ដំណើរ​ដ៏​វែងឆ្ងាយ ឆ្ពោះទៅរក​ការយោគយល់ និង​ការរើសអើង​

564
ចែករម្លែក

ដោយ​: សួត វិចិត្រ បុគ្គលិក​មជ្ឈមណ្ឌល​ស​ន្ដិ​ភាព​អន្លង់វែង​
​ភ្នំពេញ​: ទោះបីជា​សង្គ្រាម​និង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​ខ្មែរក្រហម​បាន​ផុតរលត់​ទៅហើយ​យ៉ាងណាក្ដី ក៏​ផល​អាក្រក់​នៃ​របប​នេះ នៅតែ​បន្ដ​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​មកលើ​ការរស់នៅ​របស់​ប្រជាជនកម្ពុជា​មកទល់​ពេលបច្ចុប្បន្ន​។

អូរ​ស្វាយ គឺជា​ប្រភពទឹក​ដែល​ហូរ​ធ្លាក់​ពីលើ​ខ្នងភ្នំ​ដងរែក ចាក់​មកកាន់​បឹង​អន្លង់វែង ឬ​បឹង​តា​ម៉ុក​ភាគ​ខាងកើត​ដែលជា​សមរភូមិ​ប្រយុទ្ធ​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម​។​

​ការស្លាប់​របស់​ប្រជាជន​កម្ពុជា​ប្រៀបបាន​ទៅនឹង​ទន្លេ​ឈាម​ដ៏​ធំធេង​ដែល​បាន​ជន់​លិច​ទឹកដី​សុវណ្ណ​ភូមិ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ដែល​ប្រជាជន​ប្រមាណ​២​លាន​នាក់​ត្រូវបាន​ជឿជាក់ថា បាន​ស្លាប់​ដោយសារ ជំងឺ គ្រោះ​អត់ឃ្លាន ធ្វើការ​ហួសកម្លាំង និង​ការសម្លាប់​។ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ត្រូវបាន​ទទួលស្គាល់ថា ជា​ជនរងគ្រោះ ហើយ​ទន្ទឹមនឹង​នោះដែរ​ក្រុម​អតីត​អ្នកតស៊ូ​នៃ​ចលនា​ខ្មែរក្រហម​មួយចំនួន ដែល​ធ្លាប់​ប្រ​ព្រឹ​ត្ដិ​អំពើ​ឃោរឃៅ និង​អំពើ​អមនុស្សធម៌​មកលើ​ប្រជាជន​កម្ពុជា ក៏បាន​សម្រប​ខ្លួន​ទៅនឹង​បរិបទ​សង្គម​ថ្មី ដោយបាន​លាក់បាំង​នូវ​អត្ដ​សញ្ញាណ​របស់ខ្លួន និង​បន្ដ​រស់នៅ​ក្នុងនាម​ជា​ជនរងគ្រោះ​ដូច​ប្រជាជន​ដទៃទៀត​ដែរ​។ ទោះបីជា​រូបភាព​ខាងក្រៅ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​ដូចនេះ​ក្ដី ក៏​ការឈឺចាប់ និង​វិប្បដិសារី​របស់​ក្រុម​អតីត​ខ្មែរក្រហម​ទាំងនោះ នៅតែ​បន្ដ​ដិតដាម​ចំពោះ​ជាតិ​សាសន៍​របស់ខ្លួន ដែល​ខុសប្លែក​ពី​ឥរិយាបថ​ប្រជាជន​ធម្មតា​។

