ដំណើរ​ទស្ស​កិច្ច​ទៅ​អន្លង់វែង ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​កាន់តែខ្លាំង​លើ​ប្រវត្តិសាស្ត្រ​

391

​ចាប់តាំងពី​ខ្ញុំ​ចូលរៀន​នៅ​សាលា​ចំណេះ​ទូទៅ​រហូតដល់​មហាវិទ្យាល័យ ខ្ញុំ​មិនដែល​មានឱកាស​ទៅដល់​តំបន់​ឆ្ងាយៗ​ទេ ទើបតែ​ពេល​ថ្មីៗ​នេះ ខ្ញុំ​បានមក ដល់​តំបន់​អន្លង់វែង​ដែលជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​។ ខ្ញុំ​គិតថា ខ្ញុំ​មានសំណាង​ណាស់​ដែល​បាន​មកដល់​តំបន់​ដែល​ធ្លាប់តែ​កើតមាន​សង្គ្រាម​នេះ ព្រោះ​បានធ្វើ​ឲ្យ​ខ្ញុំ​មានការ​យល់ដឹង​កាន់តែច្រើន​ពី​ប្រវត្តិសាស្ត្រ និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នេះ​។ ទោះបីជា​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​របប​គ្រប់គ្រង​ជាច្រើន មកហើយ ប៉ុន្តែ​ខ្ញុំ​គិតថា មាន​របប​មួយ​ប៉ុណ្ណោះ​ដែល​ប្រជាជន​ខ្មែរ​ចងចាំ​ជាងគេ គឺ “​របប​កម្ពុជា​ប្រជាធិបតេយ្យ​” ឬ​ហៅ​ជាទូទៅ​ថា “​របប​ខ្មែរក្រហម​”​។ របប​នេះ​បាន​ឆក់់យក​ជីវិត​ប្រជាជន​ខ្មែរ​ស្លូតត្រង់​ប្រមាណ​ជាង​១.៧​លាន​នាក់​។ ភាពឃោរឃៅ​ក្នុង​របប​ខ្មែរក្រហម បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ខ្លាចរអារ​។ ដូ​ចេះ្ន ប្រវត្តិសាស្ដ្រ​នៃ​របប​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ សិក្សា​រៀនសូត្រ​។​

​កន្លងទៅ​ថ្មីៗ​នេះ នាង​ខ្ញុំ ជាមួយនឹង​និស្សិត​ស្ម័គ្រចិត្ត​១៥​នាក់​ផ្សេងទៀត បាន ចូលរួម​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង ដែល​រៀបចំ ដោយ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ បន្ទាប់ពី​ចូលរួម​ស្តាប់​បទ​បង្ហាញ របស់ អ្នកសម្របសម្រួល​កម្ម​វិធី អំពី​ប្រវត្តិ​ត្រួសៗ​នៃ​តំបន់​អន្លង់វែង​។ យើងទាំងអស់គ្នា បានធ្វើ​ដំណើរ​ទៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើការ​សម្ភាស​ជាមួយ​អ្នកភូមិ ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​អំពី​បទពិសោធ​ជីវិត​របស់គាត់​និង​រឿងរ៉ាវ​ខ្លះ​ដែល​បាន​កើតឡើង​នៅ​ស្រុក​អន្លង់វែង​កាលពី​អតីតកាល​។​

​យើង​បានធ្វើ​ដំណើរ​នៅលើ​ផ្លូវលំ​បណ្ដើរ គយគន់​ទេសភាព​តាម​ដងផ្លូវ​បណ្ដើរ​។ ផ្លូវ​ដែល​យើង​ធ្វើដំណើរ​មាន​សភាព​ស្ងប់ស្ងាត់ យូរ​ម្តងៗ​ទើប​យើង​ឃើញ​ឡាន​ម៉ូតូ​បើក​ទៅមក​។ ពេលទៅដល់​ស្ពាន ពេលខ្លះ​យើងទាំងអស់គ្នា​ត្រូវ​បង្ខំចិត្ត​ចុះ​ដើរ ព្រោះ​ស្ពាន​ដែល​យើង​ត្រូវ​ឆ្លងកាត់​មាន​សភាព​ទ្រុឌទ្រោម​។ ក្រោយពី​ធ្វើដំណើរ​អស់​រយៈពេល​កន្លះ​ម៉ោង យើង​បាន​ទៅដល់​ផ្ទះ​អ្នកភូមិ​។ ផ្ទះ​អ្នកភូមិ​លំ​ទង​ចាស់ ច្រើន​ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្ខ​សី​នៅក្នុង​ដី​ឡូ​ត៏ ដែលមាន​ទីធ្លា​ធំ​ទូលាយ​។ នៅតាម​ផ្ទះ​អ្នកភូមិ​ភាគច្រើន​ចិញ្ចឹម គោ ក្របី ជ្រូក មាន់ ទា និង​មាន​ដាំ​ផ្កា ដំណាំ​បន្តិចបន្តួច​នៅខាងមុខ​ផ្ទះ​។ ចំណែកឯរ​បរច​ញ្ចឹ​ម​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ភាគច្រើន ធ្វើស្រែ ចម្ការ និង​ដាំដំឡូង​មី​។ ផ្ទះ​របស់​អ្នកភូមិ ពុំ​សូវ​មាន​បង្គន់​អនាម័យ​ត្រឹមត្រូវ​ទេ ដូ​ចេះ្ន​ពេល​បន្ទោបង់​ម្តងៗ​អ្នក​ទាំងនោះ​ត្រូវ​ដើរ​ចូលទៅ​ព្រៃ​។

