ដំណើរ​ទស្សនកិច្ច​ដែល​នឹង​នាំមក​នូវ​ជំនួយ និង​ការវិនិយោគ​បន្ថែមទៀត​!

624
ចែករម្លែក

នៅ​ថ្ងៃអាទិត្យ​ទី​២០​ខែមករា​ឆ្នាំ​២០១៩​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដល់​ថ្ងៃទី​២៣ ខែមករា ។ ក្នុង​ដំណើរ ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នៅ​មហា​ប្រទេស​ចិន នាពេលនេះ ក្រៅពី​ពង្រឹង និង​ពង្រីក​បន្ថែម នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​នឹង​ទទួលបាន​ជំនួយ និង​ការវិនិយោគ បន្ថែមទៀត ពី​មិត្ត​ចិន​។

​មុន​អញ្ជើញ​ទៅកាន់​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមករា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​ចិន លើក​នេះ សម្តេច​មាន​គម្រោង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្ថែមថា នៅក្នុង​ឱកាស​នោះ​យើង​នឹងមាន​កិច្ចពិភាក្សា​លើ​ការពង្រឹង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ​។ អនុស្សារណៈ និង​កិច្ចព្រមព្រៀង​មួយចំនួន ត្រូវបាន​ពង្រាង​រួចហើយ សម្រាប់​ចុះហត្ថលេខា​ជាមួយ​ភាគី​មិត្ត​ចិន​។

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា “​មិត្ត​ចិន មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន និង​បាន​ជួយ​កម្ពុជា​យើង​យ៉ាងច្រើន​ចាប់តាំងពី​ជំនាន់​សម្តេច​តា មកទល់​សព្វថ្ងៃនេះ​។ កម្ពុជា សូម​អរគុណ​មិត្ត​ចិន ចំពោះ​ការជួយជ្រោមជ្រែង​ទាំងឡាយ​ដែល​បានធ្វើអោយ​កម្ពុជា​រីកចម្រើន មកទល់​សព្វថ្ងៃ​”​។

​ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ក៏ត្រូវ​បាន​ក្រសួងការបរទេស ប្រកាស​កាលពី​ថ្ងៃទី​១៨ ខែមករា​ថា ក្រៅពី​ជួប​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ទទួល​ជួប​សម្តែង ការគួរសម​ដាច់ដោយឡែក​ពីគ្នា ដោយ​លោក​រដ្ឋមន្ត្រី សុង តាវ ប្រធាន​មន្ទីរ​ទំនាក់ទំនង អន្តរជាតិ​របស់​គណៈ​ក​ម្មា​ធិ​កា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន និង​លោកស្រី គូ សៀវ​លៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា និង​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​ចំនួន​បួនរូប​ទៀត ពី​ធនាគារ​ចិន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។​
​ ​
ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍ លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស​ចិន អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ និង​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ផងដែរ​។

​ក្រសួងការបរទេស ក៏បាន​គូសបញ្ជាក់ថា ការជួបពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ចិន នឹង​ផ្តោតទៅលើ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដើម្បី​ផល ប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ រំពឹងថា នឹងមាន​ការចុះ ហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ផងដែរ​។​
​ ​
គួររំលឹកថា​ក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ចាប់ពី​ខែកុម្ភៈ ឆ្នាំ​១៩៩៩ តាំងពី​ជំនាន់​ប្រធានាធិបតី​ចិន គឺ​លោក ចាង ហ្សេ​មិន ( Jiang Zemin) បន្ត​ដល់​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិន​តាវ ( Hu Jintao) នៅ​ខែមេសា ឆ្នាំ​២០០៤ រហូតដល់​ជំនាន់​លោក ស៊ី ជិន​ភីង (Xi Jinping ) កាលពី​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​នៅ​ឆ្នាំ​២០១៨​។​

​នៅ​រាល់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ក្នុងពេល​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន ទាំងបី​ជំនាន់ ក៏ដូចជា​ជួប​នាយករដ្ឋមន្ត្រី​ចិន គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រៅពី​ទទួលបាន នូវ​ការពិភាក្សា​ដ៏​ស្និទ្ធស្នាល​ស្មើមុខស្មើមាត់​ជាមួយ​ភាគី​ចិន កម្ពុជា​ក៏​ទទួលបាន​ជំនួយ​យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់​អភិវឌ្ឍ​ប្រទេស ព្រមទាំង​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជា​ដៃគូ គ្រប់​ជ្រុងជ្រោយ និង​ទាក់ទាញ​អ្នកវិនិយោគ​ចិន មកកាន់​កម្ពុជា​។​