​ក្រោយ​ពេលដែល​របប​ខ្មែរក្រហម បាន​ដួលរលំ​ផុត​ទៅ​នៅ​ឆ្នាំ​១៩៧៩ ដោយសារ​កងទ័ព​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម ខ្មែរក្រហម​នៅតែ​បន្ដ​មនោគមវិជ្ជា​របស់​ខ្លួន ដោយបាន​ជម្លៀស​ប្រជាជន និង​យោធា​រាប់សែន​នាក់​ទៅជា​មួយ ដើម្បី​រៀបចំ​កម្លាំង​នៅតាម​បណ្ដោយ​ព្រំដែន​ជួរ​ភ្នំ​ដងរែក ដើម្បី​ក្នុងការ​វាយប្រហារ និង​គ្រប់គ្រង​ប្រទេស​កម្ពុជា​ម្ដងទៀត​។
​តំបន់​ជាច្រើន​ដែលមាន​ប្រ​វ​ត្ដិ​តស៊ូ​តាម​ទល់ដែន​ខ្មែរ​-​ថៃ ក្នុងនោះ​តំបន់​អន្លង់វែង ក៏​ជា​តំបន់​មួយ​ដែល​ត្រូវបាន​ចាត់ទុកថា ជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម ដែល​បាន​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​ជាច្រើន​រាប់មិនអស់ នៃ​ចលនា​តស៊ូ​ក្នុង​តំបន់​អន្លង់វែង ក្រោម​ការគ្រប់គ្រង​រប​ស់​តា​ម៉ុក (​ឈិ​ត ជឿន​)​។ ទឹកដី​អន្លង់វែង ប្រៀប​បានជា​ទីតាំង​មួយ​ដ៏​វិសេសវិសាល ដែល​បង្កប់​ទៅដោយ​ប្រ​វ​ត្ដិ​សាស្ដ្រ​យ៉ាង​ជ្រាលជ្រៅ​នៃ​ការចងចាំ​របស់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​។

​ប្រជាជន​ដែល​រស់នៅ​អន្លង់វែង​ភាគច្រើន​គឺជា​អតីត​ខ្មែរក្រហម និង​ក្រុមគ្រួសារ​របស់​យោធា​ខ្មែរក្រហម ដែល​បាន​បន្ដ​រស់នៅ​ដោយ​ពឹងផ្អែក​ទៅលើ​របរ​កសិក​ម្ម ធ្វើស្រែ ចម្ការ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​អស់​រយៈពេល​៤០​ឆ្នាំ​មកហើយ​។

ចម្ការចេក​មួយកន្លែង​ដែល​ស្ថិត​នៅជាប់​ជើងភ្នំ​ដងរែក​

​សួន ឃឿន ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ គឺជា​អតីត​យោធា​ខ្មែរក្រហម​មួយរូប​បានលើកឡើង​ពី​មកដល់​របស់ខ្លួន​នៅ​តំបន់​អន្លង់វែង ថា ៖ «​នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​បានធ្វើ​ដំណើរ​ពី​សមរភូមិ​ខាងក្នុង​ប្រទេស ជាមួយនឹង​កងកម្លាំង​យោធា​ក្នុង​ក្រុម ដើម្បី​មក​វាយ​ប្រយុទ្ធ​ជាមួយ​ទាហាន លន់ នល់ នៅជាប់​ទល់ដែន​តាម​បណ្ដោយ​ជួរ​ភ្នំ​ដងរែក​។ ក្រោយមក ខ្ញុំ​និង​កងកម្លាំង​ក្នុង​ក្រុម​ក៏បាន​ធ្វើដំណើរ​មកដល់​តំបន់​អន្លង់វែង​។
​ពេលនោះ​ខ្ញុំ​បាន​ទៅ​ឈរជើង​នៅត្រង់​ភូមិ​ចម្ការចេក ដែល​ដើមឡើយ​ជា​ភូមិ​ចាស់​របស់​ខ្មែរក្រហម ហើយ​ក្លាយជា​ភូមិ​សន្ដិភាព​ក្នុងស្រុក​អន្លង់វែង​នាពេល​បច្ចុប្បន្ន​។ នៅ​អន្លង់វែង ខ្ញុំ​បាន​ប្រកបរ​បរជាកសិករ​ចាប់​តាំងពី​សមាហរណកម្ម​ឆ្នាំ​១៩៩៨ មកម្ល៉េះ រួមមាន​ទាំង​ដំណាំ​ស្រូវ និង​ដំណាំ​ប្រភេទ​បន្លែ​ផ្សេងទៀត ដើម្បី​លក់​យក​កម្រៃ​មក​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ​។ សម្រាប់​ប្រភេទ​ដំណាំ​បន្លែ រួមមាន ត្រឡាច ននោង ប៉េងប៉ោះ និង​ផ្កា​ខាត់ណា ជាដើម​។ ខ្ញុំ​បាន​ប្រើប្រាស់​ជីធម្មជាតិ​ដែល​ខ្ញុំ​បានធ្វើ​វា​ដោយ​ខ្លួនឯង មក​ថែបំប៉ន​ដំណាំ​ដែល​ខ្ញុំ​ដាំ ហើយ​បន្ទាប់មក ខ្ញុំ​តែងតែ​ដឹកជញ្ជូន​កសិផល​ដែល​ទទួលបាន​ទៅ​លក់​នៅឯ​ផ្សារ​អន្លង់វែង ដោយ​ឆ្លងកាត់​ស្ពាន​ចំណាស់​មួយ​របស់ តា​ម៉ុក​»​។

