ដំណើរ​ទៅកាន់​ភ្នំ​បាយ​ឆៅ​កន្លែង​មាន​ទេសភាព​ដ៏​ស្រស់ស្អាត​លែងមាន​បញ្ហា​អំពី​ផ្លូវ​ ​

520

(​មណ្ឌលគិរី​)៖​បើ​គេ​និយាយ​ដល់​ការធ្វើដំណើរ​ពី​ខេត្តមណ្ឌលគិរី​ទៅ​រតនគិរី​ដោយ​ឆ្លងកាត់​តាម​ទីរួមស្រុក​កោះ​ញែក​ ​នោះ​អ្នកដំណើរ​ទាំងអស់​នឹង​បាន​នឹកឃើញ​ភ្លាម​អំពី​ភ្នំ​មួយ​ដ៏​សែន​លំបាក​អាច​គ្រោះថ្នាក់​និង​ឈប់​ចត​សម្រាក​តាមផ្លូវ​ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ពីលើ​កំពូលភ្នំ​នោះ​គ្រា​ដែល​ផ្លូវជាតិ​លេខ​៧៦​ថ្មី​នៅ​មិនទាន់​ស្ថាបនា​រួចរាល់​។​

​ភ្នំ​ដែល​អ្នកដំណើរ​តែងតែ​បុក​ពោះ​ព្រឺ​សម្បុរ​នោះ​នរណាៗ​ក៍បាន​ស្គាល់​ដែរ​គឺ​ភ្នំ​បាយ​ឆៅ​ស្ថិតក្នុង​សង្កាត់​រម្យ​នា​ក្រុង​សែន​មនោ​រម្យ​ប៉ែក​ខាងកើត​ឈៀង​ខាងជើង​និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សែន​មនោ​រម្យ​នោះឡើយ​។​ភ្នំ​នេះ​ជា​ងារ​មួយ​ដែល​អ្នកដំណើរ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​​មូលដ្ឋាន​ដាក់​ឲ្យ​ក្រោយពី មាន​កើត​ហេតុភេទ​ជា​បន្តបន្ទាប់ នៅ​ចំណុច​កំពូលភ្នំ​ខណៈ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​។​ប៉ុន្តែ​បច្ចុប្បន្ន​​នេះ​វា​ប្រែក្លាយ​ទៅជា​កន្លែង​មួយ​សម្រាប់​អ្នកដំណើរ​ថត​យក​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ជួរ​ភ្នំ​ដ៏​ខៀវស្រងាត់​។​

​ដោយមាន​ការងឿងឆ្ងល់​ពី​អ្នករស់នៅ​ទីក្រុង​ក៏ដូចជា​អ្នក​ខេត្ត​ដទៃទៀតៗ​ដែរ​ដែល​ចង់ដឹងថា​តើ​ហេតុអ្វី​បានជា​មានឈ្មោះ​ភ្នំ​បាយ​ឆៅ​នោះ​? រស្មី​កម្ពុជា បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នករស់នៅ​ខេត្តមណ្ឌលគិរី​ផ្ទាល់ ដើម្បី​ស្រាយ​ចម្ងល់​ខាងលើនេះ​ផងដែរ​។​

​យោងទៅលើ​ពាក្យ​ដំណាល​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ថា​កាលពី​អំឡុង​មុន​ឆ្នាំ​១៩៦២​ទឹកដី​ខេត្តមណ្ឌលគិរី​ទាំងមូល​ជា​ស្រុក​មួយ​របស់​ខេត្តក្រចេះ ដែលមាន​ឈ្មោះថា​ស្រុក​ឆ្លូងលើ​។ ដោយសារតែ​ទឹកដី​ខេត្តក្រចេះ មាន​វិសាលភាព​ធំធេង​ពេក​ពិបាក​ក្នុងការ​គ្រប់គ្រង​ទើប​នៅ​​ឆ្នាំ​១៩៦៣​អតីតព្រះមហាក្សត្រ​ខ្មែរ​សម្តេច​តា​នៃ​យើង​បានចេញ​ព្រះរាជ​ក្រិ​ត្យ​កាត់​យក​តំបន់​មួយចំនួន នៃ​ខេត្តក្រចេះ​រួមទាំង​ស្រុក​ឆ្លូងលើ បង្កើតជា​ខេត្ត​ថ្មី​មួយ​ដោយ​ដាក់ឈ្មោះថា​ខេត្តមណ្ឌលគិរី​មកដល់​សព្វថ្ងៃនេះ​។​

​នៅក្នុង​ខេត្តមណ្ឌលគិរី​ថ្មី​នោះ​ថ្នាក់ដឹកនាំ​បាន​បង្កើត​ផ្លូវ​នានា​ជាច្រើន​រួមទាំង​ផ្លូវ​មួយ​ខ្សែ​ចេញពី​ក្រុង​សែន​មនោ​រម្យ​ឆ្ពោះទៅ​ក្រុង​បាន​លុង​ខេត្តរតនគិរី​ដោយ​ឆ្លងកាត់​ស្រុក​កោះ​ញែក​និង​ស្រុក​លំផាត់​។​

