ដំណើរ​ជីវិត​របស់ ពាក់ ធឿន​

387

ពាក់ ធឿន កើត​ក្នុង​ឆ្នាំ ១៩៥៣ (១៩៥៣ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​) និង​មាន​ស្រុកកំណើត​នៅ​ភូមិ​បន្ទាយឆ្មា​ខាងជើង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបាត់ដំបង តែ​ឥឡូវ​ស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ​។ ធឿន មាន​ជីតា​ឈ្មោះ វ៉ាន់ ដែលជា​អតីត​មេឃុំ​បន្ទាយឆ្មា​, ឪពុក​របស់​ធឿន ឈ្មោះ វ៉ាន់ ពាក់ ដែលជា​អតីត​ជំទប់​ទី​១ ឃុំ​បន្ទាយឆ្មា​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង​មាន​ម្ដាយ​ឈ្មោះ ណៅ ហ៊ុន​។ ធឿន មាន​បងប្អូន ១១ នាក់ (​ស្រី ៥ ប្រុស ៦​នាក់​)​។ ធឿន គឹជា​កូនច្បង​ក្នុង​គ្រួសារ​។ ធឿន រៀន​បាន​ត្រឹម​ថ្នាក់​ទី ៧ (​សម័យ​ដើម​) នៅ​សាលា​បន្ទាយឆ្មា ក៏បាន​ឈប់ បន្ទាប់ពី​មាន​ព្រឹ​ត្ដិ​ការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្ដេច សីហនុ ឆ្នាំ ១៩៧០​។ ក្រោយ​ឈប់​ពី​ការសិក្សា ធឿន នៅផ្ទះ​ជួយ​កិច្ចការ​ធ្វើស្រែ​ចម្ការ​ឪពុកម្ដាយ​រហូតដល់​ឆ្នាំ ១៩៧៥​។​

​បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច នៅ​ឆ្នាំ ១៩៧៥ ទ្រព្យសម្បត្តិ របស់របរ (​ចាន ឆ្នាំង ស្លា​ព្រា គោក្របី និង​មាសប្រាក់​ជាដើម​) គ្រួសារ​របស់​ធឿន ក៏ដូចជា​ទ្រព្យសម្បត្តិ និង​របស់របរ​រប​ស់​ប្រជាជន​នៅក្នុង​ឃុំ​បន្ទាយឆ្មា ត្រូវបាន​ខ្មែរក្រហម​ប្រមូល​ដាក់ឱ្យ​ប្រើប្រាស់​ជា​របស់​រួម​។ នៅក្នុង​ឃុំ​បន្ទាយឆ្មា ខ្មែរក្រហម​បាន​ចាត់តាំង ញ៉េប ឱ្យ​ជា​អ្នកដឹកនាំ ហើយ​ប្រជាជន​ត្រូវបាន​បែងចែក​ជា​បី​ក្រុម មាន​ក្រុម​កុមារ ក្រុមយុវជន និង​ក្រុម​វ័យ​កណ្ដាល​។ ក្នុង​ក្រុម​នីមួយៗ​ត្រូវបាន​បែងចែក​ជា​ក្រុម​តូចៗ (​ប្រហែល ១០​នាក់​) និង​មាន​ប្រធាន​ក្រុម​ម្នាក់​។ ធឿន ត្រូវបានចាត់តាំង​ឱ្យនៅ​ក្នុង​ក្រុម​វ័យ​កណ្ដាល​។ ធឿន ត្រូវបាន​ខ្មែរក្រហម​ចាប់ដៃ​ផ្សំផ្គុំ​ឱ្យ​រៀបការ​ជាមួយ ប៉េ សួន ដែល​នៅពេលនោះ គឺមាន ៦០​គូ នៅ​ចុងឆ្នាំ​១៩៧៥​។ បន្ទាប់ពី​ចាប់ដៃ​ការ​រួច ធឿន