​ប្រជាជន​ទាំងឡាយ​ដែល​រស់នៅ​តំបន់​នេះ ភាគច្រើន​ជា​ជនពិការ ដោយសារ​បុព្វហេតុ​តស៊ូ​ក្នុង​ចលនា​ខ្មែរក្រហម​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ គឺ សហគមន៍​ដ៏​កម្សត់​មួយ​នេះ ពុំទាន់​ទទួលបាន​ការផ្សះផ្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​នៅឡើយ​ទេ​។ ប្រជាជន​នៅ​សហគមន៍​អន្លង់វែង ភាគច្រើន​ទទួលបាន​ការយោគយល់​ពី​ក្រុម​អតីត​តស៊ូ​ដូចគ្នា ប៉ុន្ដែ​ក៏​ទទួលរង​នូវ​ការរើសអើង​ពី​ប្រជាជន​ថ្មី​មួយចំនួន​ដែល​ធ្វើដំណើរ​ពី​ចម្ងាយ និង​ចំពោះ​ប្រជាជន​ដែលមាន​ជីវភាព​ធូរធារ​ជាង​ខ្លួន​។

ទិដ្ឋភាព​ផ្លូវលំ​ឆ្ពោះទៅកាន់​ផ្ទះ​ប្រជុំ​របស់ តា​ម៉ុក (​ផ្ទះ​កណ្ដាល​លើ​ខ្នងភ្នំ​ដងរែក​) និង​ផ្ទះ​លាក់ខ្លួន​របស់ ប៉ុល ពត និង ខៀវ សំផន នៅ​ក្បាល​ទន្សោង​

​អែម សេង អាយុ​៥៧​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ខេត្ដ​ក្រចេះ បាន​លើកឡើងថា «​ខ្ញុំ​ឃើញថា សូម្បីតែ​អតីត​អ្នក​ធ្លាប់​តស៊ូ​ជាមួយគ្នា ក៏មាន​ការរើសអើង​ចំពោះ​ខ្ញុំ​ដែរ មិន​ដូច​កាលដែល​យើង​ធ្លាប់​លំបាកលំបិន​នៅក្នុង​ព្រៃ​នោះទេ​ដោយសារតែ​ក្រោយពេល​សមាហរណកម្ម​នៅ​ឆ្នាំ​១៩៩៨ អ្នកខ្លះ​បានទទួល តួនាទី​ជា​ពេទ្យ ហើយ​អ្នក​ខ្លះទៀត ក៏​ទទួល​មុខតំណែង​ជា​មន្ដ្រីរាជការ​ជាដើម​។ ធ្វើ​ដូចម្ដេច បើ​ខ្ញុំ​ជា​ជនពិការ​?» ។​

