ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​កូរ៉េ នឹង​ជះឥទ្ធិពល​ខ្លាំង​ដែរ​ដល់​វិស័យ​ពាណិជ្ជកម្ម​

434
ចែករម្លែក

ដោយ:ពៅ និមល​/ភ្នំពេញ ៖ ខណៈដែល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​នឹង​បញ្ចប់​នៅ​ថ្ងៃស្អែក​នេះ​។ គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​កូរ៉េ (Korea Trade-Investment Promotion Agency) ហៅ​កាត់ KOTRA​បាន​លើកឡើងថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​រឹងមាំ​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ត្រូវបាន​បញ្ចប់​។

ប្រភពពី​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​ថា នៅក្នុង​ជំនួប​ការងារ រវាង​គណៈប្រតិភូ​កូរ៉េ ដឹកនាំ​ដោយ​លោក ក្វុ​ន ព្យុង​អូ (Kwon Pyung-oh) នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​KOTRA ស្ថិតនៅ​ទីស្តីការក្រសួង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សង្ឃឹមថា វត្តមាន​របស់ ប្រធានាធិបតី​កូរ៉េ​នាពេលនេះ នឹង​ពង្រឹង​សេចក្ដីទុកចិត្ត​ដល់​ធុរជន​នៃ​ប្រទេស​កូរ៉េ ឲ្យ​រឹត​តែមាន​ជំនឿ​ចិត្ត​លើ​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​បន្ដាក់​ទុនវិនិយោគ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក មាន​សុទិដ្ឋិនិយម​ថា វេទិកា​ធុរកិច្ច​ដែល​កម្ពុជា​និង​កូរ៉េ រៀបចំ​រួមគ្នា​ក្នុងអំឡុង ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ នឹង​ទាក់ទាញ​បាន​វិនិយោគ​ពី​បរទេស​ដោយផ្ទាល់​បន្ថែម​ទៀត​ពី​ប្រទេស​កូរ៉េ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​កូរ៉េ សិក្សា​និង​ស្វែងរក​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​កម្ពុជា​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​។​

ជាការ​ឆ្លើយតប ភាគី​ជំនួប​បាន​ជម្រាប​ថា ទីភ្នាក់ងារ​របស់លោក​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​សហគមន៍​ធុរកិច្ច​ដ៏ទៃទៀត ដើម្បី​ពង្រឹង​និង​ទាក់ទាញ​បន្ថែម​វិនិយោគិន​មក​កម្ពុជា ដោយ​ជាក់ស្ដែង​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ នឹងមាន​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ទីភ្នាក់ងារ KOTRA ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ផ្សារភ្ជាប់​ចំណង​សហប្រតិបត្តិការ​រវាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ ឲ្យ​រឹតតែ​ស៊ីជម្រៅ​ថែមទៀត​។​

សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី រវាង​កម្ពុជា​-​កូរ៉េ បាន​កើន​ឡើងជា​បន្តបន្ទាប់ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​ចំនួន​ប្រមាណ​៩៧៥​លាន​ដុល្លារ កើនឡើង​១១​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ដោយឡែក ការវិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុជា​វិញ មាន​ចំនួន​សរុប​២១២​គម្រោង ស្មើនឹង​ទឹកប្រាក់​សរុប​ប្រមាណ​៤,៥៦​ពាន់​លាន​ដុល្លារ នៅក្នុង​រយះពេល​២៤​ឆ្នាំ​មកនេះ (១៩៩៤-២០១៨) ៕B/