ត្រូវបាន​ខ្មែរក្រហម​ដកចេញ​ពី​ក្រុម​វ័យ​កណ្ដាល​ឱ្យទៅជា​កងចល័ត​ឃុំ ដែលមាន​ការងារ​ជា​អ្នក​ភ្ជួរស្រែ ដក​ស្ទូង និង​លើក​ទំនប់​ជាដើម​។ នៅ​រដូវវស្សា​ឆ្នាំ ១៩៧៦ ធឿន ត្រូវបាន​បញ្ជូន​ឱ្យទៅ​លើក​ទំនប់​អាង​ជើង​គ្រោះ និង​ឆ្នាំ ១៩៧៧ ធឿន ត្រូវបាន​ខ្មែរក្រហម​បញ្ជូនទៅ​ម្ដងទៀត ដែល​ពេលនោះ​មាន​មនុស្ស​ប្រហែល ៥០០០​នាក់ បាន​ចូលរួម ដោយ​លើក​ទំនប់​ប្រវែង​ប្រហែល ១០០០ ម៉ែត្រ (​នៅ​ក្នុងសម័យ​ខ្មែរក្រហម ទំនប់​អាង​ជើង​គ្រោះ​ត្រូវបាន​លើក​ពីរដង ដោយ​លើកៗ​ទីមួយ​មាន​ប្រវែង​តូច និង​ទំហំ​ខ្លី មិនអាច​ស្តុក​ទឹកបាន​ច្រើន ដូច្នេះ​ទំនប់​នេះ​ត្រូវបាន​លើក​ម្ដងទៀត​នៅ​ឆ្នាំ ១៩៧៧ ហើយ​ទំនប់​ជើង​គ្រោះ​អាច​ស្ដុក​ទឹក​ធ្វើស្រែ​ខួបប្រាំងខួបវស្សា មិន​ខ្វះ​ទឹក​នោះទេ​)​។ បន្ទាប់ពី​លើក​ទំនប់​អាង​ជើង​គ្រោះជា​លើក​ទី​២​រួច ធឿន​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឱ្យធ្វើជា​ប្រធាន​ដែលមាន​សមាជិក​១០​នាក់ ដើម្បី​មើល​ការខុសត្រូវ​ទំនប់​អាង​ជើង​គ្រោះ​នោះ​កុំឱ្យ​មានការ​ខូចខាត ធ្លុះធ្លាយ និង​បាក់​ជាដើម ហើយ​ក្រៅពី​ការងារ​នោះ ធឿន និង​កូនក្រុម​ត្រូវ​ដើរ​ចល័ត​ធ្វើ​ការងារ​ផ្សេងទៀត​មាន​ភ្ជួរ​រាស់ ដក់​ស្ទូង​ជាដើម​។ ធឿន ក៏​ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ឱ្យទៅ​លើក​ទំនប់​ត្រពាំងថ្ម​ម្ដងម្កាល​ដែរ​។ នៅ​ចុងឆ្នាំ ១៩៧៧ ឪពុក​របស់​ធឿន ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន​បន្ទាប់ពី​ស្រាវជ្រាវ​ឃើញថា ឪពុក​ធឿន ធ្លាប់ធ្វើ​ការបម្រើ​ឱ្យ​រប​ប​សាធារណរដ្ឋ​ខ្មែរ របស់ លន់ នល់​។ នៅពេល ឪពុក​ធឿន ត្រូវបាន​ចាប់ខ្លួន ពេលនោះ ធឿន ក៏​នៅ​ទីនោះ​ដែរ ប៉ុន្ដែ ធឿន មិនអាច​ជួយ​អ្វី​ដល់​ឪពុក​បានឡើយ ពីព្រោះ ធឿន ធ្លាប់​ឃើញ​តា​លាភ ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន ហើយ​ពេលនោះ​កូន​ក៏​មកជួយ ដូច្នេះ​ខ្មែរក្រហម​ចាប់​ទាំងពីរ​នាក់​ឪពុក​កូន​យកទៅ​សម្លាប់ចោល​។ ដោយហេតុ​នឹកឃើញ​ដល់​រឿង​នោះ ធឿន ក៏​មិន​ហ៊ាន​ជួយ​ឪពុក​ដោយ​ខ្លាច​ខ្មែរក្រហម​ចាប់ខ្លួន​សម្លាប់​ទាំងពីរ​នាក់ ដូច​តា​លាភ និង​កូន​។ ធឿន បានដឹងថា ឪពុក​របស់ខ្លួន​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​បន្ទាយ​ទាហាន​ថ្មពួក​ចាស់ (​ធឿន បានឱ្យដឹងថា ខ្មែរក្រហម​បាន​យក​មនុស្ស​ជាច្រើន​ទៅ​សម្លាប់​នៅ​បន្ទាយ​ទាហាន​ថ្មពួក​ចាស់ ដោយ​ក្នុង​មួយ​រណ្ដៅ​មាន​មនុស្ស​យ៉ាងតិច ៥០ ទៅ ៦០​នាក់ ដែល​ត្រូវបាន​សម្លាប់ ហើយ​កប់​រួមគ្នា​)​។ នៅ​ចុងឆ្នាំ ១៩៧៨ ធឿន​ត្រូវ​គណៈ​ឃុំ​ចាប់ខ្លួន​បញ្ជូនទៅ​សហករណ៍​សាលា​បន្ទាយឆ្មា ដោយសារ​ការសារភាព​របស់ សេន ថា ធឿន រួមគំនិត​លួច​ជីក​ដំឡូង (​សេន ត្រូវ​ខ្មែរក្រហម​ចាប់ខ្លួន​នៅពេល​លួច​ជីក​ដំឡូង ហើយ សេន ត្រូវបាន​ខ្មែរក្រហម​ដាក់​ទារុណកម្ម​សួរចម្លើយ​)​។ តែ​ជា​សំណាងល្អ នៅ​ដើមឆ្នាំ ១៩៧៨ ធឿន ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មានការ​ធានា​ពី ហាក់ ដែល​ធ្វើការ​ខាង​សេដ្ឋកិច្ច​ឃុំ ថា ធឿន ជា​មនុស្ស​ល្អ ស្អាតស្អំ​។ ក្រោយពី​ការដោះលែង ធឿន ត្រូវបានចាត់តាំង​ឱ្យធ្វើ​ការងារ​ខាង​ធ្វើស្រែ និង​មើល​ការខុសត្រូវ​ទំនប់​អាង​ជើង​គ្រោះជា​ធម្មតា​។ នៅ​ពាក់កណ្ដាល​ឆ្នាំ​១៩៧៨ ធឿន​, ឃួន និង​អាល់ បាន​ផ្ដើមគំនិត​រៀបចំ​គម្រោងកា​រ​សម្លាប់​ខ្មែរក្រហម តែង​គម្រោង​នោះ​ត្រូវ​បរាជ័យ​ដោយសារ​កម្មាភិបាល​ខ្មែរ​បានដឹង​មុន ដូច្នេះ​ខ្មែរក្រហម​បាន​ដេញចាប់​ក្រុម​របស់​ធឿន​។ នៅ ចុងឆ្នាំ ១៩៧៨ ធឿន បាន​រត់​ភៀសខ្លួន​ចូល​ប្រទេស​ថៃ ហើយ​ក្រោយមក​ក៏បាន​បម្រើ​ការងារ​ជា​ទាហាន​ប៉ា​រ៉ា​នៅ​ទីនោះ ដើម្បី​ប្រឆាំង​របប​ខ្មែរក្រហម​។ ចូល​បម្រើ​ទាហាន​ប៉ា​រ៉ា បាន ៤ ខែ ធឿន ក៏​លាឈប់ ហើយ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​នៅ​ឆ្នាំ ១៩៧៩ បន្ទាប់ពី​របប​ខ្មែរក្រហម​ត្រូវបាន​ដួលរលំ ធឿន ក៏បាន​ចូលមក​ប្រទេស​កម្ពុជា​វិញ​។ នៅពេល​មកដល់​កម្ពុជា​វិញ ធឿន ត្រូវបាន​កងទ័ព​វៀតណាម​ចាប់ខ្លួន និង​ឱ្យ​សារភាព ពីព្រោះ​រាល់​ប្រជាជន​ដែល​ចូល​ទឹកដី​ថៃ ហើយ​ត្រឡប់មកវិញ គឺ​កងទ័ព​វៀតណាម​ចាប់ខ្លួន និង​តម្រូវឱ្យ​សារភាព​។ ក្រោយ​សារភាព​រួច ធឿន បាន​ទៅ​ជួបជុំ​ក្រុមគ្រួសារ ហើយ​ក្រោយមក​មេឃុំ​ថ្មី​ឈ្មោះ ដឿ​ម បាន​ហៅ ធឿន ឱ្យធ្វើ​គ្រូបង្រៀន​នៅ​សាលា​បន្ទាយឆ្មា ប៉ុន្ដែ ធឿន បាន​បដិសេធ ដោយ​គិតថា​ឪពុក​ស្លាប់​ដោយសារ​ធ្វើ​ការងារ​រដ្ឋ ដូច្នេះ ធឿន មិន​ចង់​ធ្វើ​ការងារ​រដ្ឋ​នោះទេ​។ នៅ​ឆ្នាំ ១៩៨២ ផ្ទះ​របស់​ប្រជាជន​នៅក្នុង​ឃុំ​បន្ទាយឆ្មា​ត្រូវបាន​ឆេះ​ខ្ទេចខ្ទី​ដោយ​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម និង​កងទ័ព​វៀតណាម​។ ប្រជាជន​នៅក្នុង​ឃុំ ត្រូវបាន​ជម្លៀស​ឱ្យទៅ​រស់នៅក្នុង​ឃុំ​សាម៉ន់ និង​មួយចំនួន​រត់​ចូល​ព្រៃ​។ ការរស់នៅ​ក្នុង​ឃុំ​សាម៉ន់ គឺ​វេទនា​បំផុត​សម្រាប់ ធឿន ពីព្រោះ​មិនមាន​ដី​ធ្វើស្រែ​ចម្ការ ប្រជាជន​មួយចំនួន​ក៏​រត់​ភៀសខ្លួន​ទៅ​ព្រុំដែន​។ ឆ្នាំ ១៩៨៨ ធឿន បានរ​ត់ទៅ​រស់នៅ​ជំរំសាយធូ​។ នៅ​ជំរំសាយធូ ធឿន បាន​ចូលរៀន​អក្សរ និង​រៀន​ខាង​បច្ចេកទេស ជំនាញ​ខាង គ្រឿង​ម៉ាស៊ីន (​ឡាន​, ម៉ូតូ និង​គោយន្ត​ជាដើម​) ហើយ​បាន​ក្លាយជា​គ្រូបង្រៀន​ខាង​បច្ចេកទេស​បង្រៀន​ដល់​ជនពិការ​នៅ​ទីនោះ​។ ឆ្នាំ ១៩៩១ ធឿន បាន​ចាក់​ចេញពី​ជំរំសាយធូ មក​រស់នៅ​ស្រុកកំណើត​វិញ បន្ទាប់​សង្គ្រាម​ត្រូវបាន​ផុតរ​លុត​ក្នុង​តំបន់​នោះ​។ ទៅដល់​ភូមិ​វិញ ធឿន បានរស់នៅ​លើទឹក​ដី​ចាស់​របស់ខ្លួន ជាមួយនឹង​គ្រួសារ និង​ធ្វើ​ការងារ​ជា​អ្នកស្រែ​ចម្ការ​។ នៅ​ឆ្នាំ ២០០៣ ធឿន ត្រូវបាន​ជ្រើសរើស​ពី​ចាស់ទុំ​នៅក្នុង​ភូមិ​ឱ្យធ្វើជា​មេភូមិ​បន្ទាយឆ្មា​ខាងជើង ពីព្រោះ​អ្នកភូមិ​គិតថា ជីតា និង​ឪពុក​របស់ ធឿន គឺជា​អ្នកបម្រើ​ការងារ​ដឹកនាំ​ភូមិ​ឃុំ​បានល្អ ហើយ ធឿន នៅ​ជា​មេភូមិ​រហូតដល់​បច្ចុប្បន្ន​។ សព្វថ្ងៃ ធឿន មានកូន បី នាក់​(​ស្រី​២ ប្រុស​១) និង​រស់នៅក្នុង​ជីវភាព​សមរម្យ​ជាមួយ​គ្រួសារ​។ រាល់ពេល​បុណ្យទាន​ម្ដង ធឿន និង​គ្រួសារ​តែង​ធ្វើបុណ្យ​ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ជាពិសេស​ឪពុក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​៕ L ដោយ​: ឃាង សេង​ហឿន បុគ្គលិក​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​