​ជាម ទ្រី​ម អាយុ​៦០​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ខេត្ដ​ក្រចេះ និង​ជា​អតីត​យោធា​ខ្មែរក្រហម​មួយរូប​ដែរ​បាន​លើកឡើងថា «​ចំពោះ​យុវជន​ជំនាន់​ក្រោយ​មួយចំនួន ក៏បាន​រើសអើង​ចំពោះ​អតីត​អ្នកតស៊ូ​ដូចជា​រូបខ្ញុំ​នេះដែរ ដោយ​គាត់​ពុំបាន​យល់​ពី​តម្លៃ​នៃ​ការតស៊ូ និង​ទំហំ​ទឹក​ចិ​ត្ដ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​នោះឡើយ ដែល​អ្នក​ទាំងនោះ​មើលឃើញ​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ចំពោះ​ក្រុម​អតីត​តស៊ូ​»​។​

ផ្ទះ​ប្រជុំ​របស់ តា​ម៉ុក (​ផ្ទះ​កណ្ដាល​លើ​ខ្នងភ្នំ​ដងរែក​)

​អន្លង់វែង​ប្រៀបបាន​ទៅនឹង​មជ្ឈមណ្ឌល​កុមារកំព្រា​មួយ ដែល​ប្រជាជន​រាប់សិប​នាក់​ដែល​ធ្វើ ដំណើរ​មកដល់​ទីនេះ សុទ្ធសឹងតែ​ជា​តែ​អ្នក​បែកបាក់​ពី​ក្រុមគ្រួសារ និង​ចាក​ចេញពី​តំបន់​ផ្សេងៗ​គ្នា​។​
​ញឹម នន ភេទ​ស្រី អាយុ​៧០​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ពងទឹក ឃុំ​គោក​ពោធិ៍ ស្រុក​ទ្រាំង ខេត្ដ​តាកែវ បាន​រៀបរាប់​ពីបទ​ពិសោធន៍​ជីវិត​របស់ខ្លួន និង​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​មកកាន់​តំបន់​អន្លង់វែង​ថា « នៅ​ឆ្នាំ​១៩៧០ ខ្ញុំ​បានសម្រេច​ចិ​ត្ដ​ចូល​បម្រើ​ការងារ​ជា​កង​នារី​ឃោសនា និង​កង​នារី​ដឹកជញ្ជូន​របស់​ខ្មែរក្រហម​នៅក្នុង​ស្រុកកំណើត​។ លុះដល់​ឆ្នាំ​១៩៧៣ ខ្មែរក្រហម​បាន​ផ្ញើ​សំបុត្រ​មួយច្បាប់​មកកាន់​ខ្ញុំ អំពី​ការស្នើ​ឲ្យ​ខ្ញុំ​វិលត្រឡប់​ទៅកាន់​ភូមិកំណើត​របស់ខ្លួន​វិញ ដើម្បី​មើលថែ​ឪពុក​របស់ខ្ញុំ ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​នៅឯ​ផ្ទះ​។ ប៉ុន្ដែ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ និង​វិប្បដិសារី​របស់ខ្ញុំ​មកទល់​ពេល​បច្ចុប្បន្ននេះ គឺ​ខ្ញុំ​ពុំបាន​វិលត្រឡប់​ទៅ​ជួប​ឪពុក​របស់ខ្ញុំ​ទៅតាម​ខ្លឹមសារ​នៃ​សំបុត្រ​ដែល​បាន​សរសេរ​នោះឡើយ រហូតដល់​គាត់​បាន​លាចាក​លោក​នេះ​ទៅ​។