​ក្នុងនោះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ពីថ្ងៃ​ទី​០៩-១២ ខែកុម្ភៈ ឆ្នាំ ១៩៩៩ កម្ពុជា ទទួលបាន​ប្រាក់កម្ចី​សម្បទាន​ពី​ចិន ២០០​លាន​ដុល្លារ ហើយ​ចិន ក៏បានផ្តល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា ១៨,៣​លាន​ដុល្លារ​ថែមទៀត​។​

​ក្នុង​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៤-២៥​មេសា ខែមេសា ឆ្នាំ​២០០៤ សម្តេច ហ៊ុន សែន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក Hu Jintao ក្នុងពេល​សម្តេច ចូលរួម​វេទិកា​សេដ្ឋកិច្ច​ប៊ូ​អៅ​( Boao)​។ កម្ពុជា​-​ចិន បាន​ចុះ​កិច្ចព្រមព្រៀង ទ្វេភាគី ចំនួន ១៦​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្រុង​ប៉េកាំង ពីថ្ងៃ​ទី ១៣-១៧ ខែធ្នូ ឆ្នាំ​២០១០ ដោយ​សម្តេច​បាន​ជួប​នាយករដ្ឋមន្ត្រី​ចិន លោក វេន ជា​បាវ​(Wen Jaibao) ដោយ​មេដឹកនាំ​ទាំងពីរ បាន​ឯកភាព​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ដល់ ២៥០០ លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៥​។ ចិន ក៏បាន​ត្រៀមខ្លួន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង​ហិរញ្ញវត្ថុ និង​ការបន្ត​ផ្តល់ជំនួយ មក​កម្ពុជា​។​

​ដោយឡែក ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ទៅកាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង ( Li Keqiang) បន្ទាប់ពី​សម្តេច ចូលរួម​វេទិកា Boao សម្រាប់​សន្និសីទ​តំបន់​អាស៊ី ប្រចាំឆ្នាំ​២០១៣ នៅ​ខេត្ត​ហៃ​ណាន់​។ មេដឹកនាំ​កម្ពុជា​-​ចិន បាន​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ឱ្យបាន ៥.០០០ លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៧​។​

​នៅក្នុង​ខែតុលា ឆ្នាំ​២០១៥ សម្តេច ហ៊ុន សែន បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ក្នុងអំឡុងពេល​សម្តេច ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល នៅ​ប្រទេស​ចិន​។ ក្នុងជំនួប​នោះ ភាគី​ចិន បាន​សន្យា​នាំចូល​អង្ករ ១០​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​ពី​កម្ពុជា និង​ផ្តល់ជំនួយ ជាង ១៥៧​លាន​ដុល្លារ មក​កម្ពុជា​។​

​ចំណែក​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​លោក លី ខឺ​ឈាង ( Li Keqiang) នាយករដ្ឋមន្ត្រី​ចិន ក្នុងអំឡុងពេល​សម្តេច ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅ​ក្រុង​ប៉េកាំង​។ មេដឹកនាំ​ទាំង​២ ក៏បាន​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ អនុស្សរណៈ និង​កិច្ចព្រមព្រៀង សំខាន់ៗ​ជាច្រើន​។​
​ ​
​សរុបមក រាល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ទៅកាន់​ប្រទេស​ចិន​ម្តងៗ គឺ​ក្រៅតែពី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​ចិន គឺ​កម្ពុជា​តែងតែ​ទទួលបាន​ជំនួយ ជា​កម្ចីសម្បទាន និង​ជា​ជំនួយឥតសំណង ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដូចជា ផ្លូវ និង​ស្ពាន ជាដើម​។ ក្រៅពីនោះ ក៏​នៅមាន​កិច្ចព្រមព្រៀង អនុស្សរណៈ​ជាច្រើន​ទៀត ដែល​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​ចិន ចូលមក​បោះទុន​នៅ​កម្ពុជា យ៉ាងច្រើន​។ ដូច្នេះ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​លើក​នេះ ក៏​មិន​ខុសពី​ដំណើរ​ទស្សនកិច្ច​លើក​មុនៗ​ដែរ គឺ​ដោយសារ​ភាពឈ្លាសវៃ​រប​ស់ស​ម្តេច​ប្រមុខ រាជរដ្ឋាភិបាល នឹង​ទទួលបាន​ជំនួយ​និង​ការវិនិយោគ​ច្រើន​ថែមទៀត​ជាក់​ជាពុំខាន​៕ ដោយ​: ម៉េង​ឆៃ​

#