​យើង​បាន​បែងចែក​ក្រុម​ដើម្បី​សម្ភាស​ប្រជាជន ដោយ​ក្នុង​មួយក្រុម​មាន​សមាជិក​៤​នាក់ ដោយឡែក ក្រុម​ខ្ញុំ​មាន​សមាជិក​តែ​៣​នាក់​ប៉ុណ្ណោះ​។ យើង​ទាំងបី​បាន​ដើរ​ទៅដល់​ផ្ទះមួយ ដែលមាន​អ៊ំ​ប្រុស​ម្នាក់​កំពុង​សម្រាក​នៅលើ​គ្រែ​ក្រោមផ្ទះ​។ ឆ្កែ​ដែល​តា​ចិញ្ចឹម​បាន​ព្រុស​យើង​ទាំងបី​យ៉ាងខ្លាំង ស្ទើរតែ​ធ្វើ​ឲ្យ​យើង​ភ័យ និង​ចង់​រត់​ម្តងៗ​។ អ៊ំ​បាន​ដេញ​ឆ្កែ​ចេញ និង​ហៅ​ខ្ញុំ​ទាំងបី​ឲ្យ​ចូលមក​អង្គុយលេង​។ ខ្ញុំ​ទាំងអស់គ្នា​បាន​ណែនាំ​ខ្លួន និង​ប្រាប់​ពី​បំណង​ដែល​មក​ភូមិ​លំ​ទង​នេះ បន្ទាប់ពី​ស្តាប់​រួច អ៊ំ​រីករាយ និង​រៀបរាប់​អំពី​បទពិសោធ​ជីវិត​ដែល​គាត់​ធ្លាប់បាន​ឆ្លងកាត់ និង​ក្រោយ​ពេលដែល​គាត់​មក​រស់នៅ​អន្លង់វែង​នេះ​។