​បន្ទាប់ពី​មរណៈភាព​របស់​ឪពុក​ខ្ញុំ​នៅ​ឆ្នាំ​១៩៧៣ សភាពការណ៍​នៅក្នុង​ខេត្ដ​តាកែវ គឺមាន​ភាពវឹកវ​រយ៉ា​ង​ខ្លាំង ជាពិសេស​នៅ​ម្ដុំ​ផ្សារ​អង្គតាសោម ដែល​ស្ថិតនៅ​ប៉ែក​ខាងលិច​ខេត្ដ​តាកែវ​ដែល​ពេលនោះ ខ្ញុំ​កំពុងតែ​ធ្វើជា​កង​ដឹកជញ្ជូន​គ្រាប់រំសេវ​នៅ​ទីនោះ​ដែរ​។ ក្រោយពី​ធ្វើការ​នៅ​ទី​នោះបាន​មួយរយៈ ខ្ញុំ​ក៏បាន​ផ្លាស់ប្ដូរ​មក​រស់នៅក្នុង​មន្ទីរ​១៥០ «​ក​» ក្រោម​ការចាត់​តាំងរបស់​ខ្មែរក្រហម​។ ទោះជា​យ៉ាងនេះ​ក្ដី ខ្ញុំ​ពុំបាន​រស់នៅក្នុង​មន្ទីរ​នោះ​ជាប់លាប់​នោះទេ ព្រោះ​ខ្មែរក្រហម​ផ្លាស់ប្ដូរ​ខ្ញុំ​ឲ្យ​ធ្វើជា​កង​បង្កបង្កើនផល​ខាង​កសិកម្ម​នៅក្នុង​ភូមិកំណើត ដើម្បី​ផ្គត់ផ្គង់​ដល់​កងទ័ព​នៅតាម​បណ្ដោយ​សមរភូមិ​ក្នុង​ខេត្ដ​តាកែវ​។ ការរស់នៅ​ក្នុង​អង្គភាព​ផលិត ការចិញ្ចឹម​សត្វ និង​ការដាំដុះ គឺជា​ការងារ​ស្នូល​ដ៏​សំខាន់បំផុត​សម្រាប់​កង​អង្គភាព​របស់ខ្ញុំ​។ ជីវិត​រស់នៅក្នុង​កង​អង្គភាព​ផលិត ហាក់​មាន​ភាពប្រសើរ​ជាង​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅនឹង​ជីវិត​រស់នៅ​របស់​ប្រជាជន​ក្នុង​សហករណ៍​។ មិនយូរប៉ុន្មាន ខ្មែរក្រហម​ក៏បាន​រំសាយ​អង្គភាព​ផលិត​ស្បៀង​នេះ​ចោល ហើយ​ប្ដូរ​ទៅជា​អង្គភាព​កែច្នៃ​សម្ភារ​ធ្វើ​អំពី​ដីឥដ្ឋ​វិញ​ម្ដង ដែល​នៅ​ទីនោះ​មាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​វត្ដ​អង្គ​កែវ​។ មួយរយៈ​ក្រោយមក រោងចក្រ​ដ៏​ស្ដួចស្ដើង​មួយ​នេះ​ក៏បាន​ដួលរលំ​ទៅវិញ​បន្ទាប់ពី​សង្គ្រាម​ខ្មែរក្រហម​បាន​ផ្ទុះឡើង​ឥតឈប់ឈរ ជាមួយ​កងទ័ព​វៀតណាម​នៅ​ចុងឆ្នាំ​១៩៧៨​។