​ការស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​រួចរាល់​ដោយ​កន្លែង​ខ្លះ​ទំនាប​កន្លែង​ខ្លះ​ភ្នំ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៅពេលនោះ​។​ការធ្វើដំណើរ​ឆ្លងកាត់​ទៅវិញទៅមក​រួមទាំង​ស្រុកទេស​មាន​សង្គ្រាម​ផង​នោះបាន​បង្ក​ឲ្យ​ផ្លូវ​រង​ការខូចខាត​ស្ទើរតែ​មិនអាច​ចរាចរ​បាន​ទាំងស្រុង​។​
​ ​
​គ្រានោះ​ហើយ​ដែល​អ្នកដំណើរ​ត្រូវ​ប្រឈមមុខ ជាមួយ​ផ្លូវ​ដ៏​សែន​លំបាក ពិសេស​ពី​ចំណុច​ផ្លូវ ភ្នំ​បាយ​ឆៅ​នោះ​តែម្តង​។​ពាក្យ​ថា​បាយ​ឆៅ​​បើតាម​ចាស់ព្រឹទ្ធាចារ្យ​លើកឡើង​វា​គ្រាន់តែ​ជា​ងារ​មួយ​អំឡុង​ពេលដែល​អ្នកដំណើ​រ​ជាប់ផុង​រថយន្ត​នៅ​ចំណុច​នោះ​ហើយ​ដេក​ផ្លូវ​ដាំបាយ​​ទទួលទាន​មិនដែល​បាន​ឆ្អិន​ព្រោះ​តែមាន​ភ្លៀង​ជាប្រចាំ​នៅ​ចំណុច​នោះ​។

​មួយវិញទៀត​ស្ថានភាព​ផ្លូវ​ចំណុច​ភ្នំ​បាយ​ឆៅ​មាន​ចំណោទ​ខ្ពស់​រអិលខ្លាំង បាន​បង្ក​ឲ្យ​មានការ​ក្រឡាប់​រថយន្ត​ឬ​រអិល​ធ្លាក់​ពីលើ​ភ្នំ​នោះ​ជា​​បន្តបន្ទាប់ ទើប​គេ​ហៅ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ទៀតថា ភ្នំ​បាយ​ឆៅ​រហូតមកដល់ ពេលបច្ចុប្បន្ន​នេះ​តែម្តង​។​

​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​ដោយសារតែ​មានការ​អភិវឌ្ឍ​ន៍​ឥតឈប់ឈរ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ទើប​នៅ​ឆ្នាំ​២០០៩ រាជរដ្ឋាភិបាល​បានដាក់​ការដេញថ្លៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ចូល​​មក​ស្ថាបនា​ផ្លូវជាតិ​លេខ​៧៦​នេះ​ឡើង​។​រហូតមកដល់​ឆ្នាំ​២០១២​ការស្ថាបនា​បានបញ្ចប់ និង​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ញ៉ាំង ឲ្យ​អ្នកដំណើរ​លែង​ប្រថុយប្រថាន ឬ​ជួប​ការ​លំ បាល​ធ្វើដំណើរ​លើផ្លូវ​ចំណុច​ភ្នំ​បាយ​ឆៅ​នោះ​តទៅ​ទៀតហើយ​។​

​បច្ចុប្បន្ន​ចំណុច​ភ្នំ​បាយ​ឆៅ​នោះគេ​តែងតែ​សង្កេតឃើញ​មាន​អ្នកដំណើរ​ឈប់​ចត​រថយន្ត​ត្រៀបត្រា​ដើម្បី​ថត​យក​ទេសភាព​ចេញពី​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ដែល​គេ​អាច​មើលឃើញ​នូវ​វិសាលភាព​ព្រៃភ្នំ​ដ៏​ខៀវស្រងាត់ នា​រដូវវស្សារ​នោះ​ថែមទៀត​។​ចំណែក​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​​យោងទៅលើ​ការិយាល័យ​ចរាចរ​ខេត្តមណ្ឌលគិរី​បាន​អះអាង​ថាបើ​ធៀប​ជាមួយនិង​អតីតកាល​នៅ​ចំណុច​ភ្នំ​បាយ​ឆៅ​ស្ទើរតែ​គ្មាន​គ្រោះ​​ថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយ​កត្តា​ផ្លូវ កើតមាន​សូម្បី​តែមួយ​ករណី​នោះទេ​៕ ​ដោយ ៖សាត ចាន់បុត្រ

ផ្លូវ​ភ្នំ​បាយ​ឆៅ​ពី​អតីតកាល​និង​បច្ចុប្បន្នកាល​