ ។​

​សេចក្តី​នេះ ត្រូវបាន​ពួក​អ្នកសិក្សា​ស្រាវជ្រាវ សន្និដ្ឋានបានថា បុណ្យមាឃបូជា ក៏​ប្រហែលជា​ត្រូវបាន បង្កើតឡើង នា​អំឡុងពេល​នោះដែរ ដ្បិត​គេ​ដឹងថា បុណ្យពិសាខបូជា និង មាឃបូជា​នេះ​មាន​ទំនាក់ ទំនង​គ្នា យ៉ាង​ជិតស្និទ្ធ ។​

​របៀប​ប្រារព្ធ​បុណ្យមាឃបូជា​
​បុណ្យមាឃបូជា គឺជា​បុណ្យប្រពៃណី​របស់​អ្នក​កាន់​ពុទ្ធសាសនា ហើយ​ត្រូវបាន​បង្កើតឡើង ដោយ​អ្នក ជ្រះថ្លា ចំពោះ​ពុទ្ធសាសនា គឺ​មិនមែនជា​បុណ្យ ក្នុង​ពុទ្ធ​ប្បញ្ញត្តិ ពោលគឺ​ព្រះពុទ្ធ មិនបាន​បញ្ញត្តិ​ថា ឱ្យ​ពុទ្ធបរិស័ទ ត្រូវតែ​ប្រារព្ធ​បុណ្យ​នេះឡើយ​។ ដូច្នេះ​បុណ្យ​នេះ ត្រូវបាន​គេ​ធ្វើតាម​ទម្លាប់​ពី​បុរាណ ។​
​តាម​ទំនៀម នៅ​ថ្ងៃពេញបូណ៌មី ខែមាឃ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកុម្ភៈ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ សម្អាត​ទី​វត្ត​អារាម​នីមួយៗ​ដ៏​គួរ​ជាទី​ជ្រះថ្លា​។ លុះ​ពេល​រសៀល ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជួបជុំគ្នា​នៅ ក្នុង​វត្ត​អារាម​នីមួយៗ ដើរ​ប្រទក្សិណ​ព្រះវិហារ បី​ជុំ​។ វត្ត​ខ្លះ​រៀបចំ​ពិធី​ដង្ហែ​ជុំវិញ​វត្ត ខណៈ​វត្ត​ខ្លះ រៀបចំ​ក្បួន​ដង្ហែ ចេញពី​ទី​សក្ការបូជា​សាធារណៈ​ឆ្ពោះទៅកាន់​វត្ត​អារាម ហើយ​ការ​ហែ​នេះ​ក៏​គេ​ឃើញ មាន​បុគ្គល​សំខាន់ៗ នៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ជាតិ​ចូលរួម​ផងដែរ​។ រួច​ចូលទៅក្នុង​ព្រះវិហារ យក​ទេយ្យវត្ថុ រៀប​ដាក់​នៅមុខ​ពុទ្ធរូប រួច​អុជ​ទៀនធូប ។

​លុះ​ជួបជុំគ្នា នៅក្នុង​ព្រះវិហារ​ហើយ ព្រះសង្ឃ​មួយអង្គ ដែល​ចាស់វស្សា​ជាងគេ សូត្រ​សិក្ខាបទ​។ បន្ទាប់មក ព្រះសង្ឃ​ពីរ​អង្គ ដែល​គង់​នៅមុខ​ទេយ្យវត្ថុ សូត្រ​សរសើរ​ព្រះ​ពុទ្ធគុណ លុះ​ចប់ ព្រះសង្ឃ ត្រូវ​សម្តែង​ទេសនា អំពី​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​។ ការសូត្រ​ពុទ្ធគុណ និង​សម្តែង​ទេសនា​ប្រព្រឹត្ត ទៅ​ឆ្លាស់គ្នា រហូតដល់​អធ្រាត្រ​។ លុះ​ព្រឹក​ឡើង គេ​ប្រគេន​ចង្ហាន់​ពេលព្រឹក ដល់​ព្រះសង្ឃ​ដើម្បី​បញ្ចប់ ពិធីបុណ្យ​។ ចំណែក​នៅ​ទី​សក្ការបូជា​ខ្លះ បាន​ប្រារព្ធ​ពិធីរាប់បាត្រ​ព្រះសង្ឃ​យ៉ាង​ឱឡារិក ។​

​ក៏​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ នៅ​ឆ្នាំនេះ នឹងមាន​ពិធីរាប់បាត្រ​ព្រះសង្ឃ រាប់រយ​រាប់ពាន់​នៅ​ព្រះ​សក្យ មុន្នី​ចេ​តី​យ៍ (​ឧដុង្គ​) នា​ថ្ងៃមួយ រោច ខែមាឃ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១ ខែកុម្ភៈ ឆ្នាំ ២០១៨ ៕

គំនូរ​បរិ​យា​កាល​ព្រះពុទ្ធ​សំដែង​បាតិមោក្ខ​លើកដំបូង​នៅ​ថ្ងៃ ១៥ កើត ខែ មាឃ ប្រាំបួន​ខែ​បន្ទាប់ពី​ព្រះអង្គ​បាន​ត្រាស់ (​មាឃបូជា​២)
ក្បួន​ដង្ហែ​នៅ​ថ្ងៃបុណ្យ​មាឃបូជា (​មាឃបូជា ១ )