ឆ្នាំង​ដែល​នៅ​សេសសល់​ពី​ចលនា​តស៊ូ​របស់​អតីត​យោធា​ខ្មែរក្រហម​

​ពេលនោះ ខ្ញុំ និង​ប្ដី​របស់ខ្ញុំ​ដែល​ត្រូវបាន​ខ្មែរក្រហម​ផ្សំផ្គុំ​នៅ​ឆ្នាំ​១៩៧៧ ព្រមទាំង​ប្រជាជន​ជាច្រើន​នាក់​ផង​នោះ ក៏បាន​ធ្វើដំណើរ​ដោយ​រទេះគោ​ដើម្បី​ចាក​ចេញពី​ស្រុកកំណើត​នា​រដូវប្រាំង ហើយ​ឆ្ពោះទៅកាន់​តំបន់​មួយចំនួន​នៅជាប់​ទល់ដែន​ថៃ ដើម្បី​គេចផុត​ពី​ការ​តាម​យាយី​របស់​កងទ័ព​វៀតណាម​។ ដំបូង​ឡើយ ខ្ញុំ និង​ប្រជាជន​ដែល​ភៀសខ្លួន​ទៅជា​មួយ បានធ្វើ​ដំណើរ​ទៅដល់​អូរ​មួយ​ដែល​ស្ថិតនៅក្នុង​ខេត្ដ​កំពង់ឆ្នាំង និង​ស្នាក់នៅ​ទីនោះ​អស់​រយៈពេល​មួយ​សប្ដាហ៍​។ បន្ទាប់មក​ខ្ញុំ​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ខេត្ដ​ពោធិ៍សាត់ នៅ​ម្ដុំ​ចម្ការ​ក្រូច​មួយកន្លែង និង​បានរស់នៅ​ទីនោះ​ប្រមាណ​ជា​កន្លះ​ខែ​។ លុះ​ធ្វើដំណើរ​ជាច្រើន​ខែ​កន្លងមក រដូវវស្សា​ក៏​ឈានចូល​មកដល់ ដែល​ធ្វើ​ឲ្យ​ទឹកអូរ​ឡើង​ជន់​លិច និង​បង្ក​ជាការ​រាំងស្ទះ​ដល់​ការធ្វើដំណើរ​របស់ខ្ញុំ​។ ស្របពេលនោះ​កងកម្លាំង​វៀតណាម​ក៏បាន​ដេញ​បាញ់ប្រហារ​ប្រកិត​ពីក្រោយ ទើប​ខ្ញុំ​សម្រេច​ចិ​ត្ដ​បោះបង់​សត្វ​គោ និង​រទេះ​ចោល ដើម្បី​បន្ដដំណើរ​ដោយ​ថ្មើរជើង​ទៅកាន់​ទល់ដែន​ថៃ​។ នៅពេលនោះ មនុស្សម្នា​ជាច្រើន​ក៏ត្រូវ​បាន​បាត់​បង់ជីវិត​ដែរ ដោយសារ​ការ​អត់​អាហារ និង​ការ​លង់ទឹក​ស្លាប់​នៅពេល​ឆ្លង​អូរ​ទៅ​ត្រើយម្ខាង​ទៀត​។

