ដំណើរ​ការចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត បាន​ជិត ៨​លាន​នាក់​

1239
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បានប្រកាសថា ដំណើរ​ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត គិត​ចាប់ពី​ថ្ងៃទី​៦ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ គឺ​នៅ​ទូទាំងប្រទេស បានផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត​សរុប​ចំនួន ៧.៩០១.៣៤៣ នាក់ ស្មើនឹង ៩៤,២៩​ភាគរយ នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ៨.៣៨០.២១៧ នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​. ស្តីពី លទ្ធផល​នៃ​ការផ្តល់​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត បង្ហាញថា ក្នុង ចំណោម ២៥ រាជធានី​ខេត្ត គឺ​ប័ណ្ណ​ព័ត៌មាន ត្រូវបាន​ផ្តល់​ឲ្យ​អ្នកបោះឆ្នោត​ក្នុង​ខេត្ត​រាជធានី​ទាំងអស់ ចាប់ពី​ជាង ៨៣​ភាគរយ ដល់​ជាង ៩៨​ភាគរយ​នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប នៅក្នុង​រាជធានី​ខេត្ត​នីមួយៗ​។ ក្នុងនោះ នៅ​ខេត្តកំពង់ធំ ចែក​បាន​ច្រើនជាងគេ រហូតដល់ ៣៧៨.៥៧៦ នាក់ ស្មើនឹង ៩៨,៣៨​ភាគរយ នៃ​ចំនួន​អ្នកបោះ ឆ្នោត​សរុប​ក្នុង​ខេត្តកំពង់ធំ ចំនួន ៣៨៤.៧៥៩ នាក់​។ រីឯ​ខេត្ត​ដែល​ផ្តល់​ប័ណ្ណ​ព័ត៌មាន​ឲ្យ​អ្នកបោះឆ្នោត​តិចជាង គេ គឺ​នៅ​ខេត្ត​ប៉ៃលិន ដែល​បានផ្តល់​ប័ណ្ណ​ដល់​អ្នកបោះឆ្នោត ចំនួន ៣១.៨៨៥ នាក់ ស្មើនឹង ៨៣,៥៨​ភាគរយ នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ៣៨.១៥១ នាក់ នៅក្នុង​ប៉ៃលិន​។​

​សូម​រម្លឹកថា គ​.​ជ​.​ប​. ចាប់ផ្តើម​ដំណើរការ​ផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត ចាប់ពី​ថ្ងៃទី​០៦ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។ មន្ត្រី​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​អាជ្ញាធរ​ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស ជា​អ្នកផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត​។​

​គ​.​ជ​.​ប​. លើកឡើងថា ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ត្រូវ​ធ្វើតាម​លក្ខណៈ​បច្ចេកទេស​កុំ​ព្យួ​ទ័​រ ដោយមាន​សរសេរ​ពី​ឈ្មោះ និង​ទិន្នន័យ​របស់​អ្នកបោះឆ្នោត ចម្លង​ចេញពី​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៧​។ ប័ណ្ណ​ព័ត៌មាន​អ្នក បោះឆ្នោត បានបង្ហាញ​ពី​ទិន្នន័យ​របស់​អ្នកបោះឆ្នោត មានឈ្មោះ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត និង​លំនៅឋាន ឬ​ទី​សំណាក់​នៃ​អ្នកបោះឆ្នោត លេខ​រៀង​ក្នុង​បញ្ជី​បោះឆ្នោត លេខ​កូដ​ក្នុង​ការិយាល័យ​បោះឆ្នោត និង​ទីតាំង​ការិយាល័យ​បោះឆ្នោត ឈ្មោះ ឃុំ សង្កាត់ ឈ្មោះ​រាជធានី ខេត្ត​។

​ ​សូមបញ្ជាក់​បន្ថែមថា អ្នកបោះឆ្នោត ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ ទោះបីជា​មិនបាន​ទទួល​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ក៏​អាច​ទៅ​បោះឆ្នោត នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅតាម​ឃុំ​សង្កាត់ ដែល​អ្នកបោះឆ្នោត​នោះ កំពុង​រស់នៅ ឬ​ស្នាក់នៅ​។ ដោយឡែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ដែល​នៅសល់ ត្រូវបាន​តម្កល់ទុក​នៅ​សាលាឃុំ​សង្កាត់ ហើយ​អ្នកបោះឆ្នោត ក៏​អាច​ទៅ​ស្វែងរក​ប័ណ្ណ​ព័ត៌មាន​នោះ ដើម្បី​ងាយស្រួល​ទៅ​បោះឆ្នោត​ផងដែរ​៕MN