​អ៊ំ​មាន​ឈ្មោះថា ខាំ វ៉ា អាយុ​៥៤​ឆ្នាំ ។​មាន​ប្រពន្ធ​ឈ្មោះ ចាន់ សុ​ភី ដែលជា​អ្នករស់នៅ​ភូមិ​លំ​ទង​ផ្ទាល់​តែម្តង​។ វ៉ា ជា​អ្នក​ចម្ងាយ មកពី​ឃុំ​ព្រៃ​ឃ្នា​ស ស្រុក​មេសាង ខេត្តព្រៃវែង​។ វ៉ា ជា​កូន​ទី​៦ ក្នុងចំណោម​បងប្អូន​បង្កើត​៨​នាក់​។ បងប្រុស​របស់គាត់​ពីរ​នាក់ បាន​ស្ម័គ្រ​ចូល​ធ្វើជា​ទាហាន (​គាត់​មិន​ចាំ​ថា ទាហាន​ខាង​ណា​ទេ​) និង​បាត់​ខ្លួន​តាំងពី​មុន​របប​ខ្មែរក្រហម​ម្ល៉េះ​។ ក្រោយ​ថ្ងៃ​រំដោះ ខែមេសា ឆ្នាំ​១៩៧៥ វ៉ា ដែលមាន​វ័យ​១២​ឆ្នាំ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពីផ្ទះ​ដោយ​បង្ខំ​ជាមួយនឹង​ម្តាយ (​ឪពុក​ស្លាប់​ឆ្នាំ​១៩៧៣) និង​បងប្អូន​៥​នាក់ ឲ្យ​ទៅ​រស់នៅ​ភូមិ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ទៅដល់​ភូមិ​កំពង់​ថ្កូវ អង្គការ​បាន​បែងចែក​ប្រជាជន​ទៅតាម​ក្រុម និង​កង​រៀងៗ​ខ្លួន​។ វ៉ា ត្រូវបាន​អង្គការ​ចាត់​ឲ្យ​ចូលធ្វើការ​ក្នុង​កងកុមារ ដោយមាន​តួនាទី ឃ្វាលគោ និង​ក្របី​។ វ៉ា រៀបរាប់​លាយឡំ​ជាមួយ​សំណើច​ប្រាប់​ខ្ញុំ​ថា ក្មេងៗ​ក្នុង​កងកុមារ​ឃ្វាលគោ​ជាមួយគ្នា​តែងតែ​ហៅ​ខ្ញុំ​ថា «​ប្រធាន​ក្របី​»​។ វ៉ា ជា​ក្មេង​ម្នាក់​ដែល​ចូលចិត្ត​លេងសើច​ច្រើន ហេតុនេះ គាត់​តែងតែ​ត្រូវ​មេកង​ស្តីបន្ទោស​ជា​ញឹកញយ ប៉ុន្តែ​មិនបាន​ដាក់ទោស​គាត់​ទេ​។ ចំពោះ​ម៉ោង​ពេលធ្វើការ​សម្រាប់​កង​រប​ស់គា​ត់ មិន​ខុសពី​មនុស្សពេញវ័យ​ទេ ម្នាក់ៗ​ត្រូវ​ងើប​តាំងពី​ម៉ោង​៤​ភ្លឺ ឃ្វាល​គោក្របី​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ទើប​ឈប់សម្រាក​ហូប​អាហារ​។ បន្ទាប់ពី​ហូប​អាហារ​ថ្ងៃត្រង់​រួចហើយ គាត់​បន្ត​ធ្វើការ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ទៀត​។ វ៉ា បាន​ឲ្យ​ដឹងថា នៅ​ភូមិ​កំពង់​ថ្កូវ មាន​ប្រជាជន​រស់នៅ​ប្រហែល ៥០០ ទៅ ៦០០​គ្រួសារ​។ នៅ​រៀងរាល់​១៥​ថ្ងៃ​ម្តង អង្គការ​បាន​ឲ្យ​ចុងភៅ​កាប់​គោ ឬ​ជ្រូក​មួយ ដើម្បី​យកមក​ធ្វើ​ម្ហូប​។​

​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ នៅ​ដើមឆ្នាំ​១៩៧៩ វ៉ា បាន​បាត់បង់​បងប្អូន​៤​នាក់ រួមមាន បងប្រុស និង បងស្រី ដែល​ត្រូវបាន​អង្គ​ការយកទៅ​សម្លាប់​ជា​បន្តបន្ទាប់​ដោយ​គ្មាន​មូលហេតុ​។ ក្នុង ចំណោម​សមាជិកគ្រួសារ​៧​នាក់​របស់គាត់ នៅ​រស់រានមានជីវិត​តែ​ម្តាយ​គាត់ និង​ប្អូនស្រី​គាត់​ម្នាក់​ប៉ុណ្ណោះ​។ នៅ​អំឡុង​ពេលនោះ កងកម្លាំង​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ក៏បាន​កៀរ​ប្រជាជន​ឲ្យ​មក​រស់នៅ​តំបន់​អន្លង់វែង​វិញ ហើយ វ៉ា ក៏ត្រូវ​បាន​កៀរ​មកជា​មួយ​ដែរ​។ វ៉ា បានធ្វើ​ដំណើរ​មក​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ជា​កន្លែង​ដែល​គាត់​បាន​ជួប និង​រៀបការ​ជាមួយ​ប្រពន្ធ​របស់គាត់​។​

​នៅ​អំឡុង​ឆ្នាំ​១៩៨៩ វ៉ា ត្រូវបាន​ថ្នាក់លើ​ចាត់​ឲ្យ​ធ្វើ​ការងារ​នៅក្នុង​កង​ដឹកជញ្ជូន ដោយមាន​នាទី​ដឹកជញ្ជូន​គ្រាប់កាំភ្លើង និង​ចម្រូង​ទៅ​សមរភូមិ​មុខ​។ ក្រៅពី​ការងារ​ដឹកជញ្ជូន វ៉ា ក៏មាន​នាទី​បិទ​ចម្រូង​ដែរ ដោយ​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​គាត់​បិទ​ចម្រូង​ឲ្យ​បាន​១០០​។ វ៉ា មិនសូវ​បានមក​ជួប​ប្រពន្ធ​កូន​នៅ​ភូមិ​ទេ ហើយ​ប្រពន្ធ​របស់គាត់​ដែល​រស់នៅ​ក្នុងភូមិ ក្រៅពី​ការងារ​ថែទាំ​ផ្ទះសម្បែង កូនៗ និង​ធ្វើស្រែ​ចម្ការ ក៏​តម្រូវ​ឲ្យ​បិទ​ចម្រូង​ដែរ​។​