​ប្រជាជន​មួយចំនួន​ត្រូវបាន​ទឹកជំនន់​បោក​គួច​យកទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់មកវិញ​ឡើយ​។ ចំណែក​ខ្ញុំ​ផ្ទាល់ បាន​ឆ្លង​អូរ​ដោយ​តោង​វ​ល្លិ៍​ផ្ដៅ និង​មាន​សម្ភារ​មួយចំនួន ដូចជា ចាន ឆ្នាំង​ស្ពាយ​ជាប់​នឹង​ខ្លួន​ផងដែរ​។ បន្ទាប់ពី​ឆ្លង​អូរ​រួចហើយ ខ្ញុំ និង​កងកម្លាំង​ប្រជាជន​ដែល​សេសសល់ ក៏បាន​បន្ដធ្វើ​ដំណើរ​ដោយ​ឆ្លងកាត់​ភ្នំ​ជាច្រើន និង​ចំណាយពេល​ប្រមាណ​ជា​២០​ថ្ងៃ ទើប​មកដល់​ទឹកដី​ថៃ​។ ទីតាំង​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​រស់នៅក្នុង​ទឹកដី​ថៃ គឺ ខ្លងយ៉ៃ ដែល​បុរស និង​ស្ដ្រី ត្រូវ​រស់នៅ​ដាច់ដោយឡែក​ពីគ្នា និង​ពុំ​អនុញ្ញាត​ឲ្យ​យោធា​រស់នៅ​ទីនោះ​ឡើយ ហើយ​ចំពោះ​រោងស្នាក់នៅ​វិញ គឺ​ត្រូវ​សង់​ដោយ​ខ្លួនឯង​។ បន្ទាប់ពី​រស់នៅ​ទីនោះ​បាន​កន្លះ​ខែ ខ្ញុំ និង​ប្រជាជន ត្រូវបាន​តម្រួត​ថៃ ផ្លាស់​ចេញពី​ខ្លងយ៉ៃ ហើយ​បញ្ជូន​ទៅកាន់​ជំរំ​ភៀសខ្លួន​ត្រាង​។ ការរស់នៅ​ក្នុង​ជំរុំ​ភៀសខ្លួន​ត្រាង ភាពអត់ឃ្លាន ក៏​នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ជនភៀសខ្លួន​ដូចជា​ខ្ញុំ និង​ប្រជាជន​ជាច្រើន​នាក់​ផ្សេងទៀត​ដដែល​។ ពេលនោះ ខ្ញុំ​ក៏បាន​ដើរ​ដក​បន្លែ​ផ្ទី និង​ជីក​ទំពាំង​យកមក​ស្ល​ជាមួយ​អំបិល​ដើម្បី​បរិភោគ​បណ្ដោះអាសន្ន​។ មិនយូរប៉ុន្មាន ខ្ញុំ ក៏បាន​ធ្វើដំណើរ​ចាក​ចេញពី​ទឹកដី​ត្រាង ហើយ​បន្ដទៅ​រស់នៅ​ក្នុងស្រុក​១០០ ក្នុង​ទឹកដី​ថៃ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ខ្ញុំ​បាន​បន្ដ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ស្រះកែវ ដែល​នៅ​ទីនោះ គឺមាន​ការរៀបចំ​ជា​ផ្ទះសម្បែង​ជា​ជួរៗ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ដែល​ភៀសខ្លួន​រស់នៅក្នុង​អំឡុង​ឆ្នាំ​១៩៨០​។ បន្ទាប់មក​ខ្ញុំ និង​ប្ដី​របស់ខ្ញុំ​បាននាំគ្នា​ទៅ​អារឈើ (​ក្ដារ​) នៅ​ទឹកដី​បឹង​ត្រកួន ដោយ​ប្រើ​រណា​ដៃ​ដើម្បី​យក​ឈើ​ទាំងនោះ​ទៅ​លក់​ឲ្យ​ជនជាតិ​ថៃ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជាដើម​ស្រឡៅ និង​ប្រភេទ​ឈើ​ផ្សេងៗ​ដែល​អាច​យក​ធ្វើ​ផ្ទះ​បាន​។ ពេលនោះ​ខ្ញុំ ក៏ដូចជា​ប្រជាជន​ដទៃទៀត​ដែរ គឺ​តែងតែ​នាំគ្នា​ធ្វើ​កិច្ចការ​ផ្សេងៗ​ក្នុងការ​ទទួលបាន​ប្រាក់កាស ដើម្បី​ទិញ​របស់របរ​មួយចំនួន​ក្នុង​ទឹកដី​ថៃ ហើយ​កាកបាទក្រហម គឺ​នៅតែ​បន្ដ​គាំទ្រ​ដល់​ជនភៀសខ្លួន​ដូច​ខ្ញុំ​ជានិច្ច​។ ក្រោយមក​ខ្ញុំ​បាន​ផ្លាស់​ពី​ទឹកដី​បឹង​ត្រកួន ហើយ​មក​រស់នៅ​ក្នុងភូមិ​៥០ ដែល​នៅ​ទីនោះ សណ្ឋាន​ដី​មាន​រាងដូចជា​បាតខ្ទះ ហើយ​ហ៊ុមព័ទ្ធ​ទៅដោយ​ភ្នំ ជាពិសេស​គឺមាន​ជំរំ​របស់​ជនភៀសខ្លួន​ដែល​បោះ​ទីតាំងនៅ​ទីនោះ​យ៉ាងច្រើន​កុះករ​។ ដោយសារ​សភាពការណ៍​មិន​អំណោយផល ដែល​បង្កឡើង​ដោយ​ការវាយប្រហារ​ពី​កងកម្លាំង​រដ្ឋាភិបាល​នៅតាម​ចង្កេះភ្នំ​ផង​នោះ ខ្ញុំ​ក៏បាន​សម្រេច​ចិ​ត្ដ​ចាក​ចេញពី​ភូមិ​៥០ ហើយ​មក​រស់នៅ​ក្នុងភូមិ​៤០​វិញ​ម្ដង​។

ពើយ​តា​ម៉ុក ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​រួម​និង​ជា​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​របស់​ខ្មែរក្រហម​

​ការរស់នៅ​ក្នុងភូមិ​៤០ គឺ​គ្រប់គ្រង​ដោយ តា​ម៉ុក និង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ តា​ម៉ុក​។ ក្រោយមក​យើង​បានធ្វើ​ដំណើរ​មកកាន់​តំបន់​អន្លង់វែង បន្ទាប់ពី​បាន​ទៅ​រស់នៅក្នុង​ទឹកដី​ជាំ​ស្លា​បាន​មួយរយៈ​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ ខ្ញុំ និង​គ្រួសារ​បានធ្វើ​ដំណើរ​ចុះ​ពីលើ​ភ្នំ​ដងរែក​រួច​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ដែល​ក្រាល​ទៅដោយ​ខ្សាច់ និង​ថ្ម​ធំៗ រហូតមកដល់​មន្ទីរ​ពេទ្យ​របស់ តា​ម៉ុក (​ដែល​បច្ចុប្បន្នកា្ល​យ​ជា​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​)​។ ខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ឆ្លងកាត់​បឹង​អូរ​ជីក ដែល​កាលណោះ តា​ម៉ុក ពុំទាន់​លើក​ជា​ទំនប់​នៅឡើយ​ទេ ដែលមាន​ទឹក​ហូរ​ល្វឹងល្វើយ​នៅ​រដូវវស្សា ហើយ​ហួតហែង​ទៅវិញ​នៅ​រដូវប្រាំង​។ បឹង​នេះ​ក៏បាន​ឆក់យក​ជីវិត​របស់​ប្រជាជន​នៅ​អន្លង់វែង​ជាច្រើន​នាក់ ដែល​តែងតែ​កើតឡើង​នៅពេល​រដូវវស្សា​ឈាន​មកដល់​ម្ដងៗ ព្រោះ​នៅពេលនោះ​ប្រជាជន​ពុំទាន់​មាន​ស្ពាន​ដើម្បី​ឆ្លង​បឹង​នេះ​នៅឡើយ​ទេ​។ សាមគ្គីភាព​របស់​ប្រជាជន​អន្លង់វែង ក្រោម​ការគ្រប់គ្រង​រប​ស់ តា​ម៉ុក បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តាមរយៈ​ទិដ្ឋភាព​នៃ​ការឆ្លង​ទឹកជំនន់ ដែល​ប្រជាជន​ទាំងឡាយ​ត្រូវ​តោង​ដៃ​គ្នា​ដើម្បី​ឆ្លងកាត់​មក​ត្រើយម្ខាង​ទៀត​។​

ផ្ទះ និង​បឹង​របស់ តា​ម៉ុក ឬ​បឹង​អន្លង់វែង​

​តាម​ការសង្កេតមើល ប្រជាជន​ភាគច្រើន​ដែល​ធ្លាប់​មានដំណើរ​ជីវិត​មកកាន់​សហគម​ន៍​អន្លង់វែង គឺ​តែងតែ​ផ្សាភ្ជាប់​ជីវិត​រស់នៅ​របស់ខ្លួន​ទៅនឹង​សហគមន៍​នេះ​ជា​អចិន្ដ្រៃយ៍ ទោះបីជា​សង្គ្រាម​ត្រូវបាន​ផុតរលត់​ទៅហើយ​យ៉ាងណាក៏ដោយ​។​

​ប្រជាជន​ស្ទើរតែ​ទាំងស្រុង​ដែល​រស់នៅ​សហគមន៍​អន្លង់វែង គឺ​តែងតែមាន​សាច់រឿង​យ៉ាង​សម្បូរបែប​រៀងៗ​ខ្លួន ដែល​មនុស្ស​ជំនាន់​ក្រោយ​គួរតែ​សិក្សា​ស្វែងយល់​ពី​ឯកសារ​រស់ក្នុង​សហគមន៍​មួយ​នេះ ដើម្បី​បុព្វហេតុ​ផ្សះផ្សា និង​សន្ដិភាព​៕ ល​

ស្ពាន​តា​ម៉ុក ឬ​ស្ពាន​អូរ​ជីក​ដែល​ត្រូវបាន​កសាងឡើង​នៅ​អំឡុង​ឆ្នាំ​១៩៩៦