​រំឭក​អំពី តា​ម៉ុក វិញ វ៉ា បាន​ឲ្យ​ដឹងថា អន្លង់វែង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ តា​ម៉ុក​។ ការ រស់នៅ​របស់​ប្រជាជន​មិនសូវ​រឹតត្បិត​ដូច​ក្នុង​របប​ខ្មែរក្រហម​ទេ​។ តា​ម៉ុក ពេលនោះ បាន​កសាង​ផ្លូវ សាលារៀន មន្ទីរពេទ្យ ទំនប់ ជាដើម​។ តា​ម៉ុក ជា​អ្នក​ទំនុកបម្រុង​ប្រជាជន​នៅ​តំបន់​អន្លង់វែង​។​

​ក្រោយ​ការធ្វើសមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល វ៉ា និង​គ្រួសារ ដែលមាន​កូនប្រុស​ស្រី ៧​នាក់ បានចាប់ផ្តើម​ជីវិត​ថ្មី ដោយ​ប្រក​បរបរ​ធ្វើស្រែ ចម្ការ និង​ចិញ្ចឹមសត្វ​។​

​អ្វីដែល​បាន​រៀបរាប់​ខាងលើ គឺជា​បទពិសោធ​របស់ វ៉ា ដែល​ខិតខំ​តស៊ូ​រក្សា​ជីវិត​ក្នុង​របប មួយ​ដែល​ម្នាក់ៗ គ្មាន​សង្ឃឹម​នឹង​អាច​រស់​។ ផ្ទុយ​ពី​នាង​ខ្ញុំ ដែលមាន​សំណាង​កើត ក្នុងពេល​វេលា​មួយ​ដែល​ប្រទេស​មាន​សុខសន្តិភាព រស់នៅ​ដោយ​គ្មាន​ក្តីបារម្ភ ដូច​ក្នុង​របប​ខ្មែរក្រហម​។ សម្រាប់​ខ្ញុំ​ផ្ទាល់ អន្លង់វែង ជា​តំបន់​មួយ​ដែលមាន​ទាំង​ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ​។​

​ប្រវត្តិសាស្ត្រ អន្លង់វែង អាច​ចាត់ទុកជា​ទីកន្លែង​សម្រាប់​ស្រាវជ្រាវ និង​សិក្សា​អំពី​ចលនា​តស៊ូ​របស់​ខ្មែរក្រហម ដែល​បន្សល់ទុក​ភ័ស្តុតាង និង​ទីតាំង​ប្រវត្តិសាស្ត្រ​ជាច្រើន​។ តំបន់​ប្រវត្តិសាស្ត្រ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មាន ៖ ផ្ទះ​តា​ម៉ុក មន្ទីរពេទ្យ ផ្នូរ ប៉ុល ពត ជាដើម​។ ចំណែក ធម្មជាតិ មាន​ភ្នំ​ដងរែក​ដែលជា​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង ថៃ អម​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល ដែល យើង​សម្លឹងមើល​ពី​ពើយ តា​ម៉ុក ដែលជា​អតីត​ទីបញ្ជាការ​របស់ តា​ម៉ុក (​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​បច្ចុប្បន្ន​) អាច​ឃើញ​ស្រុក​អន្លង់វែង​ទាំងមូល​។​
​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​តំបន់​អន្លង់វែង ពុំ​សូវ​ទទួលបាន​ការចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ដោយសារតែ​តំបន់​នេះ ជា​តំបន់​ដាច់ស្រយាល និង​ជា​អតីត​តំបន់​របស់​ខ្មែរក្រហម​គ្រប់គ្រង ទើប​ជះ ឥទ្ធិពល​មិនល្អ​ដល់​ផ្នត់គំនិត​របស់​មនុស្ស​ភាគច្រើន ដែល​យល់ថា អន្លង់វែង ជា​តំបន់​អសន្តិសុខ​។ ខ្ញុំ​យល់ថា អតីតកាល​បាន​កន្លង​ហួស ប៉ុន្តែ​យើង​ក៏​មិនត្រូវ​បំភ្លេច​វា​ដែរ ហើយ​ពេលនេះ យើង​គួរតែ​រួបរួមគ្នា​ធ្វើ​ឲ្យ​តំបន់​អន្លង់វែង មាន​ភាព​កាន់តែ​ប្រសើរឡើង​ទាំង​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ និង​ដើម្បី​ភាពរឹងមាំ​នៃ​តំបន់​ព្រំដែន​។ ការស្រឡាញ់​ប្រវត្តិសាស្ត្រ គឺ​ស្រឡាញ់​ជាតិ ហើយ​ស្រឡាញ់​ធម្មជាតិ គឺ ស្រឡាញ់​ព្រៃឈើ​៕L ដោយៈ សយ ណា​ទ្រី និស្សិត​ឆ្នាំ​ទី​២ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​